អានតួអត្ថបទ
អ៊ុយក្រែន

បទឈប់​បាញ់​ ដល់​ឱសានវាទ យុទ្ធនាការ​បោស​សម្អាត​ភេរវជន​ចាប់​ផ្តើម

បទ​ឈប់​បាញ់ ដែល​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ បាន​ចេញ​ក្រិត្យ​ប្រកាស​ជា​ឯកតោភាគី រយៈ​ពេល​មួយ​សប្តាហ៍ បន្ទាប់​មក​បាន​ពន្យារ​ពេលបី​ថ្ងៃ​​បន្ថែម​ បាន​ចូល​ដល់​ទី​បញ្ចប់​ហើយ នៅ​យប់​ថ្ងៃចន្ទ​ទី ៣០​មិថុនា​។ គឺ​រូប​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ ជា​អ្នក​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​​ទៅ​កាន់​ប្រជាពលរដ្ឋ​ បិទ​បញ្ចប់​បទ​ឈប់​បាញ់ និង បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម នៅ​ភាគ​ខាង​កើត​ប្រទេស។

ប្រធានាធិបតី​អ៊ុយក្រែន​ Petro Porochenko ប្រកាស​បិទ​បទ​ឈប់​បាញ់ និង​បើក​យុទ្ធនាការ​បោស​សម្អាត ពួក​ភេរវនិយម​នៅ​ភាគ​ខាង​កើត​ប្រទេស
ប្រធានាធិបតី​អ៊ុយក្រែន​ Petro Porochenko ប្រកាស​បិទ​បទ​ឈប់​បាញ់ និង​បើក​យុទ្ធនាការ​បោស​សម្អាត ពួក​ភេរវនិយម​នៅ​ភាគ​ខាង​កើត​ប្រទេស Reurters/ Gleb Garanich
ផ្សាយពាណិជ្ជកម្ម

ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ ប្រធានាធិបតី​អ៊ុយក្រែន​ បាន​គូស​បញ្ជាក់​ថា​អាជ្ញាធរ​​តម្រង់​ចិត្ត​រកដំណោះស្រាយ​ដោយ​សន្តិវិធី ប៉ុន្តែ​ពួកឧទ្ទាម​ចង់​ផ្តាច់​ទឹកដី មិន​ព្រម​ឆក់​​យក​សំណាង​​ពី​បទ​ឈប់​បាញ់​សោះ។ មេដឹកនាំ​នយោបាយ​គ្មាន​សមត្ថភាព​គ្រប់គ្រង​ស្ថានការណ៍​ ហើយ​រុស្ស៊ី​មិន​បាន​ចាត់​វិធានការ​ជាក់​លាក់​ ដើម្បី​បន្ធូរ​បន្ថយ​អំពើ​ហិង្សា។ ដូច្នេះ​ក៏​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ពន្យារ​បទ​ឈប់​បាញ់​ទៀត។ លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ ៖

 
“ក្នុង​នាម​ជា​អគ្គមេបញ្ជាការ​យោធា​ ខ្ញុំ​សម្រេច​ចិត្ត​មិន​បន្ត​បទ​ឈប់បាញ់​ជា​ឯកតោភាគី​ទៀតទេ។ ការការពារ​បូរណភាព​ដែន​ដី​អ៊ុយក្រែន ​សន្តិសុខ និង​ជីវិត​ពលរដ្ឋ មិន​មែន​គ្រាន់​តែ​ចាត់​​វិធានការ​ការពារ​ទប់ទល់​ទេ តែ​ក៏​ត្រូវ​​បញ្ចេញ​សកម្មភាព​ប្រយុទ្ធ​​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ភេរវនិយម​​ទៀត។ យើង​នឹង​ប្រយុទ្ធ និងយើង​​រំដោះ​ទឹកដី ! មិន​បន្ត​បទ​ឈប់​បាញ់ គឺ​ជា​ចម្លើយ​តប​ទៅ​នឹង​ពួក​ឧទ្ទាម ពួក​ភេរវជន និង​ក្រុម​បំផ្លិច​បំផ្លាញជាតិ។ ប៉ុន្តែ​ក្នុង​នាម​ជា​ប្រធានាធិបតី​ ​ខ្ញុំ​សូម​ធានា​អះអាង​ជា​ថ្មី ចំពោះ​​អ្នក​ដែលស្គាល់​កំហុស​ ហើយ​​ ​សុខ​ចិត្ត​បោះបង់​អាវុធ​​ នឹង​បាន​រួច​ខ្លួន​ពី​បទ​ព្រហ្មទណ្ឌ។ តែ​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត​”

ជំនួប​តាម​ទូរស័ព្ទ​ម្តង​ជា​ពីរ​ដង រវាង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់ ប្រធានាធិបតី​បារាំង​ រុស្ស៊ី និង​អ៊ុយក្រែន មិន​បាន​សម្រេច។ បទ​ឈប់​បាញ់​បាន​ចូល​ដល់​ទី​អវសាន យុទ្ធនាការ​យោធា​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវនិយម​នៅ​ភាគ​ខាង​កើត​ បាន​ចាប់​ផ្តើម​ជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។  ​ រុស្ស៊ី បាន​សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង និង​ចោទ​ប្រកាន់​បស្ចឹម​លោក ឱ្យ​ឈប់​យក​អ៊ុយក្រែន​ជា​ធ្វើ​ជា​កូន​អុក​ក្នុង​ល្បែង​ភូមិសាស្ត្រ​នយោបាយ។ សម្រាប់​រុស្ស៊ី សេចក្តី​សម្រេច​របស់ប្រធានាធិបតី​អ៊ុយក្រែន​បញ្ចប់​បទ​ឈប់បាញ់​ហើយ​បន្ត​យុទ្ធនាការ​បោស​សម្អាត​ភេរវជន មាន​បង្កប់​ឥទ្ធិពល​របស់​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ