អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិ​កូរ៉េ៖ មេរៀន​អតីតកាល​ជាគន្លឹះ​ក្នុងការ​ស្វែងយល់​ពី​ឥរិយាបថ​របស់​កូរ៉េ​ខាង​ជើង​បច្ចុប្បន្ន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​ថ្ងៃ​មក​ហើយ ដែល​ភាពតានតឹង​​នៅ​កូរ៉េ​​ចេះតែ​បន្ត​កើនឡើង​ឥតឈប់ឈរ។ ស្ទើរតែ​រៀងរាល់ថ្ងៃ ដែល​កូរ៉េ​ខាង​ជើង​បាន​គំរាម​បើក​ការវាយប្រហារ​ទៅលើ​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក ដែល​ក្នុងនោះ ក៏​មាន​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ផងដែរ។ ចុងក្រោយ​​កងទ័ព​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ថា បាន​ទទួល​ភ្លើងខៀវ​ពី​មេដឹកនាំ​កំពូល ដើម្បី​ត្រៀម​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​អាមេរិក ហើយ​ថែម​ទាំង​បាន​ចល័ត​មីស៊ីល​រយៈចម្ងាយ​មធ្យម យក​ទៅ​ដំឡើង នៅ​ឆ្នេរ​ប៉ែក​ខាងកើត​របស់​ខ្លួន​ទៀតផង កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ។តើ​ហេតុអ្វី​បាន​ជា​កូរ៉េ​ខាង​ជើង​បង្ក​ភាព​តានតឹង​នេះ​ឡើង? តើ​របបដឹកនាំ​ក្រុង​ព្យុងយ៉ាង​រំពឹង​ចង់​បាន​អ្វី​ពិតប្រាកដ ពី​វិបត្តិ​នៅពេលនេះ?

លោក​គីម ជុងអ៊ុន ប្រមុខដឹកនាំ​ដ៏វ័យក្មេង​របស់​កូរ៉េ​ខាង​ជើង
លោក​គីម ជុងអ៊ុន ប្រមុខដឹកនាំ​ដ៏វ័យក្មេង​របស់​កូរ៉េ​ខាង​ជើង REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ ការ​ដែល​ប្រទេស​មួយ​គំរាម​ប្រើ​កម្លាំង​ទ័ព​វាយប្រហារ​ទៅលើ​ប្រទេស​ណាមួយ​ផ្សេងទៀត គឺ​ជា​រឿង​ដ៏​កម្រ​ ពីព្រោះ​វា​ជា​ការ​រំលោភ​ទៅលើ​ធម្មនុញ្ញ​របស់​អ.ស.ប.។ ការ​គំរាមប្រកាស​សង្រ្គាម​​នុយក្លេអ៊ែរ ក៏​កាន់តែ​ជា​រឿង​ចម្លែក​មិនធ្លាប់​ឃើញមាន​ទៅទៀត ជាពិសេស ការ​គំរាម​ប្រកាស​សង្រ្គាម​នុយក្លេអ៊ែរ​ទៅលើ​សហរដ្ឋ​អាមេរិក ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​​យ៉ាងច្រើន ស្ទើរតែអាចកម្ទេច​មនុស្ស​ជាតិ​​ពី​ភពផែនដី​យើងបាន។ ក៏ប៉ុន្តែ រឿង​ដ៏ចម្លែក​អស់ទាំងនេះ​កំពុង​តែ​កើតមាន​ឡើង​ស្ទើរតែ​រៀងរាល់​ថ្ងៃ ចេញ​ពី​បបូរមាត់​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង។

អ្នកវិភាគជាច្រើន​យល់ថា កូរ៉េ​ខាង​ជើង​នឹង​មិន​ហ៊ាន​វាយប្រហារ​ទៅលើ​សហរដ្ឋ​អាមេរិក​​នោះទេ ពីព្រោះ ប្រកាស​សង្រ្គាម​ជាមួយ​មហាអំណាច​យោធា​អាមេរិក គឺ​មាន​ន័យ​ស្មើ​នឹង​ធ្វើ​អត្តឃាត​ខ្លួនឯង ហើយ​គេ​មិនជឿ​ថា មេដឹកនាំ​ក្រុងព្យុងយ៉ាង​ចង់​ធ្វើ​អត្តឃាត​ខ្លួនឯង និង​ប្រទេស​ជាតិ​ខ្លួនឯង​នោះទេ។ បើ​ដូច្នេះ តើ​ហេតុអ្វី​បាន​ជា​​កូរ៉េ​ខាងជើង​ចេះតែ​ប្រកាស​គំរាម​ធ្វើ​សង្រ្គាម បង្ក​ភាព​តានតឹង​បែបនេះ? តើ​មេដឹកនាំ​ក្រុងព្យុងយ៉ាង​ចង់​បាន​អ្វី​ពិតប្រាកដ?

តាមការពិត បើ​យើង​ក្រឡេក​ទៅមើល​ហេតុការណ៍​ពី​អតីតកាល យើង​ឃើញ​ថា អ្វី​ដែល​យើង​មើល​ទៅ​ឃើញ​ថា​ជា​រៀងចម្លែក ដូចជា​ពេល​បច្ចុប្បន្ន​នេះ វា​មិនមែន​ជា​រឿង​ចម្លែក​ទេ សម្រាប់​កូរ៉េ​ខាង​ជើង។ កន្លងមក យើងឃើញ​ថា ការ​បង្ក​ហេតុ, បង្កើន​ភាព​តានតឹង, បង្ក​ទំនាស់​នឹង​​សហគមន៍​អន្តរជាតិ​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ ឬ​មីស៊ីល, ការ​គំរាម​ប្រកាស​សង្រ្គាម... សុទ្ធសឹង​តែ​ជា​រឿង​ដែល​របបកុម្មុយនិស្ត​ក្រុងព្យុងយ៉ាង​តែងតែ​ធ្លាប់​ធ្វើ​ជាញឹកញាប់ ហើយ​ជា​រៀងរាល់​លើក កូរ៉េ​ខាង​ជើង​តែងតែ​ប្រកាស​អះអាង​ពី​ជ័យជម្នះ​ផ្នែក​ការទូត​របស់​ខ្លួន ក្នុង​ការ​បង្ខំ​ឲ្យ​មាន​ការ​ធ្វើ​សម្បទាន​ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​ប្រទេស​មួយចំនួន​ផ្សេងទៀត។

គេទទួលស្គាល់ថា កាល​ពី​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ មេដឹកនាំ​កូរ៉េ​ខាងជើង​ គឺ​អ្នក​ជំនាញ​ខាង​យុទ្ធសាស្រ្ត​ការទូត ដែល​ចេះ​ប្រើល្បិច​ឆ្លៀត​ឱកាស ដែល​​ចិន និង​សហភាព​សូវៀត​កំពុង​ប្រឈមមុខ​ដាក់គ្នា ដើម្បី​ទាក់ទាញ​​យក​ជំនួយ​​យ៉ាងច្រើន​ពី​ចិន។ ក្រោយ​មក​ទៀត បន្ទាប់​ពី​សង្រ្គាម​ត្រជាក់​ត្រូវ​បញ្ចប់ មេដឹកនាំ​កូរ៉េ​ខាង​ជើង​ក៏​ចេះ​ប្រើ​ការ​គំរាម​កំហែង និង​សកម្មភាព​យោធា​របស់​ខ្លួន ដើម្បី​បង្ខំ​ឲ្យ​​មាន​ការ​ធ្វើ​សម្បទាន​​ណាមួយ​ ពី​សំណាក់​​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជិតខាង។

តាំងពីដើមរហូតមក គោលដៅ​ជា​យុទ្ធសាស្រ្ត​ដ៏ធំបំផុត​របស់​មេដឹកនាំ​របបដឹកនាំ​ក្រុង​ព្យុងយ៉ាង គឺ​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​ទទួលស្គាល់​កូរ៉េ​ខាងជើង​ថា​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ ដែល​មាន​អំណាច​ជជែក​តទល់ មួយទល់នឹង​មួយ​ ដោយ​ស្មើ​ភាព​គ្នា​ជាមួយ​នឹង​អាមេរិក។ ដើម្បី​សម្រេច​បាន​តាម​គោលដៅ​នេះ​ហើយ ដែល​កូរ៉េ​ខាងជើង​បាន​ព្យាយាម​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយ​ការប្រឈមមុខ​គ្នា​រវាង​កូរ៉េ​ខាងជើង​ និង​អាមេរិក ជុំវិញ​អាវុធ​នុយក្លេអ៊ែរ​​បាន​ចាប់ផ្តើម​​ឡើង​តាំង​ពី​ប្រមាណពីរ​ទសវត្សរ៍​មក​ហើយ។

គេចាំបាន​ថា កាលពីឆ្នាំ​១៩៩៤ កូរ៉េ​ខាងជើង​ កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អាមេរិក ក៏​ធ្លាប់​ប្រឈមមុខ​គ្នា​ខ្លាំង ​ដូចជាពេលនេះ​ដែរ ដោយសារ​តែ​សកម្មភាព​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង នៅ​ Yongbyon។ ភាពតានតឹង ដែល​ពេលនោះ​ហៀប​តែ​នឹង​ធ្វើ​ឲ្យ​សង្រ្គាម​ត្រូវ​ផ្ទុះឡើង​​នៅ​ឧបទ្វីបកូរ៉េ។

កងទ័ព​​អាមេរិក ដែល​ពេលនោះ​ មាន​លោក​ប៊ីល គ្លីនតុន​ជា​ប្រធានាធិបតី​ បាន​រៀបចំ​ផែនការ​វាយប្រហារ​ទៅលើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Yongbyon និង​គម្រោង​បង្កើន​ចំនួន​កងទ័ព​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​កូរ៉េ​ខាង​ត្បូង ដើម្បី​ត្រៀមទប់ទល់​នឹង​កូរ៉េ​ខាង​ជើង។

បន្ទាប់​ពី​បាន​ប្រឈមមុខ​ដាក់គ្នា​ជាច្រើន​ខែ នៅទីបំផុត អាមេរិក​ក៏​សុខចិត្ត​ធ្វើ​តាម​ការ​ទាមទារ​របស់​មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង គឺ​​ជួប​ចរចា​ដោយ​ផ្ទាល់ មួយ​ទល់នឹងមួយ ជាមួយ​នឹង​កូរ៉េ​ខាងជើង។ នៅពេលនោះ​ លោក​ គីម ជុងអ៊ីល ត្រូវ​បាន​គេ​ប្រកាស​អបអរ​ នៅកូរ៉េខាងជើង ថា ជា​មហាវីរបុរស​ ដែល​បាន​ធ្វើ​ឲ្យ​មហាអំណាច​អាមេរិក​ចុះញ៉ម។

៨ឆ្នាំ​ក្រោយ​មក​ទៀត នៅ​ឆ្នាំ​២០០២ ការប្រឈមមុខ​រវាង​កូរ៉េ​ខាងជើង និង​អាមេរិក​ក៏​បាន​កើតឡើង​យ៉ាង​ខ្លាំងក្លា​ជាថ្មី​ម្តងទៀត ក្រោយ​ពី​លោក​ប៊ូស បាន​ចាត់បញ្ចូល​កូរ៉េ​ខាងជើង ទៅក្នុង​ក្រុមប្រទេស​បិសាច រួមជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់។ នៅពេលនោះ កូរ៉េ​ខាងជើង​បាន​ប្រកាស​លុបចោល​កិច្ចព្រមព្រៀង​ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ ដែល​បាន​ចុះ​ជាមួយ​អាមេរិក ហើយ​គំរាម​ប្រកាស​សង្រ្គាម។ នៅទីបំផុត ភាពតានតឹង​ត្រូវ​បាន​បិទបញ្ចប់ តាមរយៈ​ការ​ចរចា ដែល​នៅពេលនោះ ត្រូវ​ធ្វើ​ដោយ​មាន​វត្តមាន​ចិន រុស្ស៊ី ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ហើយ​បង្កើត​ទៅជា​កិច្ចចរចា ៦ភាគី។ ជាថ្មីម្តងទៀត កូរ៉េ​ខាងជើង​ប្រកាស​ថា ខ្លួន​គឺ​ជា​អ្នក​ទទួល​ជោគជ័យ​ នៅ​ក្នុងការ​ប្រឈមមុខ​ដាក់​គ្នា​នេះ ដោយ​បាន​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​ធ្វើ​សម្បទាន ទៅតាម​ដែល​កូរ៉េ​ខាង​ជើង​ចង់បាន។

ចាប់ពីពេលនោះ​មក ការចរចា​ទៅលើ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ចេះតែ​អូសបន្លាយ​ពេល។ កូរ៉េ​ខាងជើង​ចេះតែ​ទទួលបាន​ជំនួយ​​ពី​ដៃគូ​ចរចា ហើយ​ក្នុង​ពេល​ជាមួយ​គ្នា ចេះតែ​នៅ​អាច​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ រហូត​ឈាន​ដល់​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន ដូចជា​ពេល​សព្វថ្ងៃ​នេះ។

ចេញ​ពី​មេរៀន​ពី​អតីតកាល​ទាំងនេះ លោក​គីម ជុងអ៊ុន ដែល​​មេដឹកនាំ​កូរ៉េ​ខាងជើង​បច្ចុប្បន្ន​ទំនង​ជា​បាន​ទាញ​សេចក្តីសន្និដ្ឋាន​ថា ការ​គំរាម​បង្ក​សង្រ្គាម និង​ភាព​អនាធិបតេយ្យ នៅ​ឧបទ្វីបកូរ៉េ គឺ​ជា​យុទ្ធសាស្រ្ត​ល្អ​បំផុត​មួយ ដើម្បី​ទាមទារ​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន ពីព្រោះ​ថា ទាំង​កូរ៉េ​ខាង​ត្បូង ទាំង​អាមេរិក ព្រមទាំង​ប្រទេស​ជា​ដៃគូ​ផ្សេងទៀត សុទ្ធតែ​មិន​ចង់​ឲ្យ​មាន​អស្ថិរភាព​ផ្ទុះឡើង នៅ​ឧបទ្វីបកូរ៉េ ដែល​ជា​តំបន់​មាន​ភាព​លូតលាស់​ខ្លាំង​ខាង​ផ្នែក​ឧស្សាហកម្ម និង​សេដ្ឋកិច្ច។

លោក​គីម ជុងអ៊ុន ទំនង​ជា​យល់ថា កន្លងមក ឪពុក​របស់​លោក គឺ​លោក គីម ជុងអ៊ីល ធ្លាប់​ទទួល​បាន​នូវ​អ្វី​ដែល​គាត់​ទាមទារ​ចង់​បាន តាមរយៈ​ការ​ប្រើ​យុទ្ធសាស្រ្ត​បែបនេះ​ ដូច្នេះ លោក​ក៏​អាច​បង្ខំ​ឲ្យ​អាមេរិក និង​សម្ព័ន្ធមិត្ត​ធ្វើ​សម្បទាន​ដល់​កូរ៉េ​ខាងជើង តាមរយៈ​ការ​បង្ក​ភាពតានតឹង និង​គំរាម​ធ្វើ​សង្រ្គាម​នេះ​ដែរ ដើម្បី​ដល់​ចុងបញ្ចប់ អាច​ប្រកាស​អះអាង​ថា លោក​គឺ​ជា​មេដឹកនាំ ដែល​អាច​​ធ្វើ​ឲ្យ​ប្រទេស​មហាអំណាច ដូចជា សហរដ្ឋ​អាមេរិក ចុះញ៉ម​បាន។ ក៏ប៉ុន្តែ សួរថា តើ​មេដឹកនាំ​​ដ៏​ក្មេងខ្ចី វ័យ​មិន​ទាន់​គ្រប់ ៣០ឆ្នាំ​ផងនេះ ពិត​ជា​មាន​ជំនាញ​ និង​មាន​គំនិត​គិតពិចារណា​គ្រប់ជ្រុងជ្រោយ អាច​ចាត់ចែង ដោះស្រាយ​វិបត្តិ​នេះ​បាន​មែន ឬ​ក៏​​ភាព​ក្មេងខ្ចី និង​ឆេវឆាវ ព្រមទាំង​កង្វះខាត​បទពិសោធន៍ អាច​នឹង​ធ្វើ​ឲ្យ​ភាពតានតឹង​ពេលនេះ រាលដាល រហូត​ទៅដល់​ការ​ផ្ទុះ​ជម្លោះ​ប្រដាប់​អាវុធមែនទែន? នេះ​គឺ​ជា​សំណួរ និង​ជា​ក្តីបារម្ភ ដែល​កំពុង​ចោទឡើង នៅ​ពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ