អានតួអត្ថបទ
កូរ៉េខាងជើង

លោកKim Jong-Un លេច​បង្ហាញខ្លួន​ជា​សាធារណៈ នៅ​ឱកាស​ព្យុហយាត្រា

លោក​Kim​ Jong-Un​ដែល​ត្រូវ​ឪពុក​ខ្លួន​តែង​តាំង​ឱ្យ​ស្នង​តំណែង​បន្ត​ពី​គាត់​ជា​អ្នក​ដឹក​នាំ​ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​លេច​បង្ហាញ​ខ្លួន​ ជា​សាធារណៈ​ជា​លើក​ទី​មួយ​ នៅ​ឱកាស​ព្យុហយាត្រា​ដ៏​ធំ​សម្បើម​មួយ​ នៅ​ទី​ក្រុង​ព្យុងយ៉ាង​ នៅ​ថ្ងៃ​អាទិត្យ​១០​តុលា​នេះ។

លោក​Kim Jong-Il​មេដឹកនាំ​កូរ៉េខាងជើង និង​កូនប្រុស​របស់លោកគឺ  Kim Jong-Un​ទះដៃ​អបអរ​តាំង​ពី​វេទិកា​កិត្តិយស នៅ​ថ្ងៃ​អាទិត្យ​ទី ១០​តុលា ២០១០
លោក​Kim Jong-Il​មេដឹកនាំ​កូរ៉េខាងជើង និង​កូនប្រុស​របស់លោកគឺ Kim Jong-Un​ទះដៃ​អបអរ​តាំង​ពី​វេទិកា​កិត្តិយស នៅ​ថ្ងៃ​អាទិត្យ​ទី ១០​តុលា ២០១០ ©Reuters
ផ្សាយពាណិជ្ជកម្ម

02:28

សេចក្តី​រាយការណ៍​របស់​វីនស្តុន រតនា

ឈរ​នៅ​ក្បែរ​ឪពុក​ខ្លួន​ Kim​ Jong-Il​ ​ នៅ​លើ​វេទិកា​កិត្តិយស​ លោក​Kim​ Jong-Un​ បាន​ទះ​ដៃ​សាទរ​និង​គំនាប់​ទាហាន​រាប់​ពាន់​នាក់​ដើរ​បោះ​ជំហាន​ទៅ​មុខ​ជើង​ត្រង់​ភ្លឹង​និង​បាន​មាន​មុខ​នៅ​ឱកាស​ដង្ហែ​ក្បួន​កាំជ្រួច​មីស្ស៊ីល រថក្រោះ និង​កងកាំភ្លើងធំ។

ជា​កូន​ប្រុស​ទី​បី​នៃ​ “​ អគ្គមគ្គុទ្ទេសក៍​ជា​ទី​ស្រឡាញ់​ “ លោក​Kim​ Jong-Un​បាន​ទទួល​ការដំឡើង​ឋានន្តរស័ក្តិ​ជា​ឩត្តមសេនីយ​ នៅ​ខែ​កញ្ញា​មុន​និង​ស្រាប់​តែ​បាន​ទទួល​មុខ​តំណែង​នៅ​ពី​ក្រោយ​ឪពុក​ខ្លួន​ជា​អនុ​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​ដ៏​ខ្លាំងក្លា​នៃ​គណបក្ស​ពលករ​ជា​គណបក្ស​មាន​តែ​មួយ​គត់​ នៅ​កូរ៉េ​ខាង​ជើង។កាល​ពី​មុន​ហ្នឹង​ ​ លោក​Kim​ Jong-Un​ ពុំ​បាន​បំពេញ​មុខងារ​អ្វី​ណា​មួយ​ជា​ផ្លូវការ​ទេ។

ព្យុហយាត្រា​នេះ​រៀប​ចំ​ឡើង​ ដើម្បី​ប្រារព្ធ​ខួប​ឆ្នាំ​ទី​៦៥​នៃ​ការបង្កើត​គណបក្ស​ពលករ​ ​ ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​កូរ៉េ​ខាង​ជើង​ ជា​ហេតុ​អាច​ឱ្យ​ជន​រួម​ជាតិ​គាត់​មើល​ឃើញ​អ្នក​ដែល​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​ដឹកនាំ​ខ្លួន​ នា​ពេល​ខាង​មុខ។

ប្រជាជន​កូរ៉េ​ខាងជើង​ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​ដែរ​ ពុំ​សូវ​ដឹង​អ្វី​ប៉ុន្មាន​ទេ​អំពី​លោក​Kim​Jong-Un។គេ​ជឿ​ថា​គេ​ដឹង​ថា គាត់​ប្រហែល​ជា​កើត​នៅ​ឆ្នាំ​១៩៨៣ ឬ​១៩៨៤ និង​បាន​សិក្សា​នៅ​ប្រទេស​Suisse។

អ្នក​ការទូត​បរទេស​និង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ពិធី​ព្យុហយាត្រា​នេះ​។មធ្យោបាយ​ឃោសនា​មហាជន​បរទេស​ក៏​បាន​ទទួល​ការអនុញ្ញាត​ផង​ដែរ​ ហេតុ​នេះ​ហើយ​បាន​ជា​ពិភពលោក​បាន​ឃើញ​រូបភាព​ដំបូង​របស់​លោក​Kim​ Jong-Un។

ក្នុង​ជន្មាយុ​៦៨ឆ្នាំ​ ​ លោក​Kim​ Jong-Il​ទំនង​ជា​ពុំ​ទាន់​បាន​សំរេច​ចិត្ត​លះ​បង់​រដ្ឋអំណាច​ទេ​ ​ ទោះ​បី​ជា​គាត់​បាន​កើត​រោគ​ដាច់​សរសៃ​ខួរ​ក្បាល​ នៅ​ឆ្នាំ​២០០៨​ក៏​ដោយ។

ទោះ​បី​ជា​លោក​Kim​ Jong-Il​ទំនង​ជា​ដើរ​ខ្ញើចៗ​បន្តិច​ទៅ​កាន់​វេទិកា​កិត្តិយស​ក្តី​ ​ ក៏​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ដែល​ត្រូវ​បាន​គណបក្ស​កុម្មុយនិស្ត​កូរ៉េ​ខាង​ជើង​ឱ្យ​បន្ត​កាន់​មុខ​តំណែង​ជា​អគ្គលេខាធិការគណបក្ស​ពលករ​ នៅ​ខែ​កញ្ញា​មុន​ ​ បាន​ឈរ​គំនាប់​រយៈ​ពេល​ជាង​មួយ​ម៉ោង​ នៅ​ឱកាស​ព្យុហយាត្រា​ នៅ​ថ្ងៃ​អាទិត្យ​១០​តុលា​នេះ​ នៅ​ទី​​ក្រុង​ព្យុងយ៉ាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ