អានតួអត្ថបទ
កម្ពុជា

បណ្តឹង​រឿង​ដី​ធ្លី ​ជិត ​៤០ ​បាន​ទៅ​ដល់​ដៃ​រដ្ឋសភា

គិត​មក​ដល់​ពេល​នេះ ​បណ្តឹង​រឿង​ដី​ធ្លី​ចំនួន​ជិត​ ៤០ ​បណ្តឹង​បាន​ទៅ​ដល់​ដៃ​រដ្ឋសភា​ហើយ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ។ ​នេះ​បើ​តាម​លោក​ អេង​ ឆៃអ៊ាង​ ប្រធាន​គណៈ​កម្មការ​សិទ្ធ​មនុស្ស ​ទទួល​ពាក្យ​បណ្តឹង ​អង្កេត​ និង​ ទំនាក់​ទំនង​រដ្ឋសភា ​ព្រឹទ្ធសភា​ ដែល​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ។ ​តួរ​លេខ​នេះ ​គិត​ទាំង​បណ្តឹង​ពីរ​ថ្មី​ផ្សេង​ទៀត​ដែល​ដាក់​ដោយ​ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង​ និង​ ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ ​ពុធ​នេះ​ផង​ដែរ។

ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុង និង ខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុង និង ខេត្តព្រះសីហនុ។ RFI/ វណ្ណ សុគន្ធា
ផ្សាយពាណិជ្ជកម្ម

គិត​ទាំង​បណ្តឹង​ពីរ​ថ្មី​ ដែល​ដាក់​ដោយ​ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ប្រមាណ​ជាង​ ៣០​ នាក់​មកពី​ខេត្ត​កោះកុង​ និង ​ព្រះសីហនុ​នោះ ​គណៈ​កម្មការ​ទី​១ ​នៃ​រដ្ឋសភា​មក​ដល់​ពេល​នេះ ​ទទួល​ បាន​បណ្តឹង​ជិត ​៤០ ​បណ្តឹង​ហើយ​រឿង​ជម្លោះ​ដី​ធ្លី​នេះ។

លោក ​អេង​ ឆៃអ៊ាង ​បាន​ឲ្យ​ដឹង​ថា ​ពេល​នេះ​គណៈ​កម្មការ​ទី​១ ​នៃ​រដ្ឋសភា​កំពុង​ធ្វើ​ចំណាត់​ថ្នាក់​បណ្តឹង ​ហើយ​បណ្តឹង​មួយ​ចំនួន​បាន​ស៊ើប​អង្កេត​រួច​ហើយ​ត្រៀម​បញ្ជូន​ទៅ​ឲ្យ​ប្រធាន​រដ្ឋសភា ​ដើម្បី​ពិនិត្យ​ និង ​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ។ ​ចំណែក​បណ្តឹង​មួយ​ចំនួន​ទៀត​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ខ្លាំង​ គឺ​ក្រុម​ការងារ​នៃ​គណៈ​កម្មការ​ទី​១ នេះ ​កំពុង​ធ្វើការ​ស៊ើប​អង្កេត។

បើ​តាម​លោក ​អេង ​ឆៃអ៊ាង​បណ្តឹង​មួយ​ចំនួន​ដែល​បាន​ស៊ើប​អង្កេត​រួច​នឹង​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​ក្រោយ​ពី​លោក​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​កម្ពុជា​វិល​ត្រឡប់​ពី​ធ្វើ​ទស្សនៈ​កិច្ច​នៅ​ក្រៅ​ប្រទេស​វិញ​ធ្វើ​ការ​ត្រួត​ពិនិត្យ​រួច​នោះ។​ ហើយ​ក្នុង​នោះ ​បណ្តឹង​រឿង​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ធ្វើ​ការ​ដោះ​ស្រាយ​មុន​គេ ​ហើយ​មួយ​ចំនួន​ទៀត​នឹង​បញ្ជូន​ទៅ​ជា​បន្ត​បន្ទាប់​នា​ពេល​ខាង​មុខ។ ប្រធាន​គណៈ​កម្មការ​ទី​១​ នៃ​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ​បាន​បញ្ជាក់​ថា ​កន្លង​មក​គណៈ​កម្មការ​បាន​ទទួល​បណ្តឹង​រឿង​ដី​ធ្លី​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ដាក់​ជា​លក្ខណៈ​បុគ្គល​ និង​ ពី​ប្រជា​ពលរដ្ឋ​ហែរ​យក​មក​ដាក់។

យ៉ាង​ណា​ក៏​ដោយ​ មក​ដល់​ពេល​នេះ​ដំណោះ​ស្រាយ​បញ្ហា​ដី​ធ្លី​តាម​រយៈ​យន្តការ​សភា​ មិនទាន់​ចេញ​ជា​លទ្ធផល​ជា​វិជ្ជមាន​នៅ​ឡើយ​ទេ។ ​ក៏​ប៉ុន្តែ​គួរ​កត់​សម្គាល់​ថា ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ពោល​គឺ​បន្ទាប់​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ត្រូវ​រ៉ូវ​គ្នា ​ហើយ​បែង​ចែក​អំណាច​នៅ​ក្នុង​រដ្ឋសភា​នោះ ​បាន​ធ្វើ​រដ្ឋសភា​កំពុង​ក្លាយ​ជា​កន្លែង​មួយ​ដែល​ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធី្ល​ទុក​ចិត្ត​ និង​ តែង​តែ​ដាក់​បណ្តឹង ​ឫ ​ញត្តិ​ស្វែង​រក​អន្តរាគមន៍​ជា​បន្ត​បន្ទាប់​ មិន​ដែល​រំលង។ ​ប្រជា​ពលរដ្ឋ​ទាំង​នោះ ​សង្ឃឹម​ថា​ រដ្ឋ​សភា​នឹង​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ពួក​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ