អានតួអត្ថបទ
អវកាស

អឺរ៉ុប​បញ្ជូន​យាន​អវកាស​ទៅដល់​ផ្កាយដុះកន្ទុយ​ជា​លើកទី១​ក្នុង​ប្រវត្តិសាស្រ្ត

យានអវកាស​គ្មាន​មនុស្ស​បើក​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​ធ្វើ​ដំណើរ​ទៅដល់​ផ្កាយដុះកន្ទុយមួយ នៅថ្ងៃ​ពុធ​នេះ នៅ​ក្នុង​បេសកកម្ម​តាមឃ្លាំមើល​ និង​សិក្សា​អំពី​ផ្កាយដុះកន្ទុយ នៅពេល​វា​ធ្វើ​ដំណើរ​ទៅដល់​ក្បែរ​ព្រះអាទិត្យ នៅ​ឆ្នាំ​ក្រោយ។ នេះ​គឺ​ជា​លើកទីមួយ​ហើយ ដែល​មនុស្ស​អាច​បញ្ជូន​យានអវកាស​ទៅដល់​ផ្កាយ​ដុះកន្ទុយ​បែបនេះ។

Rosetta នឹង​ហោះ​ជុំវិញ​ផ្កាយដុះកន្ទុយ Tchouri រហូត​ដល់​ចុង​ឆ្នាំ​២០១៥
Rosetta នឹង​ហោះ​ជុំវិញ​ផ្កាយដុះកន្ទុយ Tchouri រហូត​ដល់​ចុង​ឆ្នាំ​២០១៥ Copyright ESA–C. Carreau/ATG medialab
ផ្សាយពាណិជ្ជកម្ម

 

“Rosetta” គឺ​ជា​ឈ្មោះ​របស់​យាន​អវកាស ដែល​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​​បាញ់​បង្ហោះ​ កាល​ពីខែ​មីនា ឆ្នាំ​២០០៤ នៅ​ក្នុង​គម្រោង​សិក្សា​ពី​ផ្កាយដុះកន្ទុយ ដែល​ត្រូវ​ចំណាយ​លុយ​ជាង ១ពាន់លាន​អឺរ៉ូ។

ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​រាប់ពាន់លាន​គីឡូម៉ែត្រ​ នៅ​ក្នុង​គន្លង​ជុំវិញ​ព្រះអាទិត្យ ហើយ​បាន​ចំណាយពេល​ជាង ១០ឆ្នាំ Rosetta បាន​ធ្វើ​ដំណើរ​ទៅដល់​ផ្កាយដុះកន្ទុយ​ (Comète) ឈ្មោះ Tchourioumov-Guérassimenko (យក​តាម​ឈ្មោះ​តារាវិទូ​អ៊ុយក្រែន​ពីរ​រូប​ដែល​បាន​រកឃើញ​ផ្កាយដុះកន្ទុយ​នេះ កាល​ពី​ឆ្នាំ​១៩៦៩)។ ផ្កាយដុះកន្ទុយ​ដែល​ត្រូវ​បាន​គេ​ហៅ​ដោយ​ខ្លី​ថា “Tchouri” ​បច្ចុប្បន្ន​​នេះ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៤០០លាន​គីឡូម៉ែត្រ​ពី​ភពផែនដី។

យោងតាម​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប Rosetta បាន​ធ្វើ​ដំណើរ​ចូល​ទៅដល់​គន្លង​នៃ​ផ្កាយដុះកន្ទុយ Tchouri នៅ​ថ្ងៃ​ពុធ វេលា​ម៉ោង ៩ព្រឹក​ម៉ោង​សកល (ត្រូវ​នឹង​ម៉ោង ២រសៀល​នៅ​ក្នុង​ប្រទេស​កម្ពុជា)។

ប្រសិនបើ​អ្វីៗ​ដំណើរការ​ទៅដូចការ​គ្រោង​ទុក Rosetta នឹង​ហោះ​ជុំវិញ​ Tchouri ដើម្បី​តាម​ឃ្លាំមើល​ផ្កាយដុះកន្ទុយ​នេះ ជាពិសេស នៅ​​ពេល​វា​​​ធ្វើ​ដំណើរ​ទៅដល់​ក្បែរ​ព្រះអាទិត្យ​ នៅ​ខែ​សីហា ឆ្នាំ​២០១៥​ខាងមុខ។ លើសពីនេះ​ទៅទៀត នៅ​ខែ​វិច្ឆិកា​ខាង​មុខ Rosetta នឹង​បញ្ជូន​យាន​តូចមួយ​ទៀត​ឲ្យ​ទៅ​ចុះចត​លើ​ Tchouri ដើម្បី​ធ្វើការ​សិក្សា​មើល​ឲ្យ​កាន់តែ​ច្បាស់​ អំពី​សណ្ឋានដី និង​ធាតុផ្សំ​នៃ​ផ្កាយដុះកន្ទុយ។

តារាវិទូ​នាំគ្នា​ផ្តោត​ការ​សិក្សា​ទៅលើ​ផ្កាយដុះកន្ទុយ ដោយសារ​តែ​គេ​យល់ថា​វា​គឺ​ជា​វត្ថុធាតុដើម ដែលសល់​ពី​ការ​បង្កើត​ប្រព័ន្ធ​ព្រះអាទិត្យ កាលពី ៤ពាន់ ៦រយលាន​ឆ្នាំ​មុន។ ដូច្នេះ ការសិក្សា​លម្អិត​លើ​ផ្កាយដុះកន្ទុយ អាច​ឲ្យ​គេ​យល់​កាន់តែ​ច្បាស់​ អំពី​ការ​កកើតឡើង​ដំបូង​នៃ​ភព​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ និង​ជា​ពិសេស​អាច​ឲ្យ​គេ​ជម្រះ​មន្ទិលសង្ស័យ​របស់​អ្នក​វិទ្យាសាស្រ្ត​មួយ​ចំនួន​​ដែល​គិត​ថា ម៉ូឡេគុល​ទឹកដែល​មាន​នៅលើ​ភពផែនដី​យើង​បច្ចុប្បន្ន​នេះ មាន​ប្រភព​ដើម​ដំបូង​ពី​ផ្កាយ​ដុះកន្ទុយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ