អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ប្រជែង​គ្នា​ផ្នែក​គោលនយោបាយ ជា​ជំហានថ្មី​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៣ ខាងមុខ គណបក្សប្រឆាំង និង​គណបក្ស​កាន់អំណាច​បា​ន​ចាប់​ផ្តើម​បង្ហាញ​អំពី​គោលនយោបាយ​របស់ខ្លួន​ដល់​ប្រជាពលរដ្ឋ​ជា​បណ្តើៗ​ហើយ បើ​ទោះ​បី​ជា​ដំណាក់កាល​ឃោសនា​នៅ​ឆ្ងាយ​នៅ​ឡើយ​ក៏​ដោយ។ បក្សប្រឆាំង​សន្យា​ថា​នឹង​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ កម្មករ និង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់ជរា។ ប៉ុន្តែ គណបក្ស​កាន់អំណាច​ដែល​ហៅ​ការ​សន្យា​របស់​បក្សប្រឆាំង​ថា​ជា​ការ​សន្យា​ខ្យល់​នោះ បាន​ផ្តោត​លើ​ការ​មិន​យក​ពន្ធដី​ពី​កសិករ​ជា​សំខាន់។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា គណបក្ស​នយោបាយ​បាន​ផ្តើម​ប្រជែង​គ្នា​តាម​រយៈ​គោលនយោបាយ​ជំនួស​ឲ្យ​ការ​គ្រាន់​តែ​វាយប្រហារ​រិះគន់​ទៅ​លើ​គូប្រជែង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោកសម រង្ស៊ី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោកសម រង្ស៊ី
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី៥​កាន់​តែ​ខិត​ចូល​មក​ដល់ បក្សប្រឆាំង និង​បក្ស​កាន់អំណាច​ដែល​ជា​គូប្រជែង​ដ៏​សំខាន់​ក្នុង​ការ​បោះឆ្នោត​ខែ​កក្កដា​ខាង​មុខ​បាន​ផ្តើម​បង្ហាញ​គោលនយោបាយ​របស់ខ្លួន​ដល់​អ្នកបោះឆ្នោត​ជា​បណ្តើៗ​ហើយ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្សប្រឆាំង​ថ្មី​បាន​សន្យា​ជា​ឧឡា​រឹក​ថា នឹង​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ឲ្យ​ដល់​១លាន​រៀល ឬ២៥០ដុល្លា ដំឡើង​ប្រាក់ខែ​កម្មករ​ឲ្យ​ដល់ ៦០ម៉ឺន​រៀល ឬ​ស្មើនឹង ១៥០ ដុល្លា និង​ថែម​ទាំង​សន្យា​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ជន​ចាស់ជរា​ចាប់​ពី​៦០ឆ្នាំ​ឡើង​ទៅ ក្នុង​ម្នាក់ៗ ៤ម៉ឺន​រៀល ឬ​ស្មើ​១០ដុល្លា​ក្នុង​មួយ​ខែ​ទៀតផង។

គោលនយោបាយ​ប្រាក់ខែ​ដែល​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​សហ​ជីព​នេះ​ត្រូវ​បាន​បក្សប្រឆាំង​ពន្យល់​ថា ខ្លួន​អាច​ធ្វើ​បាន​ដោយ​គ្រាន់​តែ​លុបបំបាត់​អំពើ​ពុករលួយ និង​ការ​រឹតបន្តឹង​នយោបាយ​ពន្ធដារ គឺ​ជា​ការ​ស្រេច។ ក៏​ប៉ុន្តែ សម្រាប់​គណបក្ស​កាន់អំណាច នេះ​គ្រាន់​តែ​ជា​ការ​សន្យា​ខ្យល់​តែ​ប៉ុណ្ណោះ។ គណបក្ស​ដែល​បាន​ដឹកនាំ​ប្រទេស​រយៈពេល​ជាង ៣០ ឆ្នាំ​មក​ហើយ​មួយ​នេះ បាន​អះអាង​ថា រដ្ឋ​គ្មាន​ថវិកា​ដូច​ដែល​បក្សប្រឆាំង​ដេក​ស្រមៃ​ឃើញ​នោះ​ទេ។ ដូច្នេះ គណបក្ស​ប្រជាជន​ក៏​ងាក​ទៅ​ផ្តោត​លើ​ការ​មិន​យក​ពន្ធដី​ពី​កសិករ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​​ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ជាទូទៅ​វិញ។ គណបក្ស​នេះ​យល់​ឃើញ​ថា ប្រសិន​បើ​គេ​យក​ថវិកា​ទៅ​បើកប្រាក់​ខែ​អស់ គេ​មិន​អាច​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​បម្រើ​ប្រយោជន៍​មនុស្ស​ទូទៅ​បាន​ទេ។

ស្តាប់​ទៅ គូបដិបក្ខ​នយោបាយ​ទាំង​ពីរ​សុទ្ធ​តែ​មាន​ហេតុផល​ដូចៗ​គ្នា។ បក្សប្រឆាំង​ដែល​ផ្តោត​លើ​ការ​រឹតបន្តឹង​គោលនយោបាយ​ពន្ធដារ និង​លុបបំបាត់​អំពើពុករលួយ​បាន​សំអាង​ថា ថវិការដ្ឋ​ជាច្រើន​បាន​ធ្លុះធ្លាយ​ចូល​ក្នុង​ហោប៉ៅ​បុគ្គល​តាម​រយៈ​អំពើពុករលួយ និង​គោលនយោបាយ​ពន្ធដារ​គ្មាន​តម្លាភាព។ ជីវភាព​ដ៏​ស្តុកស្តម​ហួស​ពី​ប្រាក់ខែ​ដែល​ទទួល​បាន​ពី​រដ្ឋ​របស់​មន្ត្រី​ដែល​មាន​តួនាទី​សំខាន់ៗ​គឺ​ជា​ឧទាហរណ៍​យ៉ាង​ងាយ​មើល​បំផុត។ បក្សប្រឆាំង​បាន​ប៉ាន់ប្រមាណ​ថា យ៉ាង​ហោច​ណាស់ មាន​​ថវិកា ៥០០ លាន​ដុល្លារ​ក្នុង​១ឆ្នាំ​បាន​បាត់បង់​ដោយសារ​អំពើពុករលួយ និង​ការឃុបឃិត​ក្នុង​វិស័យ​ពន្ធដារ។

ដូច្នេះ ប្រសិន​បើ​ប្រាក់​ទាំង​នោះ​ហូរ​ចូល​ក្នុង​ថវិកាជាតិ​ទាំង​អស់ គេ​ពិត​ជា​អាច​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ និង​ឧបត្ថម្ភ​ជន​ចាស់ជរា​បាន​យ៉ាង​ស្រួល។ ក៏ប៉ុន្តែ សំណួរ​ដែល​ចោទ​ឡើង​នៅទីនេះ​គឺ តើ​គណបក្សប្រឆាំង​មាន​សមត្ថភាព​ប្រមែប្រមូល​ថវិកា​ទាំង​នោះ​បាន​ដូច​ការ​ការគិត​ស្រមៃ​ដែរ ឬទេ?

អ្វី​ដែល​គួរ​ឲ្យ​ពិចារណា​នោះ​នៅ​ត្រង់​ថា ៖ទី១៖ អំពើពុករលួយ​ជា​ជំងឺ​ឆ្លង​ដែល​មិនមែន​មាន​តែ​ក្នុង​រដ្ឋាភិបាល​ទេ តែ​ក៏​មាន​ដែរ​ក្នុង​បក្សប្រឆាំង។ ទី២៖ រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា​តាំង​ពី​លើ​ដល់​ក្រោម គឺ​ជា​បណ្តាញ​ដ៏​រឹងមាំ​របស់​បក្ស​កាន់អំណាច​បច្ចុប្បន្ន​ដែល​មិន​មែន​ងាយស្រួល​ឡើយ​សម្រាប់​បក្សប្រឆាំង​ក្នុង​ការ​សម្រេច​គោលដៅ​របស់ខ្លួន និង​ទី៣៖ តើ​បក្សប្រឆាំង​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​សម្រាប់​ធ្វើ​កិច្ចការ​ដ៏​ស្មុគស្មាញ​នេះ​បាន​ដែរ ឬទេ ? ទាំង​នេះ​គឺ​ជា​ចំណោទ​ដែល​មិន​អាច​មើលស្រាល​បាន។ តាម​ពិត​ទៅ ការ​ដំឡើង​ប្រាក់ខែ​ឲ្យ​បាន​សមរម្យ​គួរ​តែ​គណបក្សកាន់អំណាច​បច្ចុប្បន្ន​ទៅ​វិញ​ទេ​ដែល​គួរ​តែ​អាច​ធ្វើ​បាន។ ប៉ុន្តែ គណបក្ស​ដែល​មាន​អំណាច​រឹងមាំ​ក្នុង​ដៃ និង​ដឹកនាំ​ប្រទេស​យ៉ាងយូរ​នេះ​ទទួល​ស្គាល់​ថា មិន​អាច​ធ្វើ​បាន​ដូច​ការ​ស្រមៃ​របស់​បក្សប្រឆាំង​ឡើយ។

យ៉ាង​ណា​ក៏​ដោយ​ចុះ ការ​ប្រណាំងប្រជែង​ផ្នែក​គោលនយោបាយ​គឺ​ជា​ការ​វិវឌ្ឍន៍​ថ្មី​មួយ​ក្នុង​ឆាកនយោបាយ​កម្ពុជា។ កាល​ពី​មុន​នេះ យុទ្ធសាស្ត្រ​របស់​បក្សប្រឆាំង​គឺ​ផ្តោត​ខ្លាំង​តែ​ទៅ​លើ​ការ​រិះគន់​វាយប្រហារ​ទៅ​លើ​គណបក្ស​កាន់អំណាច​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ឥឡូវ​នេះ ពួក​គេ​បែរ​ទៅ​បង្ហាញ​គោលនយោបាយ​ជាក់ស្តែង​ដល់​អ្នកបោះឆ្នោត​វិញ​ម្តង។ ចំណែក​បក្ស​កាន់អំណាច​ក៏​បង្ហាញ​គោលនយោបាយ​តប​វិញ​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​ដែរ។ នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​គន្លង​ប្រជាធិបតេយ្យ។ ក៏​ប៉ុន្តែ ការ​សន្យា ប្រសិន​បើ​មិនអាច​ធ្វើ​បាន វា​នឹង​ក្លាយ​ទៅ​ជា​នយោបាយ​ប្រជាភិថុត​ដ៏​គ្រោះថ្នាក់។ នេះ​ជា​អ្វី​ដែល​គណបក្ស​នីមួយៗ​ត្រូវ​ប្រយ័ត្នប្រយែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ