អានតួអត្ថបទ
ស៊ីរី-អាមេរិក

សេតវិមាន​ជឿថា"របប​ស៊ីរី​ប្រើ​អាវុធគីមី​​"

តើ​រដ្ឋាភិបាល​​​ស៊ីរី​របស់​លោក បាស្ហារ អាល់អាសាទ បាន​ឆ្លង​បន្ទាត់​ក្រហម​ហាមឃាត់​មែន​ឬ​យ៉ាង​ណា ? នៅ​ថ្ងៃ​ម្សិលមិញ ជា​លើក​ទី​មួយ​ សហរដ្ឋ​អាមេរិក​បាន​ផ្តើម​ទទួល​ស្គាល់​​ថា យោធា​​របស់​លោក​បាស្ហារ​ ទំនង​ជា​បាន​ប្រើ​អាវុធ​គីមី​ តែ​ក្នុង​ទម្រង់​តិចតួច ! អាមេរិ​ក​ពេល​នេះ​ មាន​យោបល់ស្រប​នឹង​អ៊ីស្រាអែល បារាំង និង​អង់គ្លេស ប៉ុន្តែ​សេតវិមាន​មិន​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ទេ​ រង់ចាំ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មានបន្ថែម​ទៀតសិន។ ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​ការ​ប្តូរ​ជំហរ​របស់​អាមេរិក អាច​ជា​ចាត់​ទុក​ថា​ជា​របត់​ថ្មី​មួយ​នៃ​វិបត្តិ​នៅ​ស៊ីរី។

Chuck Hagel, រដ្ឋមន្ត្រីការពារជាតិអាមេរិក​​​លើកឡើងពីការសន្និដ្ឋានរបស់ក្រសួងចារកិច្ចអាមេរិកស្តីពី ការប្រើអាវុធគីមី​ដោយ​ដាម៉ាស
Chuck Hagel, រដ្ឋមន្ត្រីការពារជាតិអាមេរិក​​​លើកឡើងពីការសន្និដ្ឋានរបស់ក្រសួងចារកិច្ចអាមេរិកស្តីពី ការប្រើអាវុធគីមី​ដោយ​ដាម៉ាស REUTERS/Jim Watson/Pool
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បានសម្តែង​ការប្រុងប្រយ័ត្នអស់រយៈពេល​៤៨ម៉ោង សេតវិមាន​ ​បាន​ផ្តើម​ទទួល​ស្គាល់​​ថា របប​ស៊ីរី​ របស់​លោក អាសាដ បានប្រើ​​អាវុធ​គីមី​​មែន​តែ​ក្នុង​ទម្រង់តិចតួច។
 នៅ​​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ដល់​សមាជិក​ព្រឹទ្ធសភា​អាមេរិ​ក រដ្ឋបាលអាមេរិក បានសរសេរ​ថា” គណៈកម្មការ​ចារកិច្ច​អាមេរិក បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ក្នុង​កម្រិត​ផ្សេង​គ្នា “ថា របប​លោក Bachar el-Assad បាន​​ប្រើ​អាវុធ​គីមី ​ជា​អាទិ៍​ឧស្ម័ន​បំពុល sarin ​នៅក្នុងសង្គ្រាម​ជាមួយ​ក្រុម​អ្នក​ប្រឆាំង”។​​

តើ​រដ្ឋាភិបាល​​​ស៊ីរី​របស់​លោក បាស្ហារ អាល់អាសាទ ពិតជាល្មើសនឹងបំរាម​​ហាម​ឃាត់​​​មែន​ឬយ៉ាងណា ?

សេតវិមាន​អាមេរិក ក្នុង​ពេល​នេះ មាន​បំណង​ចង់​ធ្វើការ​បញ្ជាក់​ភស្តុតាង​នានា​បន្ថែម​​ទៀត​ដែល​​ខ្លួន​មាន​ហើយ មុន​នឹង​និយាយ​ថា បន្ទាត់​ក្រហម​ហាម​ឃាត់​ដែល​​គូស​​ដោយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក​អូបាម៉ា ពិតជាត្រូវ​បាន​របប​ដាម៉ាស​​ឆ្លង​កាត់​ហើយ។

ចំពោះ លោក John McCain សមាជិកព្រឹទ្ធសភា​និង​សមាជិក​សភា​ខាង​បក្ស​សាធារណរដ្ឋ បាន​​​អះអាងថា បន្ទាត់​ក្រហម​ហាម​ឃាត់​ ត្រូវ​បាន​ឆ្លង​កាត់​ហើយ ដូច្នេះ​រដ្ឋបាល​អាមេរិក ត្រូវតែ បញ្ចេញ​សកម្មភាព​។​ ក៏ប៉ុន្តែ ពុំមែន​ការ​បញ្ជូន​កងទ័ព​អាមេរិកទៅស៊ីរី​​ទេ​ គឺត្រូវ​​​ផ្តល់​ជំនួយ​ដល់​ក្រុម​ពួក​ប្រឆាំង ដូចជា​ផ្គត់ផ្គង់​អាវុធ និង​ការ​បង្កើត ​តំបន់​ហោះហើរហាមឃាត់។

ប៉ុន្តែ សេតវិមានអាមេរិក ក៏​ពុំ​មាន​ចេតនា​ប្រញាប់ប្រញាល់​​ចាត់​វិធានការ​ទេ។​​ មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​មួយ​រូប សុំ​​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​យ៉ាង​ច្បាស់​ៗ​ថា “ត្រូវយកវិធានការ​ទាំង​អស់​មក​ពិភាក្សា រួមទាំងវិធានការនៅផ្នែកយោធាផង”។​

មន្ត្រី​​ជាន់​ខ្ពស់អាមេរិក ដដែល​នេះ បាន​​កត់​សម្គាល់​​​ទៀត​ថា “មុន​នឹង​សម្រេច​ធ្វើ​អ្វី​​មួយ​ គេ​ត្រូវ​តែ​​ដឹង​យ៉ាងច្បាស់​ថា ប្រទេសស៊ីរី ពិត​ជាបាន​ប្រើ​អាវុធ​គីមី​មែន​​និង​​”​ត្រូវ​ចៀសវៀង​កុំ​ឲ្យ​ប្រព្រឹត្ត​កំហុសដូចពីអតីតកាល។ ការថ្លែងបែប​នេះ គឺ ដោយ​យោងទៅ​លើ​កំហុស​របស់​អាមេរិក​ក្នុង​ជំនាន់​​សង្គ្រាម​នៅអ៊ឺរ៉ាក់​ដោយ​អាមេរិក​បាន​ចោទ ​ថា​​របប​សាដាមហ៊ុសែន ​មាន​អាវុធ​ប្រល័យ​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ