អានតួអត្ថបទ
ថៃ

ព្រះមហាក្សត្រ​ថៃ​អំពាវនាវ​ឲ្យ​ប្រជាជន​ថៃ​រួបរួម​គ្នា

ព្រះមហាក្សត្រ​ថៃ ភូមិបុល អាប់ឌុលយ៉ាឌេត​បាន​បង្ហាញ​ព្រះភ័ក្ត្រ ជា​សាធារណៈ នៅថ្ងៃ​ពុធ​នេះ នៅក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​ក្នុង​ទីក្រុង​បាងកក។ មាន​ព្រះឱង្ការ​ទៅកាន់​ប្រជានុរាស្រ្ត​ថៃ ព្រះអង្គ​ភូមិបុល ក្នុង​ព្រះជន្ម​៨៥​ព្រះវស្សា​បាន​អំពាវនាវ​ឲ្យ​មាន​ការរួបរួម និង​ស្ថិរភាព​នៅក្នុង​ប្រទេស​ថៃ។

ព្រះមហាក្សត្រ​ថៃ ភូមិបុល ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម​៨៥​ព្រះវស្សា នៅថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ២០១២
ព្រះមហាក្សត្រ​ថៃ ភូមិបុល ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម​៨៥​ព្រះវស្សា នៅថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ២០១២ ©REUTERS/Sukree Sukplang
ផ្សាយពាណិជ្ជកម្ម

បើតាម​ប៉ូលិស មនុស្ស​ប្រមាណ​២សែន​នាក់ ក្នុង​សម្លៀកបំពាក់​ពណ៌លឿង បាន​ទៅ​ឈរ​រង់ចាំ​មើល​ព្រះភ័ក្រ្ត និង​ស្តាប់​ព្រះរាជ​ឱង្ការ​របស់​ព្រះអង្គ​ភូមិបុល ដែល​ពួកគេ​បាន​ចាត់ទុក​ជា​ព្រះមហាក្សត្រ​ពាក់កណ្តាល​អាទិទេព នៅក្នុង​ប្រទេស​ថៃ។ ចាប់តាំង​ពី​ចូល​សម្រាក​ព្យាបាល​ព្រះរោគ ក្នុង​មន្ទីរពេទ្យ កាល​ពី​ឆ្នាំ ២០០៩ ព្រះអង្គ​ភូមិបុល​បង្ហាញ​ព្រះភ័ក្រ្ត​ជាសាធារណៈ ដោយ​កម្របំផុត។ ប៉ុន្តែ យ៉ាងណាក៏ដោយ ព្រះមហាក្សត្រ​ថៃ​រូបនេះ​ដែល​បាន​សោយរាជ្យ​យូរជាង​គេ​បំផុត​ក្នុង​ពិភពលោក គឺ​៦៦​ឆ្នាំ នៅ​តែ​បន្ត​ព្រះរាជកិច្ច​ផ្លូវការ ដោយ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក កាលពី​ខែ​វិច្ឆិកា​កន្លងទៅនេះ។

នៅថ្ងៃពុធនេះ នៅក្នុង​ឱកាស​ប្រទេស​ប្រារព្ធ​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ ព្រះបាទ​ភូមិបុល​បាន​មាន​ព្រះឱង្ការ​ខ្លី​ប៉ុណ្ណោះ ទៅកាន់​ប្រជាជនថៃ។ នៅក្នុង​ស្ថានភាព​ដែល​ប្រទេស​ថៃ​កំពុង​ជួប​វិបត្តិ​នយោបាយ និង​ប្រជាជន​ថៃ​បាន​បែកប្រេះឆា​គ្នា ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ថាក់ស៊ីន ឆ្នាំ ២០០៦ ព្រះមហាក្សត្រ​ថៃ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ថៃ​រួបរួមគ្នា។ ព្រះមហាក្សត្រ​មាន​ព្រះរាជតម្រាស់​ថា ប្រសិន​បើ​ប្រជាជន​ថៃ​មាន​គុណធម៌ នោះ​គេ​នៅតែមាន​ក្តីសង្ឃឹមថា ប្រជាជន និង​ប្រទេស​ថៃ នឹង​ទទួល​បាន​សុខ និង​ស្ថិរភាព បើទោះ​ជា​ប្រទេស​ស្ថិតនៅ​ក្នុង​ស្ថានភាព​ណា​ក៏ដោយ។ សម្រាប់​ព្រះមហាក្សត្រ​ថៃ វត្តមាន​ចូលរួម​យ៉ាងកុះករ​របស់​ប្រជាជន​ថៃ នៅថ្ងៃនេះ ធ្វើ​ឲ្យ​ព្រះអង្គ​មាន​ជំនឿថា ការយល់សណ្តោស​គ្នា​រវាង​ប្រជាជន​ថៃ គឺ​ជា​សោគន្លឹះ នាំឲ្យ​មាន​ការរួបរួម​ក្នុង​ចំណោម​ប្រជាជន នៅក្នុង​ប្រទេស។

គួររំលឹកថា កាលពី​ចុងសប្តាហ៍​មុននេះ គឺ​នៅលើ​ទីលាន​មុខ​ព្រះរាជវាំង​នេះ ក្រុមអាវលឿង ដែល​ជា​ក្រុមព្រះរាជវង្ស បាន​ជួបប្រជុំ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ថៃ ដែល​ដឹកនាំ​ដោយ​លោកស្រី​យីងឡាក់ ប្អូនស្រី​របស់​លោក​ថាក់ស៊ីន ​ដែល​ក្រុមអាវលឿង​ចាត់ទុក​ថា ជា​ការគំរាមកំហែង​ដល់​អនាគត​ព្រះរាជបល្ល័ង្ក។ ការតវ៉ា​​ដែល​បាន​ឈាន​ទៅដល់​ការប្រឈមមុខ​ដាក់គ្នា ដ៏​ហិង្សា រវាង​បាតុករ និង​អាជ្ញាធរ។ នៅក្នុង​រដ្ឋធម្មនុញ្ញ​ថៃ ព្រះមហាក្សត្រ​មិនមាន​អំណាច​ជាផ្លូវការទេ ប៉ុន្តែ ការពិត​ជាក់ស្តែង នៅពេល​ប្រទេស​ជួប​វិបត្តិ​នយោបាយ​ម្តងៗ ព្រះមហាក្សត្រ​ថៃ ជាពិសេស ព្រះអង្គ​ភូមិបុល​តែម្តង ត្រូវ​គេ​មើលឃើញថា មាន​ឥទ្ធិពល​ខ្លាំង ទៅលើ​អ្នកនយោបាយ​ថៃ។

នៅថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះមហាក្សត្រ​ថៃ នៅថ្ងៃនេះ គេ​ឃើញ​មាន​លោកស្រី​យីងឡាក់ មន្រ្តី​រដ្ឋាភិបាល និង​សមាជិក​សំខាន់ៗ​របស់​ព្រះរាជវង្ស​ចូលរួម លើកលែង​តែ​ព្រះមហាក្សត្រី ស៊ីរីគីត ដែល​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ ដោយសារ​រោគ​គាប​សរសៃ​ខួក្បាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ