អានតួអត្ថបទ
ប៉ូឡូញ

ការ​បោះ​ឆ្នោតនៅ​ប៉ូឡូញ៖ លោក​ប្រធានាធិបតី Komorowski អបអរ​ជ័យ​ជំនះ​នៃ​គូ​ប្រជែង​របស់​ខ្លួន

គណបក្ស​អភិរក្ស​និយម​របស់​លោក Andrzej Duda បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។ លោក Duba ទទួល​បាន​ការ​គាំទ្រ​ចំនួន​៥៣​ភាគ​រយ នាំ​មុខ​គណបក្ស​កណ្ដាល​និយម​របស់​លោក​ប្រធានាធិបតី Komorowski ដែល​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​តែ​៤៧​ភាគ​រយ​ប៉ុណ្ណោះ។ នេះបើ​តាម​លទ្ធផល​បណ្ដោះ​អាសន្ន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ TVP។ ភ្លាម​ៗ​បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​នេះ លោក​ប្រធានាធិបតី Komorowski បាន​សម្ដែង​ការ​សាទរ​របស់​ខ្លួន ចំពោះ​ជ័យ​ជំនះ​របស់​លោក Duba ដែល​ជា​គូ​ប្រជែង​។

Bronisław Komorowski(Left) and  Andrzej Duda(Right)
Bronisław Komorowski(Left) and Andrzej Duda(Right) @AFP
ផ្សាយពាណិជ្ជកម្ម

ខ្ញុំ​សូម​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​គូ​ប្រជែង​របស់​ខ្ញុំ គឺ​លោក Duba និង​សូម​ជូនពរ​ឲ្យ​ជោគជ័យ​នៅ​ក្នុង​តំណែង​ថ្មី ជា​ប្រធានាធិបតី​នៃ​ប្រទេស​ប៉ូឡូញ។ នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​ Komorowski​ ដែល​ទើប​តែ​ចាញ់​ឆ្នោត​លោក Duba នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៤​ឧសភា។

​លោក Andrzej Duda មក​ពី​គណបក្ស​​អភិរក្ស​និយម ច្បាប់​និង​យុត្តិធម៌ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ប្រទេស​ប៉ូឡូញ ដោយ​ទទួល​បាន​ការ​គាំទ្រ​ចំនួន​៥៣​ភាគ​រយ នាំ​មុខ​គណបក្ស​កណ្ដាល​និយម​របស់​លោក​ប្រធានាធិបតី Komorowski ដែល​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​តែ​៤៧​ភាគ​រយ​ប៉ុណ្ណោះ។

ក្រោយ​ការ​ប្រកាស​លទ្ធផល​នេះ លោក Duda ក្នុង​វ័យ​៤៣​ឆ្នាំ បាន​ប្ដេជ្ញា​ចិត្ត​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​ដែល​ប្រមូល​ផ្ដុំ​នៅ​មុខ​ទី​ស្នាក់​ការ​កណ្ដាល​គណបក្ស​ថា លោក​នឹង​ចាប់​ផ្ដើម​តំណែង​ប្រធានាធិបតី​របស់​លោក​ដោយ​ការ​រួប​រួម​គ្នា​។ និង​ថា ​ការងារ​ពិបាក​ៗ​ជា​ច្រើន​នឹង​ត្រូវ​ជួប​ប្រទះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ប្រទេស​ប៉ូឡូញ។ ប៉ុន្តែ​បើ​តាម​លោក Duba ទាំង​អស់​គ្នា​អាច​ផ្លាស់​ប្ដូរ​ប្រទេស​ប៉ូឡូញ​បាន។

គួរ​កត់​សម្គាល់​ថា ជ័យ​ជំនះ​របស់​លោក Andrzej Duda នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​លើក​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ។ នៅ​ក្នុងយុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត លោក Andrzej Duda ​បាន​សង្កត់​ធ្ងន់​ពី​ភាព​ខ្វះ​ខាត​និង​ទន់​ខ្សោយ​របស់​គូ​ប្រជែង​ខ្លួន គឺ​លោក​ប្រធានាធិបតី Komorowski។ ក្នុង​នោះ លោក Duda បាន​សន្យា​ថា​នឹង​កាត់​បន្ថយ​អាយុ​ចូលនិវត្តន៍ ព្រម​ទាំង​បន្ថែម​ការ​ចំណាយ​ទៅ​លើ​សុខុមាលភាព​សាធារណៈ​។ ប្រមុខ​គណបក្ស​​អភិរក្ស​និយម​រូប​នេះ ក៏​បាន​អះអាង​ពី​ផែនការ​ជំរុញ​ឲ្យ​មាន​វត្តមាន​យោធា​អាមេរិក​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ដើម្បី​ពង្រឹង​សន្តិសុខ​របស់​ប៉ូឡូញ ប្រឆាំង​នឹង​ការ​គម្រាម​កំហែង​របស់​រុស្ស៊ី​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ