អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

អាមេរិក​គាំទ្រ​រុស្ស៊ី​ជាសមាជិក​ OMC ​ព្រមទាំង​ជា​ប្រធាន​ APEC​ និង​ប្រធាន​ G-20​

សេចក្តីនេះ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅក្រុង​វ៉ាស៊ីនតោន​ ល្ងាចថ្ងៃ​ចន្ទម្សិលមិញ​ដោយ​លោកស្រី ​Leyl​ Breynard ​អនុ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស.រ.អា​. មុននឹង​គាត់​ចេញ​ដំណើរ​មកកាន់​ ក្រុង​ម៉ូស្គូ​ ដើម្បី​ចូល​រួមក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ២១​ប្រទេស​ អង្គការ​”សហប្រតិបត្តិការ​ សេដ្ឋកិច្ច​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក” ​APEC។​ ជំនួប​កំពូល ​APEC ​ដែលឆ្នាំនេះ​ទទួល​ដោយ​រុស្ស៊ី​ជាម្ចាស់ផ្ទះ​ នឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃ​២​ដល់​៩កញ្ញា​ខាងមុខ​នៅក្រុង​ Vladivostok ​ចុងបូព៌ា​រុស្ស៊ី។

សហការ​រវាង​ប្រទេសរុស្ស៊ីនិង​សហរដ្ឋ​អាមេរិក
សហការ​រវាង​ប្រទេសរុស្ស៊ីនិង​សហរដ្ឋ​អាមេរិក © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

 

គួររំលឹក​ថា​ រុស្ស៊ី​បាន​ក្លាយ​ជា​សមាជិក​ពេញសិទ្ធិ​ទី១៥៦​របស់ ​“អង្គការពាណិជ្ជកម្ម​ពិភពលោក”​ OMC​ តាំងពី​ថ្ងៃ​២២សីហា​កន្លងមក។​ ហើយឆ្នាំ​២០១២នេះ ​រុស្ស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ជំនួប​កំពូល​លើកទី២៤​របស់​អង្គការ​ ”សហប្រតិបត្តិការ​សេដ្ឋកិច្ច​ តំបន់​អាស៊ី-ប៉ាស៊ីហ្វិក”​ ហៅកាត់ថា​ APEC។​ រួចឆ្នាំក្រោយ​ ឆ្នាំ២០១៣​រុស្ស៊ី ​ក៏នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ជំនួប​កំពូល​លើកទី៦​នៃក្រុម​២០ប្រទេស​ ដែលមាន​សេដ្ឋកិច្ច​ហំហួន​ជាងគេ​ក្នុងលោក​ ហៅថា ​G-20។

អំពី​សមាជិកភាព​រុស្ស៊ី​ក្នុង​ OMC​ លោកស្រី ​Leyl​ Breynard ​អនុ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា.​ ថ្លែងថា ​រដ្ឋបាល​លោកប្រធានាធិបតី​ Barack​ Obama ​សូម​អបអរ​សាទរ​ចំពោះ​សមាជិកភាព​នេះ ​ដោយ​សង្ឃឹមថា​ បណ្តា​ក្រុមហ៊ុន​អាមេរិកាំង​នឹងទទួល​បាន​លទ្ធភាព​បន្ថែម​ទៀត​សម្រាប់​ពង្រីក​ការនាំ​ទំនិញ​និង​ការផ្តល់​សេវាកម្ម​មក​លើ​ទីផ្សារ​រុស្ស៊ី។

លោកស្រី​អះអាងថា​ ស.រ.អា.​និង​រុស្ស៊ី​” សហការគ្នា​យ៉ាង​ជិតស្និទ្ធ “​ ក្នុង​៣ឆ្នាំ​កន្លះ​ចុង​ក្រោយ​តាមខ្សែ​រយៈ​ក្រសួង​ហិរញ្ញវត្ថុ​ខ្លួន។​ តាមសំដី​គាត់​ទាំងក្នុង​ APEC ​ទាំងក្នុង​ G-20​ ម៉ូស្គូ ​និង​ វ៉ាស៊ីនតោន ​“ប្រាថ្នា​សម្រេច​គោលដៅ​រួមដូចគ្នា”។

បញ្ជាក់ឲ្យ​ឃើញ​ពីរឿងនេះ​ លោកស្រី​លើកឡើង​ថា ​គូភាគី​រមែង​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​នឹង​សភាពការណ៍​នៃ​សេដ្ឋកិច្ច​ពិភពលោក​ហើយខិត​ខំ​សហការគ្នា​ដើម្បី​ជម្រុញ​ដល់​ “ការស្តារ​ សេដ្ឋកិច្ច​ពិភពលោក​ឲ្យមាន​សុខភាពល្អ​និង​មាន​ស្ថិរភាព​បាន​យ៉ាងឆាប់​ “ទាំង​រំលឹកថា​ អាមេរិក​ និង​ រុស្ស៊ី ​“យកចិត្ត​ទុកដាក់​ដោយស៊ី​ជម្រៅ​ដូចគ្នា”​ ទៅលើ​ការរៀបរយ​ឲ្យបាន​គត់មត់​មែនទែន​ វិបត្តិ​នៅ​តំបន់​ចាយ​លុយ​អឺរ៉ូ។

ក្នុងន័យនេះ​ដែរ លោកស្រី ​Leyl Breynard​ អនុ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិកាំង​ ក៏​ចង្អុល​ឲ្យឃើញថា​ ស.រ.អា.​និង​រុស្ស៊ី ​“សហការ​គ្នាយ៉ាង​ដិតដល់”​ នៅតាម​មុខព្រួញ ​ធ្វើ​កំណែ​ទម្រង់ ​ប្រព័ន្ធ​នៃ​កូតា​និង​ចំនួន​សម្លេង​ដែល​ប្រទេស​នីមួយៗ​សមាជិក​ FMI​ ត្រូវមាន​នៅក្នុង​ “​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ”​នេះ។​ នៅទី​បំផុត​តាម​ប្រសាសន៍​លោកស្រី​ម៉ូស្គូ​ក៏សាមគ្គី​ជាមួយ​វ៉ាស៊ីនតោន​ក្នុង​បញ្ហា​ “ស្តារឡើង​វិញ​តុល្យភាព”​ នៃ​សេដ្ឋកិច្ច​ពិភពលោក​ ដ្បិត​ជញ្ជីងនេះ​សព្វថ្ងៃ​ផ្អៀង​កាន់តែ​ខ្លាំងឡើងៗ​ទៅខាង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ក្រោម​ចំហាយ​នៃ​ផលវិបាក​បណ្តាល​មកពី​វិបត្តិ​នៅ​តំបន់​អឺរ៉ុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ