អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គណបក្ស​សម រង្ស៊ី​នៅ​លើ​របត់​ថ្មី​ប្រកប​ដោយ​ហានីភ័យ​ខ្ពស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាមរយៈ​អង្គសមាជ​វិសាមញ្ញ​របស់​គណបក្ស​សមរង្ស៊ីដែល​បាន​បើក​ធ្វើ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញគេ​អាច​សង្កេតឃើញ​យ៉ាងច្បាស់​អំពី​ភាពប្រយ័ត្នប្រយែង​យ៉ាងខ្លាំង​របស់​គណបក្ស​នេះ​នៅ​ចំពោះមុខ​របត់​នយោបាយ​ថ្មី​របស់ខ្លួន។ បើទោះបីជា​លោក​សមរង្ស៊ីបាន​លាលែង​តំណែង​ពី​គណបក្ស​ចាស់​ដើម្បី​ទៅ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ គណបក្ស​សមរង្ស៊ីបាន​ចង​ក្រឡា​យ៉ាងរឹងមាំ​សម្រាប់​ការវិលត្រឡប់​របស់លោក​សមរង្ស៊ីមក​ដឹកនាំ​គណបក្ស​ដែលមាន​ឈ្មោះ​របស់លោក​វិញ​ដដែល។សេចក្តីសម្រេច​របស់​អង្គសមាជ​វិសាមញ្ញ​នេះ​បានបង្ហាញ​ពី​ហានីភ័យ​ខ្ពស់​នៃ​របត់​នយោបាយ​របស់​គណបក្ស​សមរង្ស៊ី ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ។

សមាជិក​គណបក្ស​សម រង្ស៊ី នៅថ្ងៃ​ប្តូរ​ប្រធាន​គណបក្ស​ពី​លោក​សម រង្ស៊ី មក​លោក​គង់ គាំ
សមាជិក​គណបក្ស​សម រង្ស៊ី នៅថ្ងៃ​ប្តូរ​ប្រធាន​គណបក្ស​ពី​លោក​សម រង្ស៊ី មក​លោក​គង់ គាំ ©RFI/siv channa
ផ្សាយពាណិជ្ជកម្ម

អង្គសមាជ​វិសាមញ្ញ​របស់​គណបក្ស​សម រង្ស៊ី ដែល​បាន​បើក​ធ្វើ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​គឺជា​របត់​នយោបាយ​ថ្មី​មួយ​ដ៏​សំខាន់​របស់​គណបក្សប្រឆាំង​ជួរមុខ​គេ​នៅ​កម្ពុជា។ របត់​ថ្មី​នេះ​បានបង្ហាញ​ពី​ការវិវឌ្ឍន៍​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ វា​ក៏​ហាក់ដូចជា​បង្កប់ ដោយ​ហានីភ័យ​យ៉ាងខ្ពស់​ផងដែរ។

ការវិវឌ្ឍន៍​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ការរួបរួម​គ្នា​ជា​គណបក្ស​តែមួយ​នៅក្នុង​ចលនា​បក្សប្រឆាំង។ ទោះជា​នៅ​មិនទាន់​គ្រប់លក្ខណៈ​នៅឡើយ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើបតែ​កើតចេញ​ជា​រូបរាង​ផ្លូវការ គឺជា​លទ្ធផល​នៃ​ការរួបរួម​គ្នា​នេះ។ ដើម្បី​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​សុខចិត្ត​លាលែង​ចេញពី​គណបក្ស​ដែលមាន​ឈ្មោះ​របស់លោក​ដើម្បី​ទៅ​ដឹកនាំ​គណបក្ស​ថ្មី​នោះ។ គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការដាក់ទុន​រវាង​គណបក្ស​សម រង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស​របស់លោក កឹម សុខា។ នៅក្នុង​ឆាក​នយោបាយ​ក៏​មិន​ខុសពី​ការធ្វើ​ជំនួញ​ដែរ ភាពស្មោះត្រង់ និង​ទំនុកចិត្ត​លើ​គ្នា​ទៅវិញទៅមក​គឺជា​កត្តាចាំបាច់​មិនអាច​ខ្វះ​បាន​សម្រាប់​កំណត់​ជោគជ័យ។

ក្នុងន័យនេះ តើ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​មាន​ទំនុកចិត្ត​គ្នា​ប៉ុណ្ណា? នេះ​ជា​សំណួរ​ដ៏​សំខាន់​ដើម្បី​វាយតម្លៃ​ពី​ជោគជ័យ ឬ​បរាជ័យ​នៃ​អនាគត​គណបក្ស​សង្គ្រោះ​ជាតិ។ ពិតណាស់ វា​ហាក់ដូចជា​ឆាប់​ពេក​ក្នុង​ការរក​ឲ្យ​បាន​នូវ​ចម្លើយ​យ៉ាង​សុក្រឹត​មួយ​តប​ទៅនឹង​សំណួរ​នេះ ប៉ុន្តែ មាន​ហេតុផល​មួយចំនួន​ដែល​គេ​អាច​យកមក​ធ្វើជា​មូលដ្ឋាន​ក្នុង​ការពិចារណា​បាន។ សេចក្តីសម្រេច​របស់​អង្គសមាជ​វិសាមញ្ញ​គណបក្ស​សម រង្ស៊ី កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​គឺជា​ព្រឹត្តិការណ៍​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍។

ចំណុច​សំខាន់ៗ​ដែល​សម្រេច​ឡើង​ក្នុង​អង្គសមាជ​វិសាមញ្ញ​នោះ​មាន​ដូចតទៅ៖ ក្រៅពី​រចនា​សម្ពន្ធ័​ដឹកនាំ​ដែលមាន​ភរិយា​លោក​សម រង្ស៊ី គឺ​លោកស្រី ជូឡុង សូមួរ៉ា ជា​អនុប្រធាន​អម​ជាមួយ​លោក​គង់ គាំ លោក​សម រង្ស៊ី ក៏ត្រូវ​បានតែងតាំង​ជាទី​ប្រឹក្សា​កំពូល​របស់​គណបក្ស​សម រង្ស៊ី។ បន្ទាប់មក​អង្គសមាជ​បានធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​មួយចំនួន​ដោយ​តម្រូវ​មិន​ឲ្យ​ប្តូរ​ឈ្មោះ និង​ស្លាក​សញ្ញា​គណបក្ស និង​ជាពិសេស​តម្រូវ​ឲ្យ​គណបក្ស​នេះ​ទទួលយក​លោក​សម រង្ស៊ី ជា​អ្នកដឹកនាំ​វិញ​ជា​ស្វ័យប្រវត្តិ​ក្នុងករណី​ដែល​លោក​សម រង្ស៊ី លែង​ជា​សមាជិក​របស់​គណបក្ស​ណាមួយ ពោលគឺ​ចង់​សំដៅថា ពេល​លោក​សម រង្ស៊ី ដើរ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ។

ជាការ​ពិត ការប្រយ័ត្នប្រយែង​របស់​លោក​សម រង្ស៊ី ជាការ​ត្រឹមត្រូវ ពីព្រោះថា​គណបក្ស​នេះ ជា​ស្នាដៃ​របស់លោក សម រង្ស៊ី ដែល​បាន​បង្កើតឡើង និង​កំពុងតែ​ក្លាយជា​ចលនានយោបាយ​ប្រឆាំង​នាំមុខគេ​នៅ​កម្ពុជា។ ដូច្នេះ ការឈានទៅ​ចាប់យក​គណបក្ស​ថ្មី​មួយ​ដែល​កើតចេញពី​ការដាក់ទុន​រួមគ្នា​ជាមួយ​គណបក្ស​មួយទៀត​ក្នុង​កាលៈទេសៈ​ប្រថុចញ៉ុច​បែបនេះ គឺ​ពិតជា​មាន​ហានីភ័យ​ខ្ពស់​ខ្លាំងណាស់។ ក្នុងស្ថានភាព​បែបនេះ លោក​សម រង្ស៊ី មិនអាច​ដោះដៃ​ទាំងស្រុង​ពី​គណបក្ស​ចាស់​បានទេ។ នេះ​ជា​ភាពឡូហ្ស៊ិក​ដែល​មិន​ពិបាក​យល់​ឡើយ។

ប៉ុន្តែ ភាព​ប្រយ័ត្ន​ប្រយែង​យ៉ាងខ្លាំង​បែបនេះ វា​ពិតជា​មិនអាច​ចៀស​ផុតពី​ការបង្ហាញ​ចេញ​នូវ​រូបភាព​អវិជ្ជមាន​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ ជាពិសេស អ្វីដែល​បានកើត​ឡើង​នៅពេលនេះ ហាក់​បាន​ក្លាយជា​ទឡ្ហីករណ៍​កាន់តែច្បាស់​ថែមទៀត​សម្រាប់​បន្ថែម​ទម្ងន់​ទៅលើ​ការសង្ស័យ​តាំងពី​យូរ​មកហើយ​ទាក់ទង​នឹង​ទំនុកចិត្ត​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស របស់លោក​កឹម សុខា។ នេះ​ជា​ចំណុច​អវិជ្ជមាន​ដ៏​ធំ​មួយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​បរិបទ​ដែល​គណបក្សប្រឆាំង​ថ្មី​នេះ​កំពុង​ខិតខំ​បង្ហាញ​ពី​ភាពរឹងមាំ​របស់ខ្លួន​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត។

សរុប​មកវិញ ជោគជ័យ ឬ​បរាជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាស្រ័យ​ទាំងស្រុង​ទៅលើ​ទំនុកចិត្ត​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នេះឯង។ រហូតមកទល់​ពេលនេះ គេ​នៅតែ​មិនទាន់​មើលឃើញ​ភាពរឹងមាំ​ចំពោះ​បញ្ហា​នេះ​នៅឡើយ​ទេ។ ដូច្នេះ ពីនេះ​ទៅដល់​ការបោះឆ្នោត​ខែកក្កដា ឆ្នាំក្រោយ​ពិតជា​ពេលវេលា​ដ៏​ខ្លី​មួយ​ដែល​គណបក្ស​ទាំងពីរ​នេះ​ត្រូវ​កសាង​ទំនុកចិត្ត​រវាង​គ្នា​ឲ្យ​បាន ប្រសិនបើ​មិន​ដូច្នោះ​ទេ ការវិលត្រឡប់​របស់​លោក​សម រង្ស៊ី​ទៅរក​ទ្រនំ​ចាស់ ដូចដែល​អង្គសមាជ​វិសាមញ្ញ​បានសម្រេច​នៅពេលនេះ គឺជា​រឿង​មិនអាច​ចៀសផុត ហើយ​ការវិលត្រឡប់​នោះ​ទៀតសោត​ក៏​មិន​ប្រាកដថា​នឹង​គ្មានអ្វី​កើតឡើង​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ