អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អារ៉ាប៊ីសាអូឌីត ជា​ប្រទេស​ក្បាលមួយ មុខពីរ​នៅ​ចំពោះ​មុខ​ពួក​ជីហាត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​កន្លង​ទៅ​ហើយ​ដែល​ពិភពលោក​កំពុង​បារម្ភ​ខ្លំាង​ពី​ឥទ្ធិពល​របស់​រដ្ឋអ៊ីស្លាម ឬ​ហៅ​ថា ពួក​ជីហាត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ថ្មីៗ​នេះ និង​ក្រោយ​ពី​ពួក​ជីហាត​បាន​កាត់ក្បាល​អ្នកកាសែត​អាមេរិកំាង​ម្នាក់​ឈ្មោះ James Foley មក លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ឆាក់ ហាហ្កែល​បាន​ប្រកាស​ទទួល​ស្គាល់​ថា រដ្ឋអ៊ីស្លាម គឺ​ជា​ក្រុមជីហាត​ដែល​មាន​ឥទ្ធិពល​ខ្លំាង​ជាង​​ក្រុម​ភេរវនិយម​ផ្សេង​ទៀត​ដែល​ពិភពលោក​បាន​ស្គាល់​នា​ពេល​កន្លង​មក មាន​ន័យ​ថា គឺ​ខ្លំាង និង​សាហាវ​ជាង​អង្គការ​ភេរវនិយម​អាល់កៃដា​ទៅ​ទៀត។ ទន្ទឹម​គ្នា​នេះ គ្រប់​គ្នា​កំពុង​ផ្តោត​ចក្ខុ​សម្លឹង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដោយ​ចង់​ដឹង​ថា តើ​ប្រទេស​អារ៉ាប់​មួយ​នេះ​កំពុង​ដើរ​តួនាទី​អ្វី​ខ្លះ? 

ស្តេច Abdallah នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត
ស្តេច Abdallah នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត REUTERS/Saudi Press Agency/Handout
ផ្សាយពាណិជ្ជកម្ម

គឺ​ទើប​តែ​មាន​រូបភាព​ដែល​ពួក​ជីហាត​បាន​បង្ហាញ​ពី​ការ​កាត់ក្បាល​អ្នកកាសែត​អាមរិកំាង James Foley ទេ ដែល​មាន​ថ្នាក់ដឹកនំា​ជាន់ខ្ពស់​អាមេរិកំាង​ម្នាក់​បាន​ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​ថា រដ្ឋអ៊ីស្លាម គឺ​ជា​អង្គការ​ភេរវនិយម​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លំាង​ជាង​អង្គការ​ភេរវនិយម​ដែល​ពិភពលោក​ធ្លាប់​បាន​ស្គាល់​នា​ពេល​កន្លង​មក ចុង​ក្រោយ​បំផុត​គឺ​អង្គការ​ភេរវនិយម​អាល់កៃដា​នោះ​ឯង។ ឥទ្ធិពល​ខ្លំាង​របស់​រដ្ឋអ៊ីស្លាម​ក៏​ដោយសារ​ថា អង្គការ​មួយ​នេះ​មាន​ទីតំាង​មួយ​ច្បាស់លាស់ រចនាសម្ព័ន្ធ​មួយ​រឹងមំា មនោគមន៍វិជ្ជា​ដាច់ខាត និង​ពិសេស​ទៅ​ទៀត​នោះ មាន​លុយកាក់​យ៉ាង​ច្រើន​សម្បើម។ បច្ចុប្បន្ន​នេះ ពួកជីហាត​កំពុង​គ្រប់គ្រង​លើ​ដែនដី​មួយ​ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ផ្ទៃក្រឡាដី​របស់​ប្រទេស​អង់គ្លេស ដោយ​លាត​សន្ធឹង​ពី​ទឹកដី​អ៊ីរ៉ាក់​មួយ​ភាគ​ឆ្លង​ចូល​ទឹកដី​មួយ​ភាគ​របស់​ប្រទេស​ស៊ីរី។ គឺ​កុំ​តែ​មាន​អន្តរាគមន៍​ទាន់​ពេល​ពី​សហរដ្ឋអាមេរិក ម្ល៉េះ​ប្រទេស​អ៊ីរ៉ាក់​ទំាង​មូល​នឹង​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ពួកជីហាត​ដោយ​ចៀស​មិន​រួច។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ សំណួរ​មួយ​កំពុង​ចោទ​ឡើង​ទាក់ទង​នឹង​ប្រភព​ចំណូល​ដ៏​ច្រើន​សម្បើម​របស់​ពួកជីហាត។ កន្លង​មក​មាន​ការ​លើក​ឡើង​ថា ពួក​នេះ​ទទួល​បាន​លុយ​ពី​ការ​លក់​ធនធានធម្មជាតិ ពិសេស​ប្រេងកាត​នៅ​ក្នុង​តំបន់​ដែល​ពួក​គេ​កំពុង​កាន់កាប់ ឬ​មួយ​ក៏​ការ​ចាប់​ជម្រិត​មនុស្ស​ជា​ថ្នូរ​នឹង​លុយកាក់​ជា​ដើម។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ពួក​នេះ​ក៏​ទទួល​បាន​ការ​គំាទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​ស្មារតី​ពី​ប្រទេស​ផ្សេង​នៅ​ក្នុង​តំបន់​ដែរ។ រហូត​ដល់​ពេល​នេះ អារ៉ាប៊ីសាអូឌីត​ត្រូវ​បាន​គេ​ចោទ​ជា​ប្រទេស​ដែល​បាន​ផ្តល់​លុយ​ឲ្យ​ពួក​ជីហាត​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​ប្រឆំាង​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។

ការ​ចោទ​ប្រកាន់​យ៉ាង​នេះ​ដោយ​គេ​សំអាង​លើ​តួនាទី​របស់​ទីក្រុង​រីយ៉ាដ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​នា​សម័យ​សង្រ្គាម​រវាង​ពួក​មូយ៉ាយឌីន និង​ទាហាន​សូវៀត​ក្នុង​ចន្លោះ​ឆ្នំា ១៩៧៩ ១៩៨៩។ កាលណោះ អារ៉ាប៊ីសាអូឌីត ដោយ​មាន​អាមេរិក​នៅ​ពី​ក្រោយ​ផង​បាន​ចេញ​មុខ​ជួយ​គំាទ្រ​ពួក​មូយ៉ាឌីន​យ៉ាង​ពេញ​ទំហឹង​ដើម្បី​ប្រឆំាង​សហភាព​សូវៀត។ ប្រសិន​ជា​ដូច្នោះ​មែន អង្គការ​អាល់កៃដា​របស់​អ៊ូសាម៉ា បេន ឡាដិន​ក៏​ប្រហែល​ជា​បាន​ទទួល​ជំនួយ​ថវិកា និង​ការ​គំាទ្រ​ដោយ​ប្រយោល​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែរ។ និយាយ​យ៉ាង​នេះ​មិន​មែន​មាន​ន័យ​ថា ទីក្រុង​រីយ៉ាដ​ជា​អ្នក​ដែល​នៅ​ពី​ក្រោយ​មហាភេរវកម្ម​ថ្ងៃ ១១ កញ្ញា ២០០១ នៅ​អាមេរិក ឬ​មួយ​ក៏​ថា អាមេរិក​ខ្លួន​ឯង​ក៏​ជា​អ្នក​ទទួល​ថ្ម​បាក់​នៅ​ក្នុង​សោកនាដកម្ម​នោះ​ទេ។

វា​ពិត​ណាស់​ថា តំាង​ពី​មាន​ការ​ងើប​បះបោរ​នៅ​ក្នុង​ប្រទេស​ស៊ីរី​មក ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ចេញ​មុខ​ជួយ​គំាទ្រ​ក្រុមប្រឆំាង​គ្រប់​ភាគី​ដើម្បី​ជួយ​ពួក​នេះ​ក្នុង​ការ​ទម្លាក់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ គឺ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នេះ​ហើយ​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​បង្កើត និង​ផ្តល់​ថវិកា​ឲ្យ​កម្លំាង​ស៊ុយនីត​ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​ពួក​អាល់កៃដា និង​ក្រុមជ្រុលនិយម​ផ្សេង​ទៀត។ តែ​អ្វី​ដែល​អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ដោយ​ដឹង​ខ្លួន និង​មិន​ខ្លួន​នោះ​នៅ​ត្រង់​ថា មាន​ក្រុមប្រឆំាង​ខ្លះ​ដែល​ខ្លួន​បាន​ជួយ​គំាទ្រ​ក៏​ជា​ក្រុម​ដែល​ខ្លួន​កំពុង​ប្រឆំាង​ដែរ ព្រោះ​គឺ​ក្រុម​នេះ​ហើយ​ដែល​បាន និង​កំពុង​បន្ត​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ និង​សុវត្ថិភាព​ចំពោះ​ខ្លួន។

គឺ​ផ្តើម​ចេញ​ពី​ចំណុច​នេះ​ហើយ​ដែល​មាន​ការ​លើក​ឡើង​ថា អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​ក្បាល​មួយ មុខ​ពីរ។ នៅ​ម្ខាង គឺ​ជួយ​គំាទ្រ​ទំាង​ផ្នែក​ស្មារតី និង​ថវិកា​ចំពោះ​ពួកជីហាត និង​នៅ​ម្ខាង​ទៀត ជា​អ្នក​ចេញ​មុខ​ប្រឆំាង​នឹង​ពួក​ជ្រុលនិយម​មួយ​នេះ។ តំាង​ពី​ឆ្នំា ២០០៣ មក រាជានិយម​អារ៉ាប់​នៅ​ក្នុង​តំបន់​មួយ​នេះ​បាន​សន្យា​ប្រើ​យុទ្ធសាស្រ្ត​វាយបង្រ្កាប​ពួក​ជីហាត​ទំាង​នៅ​ក្នុង​ប្រទេស និង​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន។ វិល​ទៅ វិល​មក រដ្ឋអំណាច​ទីក្រុង​រីយ៉ាដ​បាន និង​កំពុង​ក្រពុល​មុខ​យ៉ាង​ខ្លំាង​ពី​ដង្កូវ​ចេញ​ពី​សាច់​ឯង​ទៅ​វិញ ព្រោះ​ថា​សមាជិក​ភាគច្រើន​នៅ​ក្នុង​ក្រុមជីហាត​សព្វថ្ងៃ​មាន​ដើមកំណើត​ជា​អារ៉ាប៊ីសាអូឌីត។ តែ​ជាទូទៅ ពួក​ជីហាត​ទៅ​ពី​អារ៉ាប៊ីសាអូឌីត ឬ​មួយ​ក៏​ឆ្លង​ពី​ប្រទេស​ផ្សេង តែងតែ​បាន​ហែក​លិខិត​ឆ្លងដែន​របស់​ខ្លួន​ចោល​នៅ​ពេល​ពួក​គេ​ទៅ​ដល់​ទីកន្លែង​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ឬ​មួយ​ស៊ីរី។

សព្វ​ថ្ងៃ​នេះ និង​ដោយ​មាន​ការ​គំាទ្រ​យ៉ាង​ពេញ​ទំហឹង​ដោយ​ប្រយោល ឬ​ដោយ​ផ្ទាល់​ពី​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ មាន​អារ៉ាប៊ីសាអូឌីត ឬ​មួយ​ក៏​កាតារ រដ្ឋអ៊ីស្លាម ឬ​ពួកជីហាត​មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​រដ្ឋមួយ ដូច​ក្នុង​ជំនាន់​ពួក​តាលីបង់​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​អ៊ីចឹង។ នេះ​ហើយ​ជា​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​កំពុង​ឈឺ​ក្បាល​យ៉ាង​ខ្លំាង និង​បាន​ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ទប់ទល់។ បន្ទាប់​ពី​អាមេរិក​បាន​វាយប្រហារ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​មក អាមេរិក និង​សម្ព័ន្ធមិត្ត​កំពុង​គិតគូរ​ពិចារណា​ចង់​វាយប្រហារ​ស៊ីរី​ទៀត ព្រោះ​ពួក​ជីហាត​ភាគ​ច្រើន​បាន​រត់​ចេញ​ពី​អ៊ីរាក់​ទៅ​ជ្រក​កោន​ក្នុង​ទឹកដី​ស៊ីរី។ រីឯ​រឿង​ដែល​បាន​ធ្វើ​ឲ្យ​អាមេរិក​ទើសទាល់​ចិត្ត​ខ្លំាង​មួយ​ទៀត គឺ​ការ​ដែល​សម្ព័ន្ធមិត្ត​អារ៉ាប៊ីសាអូឌីត​កំពុង​លេង​ល្បែង​ប្រកប​ដោយ​គ្រោះថ្នាក់​នៅ​ចំពោះ​មុខ​ក្រុមជីហាត។

យ៉ាង​ណា​ក៏​ដោយ ក្រុមអ្នកវិភាគ​បាន​មើល​ឃើញ​ថា កំណើន​ឥទ្ធិពល​ខ្លំាងក្លា​របស់​ពួក​ជីហាត​ទំាង​ស៊ីវិល និង​យោធា​ពេល​នេះ​កំពុង​គំរាមកំហែង​យ៉ាង​ខ្លំាង​ចំពោះ​អារ៉ាប៊ីសាអូឌីត​ខ្លួន​ឯង ក៏​ដូច​ជា​របប​ដឹកនំា​របស់​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់។ ដូច្នេះ វា​ល្មម​ដល់​ពេល​ដែល​បណ្តា​ប្រទេស​ទំាង​នោះ​ផ្តើម​ពិនិត្យមើល​ឡើង​វិញ​នូវ​កាយវិការ​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ