អានតួអត្ថបទ
កម្ពុជា

ការ​ប្រឡង​បាក់ឌុប​និង​ឌីប្លូម​ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព​

សមាគម​គ្រូ​បង្រៀន​ឯករាជ្យកម្ពុជា​អំពាវនាវ​អោយ​ការ​ប្រឡង​នៅ​ឆ្នាំ​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​បរិយាកាស​​គ្មាន​ការ​លួច​ចម្លង គ្មាន​បែក​វិញ្ញាសា​​មុន​ពេល​ប្រឡង​និង​គ្មាន​អំពើ​ពុករលួយ​នៅ​ក្នុង​ថ្នាក់ ​ប្រឡង។ ការ​ប្រឡង​ឌីប្លូម​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​កក្កដា​និង​ចុង​ខែ​កក្កដា​ សម្រាប់​ការ​ប្រឡង​បាក់ឌុប។

លោក រ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូបង្រៀន​​ឯករាជកម្ពុជា
លោក រ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូបង្រៀន​​ឯករាជកម្ពុជា ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

ដោយ​ព្រួយបារម្ភ​ខ្លាច​ភាព​មិន​ប្រក្រតី​តាម​លង​សម័យ​ប្រឡង​នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យកម្ពុជា បាន​អំពាវនាវ​ពី​ចម្ងាយ​បន្តិច​ដល់​ក្រសួង​អប់រំ​ដើម្បី​ធ្វើ​ការ​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​ប្រឡង​ឌីប្លូម​និង​បាក់ឌុប​នៅ​ខែ​ក្រោយ​នេះ។

លោក រ៉ុង ឈុន សំណូមពរ​នៅ​ថ្ងៃ​អាទិត្យ​នេះ​សូម​អោយ​ការ​ប្រឡង​នៅ​ឆ្នាំនេះ​ប្រព្រឹត្ត​ទៅ​ក្រោម​បរិយាកាស​គ្មាន​ការ​លួច​ចម្លង គ្មាន​បែក​វិញ្ញាសា​មុន​ពេល​ប្រឡង​និង​គ្មាន​អំពើ​ពុករលួយ​នៅ​ក្នុង​ថ្នាក់​ប្រឡង។

កាលពី​ឆ្នាំ​មុន បើយោង​តាម​លោក រ៉ុង ឈុន ការ​បែក​វិញ្ញាសា ការ​លួច​ចម្លង​និង​ការ​ធ្វើ​អំពើ​ផ្ដេសផ្ដាស​ផ្សេង​ៗ បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​ប្រឡង។ លោក រ៉ុង ឈុន បាន​បន្ត​ទៀត​ថា លោក​ថែម​ទាំង​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ក្រសួង​អប់រំ​ទៀត​ផង​កាល​ពី​ឆ្នាំ​មុន ដើម្បី​ស្វែង​រក​ការពិត​ពី​ការ​បែក​វិញ្ញាសា​ជា​ពិសេស​វិញ្ញាសា​គណិតវិទ្យា​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ សមាគម​គ្រូ​បង្រៀន​នៅ​មិន​ទាន់​ទទួល​បាន​ចម្លើយ​ពី​ក្រសួង​អប់រំ​នៅ​ឡើយ​ទេ។

លោក រ៉ុង ឈុន បាន​ចោទ​ប្រកាន់​ថា សូម្បីតែ​ការ​ប្រឡង​ឆមាស​ទី​២​សម្រាប់​ថ្នាក់​បាក់ឌុប​នា​ពេល​កន្លង​មក​ក៏​មាន​ការ​ដោះដូរ​លុយកាក់​ដើម្បី​ទទួល​បាន​ពិន្ទុ​ល្អ​សម្រាប់​បូក​បញ្ចូល​ការ​ប្រឡង​បញ្ចប់​នៅ​ខែ​ក្រោយ​នេះ​ដែរ។ ការ​ធ្វើ​យ៉ាង​នេះ​នឹង​ទាញ​គុណភាព​វិស័យ​អប់រំ​របស់​កម្ពុជា​អោយ​ដាំ​ក្បាល​ចុះ​តែ​ម្តង។

ភាព​មិន​ប្រក្រតី​កើត​ឡើង​នៅ​ពេល​ប្រឡង​និង​គុណភាព​អប់រំ​កម្ពុជា មាន​កម្រិត​ទាប​នឹង​ប៉ះពាល់​កិត្តិយស​ដល់​ប្រទេស​ជាតិ។ នេះ​បើ​យោង​តាម​បញ្ជាក់​របស់​លោក រ៉ុង ឈុន។

សម្រាប់​សម័យ​ប្រឡង​ឆ្នាំ​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យកម្ពុជា​ជំរុញ​អោយ​ក្រសួង​អប់រំ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​សម្រាប់​ការ​ប្រឡង​និង​ចៀសវាង​ជា​ដាច់ខាត​កុំ​អោយ​រឿង​ដដែល​ៗ​កើត​ឡើង​សាថ្មី។

នៅ​ថ្ងៃ​អាទិត្យ​នេះ វិទ្យុ​បារាំង​អន្តរជាតិ​ព្យាយាម​ទាក់ទង​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​អប់រំ​មួយ​ចំនួន​ដែរ ​ប៉ុន្តែ ​អ្នក​ខ្លះ​បាន​ឆ្លើយ​ប្រាប់​ថា​ជាប់​រវល់​។ ប៉ុន្តែ​បើ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​កាល​ពី​ពេល​កន្លង​មក មន្ត្រី​ក្រសួង​អប់រំ​តែងតែ​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​សមាគម​គ្រូ​បង្រៀន​ឯករាជ​កម្ពុជា។

សូម​បញ្ជាក់​ថា សិស្ស​ចំនួន​ជាង​១០​ម៉ឺន​នាក់​នឹង​ចូលរួម​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ​ឬ​ហៅថា​ការ​ប្រឡង​ឌីប្លូម​នៅ​ថ្ងៃ​ទី​៤​ខែ​កក្កដា​និង​សិស្ស​ចំនួន​ជិត​១០​ម៉ឺន​នាក់​នឹង​ចូលរួម​ប្រឡង​បាក់ឌុប​ឬ​ហៅថា​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ថ្ងៃ​ទី​២៥​ខែ​កក្កដា​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ