អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពលរដ្ឋ​ក្នុង​រាជធានី គួរ​ត្រៀម​ខ្លួន​ចូលរួម​ប្រើ​ប្រាស់​រថយន្ត​ក្រុង​សាធារណៈ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពី​ថ្ងៃទី​៥​ខែ​កុម្ភៈនេះ សាលារាជធានីភ្នំពេញ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន JICA នឹង​ដាក់អោយ​ដំណើរការ​សាកល្បង​ជាថ្មីម្តង​ទៀត គម្រោងសេវារថយន្ត​ក្រុង​ដឹកជញ្ជូន​សាធារណៈក្នុង​រាជធានី។ ភាព​បរាជ័យ​លើក​ដំបូងកាលពី​១០​ឆ្នាំ​មុន​​នោះ ត្រូវបានគេ​មើលឃើញថា គឺ​បណ្តាលមក​ពី​ខ្វះខាត​ការ​គ្រប់គ្រង​ផង និង​ពិសេស​ប្រជាពលរដ្ឋ​មិន​បាន​គាំទ្រផង។ ប៉ុន្តែ​នៅពេលនេះ វា​គឺ​ជា​កាលៈទេសៈ​ដ៏​ត្រឹម​ត្រូវ​បំផុត ​ដែល​រាជធានី​ភ្នំពេញ​​ត្រូវមាន​​រថយន្ត​ដឹកជញ្ជូន​សាធារណៈ ខណៈ​ដែល​ពលរដ្ឋ​ក្នុង​រាជធានី​មាន​កំណើន​យ៉ាង​ខ្លាំង ហើយ​ការ​កកស្ទះ​ចរាចរណ៍​ បាន​ក្លាយជា​បញ្ហា​ធំ​នៅ​ក្នុង​រាជធានី។ ពលរដ្ឋ​គ្រប់​ស្រទាប់ ​គួរ​តែ​ចាប់ផ្តើម​ទំលាប់​ថ្មី​មួ​យ​នេះ ដើម្បី​សង្គម​កម្ពុជា។

រថយន្ត ដែ​ល​នឹង​ត្រូវ​ដាក់​ឲ្យ​រត់សាក​ល្បង ក្នុង​ទីក្រុង​ភ្នំពេញ
រថយន្ត ដែ​ល​នឹង​ត្រូវ​ដាក់​ឲ្យ​រត់សាក​ល្បង ក្នុង​ទីក្រុង​ភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

ពី​ថ្ងៃទី​៥​ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​៤​ខែមិនា រយៈពេល​មួ​យ​ខែ​នេះ គឺ​ជា​រយៈពេល​នៃ​ការ​ដាក់អោយ​ដំណើរការ​សាកល្បង​នូវ​រថយន្ត​ក្រុង​ដឹកជញ្ជូន​សាធារណៈ​ ក្នុង​រាជធានី​ភ្នំពេញ។ រថយន្ត​ដែល​បំពាក់ដោយ​ម៉ាស៊ីនត្រជាក់ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ពី​៤០​ទៅ​៥០នាក់​ នឹង​ចរាចរណ៍​ជា​រង្វង់​បណ្តាក់គ្នា ​ក្នុង​ចំណោម​៣៦​ចំណត​ ពី​ផ្សារ​ច្បារ​អំពៅ ដល់​រង្វង់មូល​ស្តាតចាស់។ ពី​សង​ខាង​​ចំណត​ទាំងពីរ រថយន្ត​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ព្រលឹម និង​បញ្ឈប់​នៅ​​ម៉ោង​៨និង​៣០​យប់។ ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ត​ក្រុង​សាធារណៈ​នេះ ត្រូវ​បង់ថ្លៃ​១៥០០​រៀល ទោះជិត​ឬឆ្ងាយ ​ក្នុង​ចន្លោះ​ចំណតទាំង​អស់នេះ។

តាមពិតទៅ នេះ​គឺ​ជា​លើកទី​២​ហើយ ដែល​សាលារាជធានីភ្នំពេញ​ព្យាយាម​ដាក់​អោយ​ដំណើរការ​​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ក្នុង​រាជធានីភ្នំពេញ​ ដែល​ទទួល​កំណើន​ពលរដ្ឋ​ជា​រៀង​រាល់​ឆ្នាំ។ គម្រោងទី​មួយ​ដែល​ត្រូវបាន​ដាក់អោយដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០០១នោះ បាន​ទទួល​បរាជ័យ​បន្ទាប់ពី​ការ​សាកល្បង។ នៅឆ្នាំនោះ ពល​រដ្ឋ​ខ្មែរ​អ្នករស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ហាក់មិន​បាន​ចាប់អារម្មណ៍​នឹងគម្រោង​ដែលគាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​​នៃ​ប្រទេ​សជប៉ុន ​JICA នេះសោះ។

នៅលើកទី​២​នេះទៀត ថ្វីដ្បិត​តែ​កត្តា​ប្រជាសាស្ត្រ ដែល​បង្ក​អោយ​កើតមាន​ការ​កក​ស្ទះ​ចរាចរណ៍​​យ៉ាង​ខ្លាំង អាច​ជាចលករ​បង្ខំ​អោយ​ពលរដ្ឋ​មួយ​ចំនួន​ អាច​ឡើងជិះ​រថយន្ត​ក្រុង​សាធារណៈនោះ គេ​ក៏​នៅ​មិនទាន់អាចដឹង​ច្បាស់​លាស់​នៅ​ឡើយ មុន​ថ្ងៃ​ចាប់ផ្តើម​សាកល្បង​ថ្ងៃ​​ទី​​៥​កុម្ភៈនោះ។ ប៉ុន្តែ​ទោះយ៉ាង​ណា​ក៏ដោយ​ វា​មាន​ស្ថានភាព​ខុសគ្នា រវាង​គម្រោង​រថយន្តក្រុង​​សាធារណៈ​កាលពី​ឆ្នាំ​២០០១ និង​គម្រោង​បច្ចុប្បន្ន​នេះ។ មាន​កត្តាសំខាន់ៗ​មួយ​ចំនួន​ដែល​ធ្វើ​អោយគេ​សង្ឃឹមថា គម្រោង​រថយន្ត​ក្រុង​សាធារណៈ​នៅពេលនេះ ទំនង​ជា​មិន​មាន​វាសនា​ដូច​គម្រោង​លើក​ទី​មួយ​នោះឡើយ។

ទី១ គឺស្ថានភាព​ជាក់ស្តែង​នៃ​ការ​កកស្ទះ​ចរាចរណ៍​រាល់​ថ្ងៃ គ្រប់ទីកន្លែង និង​ស្ទើរ​គ្រប់ពេល​វេលា​​នៅ​ក្នុង​រាជធានី។ បញ្ហា​នេះ​នឹង​ជំរុញអោយ​និស្សិត បុគ្គលិក​ និយោជិត និង​មន្ត្រី រាជការ​ផង ត្រូវសាកល្បង​ប្រើប្រាស់​សេវាដឹកជញ្ជូន​របស់​រដ្ឋ ដែល​ជាជំរើស​នៃ​ការ​ធ្វើ​ចរាចរណ៍​ថ្មីៗមួយ។ ទី២ ក្នុង​រយៈពេលជាង​១០​ឆ្នាំ​មកនេះ ពោលគឺត្រឹម​ពី​ការ​អនុវត្តន៍​​គម្រោង​ទី​មួយ​ក្នុង​ឆ្នាំ​២០០១​នោះមក គេ​ក៏ត្រូវ​ទទួលស្គាល់​អំពី​កំណើន​នៃ​ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​ទូទៅ យល់ដឹង​អំពី​សារៈប្រយោជន៍នៃ​ការ​ប្រើប្រាស់​រថយន្ត​ក្រុង​នេះ។

និង​ទី៣​នោះ គឺ​ម្ចាស់​គម្រោង ពោលគឺ​សាលារាជធានីភ្នំពេញ និង​អ្នកជំនាញ​របស់​JICA បាន​បង្ហើបអោយដឹង​អំពី​ការ​ចាប់អារម្មណ៍ច្រើន​​ ពី​សំណាក់​វិស័យ​ឯកជន ដែល​ចង់​វិនិយោគ​លើ​គម្រោង​រថយន្តក្រុង​សាធារណៈនេះ។ ប្រតិបត្តិការ​ដោយ​វិស័យឯកជន​ដែល​គេជឿ​ថា អាច​មាន​និរន្តរភាព​ល្អ​ជាង។

ទោះយ៉ាងនេះ​ក្តី សាលារាជធានីភ្នំពេញ​ត្រូវផ្សព្វផ្សាយអប់រំ​​អោយបាន​ច្រើន​ដើម្បី​ផ្តល់ព័ត៌មាន​អំពី​សារៈប្រយោជន៍​នៃ​រថយន្ត​ក្រុង​សាធារណៈ អោយ​បានដល់​មនុស្ស​គ្រប់​ស្រទាប់។ ពិសេស​ក្រុម​ពលរដ្ឋ​មួយ​ចំនួន​ដែល​គិត​ថា សេវារថយន្ត​ក្រុង​មិន​មាន​សណ្តាប់​ធ្នាប់ និង​មិន​លឿន​រហ័ស​ទាន់ចិត្តរបស់​ពួកគេ។ ជាងនេះទៅទៀត មន្ត្រីក៏​គួរតែ​បង្ហាញ​គំរូ​ដល់​​ពលរដ្ឋ ក្នុង​ការ​ប្រើប្រាស់​រថយន្ត​ដឹកជញ្ជូន​សាធារណៈ​នេះដែរ។

និយា​យអំពីពលរដ្ឋ​វិញ​ម្តង។ បើទោះជា រថយន្ត​ក្រុង​សាធារណៈ​ មិន​មាន​ផាសុកភាព​ដូច​រថយន្ត​ផ្ទាល់​ខ្លួន និង​រហ័ស​ទាន់ចិត្ត​ដូចការ​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួនក៏ដោយ ការ​ចូលរួម​ចំណែក​ក្នុង​ការ​គិតគូរ​ដល់​ប្រយោជន៍​សាធារណៈ វា​គឺ​ជា​រឿង​ចាំបាច់​មួយ។

តើ​ផលប្រយោជន៍​អ្វី​ខ្លះ ដែល​គេ​អាច​ទាញ​បាន​ពី​ការ​ប្រើប្រាស់​រថយន្ត​ក្រុង​សាធារណៈ?

ទី១ នោះគឺ​ថា​ ការ​ថមថយ​ចំនួន​រថយន្ត​នៅ​លើទ្រូង​ផ្លូវ ដែល​វា​នឹង​កាត់​បន្ថយ​ការ​កកស្ទះ​ អ្នកបើកបរ​កំពុង​មួម៉ៅ​រាល់ថ្ងៃ​នេះ។ ទី២ ការ​កាត់បន្ថយ​ចំនួន​យានយន្តនេះហើយ ក៏​វា​ជា​កត្តា​​នៃការកាត់បន្ថយ​ចំនួន​គ្រោះថ្នាក់ចរាចរណ៍​ដែរ។ ទី​៣ ការកាត់បន្ថយ​ចំនួន​យានយន្ត​នៅ​លើទ្រូង​ផ្លូវ វា​គឺ​ជាការ​ចូលរួម​ចំណែក​កាត់បន្ថយ​ ការ​បញ្ចេញ​ឧស្ម័ន​ពុល​ទៅ​ក្នុង​បរិយាកាស​ ដែល​ជា​ការ​បំផ្លាញ​បរិស្ថាន។ ទី៤ ការដែល​ម្ចាស់យានយន្ត​កាត់បន្ថយ​ការ​ប្រើប្រាស់រថយន្ត​របស់​ពួកគេនោះ វា​ស្មើ​នឹង​ការសន្សំសំចៃ​ប្រាក់កាស​ទៅ​លើ​ថ្ងៃ​ប្រេងសាំង ហើយ​វា​ក៏បាន​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​កា​រចំណាយ​របស់​កម្ពុជា​ទាំង​មូល​ទៅ​លើការ​ទិញ​ប្រេង​នាំចូល​ពីបរទេស​ដែរ។

និយាយ​សរុប​មកវិញ សេវារថយន្តក្រុង​ដឹកជញ្ជូន​សាធារណៈ គឺ​ជា​ការ​អនុវត្ត​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​វិស័យដឹកជញ្ជូនដែលប្រទេស​ច្រើន​លើសលប់​ក្នុង​ពិភពលោក ​បាន​ធ្វើ​រួចមកហើយ។ ដូច្នេះ ប្រសិន​បើ បើ​គម្រោង​សេវាដឹកជញ្ជូន​សាធារណៈនេះ នៅ​តែ​មិនជោគជ័យ​នៅ​កម្ពុជា នោះ​វា​គឺ​ជា​រឿង​ចម្លែក​មួយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ