អានតួអត្ថបទ
អាមេរិក-ជប៉ុន-កូរ៉េ

ជំនួបកំពូល​អាមេរិក​ កូរ៉េខាងត្បូង​ និង​ជប៉ុន​នៅក្រុង​ឡាអេ​ ប្រឈមនឹង​ការផ្គើន​បាញ់មីស៊ីល​របស់​កូរ៉េខាងជើ​ង​

នៅ​ក្រុងឡាអេ​ ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រធានាធិបតី​​អាមេរិក​​​​ បារ៉ាក់ អូបាម៉ា ​បាន​រៀបចំ​ជំនួប​កំពូល​លើកទី១​ ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ីនសូ អាបេ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​ ប៉ាក់ គុនហឺ ដើម្បី​បង្ហាញ​ពីការ​គាំទ្រ​ឥតលក្ខខណ្ឌ​របស់​អាមេរិក​ចំពោះ​​ជប៉ុន​និង​កូរ៉េខាងត្បូង ប្រឈម​​នឹង​ការគំរាម​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េខាងជើង។ ជាការផ្គើន​នឹង​ជំនួប​កំពូល​នេះ នៅព្រឹក​ថ្ងៃពុធ​នេះ កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​​​ពីរដើម​ សំដៅ​ទៅ​សមុទ្រ​ជប៉ុន។ ក្រសួង​ការបរទេស​​អាមេរិក​បាន​ទាមទារ​អោយ​​ក្រុងព្យុងយ៉ាង​​​ចេះ​គ្រប់គ្រង​ខ្លួន​ឯង និង​បញ្ឈប់​រាល់​សកម្មភាព​​ផ្គើន​បន្ថែម។

លោកស្រី ប៉ាក់ គុនហឺ លោកអូបាម៉ា និង​លោក​អាបេ នៅ​ក្រុងឡាអេ ថ្ងៃ​អង្គារ​២៥ មីនា ឆ្នាំ២០១៤។
លោកស្រី ប៉ាក់ គុនហឺ លោកអូបាម៉ា និង​លោក​អាបេ នៅ​ក្រុងឡាអេ ថ្ងៃ​អង្គារ​២៥ មីនា ឆ្នាំ២០១៤។ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

នៅល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​​​គេហដ្ឋាន​​​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​ នៅ​ក្រុងឡាអេ ប្រទេស​ហូឡង់ លោក​បារ៉ាក់ អូបាម៉ា បាន​រៀបចំ​ជំនួប​កំពូល​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ​ស្ហ៊ីនសូ អាបេ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​ ប៉ាក់ គុនហឺ។ ប្រធានាធិបតីអាមេរិក​បាន​សន្យា​គាំទ្រ​ឥតលក្ខខណ្ឌ​ដល់​​​ជប៉ុន និង​កូរ៉េខាងត្បូង​ ​​​​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក និង​ជា​ទីកន្លែង​យុទ្ធសាស្ត្រ​អាមេរិក​នៅ​អាស៊ី។

សម្រាប់​ប្រធានាធិបតី​អូបាម៉ា​ ជំនួប​កំពូល​ត្រីភាគី​នេះ ជា​សារ​តប​ត​​​​​ទៅ​​នឹង​ការគំរាម​កំហែង​នុយក្លេអ៊ែរ​​របស់​កូរ៉េខាងជើង។​ ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហឺ​បាន​គូសបញ្ជាក់​ឡើងវិញដែរ​ពី​ភាព​ចាំបាច់​​នៃ​ជំនួប​អាមេរិក កូរ៉េខាងត្បូង​និង​ជប៉ុន ដែល​ជាការរួបរួម​គ្នា​ប្រឆាំង​នឹង​កូរ៉េខាងជើង។ ជំនួប​កំពូលត្រីភាគី​នេះ ជាជំនួប​លើកទី១ហើយ សម្រាប់​ប្រទេស​ទាំង៣ ចាប់តាំង​ពី​លោក អូបាម៉ា លោកអាបេ និង​លោកស្រី​គុនហឺ បាន​ឡើង​​កាន់អំណាច​ បាន​ជាង​មួយឆ្នាំ​មក។ ​​អាមេរិក​ព្យាយាម​អោយ​មាន​​ជំនួប​​នេះ​ឡើង​ដើម្បី​អោយ​មេដឹកនាំ​ជប៉ុន​និង​កូរ៉េខាងត្បូងបានជួបមុខ​គ្នា​ផ្ទាល់ និង​​​ផ្សះផ្សាទំនាក់ទំនង​រវាងគ្នា​ឡើងវិញ​។ ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២ ក្នុងរយៈពេល​ចុងក្រោយ​នេះ បាន​ធ្លាក់​ចុះដុនដាប​យ៉ាង​ខ្លាំង។ កូរ៉េខាងត្បូង​បន្ទោស​នាយករដ្ឋមន្ត្រី​ជប៉ុន​ ​ដែល​បាន​ចុះទៅ​វិហារ​យ៉ាស៊ូគូនី កាលពី​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០១៣​កន្លងទៅ រំលឹក​វិញ្ញាណក្ខន្ធ​​ជនជាតិ​ជប៉ុន​ដែល​តស៊ូ​ក្នុង​សង្គ្រាម​លោក។ បញ្ហា​គឺថា នៅ​វិហារ​យ៉ាស៊ូគូនី ក៏​មាន​ចារឈ្មោះ​ឧក្រិដ្ឋជន​សង្គ្រាម​១៤នាក់ផងដែរ ​នេះ​ជាការ​មាក់ងាយ​ចំពោះ​កូរ៉េខាងត្បូង។ លើស​ពីនេះ​ កូរ៉េ​ខាងត្បូង​ក៏​ខឹង​សម្បារ​នឹង​​ជប៉ុន​​​ដែល​ចង់​សើរើ​កកាយ​​​​រឿង​ស្ត្រី​​ទាសករ​ផ្លូវភេទ​ផងដែរ។ ​​សម្រាប់​អាមេរិក ​ជម្លោះ​ការទូត​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​​មិន​បាន​ផ្តល់​ផល​ចំណេញអ្វី​ទេ ប្រឈមនឹង​កូរ៉េខាងជើង​ដែល​​សំបូរ​ទៅ​ដោយ​​មីស៊ីល​រាប់រយ​ដើមនោះ។

នៅថ្ងៃ​ពុធ​នេះ ដើម្បី​ផ្គើន​​​មេដឹកនាំ​​អាមេរិក​ កូរ៉េខាងត្បូង ​និង​ជប៉ុន​ ដែល​បាន​ជួបគ្នា​នៅ​ក្រុងឡាអេ​​នោះ កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​​​​២ដើម ឆ្ពោះទៅ​សមុទ្រ​ជប៉ុន។ ​មីស៊ី​ល​​ទាំង២​ត្រូវ​គេ​ចាត់ទុក​ថា ជាមីស៊ីល​រយៈចំងាយ​មធ្យម​អាច​បាញ់បាន​ចំងាយ​ពី​១ពាន់ទៅ១ពាន់៥រយ​គីឡូម៉ែត្រ ហើយ​អាច​បាញ់​រហូត​ដល់​ទឹកដី​រុស្ស៊ី​​ និង​ចិន​ទៀតផង។

យោងតាម​អ្នកជំនាញ ​កូរ៉េខាងជើង​បាញ់ប្រថុយ​បាញ់​មីស៊ីល​​បែបនេះ គឺ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ ដើម្បីអោយ​​កិច្ចចរចា​៦ភាគី មាន​ប្រទេស​កូរ៉េទាំង២ រុស្ស៊ី ជប៉ុន ចិន និង​អាមេរិក​ ដែល​បាន​ផ្អាក​នៅឆ្នាំ​២០០៨នោះ ​អាច​ចាប់​ដំណើរការ​ឡើងវិញ។ កិច្ចចរចា​នេះមានទិសដៅ​​អោយកូរ៉េខាងជើង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ ជាការ​ផ្តោះ​ប្តូរ​នឹង​​ជំនួយ​សេដ្ឋកិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ