អានតួអត្ថបទ
កម្ពុជា-ថៃ

ព្រះអង្គម្ចាស់​ធម្មិកោ៖ "កម្ពុជា​ទេ​ដែល​ជា​ជនរងគ្រោះ​បាត់បង់​ទឹកដី"

ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី​ បាន​សរសេរ​លិខិត​ចំហ​មួយ​នៅ​ថ្ងៃ​ ទី​២​សីហា​នេះ ជុំវិញ​បញ្ហា​ប្រាសាទ​ព្រះវិហារ ផ្ញើ​ទៅ​លោក​នាយករដ្ឋមន្ត្រី​ថៃ អាប់ភីស៊ីត វេចាជីវ៉ា។ ព្រះអង្គ​ម្ចាស់​ធម្មិកោ​ចង់​អោយ​ថ្នាក់ដឹកនាំ​ក្រុង​បាងកក​ពិចារណា​អំពី​កា ​ររួមរស់​ជាមួយ​គ្នា​ឡើងវិញ ក្នុង​នាម​ប្រទេស​ជិតខាង ដោយ​គិតអំពី​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ​តាម​ព្រំដែន។ ព្រះអង្គម្ចាស់​ធម្មិកោ​មាន​ បន្ទូល​ថា បើ​និយាយ​អំពី​ការ​បាត់បង់​ទឹកដី គឺ​កម្ពុជា​ទេ​ដែល​ជា​ជន​រងគ្រោះ។

ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ
ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ©ដឺលុច/RFI
ផ្សាយពាណិជ្ជកម្ម

05:31

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ

លិខិត​ចំហ​របស់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ មាន​កម្រាស់​៣​ទំព័រ​ជា​ភាសា​បារាំង និង​អង់គ្លេស។ ព្រះអង្គ​បាន​សរសេរ​លិខិត​នេះ​ពី​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ជាទី​ដែល​ព្រះអង្គ​នៅ​បម្រើ​សម្តេចឪ​នរោត្តម ​សីហនុ និង​សម្តេច​ម៉ែ​មុនីនាថ​ សីហនុ។ ​លិខិត​នេះ​ត្រូវ​បាន​ផ្ញើ​ទៅ​លោក​នាយករដ្ឋមន្ត្រី​ថៃ​អាប់ភីស៊ីត វេចាជីវ៉ា។ ថ្វី​ដ្បិត​​តែ​លិខិត​នេះ​ត្រូវ​បាន​ផ្ញើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ថៃ ប៉ុន្តែ​អត្ថន័យ​នៃ​លិខិត​នោះ គឺ​ព្រះអង្គ​ម្ចាស់​ធម្មិកោ​ចង់​ពន្យល់​ទៅក្រុម​ថៃ​ជាតិ​និយម​ជ្រុល អំពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ។

បញ្ហា​ដែល​សំខាន់​ខ្លាំង​ជាងគេ​នោះ​ គឺ​បញ្ហា​ប្រាសាទ​ព្រះវិហារ​នេះ​តែ​ម្តង។ ព្រះអង្គម្ចាស់​ធម្មិកោ​មាន​បន្ទូល​ថា ព្រះអង្គ​យល់​អំពី​អារម្មណ៍​ស្នេហា​ជាតិ​របស់​ក្រុម​ជន​ថៃ​មួយ​ចំនួន​ ចំពោះ​ការ​បាត់បង់​ទឹកដី។ ប៉ុន្តែ​ព្រះអង្គ​ចង់​ប្រាប់​ទៅ​ក្រុម​ជន​ថៃ​ជាតិ​និយមជ្រុល​នោះថា​មិន​ត្រូវ​គិត​ថា ខ្លួន​បាត់បង់​ទឹកដី​មក​លើ​កម្ពុជា​នោះ​ទេ។ អារម្មណ៍​បែបនេះ​ គឺ​គួរ​តែ​កម្ពុជា​វិញ​ទេ​ដែល​ត្រូវ​មាន​នោះ។ ព្រះអង្គ​បន្តថា សព្វថ្ងៃនេះ ក្រុម​ថៃ​មួយ​ចំនួន​បាន​តវ៉ា​ទាមទារ បញ្ហា​ព្រះវិហារ និង​បញ្ហា​ព្រំដែន​ដូច​កាលពី​ឆ្នាំ១៩៥៤​អ៊ីចឹង ដោយ​ចាត់​ទុកថា​ អនុសញ្ញា​ឆ្នាំ​១៩០៤ ដែល​បែកចែក​ទឹកដី​នៃ​ប្រទេស​កម្ពុជា​និង​ថៃ​នោះ​មិន​ត្រឹមត្រូវ ហើយ​ថា​បាន​ផ្តល់​ប្រយោជន៍​មកអោយ​កម្ពុជា​នូវ​បូរណភាព​ទឹកដី​ជាច្រើន។       ដោយ​ឆ្លើយ​តប​ទៅ​វិញ ព្រះអង្គម្ចាស់​​ធម្មិកោ​បានមាន​បន្ទូលថា តាមពិត​ គឺ​កម្ពុជា​ទេ​ដែល​ជា​អ្នក​រងគ្រោះ​ដោយ​អំពើ​របស់​ប្រទេស​មហា​អំណាច​ដែល​បាន​ដាក់​អាណានិគម​នៅ​កម្ពុជា។ ​តាម​ពិត ​គឺ​បញ្ហា​បច្ចេកទេស​ដូចជា ខ្សែ​បែងចែក​ទឹក​ដែល​សរសេរ​នៅក្នុង​អនុសញ្ញា​១៩០៤ ដែល​ជា​លទ្ធផល​ការងារ​បារាំង​សៀមនោះ​ហើយ ដែល​ខណ្ឌ​ចែក​ទឹកដី​នៃ​ប្រទេស​ទាំងពីរ ដោយ​បំបែក​ប្រជាជន​ខ្មែរ​រាប់លាន​នាក់​ពីមាតុភូមិ​របស់​ខ្លួន​អោយ​ទៅ​នៅ​ក្រោម​អាជ្ញាធរ​ថៃ​នោះ។

ព្រះអង្គ​បាន​ពន្យល់​បន្ត​ប្រាប់​ប្រមុខ​រដ្ឋាភិបាលថៃ​ថា នៅពេលនោះ គេ​មិន​បាន​យក​បញ្ហា​ភាសា និង​ជាតិពន្ធុ​មក​ពិចារណា​ក្នុង​ការ​បែងចែក​ទឹកដី​ទេ។ ព្រះអង្គម្ចាស់​​ធម្មិកោ​កំពុង​មាន​បន្ទូល​អំពី​ខ្មែរ​លើ​ដែល​រស់នៅ​ក្នុង​ខេត្ត​ទាំង​ប៉ុន្មាន​របស់​ថៃ​បច្ចុប្បន្ន។ ប៉ុន្តែ​ប្រសិន​បើ​ពេល​នោះ គេ​យក​បញ្ហា​ភាសា និង​ជាតិ​ពន្ធុ​មក​ធ្វើ​ជា​ប្រធានបទ​នៃ​ការ​ពិភាក្សា​បែងចែក​ទឹកដី​នោះ មិនមែន​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ស្ថិត​នៅ​កន្លែង​សព្វថ្ងៃ​ដូច​បាន​កំណត់​នៅ​ក្នុង​អនុសញ្ញា​១៩០៤​នោះ​ទេ។ គឺ​វា​ត្រូវ​ស្ថិត​នៅ​ជ្រៅ​ចូល​ទៅក្នុង​ប្រទេស​ថៃសព្វ​ថ្ងៃ​នេះ។ ព្រះអង្គម្ចាស់​ធម្មិកោ​សន្និដ្ឋាន​ថា ដូច្នេះ​ បើ​យោង​ទៅ​លើ​វត្តមាន​របស់​ក្រុម​ខ្មែរ​លើ​ដែល​កំពុង​និយាយ​ភាសា​ខ្មែរ​នៅ​ឡើយ​នោះ ហើយ​ដែល​កំពុង​រស់នៅ​ជា​ជនជាតិ​ថៃ​បច្ចុប្បន្ន វា​ជាក់ស្តែង​ណាស់​ថា ប្រាសាទ​ព្រះវិហារ​គឺ​ពិត​ជា​ស្ថិត​នៅក្នុង​ទឹកដី​កម្ពុជា។

តាមពិត​ការ​អត្ថាធិប្បាយ​លើ​បញ្ហា​បន្ទាត់​ព្រំដែន​នោះ ព្រះអង្គម្ចាស់​​ធម្មិកោ​ធ្លាប់​បាន​ថ្លែង​តាម​សារព័ត៌មាន​ខ្លះៗដែរកន្លងមក។ ប៉ុន្តែ​ការ​ចេញ​លិខិត​ចំហ​ពន្យល់ ​អំពី​បញ្ហា​ប្រវត្តិសាស្ត្រ​ដូច​នៅ​ពេល​នេះ ព្រះអង្គម្ចាស់​ធម្មិកោ​បាន​មាន​បន្ទូល គឺ​ព្រះអង្គ​ចង់​ឆ្លើយ​តប​ចំពោះ​យុទ្ធនាការ​របស់​ក្រុម​ពួកជាតិ​និយម​ជ្រុល​របស់​ថៃ​មួយ​ក្រុម​ ដែល​បាន​ទាមទារ​ប្រាសាទ​ព្រះវិហារ​នៅក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​ថ្មីៗនេះ។ ព្រះអង្គ​បាន​បញ្ជាក់​ថា ការរំឭក​អំពី​ដាន​ប្រវត្តិសាស្ត្រ​អាចធ្វើ​អោយ​ពួក​ថៃ​ជាតិ​និយម​ជ្រុល​ពិចារណា និង​គិតគូរ​បាន​វែង​ឆ្ងាយ​ជាង​នេះ។

បើ​តាម​ការ​អះអាង​របស់​មេទ័ព​ជួរមុខ​នោះ រហូត​ដល់​ពេល​នេះ វា​ហាក់​ដូច​ជា​មិនមាន​សញ្ញា​គួរ​អោយ​ព្រួយ​បារម្ភ​អ្វី​ទេ។ កាល​ពី​ព្រឹកមិញ​នេះ មេទ័ព​ខ្មែរ​មួយ​រូប​គឺ​លោក​ឧត្តមសេនីយទោ​ស្រី ឌឹក ​បាន​ជួប ស្រស់ស្រូប​បាយ​ថ្ងៃត្រង់​ជាមួយ​មេបញ្ជា​ការ​កងទ័ព​ថៃ​នៅ​តំបន់​សំបុកឃ្មុំ ក្បែរ​ជើង​ប្រាសាទ​ព្រះវិហារ​ដើម្បី​សួរ​នាំ និង​សម្រប​សម្រួល​ស្ថានការណ៍​កុំ​អោយ​តានតឹង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ