អានតួអត្ថបទ
រុស្ស៊ី

ថ្ងៃនេះ​មេប្រឆាំង​ម្នាក់​ទៀត​ត្រូវ​តុលាការ​ក្រុងម៉ូស្គូ កាត់ទោស​

មេប្រឆាំងនេះ​ឈ្មោះ Ylia Yashine ត្រូវបាន​ប៉ូលីស​ឃាត់ខ្លួន យប់មិញ ជាមួយ​គ្នីគ្នា​គាត់ ២០​នាក់​ទៀត ចំពោះ​ការតដៃ​អាជ្ញាធរ ដែល​ព្រមាន​គេ​កុំ​ឲ្យ​បង្ខូច​សណ្តាប់ធ្នាប់​សង្គម ពេល​គេ​ធ្វើ “ទង្វើ​ប្រឆាំង​នឹង​អំណាច​លោកពូទីន” ក្នុង​ទម្រង់​ជា​ការផ្តុំគ្នា​កំសាន្ត​ជាក្រុមៗ នៅ​តាម​សួន​ឱទ្យាន​នៃ​រដ្ឋធានី។

ប៉ូលិស​រុស្ស៊ី​ចាប់​ក្រុម​ពួកប្រឆាំង​នឹង​រដ្ឋអំណាច​របស់​លោក​ប្រធានាធិបតី​ពូទីនដែល​បាន​ចូល​ទៅ​តាំង​ទី​យ៉ាង​អនាធិបតេយ្យ​លើ​សួន​ឱទ្យាន​សាធារណៈ
ប៉ូលិស​រុស្ស៊ី​ចាប់​ក្រុម​ពួកប្រឆាំង​នឹង​រដ្ឋអំណាច​របស់​លោក​ប្រធានាធិបតី​ពូទីនដែល​បាន​ចូល​ទៅ​តាំង​ទី​យ៉ាង​អនាធិបតេយ្យ​លើ​សួន​ឱទ្យាន​សាធារណៈ
ផ្សាយពាណិជ្ជកម្ម

 

ជា​ការរំលឹក គឺ​តាំង​ពី​ថ្ងៃ​៦​ឧសភាម៉្លេះ មួយថ្ងៃមុន​លោក​ពូទីន ទទួល​សច្ចា​ប្រណិធាន ចូល​កាន់​តំណែង ជា​ប្រធានាធិបតី​រុស្ស៊ី​ឡើងវិញ ដែល​នៅតាម​ក្រុងប្លែកៗ​នៃ​ប្រទេស​ពួកប្រឆាំង បាន​សំដែង​ការតវ៉ា​របស់ខ្លួន ក្នុង​រូបភាព​ហៅថា “ក្បួនយាត្រា​នៃ​មនុស្ស​លាននាក់” ដែល​មាន ទំហំធំ​ជាងគេ ​ក្នុង​រដ្ឋធានី​ម៉ូស្គូ។ ប៉ុន្តែ ក្រោយ​ពី​មាន​ការប៉ះ​ទង្គិច យ៉ាង​ខ្លាំងក្លា ជាមួយ​ប៉ូលីស ពួកគេ គឺ​ប្រែ”តាក់ទិក” ប្រឆាំង​ទៅវិញ។

ក្នុង​ន័យនេះ ចាប់ពី​ថ្ងៃ​៨ឧសភា​មក ពេល​ដែល​លោក​មេដវេដេវ ត្រូវ​សភា​ឌូម៉ា​អនុម័ត ឲ្យ​ធ្វើជា នាយក​រដ្ឋមន្ត្រី​របស់ពូទីន ពួកគេ​ មុនដំបូង នាំគ្នា​ខ្ទាស់ ”បូពណ៌ស” ដើរ​កំសាន្ត​ជាក្រុមៗ នៅតាម ទីលាន និង សួន​ឱទ្យាន។ រួចនៅទីបំផុត គេក៏នាំគ្នា​ក្រាញ​លំហែកាយ ទាំងថ្ងៃ​ទាំងយប់ ក្នុង សួនឱទ្យាន នៃ​សង្កាត់​មួយ​កណ្តាលក្រុង។ ការសម្រាក​របស់គេ ដែល​បន្លឺទៅ​ដោយសូរ​ចម្រៀង និង​ហ្គីតារ ការដែល​គេចោល​សម្រាម ជាន់ស្មៅ បេះផ្កា បន្ទោបង់ ក្នុងសួននោះ គឺអំពុលទុក្ខ ដល់​អ្នកក្រុងណា ដែលរស់នៅ​តាមវិថី​ជាប់​នឹង​សួននោះ។

ម៉្លោះ​ហើយ បាន​ជា ថ្ងៃ១៦​ឧសភាម្សិលមិញ ដោយ​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការក្រុង ដែល​បំពេញ តាម ពាក្យបណ្តឹង​របស់​អ្នកស្រុក​ទាំងនោះ ប៉ូលីស ក៏បាន​បញ្ជា​ពួកប្រឆាំង ឲ្យ​ចាកចេញ​ពី ទីកន្លែង នោះ។ ប៉ុន្តែ ពួកគេ​មិនមែន​ត្រឡប់​ទៅផ្ទះ​រៀងៗខ្លួន​ឯណា គឺគេ​គ្រាន់តែ រើ​ទីតាំង ទៅកាន់ សួនឱទ្យាន​នៃ​សង្កាត់​មួយផ្សេង នៅ​កណ្តាល​ក្រុង​ដែរ។

លើកនេះ ការសម្រាក​របស់ពួកគេ ស្ថិតនៅ​ក្រោម​ភ្នែកឃ្លាំ​មើល​ជានិច្ច របស់ប៉ូលីស។ ក្រោយ​ពី សង្កេត​ឃើញ​ថា ពួកគេនាំគ្នា​ដេក​នៅតាម​កៅអីវែងៗ​ក្នុងសួន ដេក​នៅលើ​ដី​នៃ​សួនផ្ទាល់ ហើយ ប្រែសួន​នោះទៅជា ”ចង្រ្កានចល័ត” ដែល​តាម​អាជ្ញាធរ ជា​ទង្វើ​ខូច​ដល់​សណ្តាប់ធ្នាប់​សង្គម ប៉ូលីស​ក៏​បាន អន្តរាគម​​កុំ​ឲ្យ​ពួកគេ​ដេកយ៉ាងនេះ ហើយ រឹបអូស​យកឡាំង​ម្ហូបនោះ​ទៅ។ 

ពីក្នុង​ចំណោម​ពួកប្រឆាំង​ប្រមាណ ១៥០​នាក់ វត្តមាន​ពេលនោះ នរណា​ដែលហ៊ាន​តដៃ​ប៉ូលីស គឺ​ត្រូវ​បាន​ចាប់យក​ទៅដាក់ ឡាន ឃ្លប់ ចំនួន ២០នាក់ បូក ទាំង មេក្រុម របស់គេ ឈ្មោះ Ylia Yashine ផង ដែល ថ្ងៃនេះ អាច​ត្រូវតុលាការ​កាត់ទោស ឲ្យ​ជាប់​ឃុំឃាំង រយៈពេល ១៥ថ្ងៃ។ សាមគ្គី ជាមួយ​គ្នីគ្នាខ្លួន ពួក​ប្រឆាំង​ឯទៀត​បាន​ឆ្លៀត​ចាក់ ទម្លាយ​កង់មួយ​នៃ​ឡានឃ្លប់​នោះ ហើយ កាច់ចោល​កញ្ចក់​ខាងក្រៅ របស់វា​ទៅផង។ ពួកប្រឆាំង​បាន​អះអាង​ថា ក្រោយ​ពី អន្តរាគមន៍​ប៉ូលីស គេ​ស្រាប់តែ​បាត់ ហិបប្រាក់ ដែល​ក្នុងនោះ​មានលុយ ចំនួន​២៥ម៉ឺនរូប្ល ឬស្មើ នឹង​៨.៣០០ដុល្លារ​អាមេរិក។ ប៉ុន្តែ ប៉ូលីស​បាន​ច្រានចោល​ដាច់អហង្ការ ការចោទ​ប្រកាន់​នោះ។
 

ទោះយ៉ាងណាក្តី ក៏ ​ពួកប្រឆាំង​បាន​ប្រកាស​ថា គេ​គ្រោង​បន្ត ”ការកំសាន្ត​របស់​ប្រជាជន” លុះ រហូត​ដល់ថ្ងៃ១២​មិថុនា ជាទិវា​បុណ្យ​ជាតិ​រុស្ស៊ី ពីព្រោះ​ថ្ងៃនោះ ត្រូវ​ប្រព្រឹត្តទៅ “ក្បួន​យាត្រា​នៃ​មនុស្ស​លាននាក់” ជា​លើកទី២៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ