លោកប្រធានាធិបតីពូទីនប្រកាសលើកលែងទោសដល់អតីតមហាសេដ្ឋីប្រេង
នៅក្រោយសន្និសីទកាសែតប្រចាំឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ ទី ១៩ ធ្នូ លោកប្រធានាធិបតីរុស្ស៊ីបានធ្វើការប្រកាស ដែលគេមិនបានទន្ទឹងរង់ចំាមួយ។ នោះ គឺលោកត្រៀមខ្លួននឹងប្រកាសលើកលែងទោស ដល់អតីតមហាសេដ្ឋី Mikhail Khodorkovsky ដែលត្រូវបានរបបលោកពូទីនចាប់ដាក់ពន្ធនាគារជាង១០ឆ្នាំមកហើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២១
វាជារឿងកម្រ និងដែលគេមិនបានទន្ទឹងរង់ចាំពីមុនមក។ និយាយទៅកាន់អ្នកកាសែត លោកប្រធានាធិបតីរុស្ស៊ីបានប្រកាសពីដំណឹងនៃលើកលែងទោសដែលលោកអាចធ្វើទៅលើអតីតមហាសេដ្ឋីរុស្ស៊ី ដែលតាមពិតទៅ ជាសត្រូវ គូប្រកួតប្រជែងរបស់លោកពូទីន។ តាមលោកពូទីន លោកអាចចេញក្រិត្យលើកលែងទោសដល់លោក Mikhail Khodorkovsky នៅក្នុងពេលឆាប់ៗខាងមុខនេះ។ លោកពូទីនបានបញ្ជាក់ថា លោកបានទទួលសំបុត្រសុំលើកលែងទោស ពីលោក Mikhail Khodorkovsky ដែលកាលពីអតីតកាលធ្លាប់បដិសេធមិនសុំការលើកលែងទោសពីលោកប្រធានាធិបតី។
ជាង១០ឆ្នាំដែលលោក Mikhail Khodorkovsky ត្រូវបានអាជ្ញាធររុស្ស៊ីឃុំខ្លួន។ តាមលោកប្រធានាធិបតីរុស្ស៊ី ទោស១០ឆ្នាំ គឺយូរក្រែល ហើយដែរ។ ម្យ៉ាងទៀត លោកនឹងលើកលែងទោសដល់លោក Mikhail Khodorkovsky ដោយយោងទៅលើភាពមនុស្សធម៌ នៅពេលដែលលោកអតីតមហាសេដ្ឋីរូបនេះ បានសរសេរបញ្ជាក់ នៅក្នុងសំបុត្រពីករណីជម្ងឺរបស់ម្តាយរបស់លោកខ្លួន។
លោក Mikhail Khodorkovsky ដែលធ្លាប់ជាមហាសេដ្ឋីប្រេង ត្រូវអាជ្ញាធររុស្ស៊ីចាប់ដាក់គុក នៅក្រោមបទចោទប្រកាន់ជាច្រើនបន្តបន្ទាប់គ្នា ដែលបទចោទប្រកាន់ចុងក្រោយ គឺការលួចប្រេងរដ្ឋ។ តាមច្បាប់ លោក Mikhail Khodorkovsky នឹងត្រូវរួចទោស នៅខែសីហាឆ្នាំក្រោយ នោះបើសិនជាគ្មានបទចោទប្រកាន់ថ្មី។
ការប្រកាសរបស់លោកប្រធានាធិបតី ស្តីពីការលើកលែងទោសដល់អតីតមហាសេដ្ឋីប្រេង ធ្វើឡើង នៅមួយថ្ងៃក្រោយសភារុស្ស៊ីបានបោះឆ្នោតគាំទ្របញ្ជីអ្នកទោស២ម៉ឺននាក់ ដែលប្រធានាធិបតីរុស្ស៊ីត្រូវប្រកាសលើកលែងទោស នៅចុងឆ្នាំនេះ។
មេធាវី និងម្តាយរបស់លោក Mikhail Khodorkovskyវិញ បាននិយាយប្រាប់អ្នកកាសែតថា ពួកគេមិនបានដឹងថា លោក Mikhail Khodorkovskyបានសរសេរសំបុត្រទៅលោកពូទីន ដើម្បីសុំការលើកលែងទោស។ មេធាវី និងក្រុមគាំទ្រអតីតមហាសេដ្ឋីប្រេងរុស្ស៊ីតែងតែចាត់ទុកថា ការឃុំខ្លួនលោក Mikhail Khodorkovsky ធ្វើឡើងក្នុងហេតុផលនយោបាយ។ លោក Mikhail Khodorkovskyត្រូវអាជ្ញាធររុស្ស៊ីចាប់ដាក់ពន្ធនាគារ ដោយសារតែក្រេមឡាំងច្រណែន និងព្រួយបារម្ភបាត់បង់អំណាច នៅពេលលោក Mikhail Khodorkovskyជាមហាសេដ្ឋីឯករាជ្យ មិនចុះញ៉មអំណាចរដ្ឋាភិបាល និងធ្លាប់បង្ហាញពីមហិច្ឆតាប្រលូកចូលនយោបាយ។
តាមអ្នកជំនាញបរទេស តាមរយៈការប្រកាសដោះលែងអ្នកទោសដែលប្រកបដោយចម្រូងចម្រាស ដូចជាសកម្មជនរបស់ក្រុមស្រ្តីតស៊ូPussy និងក្រុមអង្គការការពារបរិស្ថាន Green peace និងអតីតមហាសេដ្ឋី Mikhail Khodorkovsky លោកពូទីនទំនងចង់អូសទាញ បញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ នៅមុនការបើកការប្រកួតកីឡាទឹកកកដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈខាងមុខ។ កន្លងមកប្រទេសលោកខាងលិច បានរិះគន់ខ្លាំងៗទៅលើការរំលោភសិទ្ធិមនុស្សនៅរុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ