អានតួអត្ថបទ
រុស្ស៊ី-ឥណ្ឌា

រុស្ស៊ី​ស្នើ​ទៅ​ឥណ្ឌា​ឲ្យ​ផលិត​រួម​គ្នា​ជា​យន្តហោះ​ដឹក​ជញ្ជូន​ធុនស្រាល​IL-112

សំណើ​នេះ​លើក​ឡើង​ដោយ លោក​ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ទទួល​បន្ទុក​ខាង​ឧស្សាហកម្ម​យោធា Dmitri Rogozine ក្នុង​សម័យ​ប្រជុំ​លើក​ទី​១៨​នៃ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​ឥណ្ឌា-រុស្ស៊ី​នៅ​ក្រុង New Delhi នា​រសៀល​ថ្ងៃ​ចន្ទ​ទី​១៥​តុលា​ម្សិលមិញ។ បច្ចុប្បន្ន រុស្ស៊ី​និង​ឥណ្ឌា កំពុង​ស្រាវជ្រាវ​ផលិត​រួម​គ្នា គឺ​យន្តហោះ​ប្រភេទ​បែប​នេះ​ដែរ ប៉ុន្តែ​ធ្ងន់​ជាងក្រោម​ ឈ្មោះ​​ថា MTS សម្រាប់​តម្រូវការ​នៃ​កង​អាកាស​រៀងៗ​ខ្លួន​និង​សម្រាប់​នាំ​ចេញ​ផងដែរ។

រុស្ស៊ី​ស្នើឥណ្ឌា​ឲ្យផលិតរួមគ្នា​យន្តហោះដឹកជញ្ជូន​ធុនស្រាល IIYushine112
រុស្ស៊ី​ស្នើឥណ្ឌា​ឲ្យផលិតរួមគ្នា​យន្តហោះដឹកជញ្ជូន​ធុនស្រាល IIYushine112 RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

 

លោក​ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី Dmitri Rogozine ដែល​ធ្លាប់​ធ្វើ​ជា​តំណាង​អចិន្ត្រៃយ​​របស់​រុស្ស៊ី​អស់​ជា​ច្រើន​ឆ្នាំ​ប្រចាំ​នៅ​ទីស្តី​ការ​បក្ស​សម្ព័ន្ធ​អូតង់ ដោយ​បំផុស​មក​នូវ​សំណើ​ថ្មី គូស​បញ្ជាក់​ថា យន្តហោះ​ធុនស្រាល​ដែល​ឈ្មោះ​ពេញ​របស់​វា គឺ IIyushine -112 អាច​ដឹក​សម្ភារៈ​ដល់​ទម្ងន់​តែ​៦​តោន។ ប៉ុន្តែ វា​ជា​យន្តហោះ​ដែល​ឥណ្ឌា​កំពុង​ត្រូវការ។ ឯកសារ​ បច្ចេកទេស​សមស្រប​មាន​ត្រៀម​បាន​ទៅ​ហើយ​ដោយ​ភាគី​រុស្ស៊ី។ គោលដៅ​ដែល​ចោទ គឺ​ផលិត​យន្តហោះ​នេះ​រួម​គ្នា ​ដោយ​រុស្ស៊ី​និង​ឥណ្ឌា ហើយ​បន្ទាប់​មក​នាំ​វា​ទៅ​កាន់​ទីផ្សារ​រុស្ស៊ី ទីផ្សារ​ឥណ្ឌា​និង​ទីផ្សារ​ប្រទេស​ទី​៣។

ជា​ការ​កត់​សម្គាល់​នៅ​លើ​ផ្លូវ​នេះ​ដែរ កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ “ក្រុមហ៊ុន​រុស្ស៊ី​ខាង​ផលិត យន្តហោះ​ដឹក​ជញ្ជូន”​ បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ឥណ្ឌា Hindustan Aeronautic Limited ដើម្បី ចាប់​ផ្តើម​ដំណាក់​ទី​១ នៃ​ការ​ផលិត​យន្តហោះ​ប្រភេទ​ដូច IIyushine ប៉ុន្តែ​ធ្ងន់​ជាង ក្រោម​ឈ្មោះ ថា MTS​ឬ Multi-Role ប្រើ​បាន​ច្រើន​យ៉ាង សម្រាប់​តម្រូវការ​នៃ​កង​អាកាស​ របស់​ម្ខាងៗ។ ជា​ការ​រំលឹក ស្រប​នឹង​កុងត្រា​ចុះ​កាលពី​ខែ​ឧសភា គូ​ភាគី​សម្រេច​ថា​នឹង​ផលិត​យន្តហោះ​នេះ​ ឲ្យ​បាន​២០៥​គ្រឿង​សិន​ដែល​ពី​ក្នុង​នោះ ១០០​គ្រឿង គឺ​កុម្ម៉ង់​ទិញ​ដោយ​កង​អាកាស​រុស្ស៊ី , ៤៥​គ្រឿង គឺ​គ្រោង​ទិញ​ដោយ​ កង​អាកាស​ឥណ្ឌា​និង​៦០​គ្រឿង​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ។

កិច្ច​​ព្រមព្រៀង​ជា​មូលដ្ឋាន​ស្តី​អំពី​ការ​ផលិត​យន្តហោះ MTSឬ​ Multi-Role ត្រូវ​បាន​ចុះ​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​២០១០​ម៉្លេះ។ ឯកសារ​នេះ តម្រូវ​ឲ្យ​គូ​ភាគី​បញ្ចូល​វិនិយោគទុន​ក្នុង​ទឹក​ប្រាក់ ៣០០​លាន​​ដុល្លារ​អាមេរិក​ទៅ​ក្នុង​គម្រោង​ដែល​មាន​ហើយ​ផលិត​វា​នៅ​រុស្ស៊ី​ផង​ឥណ្ឌា​ផង។

យន្តហោះ MTS ឬ Multi-Role នឹង​ធ្វើ​ការ​ហោះហើរ​ជា​លើក​ដំបូង​គឺ​ក្នុង​ឆ្នាំ ២០១៧។ យន្តហោះ​ MTS ឬ Multi-Role អាច​ដឹក​សម្ភារៈ​ដល់​២០​តោន អាច​ហោះ​ឡើង​និង​ចុះ​ចត​ដោយ​ប្រើ ផ្លូវ​ប្រវែង​ខ្លី​ជាង​ធម្មតា។​ វា​អាច​ពង្រីក​ល្បឿន​វា​ដល់ ៨០០​គ.ម.ក្នុង​១​ម៉ោង ហើយ​អាច​ហោះ​ដល់​ចម្ងាយ ២.៥០០​គ.ម.។
 

ក្នុង​កង​អាកាស​ឥណ្ឌា យន្តហោះ​ដឹក​ជញ្ជូន​ធុន​ថ្មី ម៉ាក MTS​ឬ Multi-Role នឹង​ចូល​ខ្លួន​ទៅ​ជំនួស​យន្តហោះ​ម៉ូដែល​ចាស់​ ដែល​ប្រើ​កង្ហារ អាធុន Antonov-32 ផលិត​តាំង​ពី​ជំនាន់​សូវៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ