អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វប្ប​ធម៌​នយោ​បាយ​លាក់​កាំ​បិត​ស្នៀត​ពី​ក្រោយ​ខ្នង​គួរ​ត្រូវ​បិទ​បញ្ចប់!

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្រោង​ជួប​គ្នា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​ ២៧ កុម្ភៈ​នេះ​បាន​លើក​ពេល​ទៅ​វិញ​ដោយ​មិន​បាន​បញ្ជាក់​មូល​ហេតុ​ច្បាស់​លាស់។ កិច្ច​ចរចា​ដែល​គ្រោង​ធ្វើ​ក៏​ដូច​ជា​កិច្ច​ចរចា​កាល​ពី​ពេល​មុន​ៗដែរ ច្រើន​តែ​ជួប​នឹង​បរា​ជ័យ ឬ​ទទួលបាន​លទ្ធ​ផល​ហើយ តែ​ក៏​ត្រូវ​គេ​បំភ្លេច​ចោល​ទៅ​វិញ។ នេះ​បណ្តាល​មក​ពី​អ្នក​នយោបាយ​ខ្មែរ​មាន​វប្បធម៌​មួយ​ដែល​ពិបាក​កែ​នោះ​គឺ​ល្បិច​កល​ដែល​ពួក​គេ​តែង​ប្រើ​ប្រាស់​ដើម្បី​ផ្តួល​គូ​បដិ​បក្ខ។ និ​យាយ​តាម​បែប​ផ្សេង​គឺ​ជា​នយោ​បាយ​ដែល​លាក់​កាំ​បិត​ស្នៀត​នៅ​ពី​ក្រោយ​ខ្នង​រង់​ចាំ​ឱកាស​ដើម្បី​វាយ​ប្រហារ​ផ្តួល​ដៃគូ។ វប្បធម៌​នយោបាយ​បែប​នេះ​គួរ​ដល់​ពេលដែល​ត្រូវ​បិទ​បញ្ចប់​ហើយ។

ការ​ប្រជុំ រវាង គ.ជ.ប និងគណបក្សនយោបាយ នៅព្រឹក​ថ្ងៃទី ២១កុម្ពៈ ២០១៤ កន្លងទៅ។
ការ​ប្រជុំ រវាង គ.ជ.ប និងគណបក្សនយោបាយ នៅព្រឹក​ថ្ងៃទី ២១កុម្ពៈ ២០១៤ កន្លងទៅ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ​របៀប​ធ្វើ​នយោ​បាយ​នៅ​កម្ពុជា​ហាក់​មិន​ទាន់​មាន​អ្វី​ប្រែ​ប្រួល​នៅ​ឡើយ​ទេ។ អ្នក​នយោ​បាយ​ខ្មែរ​តែង​ប្រើ​យុទ្ធ​វិធី​ផ្តួល​គ្នា​តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើបាន​ទោះ​បីជា​ផល​វិបាក​របស់​វា​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយ។

 

របៀប​ធ្វើ​នយោបាយ​ដោយ​លាក់​កាំបិត​ស្នៀត​ពី​ក្រោយ​ខ្នង​បាន​ក្លាយ​ជា​វប្បធម៌​ដែល​ពិបាក​នឹង​លុប​បំបាត់។ នយោ​បាយ​បែប​នេះ​ផ្តល់​ផល​វិបាក​ធំធេង៖ ផល​វិបាក​ទី​១​គឺ​វា​បណ្តាល​ឲ្យ​បរិយា​កាស​នយោ​បាយ​រួត​រឹត​ដោយ​ការ​មិន​ទុក​ចិត្ត​គ្នា។ ទី២៖ បើ​មាន​វិបត្តិ​នយោ​បាយ​កើត​ឡើង​ហើយ វិបត្តិ​នោះ​មិន​ងាយ​ដោះ​ស្រាយ​ជ្រះ​ស្រ​ឡះ​ទេ​ដោយ​សារតែ​ភាគី​នយោ​បាយ​លាក់​ល្បិច​មិន​ស្មោះ​ត្រង់​ទៅ​វិញ​ទៅ​មក។ និង​ទី៣៖ វា​ជា​ឧបសគ្គ​នៃ​ការ​កសាង​សង្គម​មួយ​ដែល​មាន​ភាព​សុខ​ដុម​រមនា​រវាង​ខ្មែរ​និង​ខ្មែរ។

វិបត្តិ​នយោ​បាយ​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​បាន​អូស​បន្លាយ​រយៈ​ពេល​៧​ខែ​មក​ហើយ​នេះ​ក៏​ជា​ផលវិបាក​ជាក់ស្តែង​នៃ​នយោបាយ​លាក់​កាំបិត​ស្នៀត​ពីក្រោយ​ខ្នង​នេះដែរ។ បក្ស​កាន់អំណាច​អះអាងថា អ្វីៗក៏​អាច​និយាយ​គ្នា​បានដែរ​ឲ្យ​តែ​គណបក្សប្រឆាំង​ចូលទៅ​ជជែក​គ្នា​ក្នុង​សភា។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​វិញ​មើលឃើញ​ចំណុច​នេះ​ថា​ជា​ល្បិចកល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅវិញ។ ដូច្នេះ ហើយ​បានជា​គណបក្ស​នេះ​មិន​ព្រម​ចូលទៅ​អង្គុយ​ក្នុង​រដ្ឋសភា​ឡើយ។

ម្យ៉ាងទៀត កិច្ចចរចា​ជាមួយ​គណបក្សកាន់អំណាច​ជាពិសេស​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែម្តង​នៅតែ​ជា​ចំណុចរសើប​ខ្លាំងណាស់​សម្រាប់​បក្សប្រឆាំង។ រសើប​នៅត្រង់ថា ការចូល​កៀក​គណបក្ស​ប្រជាជន​កម្ពុជា​នាំ​ឲ្យ​អ្នកគាំទ្រ​បក្សប្រឆាំង​បាត់បង់​ទំនុកចិត្ត​និង​ខ្លាច​បាញ់​បោក​គណបក្សកាន់អំណាច។ និយាយ​តាមបែប​ផ្សេង អ្នកនយោបាយ​ខ្មែរ​ហាក់ដូចជា​កំពុងស្ថិត​ក្នុងស្ថានភាព​ឆ្មា​ដែល​ធ្លា​ប់រលាក​ទឹក​ក្តៅ សូម្បីតែ​ឃើញ​ទឹក​ត្រជាក់​ក៏​ខ្លាច​ដែរ។ នេះ​ស​បញ្ជាក់ថា ការមិនទុកចិត្ត​គ្នា​ក្នុង​ឆាកនយោបាយ​រាប់​តាំងពី​អ្នកនយោបាយ​ថ្នាក់លើ​រហូតដល់​អ្នកគាំទ្រ​ថ្នាក់ក្រោម​មាន​ទំហំធំធេង​គួរ​ឲ្យ​ព្រួយបារម្ភ។

កិច្ចចរចា​អំពី​កំណែទម្រង់​ការបោះឆ្នោត​នៅពេលនេះ​ក៏ត្រូវ​គេ​មើលឃើញថា​គ្មាន​ភាពប្រាកដប្រជា​និង​គ្មាន​ភាពរឹងមាំ​នោះដែរ។ គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ចូល​តុ​ចរចា​ដោយសារតែ​មិន​ចង់​ឲ្យ​ឱកាស​កំណែទម្រង់​បោះឆ្នោត​បាត់បង់​និង​មិន​ចង់​ឲ្យ​គណបក្សកាន់អំណាច​ធ្វើ​តែម្នាក់ឯង​តែប៉ុណ្ណោះ។ ចំណែកឯ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ក៏​ត្រូវគេ​មើលឃើញ​ដែរ​ថា​នៅតែ​ព្យាយាម​កៀង​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​សភា​សិន​តែ​ដដែល។ សម្រេច​សម្រួច​ទៅ ការចរចា​ហាក់ដូចជា​គ្រាន់តែ​ធ្វើ​ឲ្យ​តែ​ល្អមើល​តែប៉ុណ្ណោះ។ ប៉ុន្តែ ជា​ខ្លឹមសារ​វិញ ការចរចា​នេះ​ពោរពេញ​ដោយ​បរិយាកាស​មិន​ទុកចិត្ត​គ្នា។ នេះ​បណ្តាលមកពី​ភាគី​ទាំងពីរ​សុទ្ធតែ​លាក់​កាំបិត​ស្នៀត​ពីក្រោយ​ខ្នង​តែរៀងៗខ្លួន។

ប្រសិនបើ​ស្ថានភាព​នេះ​នៅតែ​បន្ត ស្ថានភាព​នយោបាយ​ប្រទេស​កម្ពុជា​នឹងមិន​ងាយ​ស្គាល់​ភាពសុខសាន្ត​បានឡើយ។ រីឯ​វិបត្តិ​នយោបាយ​ក៏​មិន​ងាយ​ដោះស្រាយ​បានដែរ​បើទោះជា​វា​ហាក់ដូចជា​គ្មានអ្វី​ពិបាក​ក៏ដោយ​ពីព្រោះ​កង្វះ​តម្លាភាព​និង​ភាពស្មោះត្រង់​គឺជា​ហេតុផល​ចម្បង​ដែល​ធ្វើ​ឲ្យ​ឆាកនយោបាយ​ស្ថិតក្នុង​ភាព​ងងឹត​ច្រើនជាង​ភ្លឺ។ នេះ​ជា​ឧបសគ្គ​ធំធេង​ណាស់​សម្រាប់​ការកសាង​វប្បធម៌​សន្តិភាព​និង​ការទុកចិត្ត​គ្នា​ក្នុង​ឆាកនយោបាយ​ខ្មែរ។

ដូច្នេះ អំណឹះតទៅ អ្នកនយោបាយ​ខ្មែរ​គួរតែ​កសាង​បរិយាកាស​ថ្មី​ដើម្បី​ធ្វើការ​ជាមួយគ្នា​ឲ្យ​បានល្អ​ប្រសើរ​ជាង​នេះ។ កិច្ចការ​សំខាន់បំផុត​ដែល​ត្រូវ​ផ្តើមធ្វើ​គឺ​ការលុបបំបាត់​វប្បធម៌​នយោបាយ​មិន​ទុកចិត្ត​គ្នា​នេះឯង។ ពិត​ហើយ​ឈ្មោះថា​អ្នកនយោបាយ​បើ​គ្មាន​យុទ្ធសាស្ត្រ​ទេ​ក៏​មិនអាច​ក្លាយជា​អ្នកនយោបាយ​ពូកែ​បានដែរ។ ប៉ុន្តែ សូម​ឲ្យ​យុទ្ធសាស្ត្រ​ពូកែ​ឈ្លាសវៃ​របស់​អ្នកនយោបាយ​ក្លាយជា​ឧបករណ៍​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ទៅ​ចុះ តែ​កុំ​ពូកែ​តែ​រករឿង​គ្នា​ហើយ​បណ្តោយ​ឲ្យ​ប្រទេសជាតិ​និង​ប្រជាជន​ក្លាយជា​ចំណាប់ខ្មាំង​ឬក៏​ក្លាយជា​ជនរងគ្រោះ​ព្រោះ​នយោបាយ​របស់ខ្លួន​តទៅទៀត។

សូម​កុំភ្លេចថា ដោយសារតែ​រងគ្រោះ​ព្រោះ​នយោបាយ​នេះហើយ​បានជា​ពលរដ្ឋ​ខ្មែរ​នៅតែ​ចាត់ទុក​នយោបាយ​ថា​ជា​រឿង​គួរ​ឲ្យ​ព្រឺ​ខ្លាច រហូតដល់​អ្នកខ្លះ​បាន​ប្រើពាក្យ​ថា«នយោបាយ​ន​យោ​បោក» ដើម្បី​បញ្ជាក់​ពី​ភាព​ពឹ​សពុល​ក្នុង​ពិភព​នយោបាយ​ទៀតផង។  ប៉ុន្តែ ក្នុង​យុគសម័យ​ថ្មី​នេះ គេ​គួរ​ចេះ​ធ្វើ​នយោបាយ​ដើម្បី​ការរីកចម្រើន​របស់​ប្រទេសជាតិ​ហើយ​ដោះ​កាំបិត​ស្នៀត​ចេញពី​ចង្កេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ