អានតួអត្ថបទ
អវកាស

យាន Philae ​ផ្តោត​ជើង​ទម្រ​លើ​ផ្កាយ​ដុះកន្ទុយ​បាន​ជោគជ័យ​ មុន​នឹង​អស់​ថ្ម

ពីរ​ថ្ងៃក្រោយ​ពី​បាន​ចុះ​ចត​ដោយ​ជោគជ័យ​លើ​ផ្កាយ​ដុះ​កន្ទុយ​ “ជូរី” ដែល​នៅ​ចម្ងាយ​ប្រមាណ​ជាង​៥០០ពាន់​គីឡូម៉ែត្រ​ យាន​ Philae បាន​សម្រេច​ជោគជ័យ​មួយ​ទៀត នៅ យប់​ថ្ងៃ សុក្រ​ឆ្លង​មក​ថ្ងៃ​សៅរ៍ទី ១៥ វិច្ឆិកានេះ មុន​នឹង​រលត់​អស់​ថ្ម​។ ភ្នាក់ងារ​អវកាស​អឺរ៉ុប​ ដែល​បារម្ភ​​​ស្មានថា Philae ​គ្មាន​ថាមពល​គ្រប់គ្រាន់ បានទទួល​ទិន្នន័យ​ថេរ​រហូត​ដល់​ម៉ោង​២៣និង​២៩​នាទី ម៉ោង​នៅ​ប្រទេស​បារាំង។

Philae អស់​ថ្ម ព្រោះ​ទទួល​ពន្លឺ​ព្រះ​អាទិត្យមិន​​គ្រប់គ្រាន់
Philae អស់​ថ្ម ព្រោះ​ទទួល​ពន្លឺ​ព្រះ​អាទិត្យមិន​​គ្រប់គ្រាន់ ESA/Rosetta/Philae/CIVA
ផ្សាយពាណិជ្ជកម្ម

ទិន្នន័យ​ចុង​ក្រោយ​​បាន​បញ្ជាក់​ថា Philae​ បាន​ដោត​​​ជើង​ទម្រភ្ជាប់​ខ្លួន​នឹង​​ផ្កាយ​ដុះ​កន្ទុយ​ ធ្វើ​ឱ្យ​យាន​អាច​ឈរ​មាន​លំនឹង​ល្អ។ មិន​តែ​ប៉ុណ្ណោះ Philae បាន​​​​ខួង​ដី ផ្កាយដុះ​កន្ទុយ « ជូរី » លើក​ទី​មួយ ​និង​បញ្ជូន​​ទិន្នន័យ​មក​ភព​ផែនដី​ សម្រាប់​ឱ្យ​អ្នក​វិភាគ​អាច​យល់​​​បាន​អំពី​សារធាតុ​ផ្សំ​គីមី​របស់​ផ្កាយ​ ដូច​ជា​អ៊ីដ្រូហ្សែន កាបូន អាហ្សូត និង​អុកស៊ីហ្សែន។

ទិន្នន័យ​ទាំង​នេះ​ អាច​នឹង​ផ្តល់​ព័ត៌មាន​ច្រើន​ស្តី​ពី​អំពី​ការ​កកើត​ជីវិត​មនុស្ស​លើ​ភព​ ផែនដី ព្រោះ​​ផ្កាយ​ដុះ​កន្ទុយនេះ​ជា​ភព​មួយ​នៃ​ប្រព័ន្ធ​ព្រះ​អាទិត្យ​នៅអាច​​ រក្សាភាព​ដើម​របស់​ខ្លួន​បាន​ស្ទើរ​តែ​ទាំង​ស្រុង។

 

អ្នក​វិទ្យាសាស្ត្រ​អឺរ៉ុប ក៏​បាន​សម្រេច​​​ជោគជ័យដ៏​ធំ​មួយ​ទៀត ដោយ​បង្ហើប​យាន​បាន​៤​សង់ទីម៉ែត្រ និង​បង្វិល​យាន​៣៥ដឺក្រេ។ ជាមួយ​នឹង​ការ​ប្តូរ​ជំហរ និង​ទិស​​យ៉ាង​ដូច្នេះ យាន​ Philae អាច​នឹង​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​បាន​ប្រសើរ​ជាង​មុន​ នៅ​ពេល​ខាង​មុខ និង​អាច​ភ្ញាក់​មក​ដំណើរ​ការ​ឡើង​វិញ​បាន ប្រសិន​បើ​ផ្ទាំង​ស្រូប​កំដៅ​ព្រះ​អាទិត្យ​បាន​ទទួល​ថាមពល​គ្រប់គ្រាន់។

 
សូម​បញ្ជាក់​ថា Philae បាន​ចុះ​ចត​លើ​ផ្កាយ​ដុះ​កន្ទុយ​ ត្រង់​ចំណុច​មាន​ម្លប់ ឬ​ក្បែរ​ផ្ទាំង​ថ្ម ជា​ហើយ​​ផ្ទាំង​ស្រូប​ថាមពល​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​បាន​ត្រឹម​តែ​១ម៉ោង​កន្លះ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ខុស​ពី​ការ​គ្រោង​ទុក ដែល​ថា​ Philae ត្រូវ​ទទួល​ពន្លឺ​ដល់​ទៅ​៦​ម៉ោង។ កង្វះ​​ពន្លឺ​ជា​បុព្វហេតុ​នាំ​ឱ្យ​ឆាប់​អស់​ថ្ម មុន​កាល​កំណត់ ប៉ុន្តែ​អ្នក​អវកាស​សង្ឃឹម​ថា​យាន​ Philae អាច​នឹង​មាន​ដំណើរ​ការ​ឡើង​នៅ​វិញ នៅ​រវាង​ពីរ​បី​ខែ​ទៀត ពោល​គឺ​នៅ​ពេល​ដែល​ផ្កាយ​ដុះ​កន្ទុយ​វិល​ខិត​ទៅ​ជិត​ព្រះ​អាទិត្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ