អានតួអត្ថបទ
អ៊ុយក្រែន

ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី​នៅ​អ៊ុយក្រែន​ដកថយ​ចេញ​ពី​តំបន់​ស្លាវីយ៉ង់ស្ក៍

លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​ បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ពួក​ឧទ្ទាម​ទាមទារ​បំបែក​ទឹកដី​និយម​រុស្ស៊ី​បាន​ដក​ថយ​ចេញ​ពី​តំបន់ ស្លាវីយ៉ង់ស្ក៍​ហើយ។ កង​កម្លាំង​អ៊ុយក្រែន​បាន​វាយ​លុក​និង​បាន​កម្ទេច​មូលដ្ឋាន​យោធា​របស់​ពួក​ឧទ្ទាម​កាល​ពី​យប់​ថ្ងៃ​សុក្រ​នៅ​ក្រុង​អាតឺមីវស្ក៍។ ​ពេល​នេះ​ពួក​ឧទ្ទាម​និយម​រុស្ស៊ី បាន​ភៀស​ខ្លួន​ទៅ​កាន់​ក្រុង​មួយ​ទៀត​ចម្ងាយ​ប្រមាណ​ជា​៥០គីឡូ​ម៉ែត្រ​ពី​​ក្រុង​ស្លាវីយ៉ង់ស្ក៍។​

ទាហាន​អ៊ុយក្រែន​ត្រៀម​វាយ​លុក​នៅ​ជាយ​ក្រុង​ស្លាវីយ៉ង់ស្ក៍​កាល​ពី​ថ្ងៃ៤ ​កក្កដា ​២០១៤
ទាហាន​អ៊ុយក្រែន​ត្រៀម​វាយ​លុក​នៅ​ជាយ​ក្រុង​ស្លាវីយ៉ង់ស្ក៍​កាល​ពី​ថ្ងៃ៤ ​កក្កដា ​២០១៤ AFP PHOTO/ GENYA SAVILOV
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ព្រលឹម​ស្រាងៗ​ថ្ងៃ​សៅរ៍​នេះ មេដឹក​នាំ​កម្លាំង​បះបោរ​ផ្តាច់​ទឹកដី​និយម​រុស្ស៊ី​ឈ្មោះ អ៊ីហ្គ័រ ស្ទ្រែលស្កូវ បាន​នាំ​កម្លាំង​របស់​ខ្លួន​មួយ​ភាគ​ធំ​ ភៀស​ខ្លួន​ចេញ​ពី​ក្រុង​ស្លាវីយ៉ង់ស្ក៍។​ លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​ បាន​ថ្លែង​ដូច​នេះ​ដោយ​សេចក្តី​ត្រេកអរ បន្ទាប់​ពី​កងទ័ព​អ៊ុយក្រែន​បាន​វាយ​សង្គ្រប់​លើ​ពួក​បះបោរ និង​បាន​ដណ្តើម​កាន់កាប់​ទី​បញ្ជាការ​របស់​ពួក​ឧទ្ទាម​នៅ​ក្រុង​អាតឺមីវស្ក៍។ លោក​បាន​បន្ត​ថា ប្រជាជន​បាន​ប្រមែប្រមូល​យក​អាវុធ​ និង​អាវ​ការពារ​គ្រាប់​ដែល​នៅ​រាយ​ប៉ាយ​របស់​ពួក​ឧទ្ទាម​ មក​ឲ្យ​កងទ័ព​អ៊ុយក្រែន។ ពេល​នេះ កងទ័ព​អ៊ុយក្រែន កំពុង​រៀបចំ​ឲ្យ​មាន​សន្តិភាព​មក​វិញ​ជា​បណ្តើរៗ​នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ។

 
កាល​ពី​ថ្ងៃ​សុក្រ មេ​ដឹកនាំ​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី អ៊ីហ្គ័រ ស្ទ្រែលស្កូវ ដែល​អះអាង​ខ្លួន​ថា​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ទឹកដី​ថ្មី​បំបែក​ចេញ​ពី​អ៊ុយក្រែន បាន​អំពាវនាវ​សូម​ឲ្យ​រុស្ស៊ី​បញ្ជូន​កម្លាំង​មក​ជួយ​ជា​បន្ទាន់ ពុំនោះ​ទេ​ក្រុង​អាតឺមីវស្ក៍​នឹង​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​កងទ័ព​អ៊ុយក្រែន​ជា​ពុំខាន។ ដូច​ការ​ស្មាន​ទុក​មែន កងទ័ព​អ៊ុយក្រែន​បាន​វាយ​លុក​យក​បាន​ក្រុងអាតឺមីវស្ក៍ និង​បាន​កាន់កាប់​តំបន់​ស្លាវីយ៉ង់ស្ក៍​មក​វិញ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុង​អាតឺមីវស្ក៍ និង​ក្រុងស្លាវីយ៉ង់ស្ក៍គឺ​ជា​តំបន់​យុទ្ធសាស្រ្ត​ដ៏​សំខាន់​របស់​ពួក​ឧទ្ទាម​និយម​រុស្ស៊ី ក្នុង​ការ​វាយលុក​ទាមទារ​ផ្តាច់​ទឹកដី​ពី​អ៊ុយក្រែន។ លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែនលោក​ អាសិន អាវ៉ាកូវ ក៏​បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា កងទ័ព​អ៊ុយក្រែន​បាន​វាយ​លុក​កាល​ពី​ថ្ងៃ​សុក្រ​ យក​បាន​មក​វិញ​នូវ​ក្រុង​មីកូឡាយីវកា ដោយ​បាន​ចាប់​ចំណាប់​ខ្មាំង​ចំនួន​ជាង​៥០នាក់។ នេះ​គឺ​ជា​ការ​វាយ​បក​របស់​អ៊ុយក្រែន​ដោយ​ប្រើ​កម្លាំង​យោធា​ដើម្បី​បញ្ចប់​ចលនា​បះបោរ​ដែល​គាំ​ទ្រ​ដោយ​រុស្ស៊ី បន្ទាប់​ពី មាន​ការ​ចរចា​មិន​បាន​សម្រេច​ ជា​ច្រើន​លើក​ច្រើន​សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ