អានតួអត្ថបទ
ស៊ីរី-រុស្ស៊ី

រុស្ស៊ី​បាន​ទាមទារ​ឲ្យ​បង្ហាញ​ភស្តុតាង​ពិត​ជុំវិញ​ការប្រើប្រាស់​អាវុធគីមី​នៅស៊ីរី

នៅ​ក្នុង​ប្រទេស​ស៊ីរី ព័ត៌មាន​ជុំវិញ​ការ​ប្រើប្រាស់​អាវុធ​គីមី​បាន​និង​កំពុង​ក្លាយ​ជា​សង្រ្គាម​ប៉ាកកា​យ៉ាង​ផុសផុល។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​លីបង់​នា​ថ្ងៃ​សៅរ៍ ទី២៧ មេសា​ម្សិលមិញ លោក Mikhail Bogdanov បេសកជន​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine ទទួល​បន្ទុក​សំណុំរឿង​មជ្ឈិមបូព៌ា​បាន​បញ្ជាក់​ថា គេ​មិន​ត្រូវ​យក​ព័ត៌មាន​ស្រពិចស្រពិល​ជុំវិញ​ការ​ប្រើ​អាវុធគីមី​ក្នុង​ប្រទេស​ស៊ីរី​មក​ធ្វើ​ជា​លេស​ដើម្បី​បើក​ការ​វាយប្រហារ​លើ​រដ្ឋាភិបាល​ស៊ីរី​ឡើយ។ ប្រតិកម្ម​របស់​លោក Mikhail Bogdanov បាន​ធ្វើ​ឡើង បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ប្រកាស​ទទួល​ស្គាល់​ជា​លើក​ទីមួយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ថា របប​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​ពិត​ជា​បាន​ប្រើប្រាស់​​អាវុធ​គីមី​​មែន តែ​នៅ​ក្នុង​កម្រិត​តិចតួច។

ក្រុម​ទាហាន​​រដ្ឋាភិបាល​ស៊ីរី​កំពុងដើរត្បាត​ក្បែរទីក្រុង​ Alep
ក្រុម​ទាហាន​​រដ្ឋាភិបាល​ស៊ីរី​កំពុងដើរត្បាត​ក្បែរទីក្រុង​ Alep REUTERS/George Ourfalian
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ប្រទេស​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​ប្រទេស​ស៊ីរី គេ​មិន​ត្រូវ​ប្រៀប​ប្រដូច​ស៊ីរី​ទៅ​នឹង​ប្រទេស​អ៊ីរ៉ាក់​ដែល​បាន​ជាប់​ចោទ​ពី​បទ​មាន​ផ្ទុក​គ្រឿងសព្វាវុធ​ប្រល័យ​លោក​នោះ​ឡើយ។ ការ​ជាប់ចោទ​ដែល​កាលណោះ ត្រូវ​បាន​សហរដ្ឋអាមេរិក​យក​ទៅ​ធ្វើ​ជា​លេស​ដើម្បី​វាយប្រហារ​អ៊ីរ៉ាក់​ក្នុង​ឆ្នំា ២០០៣។ តែ​នៅ​ទីបំផុត និង​ក្រោយ​ការ​ដួលរលំ​របប​របស់​លោក Sadam Hussein មក អាមេរិក​ខ្លួន​ឯង​បែរ​ជា​បាន​ទទួល​សារភាព​ថា អ៊ីរ៉ាក់​គ្មាន​អាវុធ​ប្រល័យលោក​ទេ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​ជំនួប​ជាមួយ​លោក Nabih Berri អ្នកនំាពាក្យ​របស់​រដ្ឋសភា​លីបង់​ក្នុង​ទីក្រុង Beyrouth លោក Mikhail Bogdanov អនុរដ្ឋមន្រ្តី​ការបរទេស និង​ជា​បេសកជន​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine ទទួល​បន្ទុក​សំណុំរឿង​មជ្ឈិមបូព៌ា​បាន​ថ្លែង​ថា ព័ត៌មាន​ជុំវិញ​ការ​ប្រើ​អាវុធ​គីមី​នៅ​ស៊ីរី​មិន​គួរ​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​ផ្តើម​ធ្វើ​អន្តរាគមន៍​យោធា​បរទេស​នៅ​ក្នុង​ប្រទេស​នេះ​ទេ។

អ្នកការទូត​រុស្ស៊ី​រូប​នេះ​ដដែល​បាន​អះអាង​ថា ប្រសិន​បើ​គេ​មាន​ភស្តុតាង​ជាក់ស្តែង​ជុំវិញ​រឿង​នេះ គេ​ត្រូវ​តែ​លើក​មក​បង្ហាញ​ភ្លាមៗ ដោយ​មិន​ត្រូវ​លាក់កំបំាង​ឡើយ។ យោង​តាម​លោក Mikhail Bogdanov គេ​ត្រូវ​​តែ​ហ៊ាន​ធានា​ថា ព័ត៌មាន​ទំាង​អស់ ជា​ព័ត៌មាន​ពិត​មិន​ក្លែងបន្លំ​ដើម្បី​ធ្វើ​ជា​លេស​ក្នុង​គោលដៅ​អ្វី​ផ្សេង​នោះ​ទេ។ អ្វី​ដែល​អ្នកការទូត​រុស្ស៊ី​ចង់​ដឹង និង​ចង់​បាន គឺ​សេចក្តីពិត និង​ភស្តុតាងជាក់ស្តែង​ស្តីពី​ការ​ប្រើប្រាស់​អាវុធគីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី។ សម្រាប់​លោក Mikhail Bogdanov គេ​ត្រូវ​តែ​ស្រាវជ្រាវ​ស្វែងរក​ព័ត៌មាន​បន្ថែម ដោយ​មិន​ផ្អែក​តែ​លើ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ។

ទន្ទឹម​គ្នា​នេះ បេសកជន​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​ដដែល​ក៏​បាន​ឆ្លៀត​រម្លឹក​ពី​បទពិសោធន៍​ដ៏​អាក្រក់​នៃ​អន្តរាគមន៍​យោធា​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ឆ្នំា ២០០៣ ដែល​កាលណោះ អាមេរិក​បាន​យក​លេស​ថា​របប​របស់​លោក Sadam Hussein មាន​អាវុធ​ប្រល័យលោក តែ​ទីបំផុត និង​១០ឆ្នំា​ក្រោយ​មក គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា លោក Sadam Hussein មាន​អាវុធប្រល័យលោក​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ