អានតួអត្ថបទ
កូរ៉េខាងជើង

ការ​ស្នង​តំណែង​ត​ពូជ​ពង្ស​បាន​ចាប់​ផ្តើម​ហើយ

មហាសន្និបាត​វិសាមញ្ញ​នៃ​គណបក្ស​កុម្មុយនិស្ត​ដ៏​សំខាន់​បំផុត​ចាប់​ពី ​៣០ឆ្នាំ​មក​ទើប​នឹង​បើក​ នៅ​ទី​ក្រុង​ព្យុងយ៉ាង​។ក្រយាតំណាំង​នៃ​សម័យប្រជុំ​នេះ​គឺ​ការស្នង​តំណែង​ បន្ត​ពី​ “​ អគ្គមគ្គុទេ្ទសក៍​ដ៏​មហិមា​ “​ គឺ​លោក​Kim​ Jong-il​ដែល​ត្រូវ​គេ​និយាយ​ថា​ឈឺ​ធ្ងន់។នៅ​ថ្ងៃ​នេះ​ លោក​Kim​ Jong-il​ ចង់​ផ្ទេរ​តំណែង​ទៅ​ឱ្យ​កូន​ប្រុស​ក្មេង​បំផុត​របស់​ខ្លួន​គឺ​លោក​Kim​ Jong-eun។ប៉ុន្មាន​ម៉ោង​មុន​ការចាប់​ផ្តើម​មហាសន្និបាត​ ​ លោក​Kim​ Jong-il​បាន​លើក​ឋានន្តរស័ក្តិ​ឱ្យ​អ្នក​ស្នង​តំណែង​តែង​តាំង​របស់​ខ្លួន​ ក៏​ព្រម​ទាំង​ប្អូន​ស្រី​ផ្ទាល់​របស់​ខ្លួន​ជា​ឩត្តមសេនីយ​ផ្កាយ​បួន។ ការតែង ​តាំង​ជន​ទាំង​ពីរ​រូប​មាន​សារៈសំខាន់​ខ្លាំង​ណាស់។

លោក Kim Jong-il ប្រធានាធិបតី​កូរ៉េខាងជើង
លោក Kim Jong-il ប្រធានាធិបតី​កូរ៉េខាងជើង ©Reuters/KCNA
ផ្សាយពាណិជ្ជកម្ម

01:58

សេចក្តី​រាយការណ៍​របស់ Frédéric Ojardias ពី​ទីក្រុង​សេអ៊ូល ប្រែសម្រួល​ដោយ វីនស្តុន រតនា

លោក​Kim​ Jong-eun​អាយុ​២៧​ឆ្នាំ​ជា​អ្នក​ស្នង​តំណែង​តែង​តាំង​នៃ​ពូជ​ពង្ស​វង្ស​ត្រកូល​Kim​ទើប​នឹង​ត្រូវ​បាន​លើក​ឋានន្តរស័ក្តិ​ជា​ឩត្តមសេនីយ​ផ្កាយ​បួន។នេះ​ជា​ជំហាន​មួយ​ទៀត​ នៅ​ក្នុង​ដំណើរ​ការស្នង​តំណែង​ចាប់​ផ្តើម​កាល​ពី​២​ឆ្នាំ​មុន​ នៅ​ពេល​ដែល​ឳពុក​ខ្លួន​គឺ​ “​ អគ្គមគ្គុទ្ទេសក៍​ដ៏​មហិមា​ “​ Kim​ Jong-il​ បាន​កើត​រោគ​ដាច់​សរសៃ​ខួរ​ក្បាល។

លោក​Kim​ Jong-il​ក៏​ទើប​នឹង​តែង​តាំង​ប្អូន​ស្រី​ផ្ទាល់​របស់​ខ្លួន​ឱ្យ​មាន​ឋានន្តរស័ក្តិ​ជា​ឩត្តមសេនីយ​ដែរ។គេ​និយាយ​ថា​ គាត់​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ទៅ​លើ​ប្អូន​ប្រុស​ខ្លួន។គាត់​បាន​រៀបការ​ជាមួយ​លោក​Jang​ Song-taek​ដែល​ជា​មនុស្ស​ខ្លាំង​ទី​២​នៃ​របប។

ជាមួយ​ការតែង​តាំង​ទាំង​នេះ​ ​ លោក​Kim​ Jong-il​ រៀប​ចំ​កូន​អុក​របស់​ខ្លួន​ ដើម្បី​ឱ្យ​ស្នង​តំណែង​បន្ត​ពី​ខ្លួន។គាត់​តែង​តាំង​បុគ្គល​ដែល​ស្មោះ​ត្រង់​ចំពោះ​គាត់​និង​ដែល​ដើរ​តួ​នាទី​ជា​រាជានុសិទ្ធិ​សំរាប់​កូន​ប្រុស​គាត់​ Kim​ Jong-eun។

ពីព្រោះ​ Kim​ Jong-eun​ មាន​វ័យ​ក្មេង​ណាស់។គាត់​ស្គាល់​ពុំ​ច្បាស់​ទេ​នូវ​យន្តការ​នានា​នៃ​គណបក្ស​។គាត់​ត្រូវ​ការ​ជា​ដាច់​ខាត​នូវ​បង្អែក​ ​ ប្រសិន​បើ​គាត់​ចង់​ឱ្យ​អតីត​បក្សជន​នៃ​របប​ព្រម​ទទួល​យក​គាត់​ ​ ជាពិសេស​ ដោយ​កម្មាភិបាល​នៃ​កងទ័ព​ប្រជាជន​ប្រកប​ដោយ​ឥទ្ធិពល​ខ្លាំង​ណាស់។នៅ​សល់​ពេល​តិច​ណាស់។លោក​Kim​ Jong-il​ឈឺ​ធ្ងន់។អ្នក​ខ្លះ​នៅ​ទី​នេះ​ នៅ​ទី​ក្រុង​សេអ៊ូល​ គិតថា​ជីវិត​នយោបាយ​របស់​គាត់​ប្រហែល​ជា​ពុំ​ត្រូវ​មាន​រយៈពេល​ឱ្យ​លើស​ពី​២​ទៅ​៣​ឆ្នាំ​ទៀត​ឡើយ។ដូច្នេះ​ ការតែង​តាំង​ទាំង​នេះ​ប្រហែល​ជា​ត្រូវ​ជួយ​សម្រួល​ដល់​ការស្នង​តំណែង​តពូជ​ពង្ស​ដែល​ទោះ​ជា​យ៉ាង​ណា​ក្តី​នឹង​មាន​លក្ខណៈ​ពិបាក​ខ្លាំង​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ