អានតួអត្ថបទ
ជប៉ុន​​-​បុរី​​វ៉ាទីកង់​-​អុីតាលី​

ជំនួប​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ស៊ីនស្យូ អាបេ ​និង​សម្តេច​ប៉ាប​ នៅ​បុរី​វ៉ាទីកង់

សម្តេចប៉ាប ហ្រ្វង់ស័រ ​បាន​ទទួល​ជួប​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ស៊ីនស្យូ អាបេ​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​ម៉ិញ​នេះ​នៅ​បុរី​វាទីកង់។​ នា​ឱកាស​នោះ​ ប្រមុខ​​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​ បាន​លើក​ឡើង​អំពី​ការ​ផ្តួច​ផ្តើម​គំនិត​ក្នុង​ការ​លើក​កំពស់​សន្តិភាព​នៅ​តំបន់​អាស៊ី។​

នាយករដ្ឋមន្ត្រីជប៉ុន និងសម្តេចប៉ាប
នាយករដ្ឋមន្ត្រីជប៉ុន និងសម្តេចប៉ាប REUTERS/Alberto Pizzoli/Pool
ផ្សាយពាណិជ្ជកម្ម

ជំនួបរវាងលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនស្យូ អាបេ និង​សម្តេច​ប៉ាប​ប្រមុខ​សាសនា​កាតូលិក​បាន​ប្រព្រឹត្តទៅនៅបុរីវ៉ាទីកង់ រយៈពេលប្រមាណជា២០នាទី។ សម្តេចប៉ាប ​ហ្រ្វង់ស័រ​បាន​លើក​​ឡើង​​អំពី​​ការ​ធានា​សុខ​សន្តិភាព​នៅតំបន់អាស៊ី ​ព្រម​ទាំង​ការ​ចូល​រួម​ជ្រោម​ជ្រែង​របស់​ជប៉ុន​ក្នុង​ការ​អភិវឌ្ឍន៍​នៅ​តំបន់​អាហ្វ្រិក​ និង​ការ​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ទៀតផង។​

បើ​ទោះ​ជា​តំបន់​អាស៊ី​ខាង​កើត​មាន​កំណើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ ​ប៉ុន្តែ​តំបន់​នេះ​បាន​និង​កំពុង​ឆ្លង​កាត់​នូវ​ជម្លោះ​រ៉ាំ​រ៉ៃ​ ជា​អាទិ៍​ វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​ និង​ជម្លោះ​ទាម​ទារ​កាន់​កាប់​ប្រជុំ​កោះ​ស៊ិនកាគុ​រវាង​ប្រទេស​ចិន​ និង​ ប្រទេស​ជប៉ុន ​ដែល​បច្ចុប្បន្ន​ប្រជុំ​កោះ​នេះ​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​ជប៉ុន។​ លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ​ក៏​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​ លោក​ម៉ាតេអូ រេនហ្ស៊ី​ផងដែរ។ ​យោង​តាម​សម្តី​របស់​មន្ត្រី​ជប៉ុន​ម្នាក់ ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ទំនង​ជា​បាន​ឆ្លៀត​ឱកាស​ពន្យល់​ដល់​ លោក​ប្រមុខ​រដ្ឋា​ភិបាល​អុីតាលី​ ​ថា​ត្រូវ​គួរ​ប្រកាន់​ជំហរ​បែប​ណា​ចំពោះ​មហិច្ឆតា​របស់​ប្រទេស​ចិន​ នា​ឱកាស​ដែល​លោក​នឹង​អញ្ជើញ​ទៅ​ប្រទេស​ចិន​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។​

បើ​តាម​អ្នក​នាំ​ពាក្យ​ផ្លូវ​ការ​របស់​គណៈប្រតិភូ​ជប៉ុន ​កិច្ច​ពិភាក្សា​ជា​មួយ​ប្រមុខ​រដ្ឋាភិបាល​អុីតាលី​ គឺ​ផ្តោត​សំខាន់​ទៅ​លើ​កំណែរ​ទម្រង់​នយោបាយ​សេដ្ឋកិច្ច​ ដោយ​ប្រទេស​ជប៉ុន​នឹង​យក​គំរូ​តាម​ប្រទេស​​អុីតាលី ​ដើម្បី​ឲ្យ​ការ​ប្រកួត​ប្រជែង​របស់​ផលិត​ផល​របស់​ខ្លួន​មាន​កម្រិត​កាន់​តែ​ខ្ពស់​ ដោយ​ឈរ​លើ​គុណភាព​ជាចម្បង។​

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ដល់​ សម្តេច​ប៉ាប ​នូវ​កញ្ចក់​ពិសេស​ម្យ៉ាង​ដែល​គេ​អាច​មើល​ឃើញ​រូប​ឈើ​ឆ្កាង​ដំណាង​ព្រះ​យេស៊ូ​នៅ​ពេល​វា​ចាំង​ជា​មួយ​ពន្លឺ​ព្រះអាទិត្យ។ ​កញ្ចក់​នេះ​ហើយ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​ជប៉ុន​កាន់​សាសនា​កាតូលិក ​អាច​បន្ត​គោរព​ជំនឿ​សាសនា​របស់​ខ្លួន​បាន​ដោយ​លួច​លាក់​ កាល​ពី​សតវត្ស​ទី១៧។ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​ជប៉ុន​មាន​អ្នក​កាន់​សាសនា​កាតូលិក​ចំនួន​ប្រមាណ​ជាង​៤សែន​នាក់​ប៉ុណ្ណោះ​ ខណៈ​ដែល​ប្រជាជន​សរុប​នៃ​ប្រទេស​នេះ​មាន​ចំនួន​១២៧​លាន​នាក់។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ