អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

រុស្ស៊ី​ជា​សត្រូវ​របស់​ស.រ.អា. តែ​ប្រជាជន​រុស្ស៊ី​ស័ក្តិសម​នឹង​មាន​វាសនា​ល្អ​ជាង

នេះជាខ្លឹមសារ នៃ​កម្មវិធី​នយោបាយ របស់​គណបក្ស​សាធារណរដ្ឋ​អាមេរិក ដែល​ទើប​បាន​តែងតាំង​អតីត​អភិបាលរដ្ឋ Massachusetts លោក Mitt Romney និង លោក​តំណាងរាស្ត្រ Paul Ryan ជា​បេក្ខជន​ប្រធានាធិបតី និង​ជា​បេក្ខជន​អនុប្រធានាធិបតី ស.រ.អា. ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាងមុខ។ បេក្ខជន​ទាំងពីរ​នេះ ខាង​នយោបាយ​ក្រៅប្រទេស តែង​ឈរលើ​ជំហរ មួលបន្តឹង​ទំនាក់ទំនង ជាអាទិ៍ ជាមួយ​ប្រទេស​រុស្ស៊ី។

លោក​ Mitt Romney (ឆ្វេង) បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ រួមជាមួយ​នឹង​លោក Paul Ryanបេក្ខជន​អនុប្រធានាធិបតី
លោក​ Mitt Romney (ឆ្វេង) បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ រួមជាមួយ​នឹង​លោក Paul Ryanបេក្ខជន​អនុប្រធានាធិបតី REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

ស្តីអំពីទំនាក់ទំនងជាមួយរុស្ស៊ី កម្មវិធី​នយោបាយ​គណបក្ស​សាធារណរដ្ឋ​អាមេរិក ទិតៀន​ថ្នាក់ដឹកនាំ​រុស្ស៊ី​ថា និយម​ប្រើ​អំណាច មិន​ទទួលស្គាល់​មតិជំទាស់ និង​មិនលម្អៀង ទៅខាង​គោរព​សិទ្ធិមនុស្ស​ឡើយ។ តាមរយៈ​កម្មវិធី​នេះ គណបក្ស​សាធារណរដ្ឋ​អាមេរិក​អំពាវនាវ​ថ្នាក់ដឹកនាំ​រុស្ស៊ី ឲ្យ​ពិនិត្យ​សើរើ​ទៅ​មាគ៌ា​ដែល​គេ​ប្រកាន់យក​សព្វថ្ងៃ ពោលគឺ៖ ឲ្យឈប់​បង្ក្រាប​គណបក្ស​ប្រឆាំង និង​សង្គមស៊ីវិល, ឲ្យ​ឈប់​បំបិទ​សេរីភាព​សារព័ត៌មាន, ឲ្យ​បញ្ឈប់​ការ​លុកលុយ​ចូល​ដែនដី​រដ្ឋ​ហ្ស៊័កហ្ស៊ី ឲ្យ​ផ្តាច់​ទំនាក់ទំនង​ជាមួយ​របបផ្តាច់ការ​ នៅ​តំបន់​ដើមបូព៌ា, ឲ្យ​ឈប់​បន្ថោកបន្ទាប​ប្រទេស​ជិតខាង, ឲ្យ​ឈប់​គាំទ្រ​ដល់​របប​ផ្តាច់ការ​ចុងក្រោយ នៅ​ទ្វីប​អឺរ៉ុប គឺ​របប​Staline​និយម នៅ Belarus។

ចំពោះ​ប្រជាជនរុស្ស៊ីវិញ កម្មវិធី​នយោបាយ​នោះ លើកឡើង​ថា ៖ “ប្រជាជន​រុស្ស៊ី​ស័ក្តិសម​នឹង​មាន​វាសនា​ល្អ​ជាង​ ហើយ​គណបក្ស​សាធារណរដ្ឋ​អាមេរិក​សង្ឃឹម​ថា ប្រជាជន​នេះ​គង់​នឹង​ចូលរួម​បាន​ពេញរូប​ពេញរាង ក្នុង​ការ​កសាង​ប្រជាធិបតេយ្យ​ទំនើប​ទាន់សម័យ នៅក្នុង​ប្រទេស​រុស្ស៊ី​របស់​ខ្លួន”។

គណបក្សសាធារណរដ្ឋ​ថែមទាំង​រាប់បញ្ចូល​ប្រទេស​រុស្ស៊ី ទៅក្នុង​បញ្ជី​នៃ​គូប្រជែង​ជា​ប្រពៃណី​របស់ស.រ.អា.​ពោលគឺ ចិន កូរ៉េខាងជើង និង​អ៊ីរ៉ង់ ដោយ​ទម្លាក់​នាទី​ទទួលខុសត្រូវ ទៅលើ​រដ្ឋបាល​សព្វថ្ងៃ​នៃ​លោក​ប្រធានាធិបតី​អូបាម៉ា ខាង​បក្ស​ប្រជាធិបតេយ្យ ដែល​ថា បើគាត់​ជាប់ឆ្នោត​ជាថ្មី គាត់​នឹង​ប្រកាន់​ឥរិយាបថ “ស្រទន់​ជាង” ក្នុង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី។

គួររំលឹកថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​អស់​ប៉ុន្មានខែ​កន្លងទៅ ការ​ទិតៀន​ប្រទេស​រុស្ស៊ី បាន​ក្លាយ​ទៅជា​រូបមន្ត​នៅ​ជាប់​នឹង​បបូរមាត់​បេក្ខជន​បក្ស​សាធារណរដ្ឋ លោក Mitt Romney ។ យ៉ាងណាមិញ ទាំង​ក្នុង​បទអន្តរាគមន៍ ថ្លែង​នៅ​ពីមុខ​បក្សពួក​ខ្លួន ទាំង​ក្នុង​សម្ភាសន៍​ទៅ​វិទ្យុ លោក Mitt Romney តែង​រំលឹក​ថា “រុស្ស៊ី​ជា​សត្រូវ​ភូមិសាស្ត្រ​នយោបាយ​របស់ ស.រ.អា.”។

 ព្រមជាមួយនេះ កម្មវិធីនយោបាយ គណបក្ស​សាធារណរដ្ឋ​អាមេរិក ក៏​កត់សម្គាល់​ដែរ​ថា ៖ “ស.រ.អា. និង​សហព័ន្ធ​រុស្ស៊ី មាន​ផលប្រយោជន៍​ខ្លះ​ដែល​ត្រូវគ្នា​ទេតើ បែបយ៉ាង ខាង​ប្រយុទ្ធ​ទល់នឹង​ភេរវនិយម ទល់នឹង​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ។ អាមេរិក​ត្រៀមរៀបរយ​ឲ្យបាន​ធម្មតា ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី ប៉ុន្តែ ក្នុង​លក្ខណៈ​ដាក់​ទណ្ឌកម្ម​ទល់នឹង​មន្ត្រី​រុស្ស៊ី​ណា ដែល​ចេះតែ​រំលោភបំពាន​លើ​សិទ្ធិមនុស្ស”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ