អានតួអត្ថបទ
កម្ពុជា

បណ្ណាល័យ​ជាតិ​កម្ពុជា និង​បារាំង​សហប្រតិបត្តិការ​គ្នា

បណ្ណាល័យ​ជាតិ​កម្ពុជា​និង​បណ្ណាល័យ​ជាតិ​បារាំង​បាន​ធ្វើ​សហប្រតិបត្តិការ​ គ្នា​នៅក្នុង​ក្របខ័ណ្ឌ​នៃគម្រោង​មួយ​សម្រាប់​រយៈពេល​៣​ឆ្នាំ។ ពិធី​ចុះហត្ថលេខា​ផ្លូវការ​បាន​ប្រារព្ធ​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១៧​កុម្ភៈ​ ម្សិលមិញ នៅក្នុង​បណ្ណាល័យ​ជាតិ​កម្ពុជា​ដោយ​ប្រធាន​បណ្ណាល័យជាតិ​បារាំង លោកBruno RACINE និង​លោកស្រី ខ្លូត វិបុល្លា នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា។

ប្រធានបណ្ណាល័យជាតិបារាំង លោកBruno RACINE (ឆ្វេង) ចុះ​ហត្ថលេខា​ជាមួយ​លោកស្រីខ្លូត វិបុល្លា នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា
ប្រធានបណ្ណាល័យជាតិបារាំង លោកBruno RACINE (ឆ្វេង) ចុះ​ហត្ថលេខា​ជាមួយ​លោកស្រីខ្លូត វិបុល្លា នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា ©លាង ដឺលុច​
ផ្សាយពាណិជ្ជកម្ម

01:44

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច​ពី ទីក្រុង​ភ្នំពេញ

បណ្ណាល័យ​ជាតិ​កម្ពុជា និង​បណ្ណាល័យ​ជាតិ​បារាំង​បាន​ធ្វើ​កិច្ចសហប្រតិការ​ជាមួយគ្នា​តាម​រយៈ​គម្រោង​មួយ​ដែល​មាន​រយៈ​ពេល​៣​ឆ្នាំ។ ប្រធាន​បណ្ណាល័យ​ជាតិ​បារាំង លោក​Bruno RACINE ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​រយៈ​ពេល​៤​ថ្ងៃ​នោះ បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​សហប្រតិបត្តិការ​បណ្ណាល័យ​ជាតិ​នេះ ជាមួយ​លោកស្រី​ខ្លូត វិបុល្លា ដែល​ជា​នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា។ ពិធី​ចុះហត្ថលេខា​ត្រូវ​បាន​រៀបចំ កាល​ពី​ថ្ងៃ​ទី​១៧​កុម្ភៈ ក្រោម​វត្តមាន​របស់​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​លោក ថៃ នរៈសត្យា និង​ឯកអគ្គរដ្ឋទូត​បារាំង លោកChristian Connan។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា កិច្ចសហប្រតិបត្តិការ​រវាង​បណ្ណាល័យ​ទាំងពីរ នឹង​អនុញ្ញាត​អោយ​មាន​ការធ្វើ​សកម្មភាព​រួមគ្នា ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ ជាពិសេស​ក្នុង​វិស័យ​បណ្ណាល័យ បេតិកភណ្ឌ និង​ភាសាបារាំង។ សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ក្នុងពេលនេះ បណ្ណាល័យ​ជាតិ​ទាំងពីរ កំពុង​ដំណើរការ​អនុវត្ត​គម្រោង​រួមគ្នា​មួយ​ចំនួន ដែល​ទាក់ទងនឹង​ការ​បញ្ចូល​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ក្នុង​ក្របខ័ណ្ឌ​បណ្តាញ​ហ្រ្វង់កូហ្វូន នុយមេរិក ដែល​បណ្ណាល័យ​ទាំងពីរ​ជា​សមាជិក។ បណ្តាញ​នេះ ប្រមូល​ផ្តុំ​នូវ​ស្ថាប័ន​ឯកសារ​ធំៗ​នៃ​បណ្តា​ប្រទេស​និយាយភាសាបារាំង។

បើយោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល សព្វថ្ងៃនេះ បណ្ណាល័យ​ជាតិ​បារាំង​មាន​ឯកសារ​ជាច្រើន​ដែល​សរសេរ​ជាភាសាខ្មែរ ហើយ​បណ្ណាល័យជាតិ​កម្ពុជា​ក៏​មាន​ឯកសារ​ជាភាសា​បារាំង​ជាច្រើន​ផងដែរ។

គួរបញ្ជាក់ថា ក្នុងដំណើរ​ទស្សនកិច្ច​លើកនេះ ក្រៅ​ពី​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ណាល័យ​ជាតិ​កម្ពុជា លោកBruno RACINE ក៏​បានមានឱកាស​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្ណាសារដ្ឋាន​ជាតិ និង​សារមន្ទីរ​ជាតិ​កម្ពុជា​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ