អានតួអត្ថបទ
រុស្ស៊ី

ពួកប្រឆាំង​ចេះតែ​តវ៉ា​ទៅ ​ប៉ុន្តែ​អំណាច​បន្ត​ស្ថិត​ក្នុងដៃ​”សម្ព័ន្ធទ្វេភាគី” ​

លោកប្រធានាធិបតី​ ពូទីន ​បានចេញ​ទៅហើយ​ក្រឹត្យ​តែងតាំង​ជាផ្លូវការ​លោក​ មេដវេដេវ ​ដែលទើប​ផុត​អាណត្តិ​ជា​ប្រមុខរដ្ឋ​ ឲ្យកាន់​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​វិញ។ ​នេះគឺ​ក្រោយពី​បេក្ខភាព​លោក ​មេដវេដេវ​ ល្ងាចមិញ​បាន​ទទួល​ការគាំទ្រ​ដោយ​សំឡេង​ដល់​ទៅ២/៣​នៃ​ពួក​អ្នក​តំណាង​រាស្ត្រ​ទាំង​៤៥០នាក់​ក្នុង​សភាឌូម៉ា។​ ប៉ុន្តែ​ពួក​ប្រឆាំង​នៅតែ​កើតទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​ការ​ប្តូរ​តួនាទី​គ្នា​ទៅវិញ​ទៅមក​រវាង​មេដឹកនាំ​២នាក់នេះ ​ក្នុង​អំណាច​កំពូល​នៅ​រុស្ស៊ី។

ប៉ូលីសរុស្ស៊ី​កំពុង​ចាប់​បាតុករប្រឆាំង​ពូទីន
ប៉ូលីសរុស្ស៊ី​កំពុង​ចាប់​បាតុករប្រឆាំង​ពូទីន
ផ្សាយពាណិជ្ជកម្ម

តាំងពី​ថ្ងៃទី​៦ឧសភា​ម៉្លេះ ​គឺ១ថ្ងៃ​មុន​ពេល​លោក​ ពូទីន​ ទទួល​សច្ចា​ប្រណិធាន​ ឡើងកាន់​ជាថ្មី​តំណែង​ជា​ប្រធានាធិបតី​ ដែល​នៅ​រុស្ស៊ី​ មាន​ប្រព្រឹត្ត​ទៅ​ “ក្បួន​យាត្រា​មនុស្ស​លាននាក់”​ ហើយ​ធំជាង​គេ​ គឺ​នៅ​រដ្ឋធានី​ម៉ូស្គូ ​ដែល​កាលណោះ​តាម​តួលេខ​អាជ្ញាធរ​ មាន​ពួក​ប្រឆាំង​ចូល​រួម​ ៨ពាន់​នាក់​ ប៉ុន្តែ​តាម​តួលេខ​ភាគី​ប្រឆាំង​ផ្ទាល់​ គឺ​ដល់​១០ម៉ឺន​នាក់។​ គោលដៅ​ “ក្បួន”​នេះ​ គឺ​ប្រឆាំង​នឹង​ការឡើង​កាន់​អំណាច​ជាថ្មី​នៃ​លោក​ ពូទីន។

 
តាមមតិ​ពួក​មេដឹក​នាំ​ក្បួននោះ ​ពូទីន​ ឡើង​កាន់​អំណាច​នេះគឺ​ ដោយ​ខុស​ច្បាប់​ទេ​តើ​ ដ្បិត ៖
រដ្ឋធម្មនុញ្ញ​រុស្ស៊ី​អនុញ្ញាត​ឲ្យ​បុគ្គលតែ​ម្នាក់​ កាន់​តំណែង​ជា​ប្រធានាធិបតី​តែ​២អាណត្តិ​ប៉ុណ្ណោះ ​ហើយ​អាណត្តិ​គាត់​ឥឡូវនេះ​ដែលជា​លើកទី៣​ គឺបំពាន​លើ​ច្បាប់​គោល​របស់​ប្រទេស។

ពួក​បាតុករ​បាន​ទាមទារ​ជាថ្មី​ឲ្យ​លុបចោល​ទាំង​លទ្ធផល​នៃ​ការបោះឆ្នោត​សភា​ទាំង​លទ្ធផល​នៃការបោះឆ្នោត​ប្រធានាធិបតី​ដែល​តាម​យោបល់​គេ​គឺត្រូវ​ទុក​ជាមោឃៈ ​ដោយមក​ពី​មាន​ការ​ក្លែង​បន្លំ​សន្លឹកឆ្នោត​ហើយ​ត្រូវធ្វើការ​បោះឆ្នោតថ្មី។
ពួកគេ​បាន​ប្រកាសថា​ គេនឹង​បន្ត​ប្រឆាំង​លុះទាល់​តែ​ពូទីន​ បង្ខំ​ចិត្ត​ចុះ​ចេញ​ពីតំណែង។

ក្នុងន័យនេះ ​ពួកគេ​បាន​ប៉ុនប៉ង​ទម្លាយ​របង​ការពារ​បង្កើត​ឡើង​ដោយ​ពួក​ប៉ូលីស​ពិសេស ​កុំឲ្យ​ពួកគេ​ឆ្លង​ស្ពាន​ទៅ​បោះជំរំ​តង់​នៅក្បែរ​វិមាន​ក្រេមឡាំង​ ដើម្បី​ធ្វើឲ្យ​ល្អក់​កករ​ដល់​ពិធី​ទទួល​ សច្ចា​ប្រណិធាន​របស់​លោកពូទីន។​ កាលណោះ​ក្នុងការ​ប៉ះទង្គិច​គ្នា​ មាន​ឃាត់ខ្លួន​បាតុករ​បាន​ ៤៣៦ នាក់​ ហើយ​ដោយ​រង​នូវ​ការតដៃ​គ្មាន​ប្រណី ​ពីខាង​ពួក​ប្រឆាំង​មាន​ប៉ូលីស​ធ្លាក់​ខ្លួន​របួស​ដល់ទៅ ២៧នាក់។

នៅថ្ងៃ​បន្ទាប់​មក​ ថ្ងៃ៧​ឧសភា​ចំថ្ងៃ​ដែល​ពូទីន​ទទួល​ពាក្យ​សម្បថ​ ឡើង​ធ្វើជា​ប្រធានាធិបតី​និង​ថ្ងៃ៨ឧសភា​ម្សិលមិញ​ ថ្ងៃ​ដែល​សភា​ឌូម៉ា​អនុម័ត​បេក្ខភាព​ មេដវេដេវ​ ជានាយក​រដ្ឋមន្ត្រី​របស់ ​ពូទីន ពួកប្រឆាំង​បាន​ប្រែ​”តាក់ទិក”​ ប្រឆាំង​ដោយ​ផ្តុំគ្នា​ដើរកំសាន្ត​ជាក្រុមៗ​ ទាំង​ខ្ទាស់​ លើអាវ​ខ្លួន​នូវ​ ”បូពណ៌ស”​ ជា​សញ្ញា​ប្រឆាំង​របស់គេ។ ​ក្នុង​២ថ្ងៃនោះ ​ប៉ូលីស​បាន​ឃាត់​ខ្លួន​ពួក​គេ​នៅ​តាម​ទីលាន​និង​សួនឧទ្យាន​ប្លែកៗ​នៃ​ក្រុង​សរុប​ទៅជាង​៣០០នាក់​ទៀត។​ ភាគច្រើន​ត្រូវ​បានដោះ​លែង​ឲ្យមាន​សេរីភាព​ទៅហើយ​ក្នុងនោះ​មាន​ទាំង​ តារា​ទូរទស្សន៍​ នារី​ពិធីការិនី​ Ksenia​ Sobchak​ផង។​ នៅជាប់​ឃុំឃាំង​គឺមេ​”រណសិរ្សឆ្វេង”​ ឈ្មោះ ​Oudalsov ​និង​ អ្នក​ដែលល្បី​ខាង​ប្រយុទ្ធ​ទល់នឹង​ថ្នាក់ដឹកនាំ​ពុក​រលួយ​ឈ្មោះ Navalny ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ លោក​ Marc​ Toner​ ថ្លែង​យប់មិញ​ នៅក្រុង​វ៉ាស៊ីនតោន​បាន​ទិតៀន​ពួក​ប៉ូលីស​រុស្ស៊ី​ដែល​បាន​ឃាត់ខ្លួន​ពួក​បាតុករ​ច្រើនម៉្លឹងៗ។​ លោកក៏​បាន​អំពារនាវ​ពួក​ប្រឆាំង​រុស្ស៊ី​ឲ្យចេះ​គោរព​រដ្ឋ​អំណាច​ដែរ។​ ក្រសួង​ការបរទេស​អាមេរិក​បញ្ចេញ​ប្រតិកម្ម​ថ្លឹង​មុខ​ថ្លឹងក្រោយ​បែបនេះ​ ដ្បិត​ក្នុង​ខែនេះ​ទៅហើយ​ដែល​ត្រូវ​ប្រព្រឹត្ត​ទៅជំនួប​រវាង​លោក​ ប្រធានាធិបតី​អាមេរិក​ Barack​ Obama ​និងសមភាគី​រុស្ស៊ី​របស់​គាត់​ លោក ​Vladimir Poutine៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ