អានតួអត្ថបទ
រស្ស៊ី-ឥណ្ឌា

រុស្ស៊ី​បាន​បញ្ជូន​នាវា​ផ្ទុកយន្តហោះ​ដែល​ទើប​ជួសជុលថ្មី​ឲ្យ​ឥណ្ឌា

នៅ​ទីបំផុត កាល​ពី​ថ្ងៃ​សៅរ៍ ទី១៦ វិច្ឆិកា​ម្សិលមិញ រុស្ស៊ី​បាន​បញ្ជូន​ឲ្យ​ឥណ្ឌា​វិញ​នូវ​នាវា​ផ្ទុក​យន្តហោះ​របស់​រុស្ស៊ី​ដែល​ឥណ្ឌា​បាន​បញ្ជូន​ទៅ​ឲ្យ​រុស្ស៊ី​ជួសជុល​ឡើង​វិញ។ ការ​បញ្ជូន​ពេល​នេះ​ត្រូវ​បាន​ឡើង ជាមួយ​នឹង​ការ​យឺតយ៉ាវ​ជាង ៥ឆ្នំា។ ការ​មិន​គោរព​កុងត្រា​ពី​សំណាក់​ភាគី​រុស្ស៊ី​ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​យ៉ាង​ខ្លំាង​រវាង​ទីក្រុង​ម៉ូស្គូ និង​ញូដែលី​នា​រយៈពេល​ចុង​ក្រោយ​នេះ។  

ប្រធានាធិបតី​រុស្ស៊ី (ឆ្វេង) និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា
ប្រធានាធិបតី​រុស្ស៊ី (ឆ្វេង) និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត ពិធី​រៀបចំ​ចុះ​ហត្ថលេខា​ប្រគល់​នាវា​ផ្ទុក​យន្តហោះ​ទៅ​ឲ្យ​ឥណ្ឌា​វិញ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កំពុងផែ Severodvinsk ក្នុង​ប្រទេស​រុស្ស៊ី នេះ​បើ​យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី។ តាម​ពិត​ទៅ រុស្ស៊ី​ត្រូវ​ប្រគល់​នាវា​ដែល​ឥណ្ឌា​ឲ្យ​ជួសជុល​ឡើង​វិញ​នេះ​តំាង​ពី​រដូវ​ក្តៅ​ឆ្នំា ២០០៨ មក​​ម្ល៉េះ តែ​ភាព​យឺតយ៉ាវ​ចេះ​បាន​អូសបន្លាយ​ជា​ច្រើន​ឆ្នំា​មក​ដល់​សព្វថ្ងៃ។ មូលហេតុ​នៃ​ការ​យឺតយ៉ាវ​ត្រូវ​បាន​ភាគី​រុស្ស៊ី​លើក​ឡើង​ថា មក​ពី​មាន​បញ្ហា​រឿង​លុយកាក់​មិន​ត្រូវ​គ្នា បញ្ហា​កង្វះ​គ្រឿង​បន្លាស់ រួម​ផ្សំ​នឹង​បញ្ហា​ផ្សេង​ទៀត​នៅ​ពេល​សាកល្បង។

គួរ​ជម្រាប​ជូន​ថា កាល​ពី​ឆ្នំា ២០០៤ ឥណ្ឌា និង​រុស្ស៊ី​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​មួយ​ដើម្បី​ជួសជុល​ឲ្យ​ទំនើប​នូវ​នាវា​ផ្ទុក​យន្តហោះ​របស់​រុស្ស៊ី​ដែល​សាងសង់​ឡើង​កាល​ពី ៣០ឆ្នំា​មុន និង​ដែល​ឥណ្ឌា​បាន​ទិញ​ពី​រុស្ស៊ី​ក្នុង​ឆ្នំា ១៩៨៧។ ពី​ដំបូង​ឡើយ នាវា​មាន​ឈ្មោះ​ថា Amiral Gorshkov និង​ដែល​ឥឡូវ​នេះ​ត្រូវ​បាន​ឥណ្ឌា​ដាក់​ឈ្មោះ​ថា INS Vikramaditya ដែល​ជា​ឈ្មោះ​ព្រះចៅ​អធិរាជ​ឥណ្ឌា​ម្នាក់។ នាវា​នេះ​មាន​ទម្ងន់ ៤៤ ៥០០តោន ប្រវែង ២៨៤ម៉ែត្រ និង​ដែល​អាច​ផ្ទុក​យន្តហោះ​ខ្នាត MiG-២៩K ចំនួន ៣០គ្រឿង ព្រម​ទំាង​ដឹក​មនុស្ស​បាន ១ ៦០០នាក់។

នាវា​ផ្ទុកយន្តហោះ​ទើប​ជួសជុល​ថ្មី​នេះ​បាន​ក្លាយ​ជា​នាវា​ផ្ទុក​យន្តហោះ​ដ៏​ធំ​ទី២ ​របស់​ឥណ្ឌា​សម្រាប់​ប្រឈម​ទប់​នឹង​ឥទ្ធិពល​យោធា​របស់​ប្រទេស​ជិត​ខាង ពិសេស​គឺ​ប្រទេស​ចិន។

យោង​តាម​កិច្ច​សន្យា ការ​ជួសជុល​ត្រូវ​មាន​តម្លៃ​ប្រមាណ​តែ ៧៧១លានដុល្លារ​ប៉ុណ្ណោះ តែ​ជា​មួយ​នឹង​ការ​យឺតយ៉ាវ​ជាង ៥ឆ្នំា​កន្លង​ទៅ បាន​ធ្វើ​ឲ្យ​តម្លៃ​ជួសជុល​កើន​ឡើង​រហូត​ដល់​ទៅ ២ ៣០០លានដុល្លា។ ការ​យឺតយ៉ាវ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​មើល​មុខ​គ្នា​មិន​ចំ​រវាង​ទីក្រុង​ម៉ូស្គូ និង​ញូដែលី។ ម្យ៉ាង​ទៀត បទពិសោធន៍​ជូរចត់​មួយ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​រុស្ស៊ី​បាត់បង់​អតិថិជន​ទិញ​អាវុធ​ម្នាក់​ដ៏​សំខាន់ ព្រោះ​សូម​ជម្រាប​ជូន​ថា ឥណ្ឌា​ជា​ប្រទេស​ដែល​បាន​ទិញ​គ្រឿងសព្វាវុធ​ច្រើន​ជាង​គេ​ក្នុង​លោក និង​ដែល​រុស្ស៊ី​ជា​ប្រទេស​ដែល​បាន​លក់​ឲ្យ​ឥណ្ឌា​ច្រើន​ជាង​គេ។

តែ​គេ​សង្កេត​ឃើញ​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ និង​ចំ​ពេល​ដែល​មាន​រឿងអាស្រូវ​ផ្ទុះ​ឡើង​ជុំវិញ​រឿង​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​នាវាផ្ទុកយន្តហោះ​នោះ ឥណ្ឌា​ក៏​បាន​ងាក​ទៅ​ទិញ​អាវុធ​ពី​ប្រទេស​ផ្សេង មាន​ដូច​ជា​អ៊ីស្រាអែល បារំាង អង់គ្លេស និង​សហរដ្ឋអាមេរិក​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ