អានតួអត្ថបទ
រុស្ស៊ី-ឥណ្ឌា

លោកពូទីន​លើកទៅ ២ខែ​ក្រោយ​ទៅ​វិញ ទស្សនកិច្ច​របស់​គាត់​នៅ​ឥណ្ឌា

ជំនួបកំពូល​ឥណ្ឌា-រុស្ស៊ី​លើកទី១៣​ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង New Delhi នៅ​ដើម​ខែវិច្ឆិកា​ខាង​មុខត្រូវ​លោក​ប្រនាធិបតី​រុស្ស៊ី ពូទីន​លើក​យក​ទៅ​ធ្វើ​នៅ​ថ្ងៃ២៤ ធ្នូ​ទៅ​វិញ។ទោះបី​វិមាន​ក្រេមឡាំង​ខំ​ពន្យល់​បំភ្លឺ​ថា មូលហេតុ​នៃ​ការ​លើក​នេះ គឺ​មក​ពី​មិនទាន់​ត្រៀម​បាន​គ្រប់​លក្ខណៈ​សម្រាប់​ជំនួប​នេះ​ក្តី ក៏​ប្រភព​ច្បាស់ការណ៍​នាំគ្នា​និយាយ​ទៅ​ហើយ អំពី​ការ​ខ្វែង​គំនិត​គ្នា​រវាង​រុស្ស៊ី និង​ឥណ្ឌា​ជុំវិញ​មុខព្រួញ​ជា​គន្លឹះៗ​នៃ​សហប្រតិបត្តិការ។

លោក ពូទីន ប្រធានាធិបតីរុស្ស៊ី
លោក ពូទីន ប្រធានាធិបតីរុស្ស៊ី ©Reuters
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យផ្លូវការ​របស់​ប្រមុខរដ្ឋ​រុស្ស៊ី​លោក Dmitri Peskov ថ្លែង​ទៅ​ពួក​អ្នកកាសែត​ថា ក្នុង​រយៈពេល​ពីរខែ​ដែល​នៅ​សល់ ទៅ​ទល់​ថ្ងៃ២៤ ធ្នូ គូភាគី​នឹង​ជាប់ដៃ​រវល់​​បង្ហើយ​ឲ្យ​បាន​ចប់​សព្វគ្រប់ រាល់​តែ​ចំណុច​នៃ​ជំនួបកំពូល​នោះ ដើម្បី​បំពេញ​វា ទៅ​ដោយ​ខ្លឹមសារ​ជា​អតិបរិមា។ ប៉ុន្តែ ប្រភព​ដែល​ជំនិត​នឹង​រដ្ឋាភិបាល​ឥណ្ឌា​បាន​ថ្លែង​មក​កាសែត Kommersant នៃ​ក្រុង​ម៉ូស្គូ​ថា ការ​លើក​ពេល​ទស្សនកិច្ច​នេះ មិនមែន​ចៃដន្យ​ទេ ពីព្រោះ​ក្នុង​ចង្កោម​ឯកសារ​ដែល​ត្រូវ​ចុះ​ហត្ថលេខា​នៅ​មិន​ទាន់​មាន​ឯកសារ​ណា​មួយ​ដែល​មាន​ន័យ​សំខាន់​ជា​យុទ្ធសាស្ត្រ​ឡើយ។ ចំណែក​ការ​ពិភាក្សា​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច​ជា​គន្លឹះៗ បែរ​ទៅ​ជា​ធ្លាក់​ក្នុង​ភាព​ទាល់ច្រក។

តាម​ការ​វិភាគ​នៃ​ពួក​អ្នកជំនាញ បញ្ហា​ស្មុគស្មាញ​ជាង​គេ ដែល​កើត​ឡើង​ក្នុង​សហប្រតិបត្តិការ​រវាង​រុស្ស៊ី និង​ឥណ្ឌា គឺ​បណ្តាល​មក​ពី​ការ​បណ្តេញ​ក្រុមហ៊ុន​ទូរគមនាគមន៍​រុស្ស៊ី​ចេញ​ពី​ទីផ្សារ​ឥណ្ឌា។ និយាយ​ឲ្យ​ចំ គឺ​ការ​សម្រេច​របស់​តុលាការកំពូល​ឥណ្ឌា ដក​អស់ ២១អាជ្ញាប័ណ្ណ ពី​ក្នុង​ចំណោម​២២អាជ្ញាប័ណ្ណ​នៃ​សាខា​ក្រុមហ៊ុន​ទូរសព្ទដៃ​រុស្ស៊ី​ប្រចាំ​នៅ​ឥណ្ឌា​ក្រោម​ឈ្មោះ​ថា Systema Shyam Teleservices Ltd។ ការ​ទាមទារ​កាន់​តែ​តឹងតែង​ឡើង ពី​ខាង​ក្រុង New Delhi ចំពោះ​សហព័ន្ធ​រុស្ស៊ី​ទាក់ទង​នឹង​ការ​សាងសង់​ស្ថានីយ​អគ្គិសនីបរមាណូ Kudankulam ក្នុង​រដ្ឋ Tamil Nadu ប៉ែក​ខាង​ត្បូង​ប្រទេស​ឥណ្ឌា។

ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរទី១​របស់​វា ត្រូវ​សម្ពោធ​ឲ្យ​ដើរ គឺ​នៅ​ចុង​ខែ​វិច្ឆិកា​ខាង​មុខ ប៉ុន្តែ​ឥណ្ឌា​ទាមទារ​ឲ្យ​បញ្ចូល​ទៅ​ក្នុង​សន្ធិសញ្ញា​ដែល​ប្រមើល​សង់​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរទី៣ និង​ទី៤​របស់​វា គឺ​ទាំង​មាត្រា​ស្តីអំពី​នាទី​ទទួល​ខុសត្រូវ​ផ្នែក​សម្ភារៈ​ដោយ​ក្រុមហ៊ុន​ដែល​ម៉ៅការ​សាងសង់ ក្នុង​ករណី​បើ​មាន​គ្រោះថ្នាក់​កើត​ឡើង។ ចំណែក​ម៉ូស្គូ ជំទាស់​ដាច់​អហង្ការ​ទល់​នឹង​ការ​បញ្ចូល​មាត្រា​បែប​នេះ។ ស្រប​នឹង​កិច្ចព្រមព្រៀង​ចុះ​កាល​ពី​ខែ​មិនា​ឆ្នាំ២០១០ រុស្ស៊ី​ត្រូវ​សង់​នៅ​ឥណ្ឌា សរុប​ទៅ គឺ​ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ​ចំនួន៦ ដែល​នីមួយៗ​មាន​កម្លាំង​ភ្លើង ១.០០០ Megawatt។

នៅ​ទីបំផុត គឺ​ភាព​មិន​ទាន់​ច្បាស់លាស់​ក្នុង​រឿង​ប្រគល់​នាវា​ផ្ទុក​យន្តហោះ​រុស្ស៊ី​ឈ្មោះ “ឧត្តមនាវី Gorshkov “ ទៅ​ឲ្យ​ឥណ្ឌា។ នាវា​នេះ ដែល​ទិញ​ដោយ​ឥណ្ឌា ហើយ​ប្រែឈ្មោះ​ទៅ​ជា Vikramaditya ត្រូវ​រុស្ស៊ី​សន្យា​ផ្ទេរ​ទៅ​ឥណ្ឌា តាំង​ពី​ឆ្នាំ ២០០៨ ម៉្លេះ រួច​ឥឡូវ​ត្រូវ​រុស្ស៊ី​លើក​ពេល​ផ្ទេរ​វា​រហូត​ដល់​ត្រីមាសទី៤ ឆ្នាំក្រោយ ឆ្នាំ២០១៣ ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ