អានតួអត្ថបទ
ជប៉ុន-កូរ៉េខាងជើង

កូរ៉េខាងជើង​​​យល់ព្រម​​​ពិនិត្យ​​​​​ឡើងវិញ​​​នូវ​​​​សំណុំរឿង​ចំណាប់ខ្មាំង​​​​​ជនជាតិ​​ជប៉ុន​​ ​ក្នុង​​​ទសវត្ស​​ឆ្នាំ​​១៩៧០-៨០​​

នៅថ្ងៃ​ព្រហស្បតិ៍​នេះ នាយករដ្ឋមន្ត្រី​ជប៉ុ​ន ស្ហ៊ីនសូ អាបេ បាន​ប្រកាស​ថា រដ្ឋាភិបាល​កូរ៉េ​ខាងជើង​​បាន​យល់ព្រម​បើក​ការស៊ើបអង្កេត​លើ​សំណុំរឿង​ជនជាតិ​ជប៉ុន​នានា​ដែល​ត្រូវបាន​ក្រុងព្យុងយ៉ាង​​​ចាប់​ខ្លួន​​ ក្នុង​​​សម័យ​សង្គ្រាម​ត្រជាក់ ខ្ទង់​ទសវត្ស​ឆ្នាំ១៩៧០-៨០។ កូរ៉េខាងជើង​ចាប់​ជនជាតិ​ជប៉ុន​ទាំងនេះ​ អោយ​បង្រៀន​ភាសា​និង​វប្បធម៌​ជប៉ុន ដល់​ភ្នាក់ងារ​ចារកិច្ច​កូរ៉េ​ខាងជើង។ រដ្ឋាភិបាល​​ក្រុងតូក្យូ​​​​សន្យា​ថា ពេល​ដែល​ក្រុងព្យុងយ៉ាង​ចាប់​ផ្តើម​ការ​ស៊ើបអង្កេត​សំណុំរឿង​នេះ ជប៉ុន​នឹង​​ដក​ទណ្ឌកម្ម​ប្រឆាំង​​​កូរ៉េខាងជើង​ចេញ​ភ្លាម​ដែរ។

លោក Song Il Ho តំណាង​ក្រុម​ចរចា​កូរ៉េខាងជើង ថ្លែង​ទៅ​អ្នកសារព័ត៌មាន នៅ​ស៊ុយអែត ថ្អៃ​២៨ឧសភា ឆ្នាំ​២០១៤។
លោក Song Il Ho តំណាង​ក្រុម​ចរចា​កូរ៉េខាងជើង ថ្លែង​ទៅ​អ្នកសារព័ត៌មាន នៅ​ស៊ុយអែត ថ្អៃ​២៨ឧសភា ឆ្នាំ​២០១៤។ REUTERS/Ola Jacobsen/TT News Agency
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ព្រហស្បតិ៍​នេះ នាយករដ្ឋមន្ត្រី​ជប៉ុនបាន​ប្រកាស​ថា ​កូរ៉េខាងជើង​បាន​យល់ព្រម​​ពិនិត្យ​​ឡើងវិញ​​លើ​​សំណុំរឿង​​​​​​ជនជាតិ​ជប៉ុន​​ដែល​កូរ៉េខាងជើង​បាន​ចាប់​យកទៅ ក្នុង​​ទសវត្ស​ឆ្នាំ​១៩៧០-៨០ ក្នុង​សម័យ​សង្គ្រាម​ត្រជាក់។ កាលណោះ​ ក្រុងព្យុងយ៉ាង​​បាន​បង្ខំ​​​អោយ​ជនជាតិ​ជប៉ុន​ទាំងនេះ ​បង្រៀន​ភាសា​ និង​វប្បធម៌​ជប៉ុន​ដល់​ភ្នាក់ងារ​ចារកិច្ច​ខ្លួន។ មាន​ការគិតដែរ​ថា ជំនាន់​នោះ ក្រោយ​ពេល​មាន​ការប្លន់​យន្តហោះ​ជើង​​ហោះហើរ​៣៥១ ស្ត្រី​ជប៉ុន​មួយចំនួន​ត្រូវបាន​​គេចាប់​យកទៅ​កូរ៉េខាងជើង អោយធ្វើ​ជា​ប្រពន្ធរបស់​ក្រុម​ភេរវជន​ជប៉ុន​ដែល​បោះទីតាំងនៅ​កូរ៉េខាងជើង។​​​​​​

ការ​ប្រកាស​ស្តីពីការ​ស៊ើបអង្កេត​ឡើងវិញ​លើ​សំណុំរឿង​​ជនជាតិ​ជប៉ុន​ទាំងនេះ ​​ធ្វើឡើង​៣ថ្ងៃ ​​ក្រោយ​ពេល​​ជប៉ុន​និង​កូរ៉េខាងជើង​បាន​ជួបចរចា​គ្នា នៅ​ប្រទេស​ស៊ុយអែត។ ​​យោងតាម​​រដ្ឋាភិបាល​ជប៉ុន កូរ៉េខាងជើង​បាន​សន្យា​​​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​មួយ អោយ​ចប់​សព្វគ្រប់ ​ក្នុង​៣សប្តាហ៍​ខាងមុខ​នេះ។ ​ជា​ថ្នូរ​នឹង​ការ​សន្យា​របស់​ក្រុងព្យុងយ៉ាង ក្រុង​តូក្យូ​សន្យា​តប​ថា នៅពេល​ក្រុង​ព្យុងយ៉ាង​បើក​ការស៊ើបអង្កេត​​ ក្រុងតូក្យូ​នឹង​លើក​ចេញនូវ​ទណ្ឌកម្ម​នានា ទាក់ទង​ការ​ធ្វើដំណើរ រឺក៏​​ការផ្ទេរ​ប្រាក់​ ​ដែល​ជប៉ុន​ធ្លាប់​ដាក់ប្រឆាំង​កូរ៉េខាងជើង​នោះ។ ជប៉ុន​ក៏​សន្យា​​​លែង​ហាម​ឃាត់​​​​​​ចរាចរណ៍​កប៉ាល់​កូរ៉េខាងជើង​ ដែល​​ធ្វើដំណើរ​មក​កំពង់​ផែ​ជប៉ុន​ ​ក្នុង​ទិសដៅ​មនុស្សធម៌​ផងដែរ។

សំណុំរឿង​ជនជាតិ​ជប៉ុនដែល​កូរ៉េចាប់​យក​ទៅ​នេះ​ ​​​បាន​​បំពុល​ទំនាក់ទំនង​ជប៉ុន​និង​កូរ៉េ​ខាងជើង​​​ជាយូរ​មកហើយ។ យោងតាម​​រដ្ឋាភិបាល​ជប៉ុន​​ ជនជាតិ​ជប៉ុន​១៧នាក់ ត្រូវបាន​រាប់​ជាផ្លូវការ​ ថា​ត្រូវ​កូរ៉េ​ខាងជើង​​ចាប់​យកទៅ។ ប៉ុន្តែ កូរ៉េខាងជើង​​បាន​​លើកឡើង​ ថា​​មាន​ជនជាតិ​ជប៉ុន​តែ​១៣នាក់​ប៉ុណ្ណោះ ដែល​ខ្លួន​បានចាប់​។ ក្រុងព្យុងយ៉ាង​​បាន​បិទបញ្ចប់​ការ​​សំណុំរឿង​នេះ កាលពី​ឆ្នាំ២០០២​​ ក្រោយ​ពេល​​ជនជាតិ​ជប៉ុន​៥នាក់ បាន​ត្រលប់​ទៅ​ជប៉ុន​វិញ។ ក្រុង​ព្យុងយ៉ាង​​ប្រកាស​ទៀតថា រីឯ​ជនជាតិ​ជប៉ុន​៨នាក់ទៀត​ ក្នុង​ចំណោម​ជនទាំង​១៣នាក់​នោះ​ បាន​ស្លាប់​បាត់ហើយ។

ដោយឡែក ក្នុង​ការ​ចរចា​នៅ​​ស៊ុយអែត ​៣ថ្ងៃ​មកនេះ តំណាង​ក្រុមចរចា​ជប៉ុន​ក៏បាន​សុំអោយ​កូរ៉េ​ខាងជើង​​​ចៀសវាង​ធ្វើ​​សកម្មភាព​​អភិវឌ្ឍន៍​មីស៊ីល រឺ​អាវុធ​នុយក្លេអ៊ែរ​​ផ្សេងៗ ដើម្បី​ចៀសវាង​​​​​បន្ថែម​​ភាព​តានតឹង​​នៅ​ឧបទ្វីបកូរ៉េ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ