តុលាការព្រហ្មទ័ណ្ឌក្រុងបាងកកបើកសវនការកាត់ទោសក្រុមអាវលឿង
នៅថ្ងៃចន្ទ ទី២៩ កក្កដានេះ តុលាការព្រហ្មទ័ណ្ឌក្រុងបាងកកបើកសវនការកាត់ទោសក្រុមអាវលឿងដែលជាក្រុមប្រឆំាងលោកអតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន ស៊ីណាវ៉ាត់។ ក្រុមអាវលឿងបានជាប់ចោទពីបទចូលកាន់កាប់ព្រលានយន្តហោះចំនួនពីរក្នុងទីក្រុងបាងកកកាលពីខែវិច្ឆិកាឆ្នំា ២០០៨។ ព្រឹត្តិការណ៍កាន់កាប់ព្រលានយន្តហោះដែលកាលណោះបានធ្វើឲ្យមានការរំាងស្ទះអ្នកធ្វើដំណើររាប់សិបពាន់នាក់។ ដំណើរការកាត់ទោសនឹងត្រូវប្រើរយៈពេលជាច្រើនខែ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៤
ជាផ្លូវការ មានមនុស្សសរុបចំនួន ១១៤នាក់ត្រូវបង្ហាញខ្លួននៅមុខតុលាការព្រហ្មទ័ណ្ឌក្នុងក្រុងបាងកក។ អ្នកទំាង ១១៤នាក់សុទ្ធសឹងជាសមាជិកសំខាន់ៗរបស់ក្រុមអាវលឿង។ តំាងពីជិត ១០ឆ្នំាកន្លងទៅ ចលនាគំាទ្ររាជានិយមមួយនេះបានធ្វើយុទ្ធនាការប្រឆំាងនឹងលោកអតីតនាយករដ្ឋមន្រ្តីថៃថាក់ស៊ីន ស៊ីណាវ៉ាត់។ ពួកអាវលឿងទំាងនេះបានជាប់ពីបទបានចូលកាន់កាប់ព្រលានយន្តហោះអស់រយៈពេលជាច្រើនសប្តាហ៍ វិមានរដ្ឋាភិបាល និងរដ្ឋសភាកាលពីខែវិច្ឆិកា ឆ្នំា ២០០៨។ ទង្វើរបស់ពួកអាវលឿងកាលណោះបានធ្វើឡើង ជួនចំពេលដែលបងថ្លៃរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់កំពុងដឹកនំារដ្ឋាភិបាល។ គឺទើបតែនៅក្នុងខែធ្នូ ឆ្នំា ២០០៨ ដដែលនោះទេ ដែលក្រុមអាវលឿងបានបញ្ឈប់សកម្មភាពរបស់ខ្លួន បន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចរំលាយរដ្ឋាភិបាលរបស់បងថ្លៃលោកចាក់ស៊ីនចោល។
ក្នុងចំណោមជនជាប់ចោទទំាង ១១៤នាក់នោះ គេឃើញមានលោក Sondhi Limthongkul ដែលជាមនុស្សស្និទិនឹងរបបរាជានិយម និងដែលធ្លាប់បានប្រកាសថា លោកបានទទួលការគំាទ្រពីព្រះមហាក្សត្រនៅក្នុងយុទ្ធនាការប្រឆំាងនឹងលោកថាក់ស៊ីន ស៊ីណាវ៉ាត់។ រូបលោក Sondhi Limthongkul ក៏ដូចជាជនជាប់ចោទអាវលឿងផ្សេងទៀតបានជាប់ចោទពីបទភេរវនិយម។ គឺជាបទឧក្រិដ្ឋមួយដែលនឹងអាចទទួលទោសប្រហារជីវិត។
យ៉ាងណាក៏ដោយ ដំណើរការកាត់ទោសក្រុមអាវលឿងពេលនេះនឹងត្រូវបានទទួលការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមអាវក្រហមដែលជាសកម្មជនគំាទ្រលោកថាក់ស៊ីន ស៊ីណាវ៉ាត់។ កន្លងមក មានក្រុមអាវក្រហមជាច្រើននាក់ធ្លាប់បានទទួលការកាត់ទោសពីបទបង្កអាណាធិបតេយ្យក្នុងក្រុងបាងកកកាលពីឆ្នំា ២០១០។ ខណៈនេះ ពួកអាវក្រហមកំពុងរង់ចំាមើលពីការសម្រេចរបស់តុលាការក្នុងការជំនំជម្រះក្តីលើក្រុមអាវលឿងវិញម្តង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ