អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​លោក​អតីត​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Ariel Sharon មាន​ដំណើរ​ជីវិត​នយោបាយ​យ៉ាង​ដូចម្តេច​ខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ព្រឹត្តិការណ៍​ដែល​គ្រប់​គ្នា​មិន​ភ្ញាក់ផ្អើល និង​រង់ចំា​នោះ គឺ​ការ​ទទួល​មរណៈភាព​របស់​លោក​អតីត​នាយករដ្ឋមន្រ្តី Ariel Sharon នៅ​ថ្ងៃ​សៅរ៍ ទី១១ មករា ឆ្នំា ២០១៣។ មិន​ភ្ញាក់ផ្អើល និង​រង់ចំា ព្រោះ​លោក Sharon បាន​សម្លប់​បាត់​សា្មរតី​អស់រយៈពេល ៨ឆ្នំា ពោល​តំាង​ពី​លោក​បាន​រងគ្រោះថ្នាក់​ដោយ​ជំងឺ​ដាច់សរសៃ​ខួរក្បាល​កាល​ពី​ថ្ងៃទី៦ មករា ឆ្នំា ២០០៦។ មរណៈភាព​លោក Sharon ដែល​បាន​បំផុស​ឲ្យ​មាន​ប្រតិកម្ម​ខុសៗ​គ្នា។ តើ​លោក Ariel Sharon មាន​ដំណើរ​ជីវិត​នយោបាយ​យ៉ាង​ណា​ខ្លះ?

លោក​អតីត​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល  Ariel Sharon
លោក​អតីត​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Ariel Sharon REUTERS/Gil Cohen Magen/Files
ផ្សាយពាណិជ្ជកម្ម

ចាប់​កំណើត​នៅ​ថ្ងៃទី២៦ កុម្ភៈ ឆ្នំា ១៩២៨ ក្នុង​ភូមិ​កសិកម្ម​មួយ​លើ​ទឹកដី​ប៉ាឡេស្ទីន លោក Ariel Sharon មាន​ឱពុកម្តាយ​ចេញ​ពី​គ្រួសារ Juif មក​ពី​ប្រទេស​បេឡារុស។ មាន​អាយុ ១៧ឆ្នំា យុវជន Sharon បាន​ចូល​បម្រើ​ក្នុង​កងស្វាយត្រាន Juif លួចលាក់ និង​ដែល​ក្រោយ​មក ក៏​បាន​ប្រសូត្រ​ចេញ​ជា​កងទ័ព​អ៊ីស្រាអែល​មក​ដល់​សព្វថ្ងៃ។ ក្នុង​ឆ្នំា ១៩៤៨ យុវជន Sharon បាន​ចូលរួម​ប្រយុទ្ធ និង​រងរបួស​នៅ​ក្នុង​សង្រ្គាម​អ៊ីស្រាអែល អារ៉ាប់​ជាលើក​ទីមួយ។ គឺ​ចាប់​តំាង​ពី​ពេល​នោះ​ឯង ដែល​យុទ្ធជន Sharon បាន​ក្លាយ​ជា​ទាហាន​ក្លាហាន​មុះមត់​ជាង​គេ។ ក្នុង​ឆ្នំា ១៩៥៣ លោក Sharon ក៏​បាន​បង្កើត​ចេញ​នូវ​កងឯកភាព​មួយ​ឈ្មោះ « កងឯកភាព ១០១ » ដែល​ទទួល​បន្ទុក​ជា​អ្នក​ចេញ​ប្រតិបត្តិការ​សងសឹក ក្រោយ​ពី​មាន​ការ​វាយប្រហារ​សំដៅ​លើ​ពលរដ្ឋ​អ៊ីស្រាអែល​ពី​សំណាក់​ក្រុមយុទ្ធជន​ប៉ាឡេស្ទីន។

ប្រតិបត្តិការ​សងសឹក​ដែល​កាលណោះ បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​មនុស្ស​ជាង ៧០នាក់ ដែល​ភាគច្រើន​ជា​ស្រ្តី និង​កូនក្មេង។ យុទ្ធជន Sharon បាន​ចូល​ប្រឡូក​នៅ​គ្រប់​សង្រ្គាម​ទំាង​អស់ សង្រ្គាម ៦ថ្ងៃ ក្នុង​ឆ្នំា ១៩៦៧ បន្ទាប់​មក សង្រ្គាម​ប្រឆំាង​ប្រទេស​អេហ្ស៊ីប​នៅ​ស៊ីណៃ។ សង្រ្គាម​ដែល​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ទទួល​បាន​ជោគជ័យ​ជា​ហូរហែរ ដោយ​ដណ្តើម​កាន់កាប់​បាន​នូវ​ដែនដី Cisjordanie Bande de Gaza ទីក្រុង Jérusalem ប៉ែកខាងកើត និង​តំបន់​ខ្ពង់រាប Golan។ នៅ​ក្នុង​អាជីព​ជា​ទាហាន លោក Sharon ជាប់​ឈ្មោះ​ជា​ទាហាន​ក្លាហានហួសហេតុ មិន​ខ្លាច​ស្លាប់ តែ​ក៏​ជា​ទាហាន​ម្នាក់​ដែល​គ្មាន​វិន័យ​ដែរ។

ក្នុង​ឆ្នំា ១៩៧៣ លោក Sharon បាន​ចាកចេញ​ពី​អាជីព​ជា​ទាហាន ចូល​ទៅ​ធ្វើ​ជា​អ្នកនយោបាយ​វិញ​ម្តង ដោយ​ពាក់​ស្លាសញ្ញា​ជា​អ្នកនយោបាយ​ស្តំានិយម។ លោក Sharon បាន​បង្កើត​គណបក្ស​នយោបាយ​មួយ​ឈ្មោះ Shlomzion និង​ដែល​ក្រោយ​មក ក៏​បាន​រំលាយ​ខ្លួន​ចូល​ជាមួយ​គណបក្ស​ស្តំានិយម Likoud។ ក្នុង​ឆ្នំា ១៩៧៧ និង​ជា​លើកទីមួយ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​គណបក្ស​ស្តំានិយម។ នៅ​ពេល​នោះ ការ​សាងសង់​លំនៅដ្ឋាន​របស់​ពួក Juif លើ​តំបន់ Cisjordanie និង​លើ​តំបន់ Gaza បាន​បន្ត​មាន​កាន់​តែ​ខ្លំាង និង​ដែល​រូប​លោក Sharon ជា​អ្នក​ចេញ​មុខ​គំាទ្រ​ពេញទី។

មិន​ខុស​ពី​អាជីព​ជា​ទាហាន​ទេ អាជីព​ជា​អ្នកនយោបាយ​ក៏​បាន​ធ្វើ​ឲ្យ​លោក Sharon ឡើង​បុណ្យស័ក្តិ​ដូច​កំាជណ្តើរ​ដែរ។ មាន​ក្រសួង​មួយ​ចំនួន​ដែល​លោក Sharon បាន​ធ្វើ​ជា​រដ្ឋមន្រ្តី តំាង​ពី​ក្រសួងកសិកម្ម​រហូត​ដល់​ក្រសួង​ការពារជាតិ។ ក្នុង​នាម​ជា​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ លោក Sharon បាន​បើក​យុទ្ធនាការ​យោធា​លើ​ទឹកដី​លីបង់​ដើម្បី​កំចាត់​អង្គការ OLP របស់​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន Yasser Arafat ក្នុង​ជំនាន់​នោះ។ តែ​លោក Sharon បាន​លាលែង​ពី​តំណែង​រដ្ឋមន្រ្តី​ការពារជាតិ​ក្នុង​ឆ្នំា ១៩៨៣ ក្រោយ​ពី​បាន​ជាប់សង្ស័យ​ពី​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​សម្លាប់​រង្គាល​លើ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​នៅ​ជំរំ Sabra និង Chatila ពី​សំណាក់​កងស្វាយត្រាន​លីបង់​ស្និទិ​នឹង​អ៊ីស្រាអែល។

ក៏​ប៉ុន្តែ ជីវិត​នយោបាយ​របស់​លោក Sharon មិន​បាន​ចប់​ត្រឹម​នេះ​ឯណា។ ក្នុង​ឆ្នំា ១៩៩៩ លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណបក្ស Likoud ដែល​ជា​បក្សប្រឆំាង។ មួយ​ឆ្នំា​ក្រោយ​មក គឺ​រូប​លោក Sharon នេះ​ឯង​ដែល​ជា​អ្នក​បញ្ឆេះ​ឲ្យ​មាន​សង្រ្គាម​ចោលដុំ​ថ្ម​ជា​លើក​ទី២ តាម​រយៈ​ទស្សនកិច្ច​ទៅ​កាន់​វិហារអ៊ីស្លាម​ក្នុង​ទីក្រុង Jérusalem។ ជា​កាយវិការ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ក្តៅក្រហាយ​ខ្លំាង និង​បាន​នំា​គ្នា​ធ្វើ​បាតុកម្ម​ប្រឆំាង​អ៊ីស្រាអែល​យ៉ាង​ផុសផុល។ គឺ​ការ​ផ្ទុះ​សង្រ្គាម​ចោលដុំ​ថ្ម​ជា​លើក​ទី២ នោះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​ជំនាន់​នោះ​ធ្លាក់​ពី​អំណាច និង​ដែល​ផ្តល់​ឱកាស​ឲ្យ​លោក Sharon ឡើង​អង្គុយ​កៅអី​នាយករដ្ឋមន្រ្តី​នា​ការ​បោះឆ្នោត​មុន​កាលកំណត់​ក្នុង​ឆ្នំា ២០០១។

ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល លោក Sharon មិន​ញញើត​នឹង​ប្រើ​កម្លំាងបាយ​​បង្រ្កាប​លើ​អំពើភេរកម្ម​អត្តឃាត​ដែល​បង្ក​ឡើង​ដោយ​ពួក​ប៉ាឡេស្ទីន​ទេ។ គឺ​រូបលោក Sharon នេះ​ហើយ​ដែល​បាន​បញ្ជា​ឲ្យ​ឃុំឃំាង​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន Yasser Arafat នៅ​គេហដ្ឋាន​ក្នុង​ទីក្រុង Ramallah។ គឺ​រូបលោក Sharon នេះ​ឯង​ដែល​ក្នុង​ឆ្នំា ២០០៥ បាន​សម្រេច​តែ​ម្នាក់​ឯង​ឲ្យ​មាន​ការ​ដកទ័ព​អ៊ីស្រាអែល និង​ប្រជាជន​អ៊ីស្រាអែល​ចេញ​ពី​តំបន់ Gaza របស់​ប៉ាឡេស្ទីន។ គឺ​ជា​ព្រឹត្តិការណ៍​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​គ្រប់​មជ្ឈដ្ឋាន​មាន​ការ​ភ្ញាក់ផ្អើល និង​ខឹងសម្បារ​យ៉ាង​ខ្លំាង។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ លោក Sharon ក៏​បាន​បង្កើត​គណបក្ស​ថ្មី​មួយ​មាន​លក្ខណៈកណ្តាល​និយម​ឈ្មោះ Kadima។ ប៉ុន្មាន​ខែ​ក្រោយ​មក អ៊ីស្រាអែល​ក៏​បាន​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​ដែល​ត្រូវ​រៀបចំ​បោះឆ្នោត​មុន​កាលកំណត់​ក្នុង​ឆ្នំា ២០០៦។
 
តែ​ចៃដន្យ​អាក្រក់ លោក Sharon បាន​ទទួល​រងជំងឺ​ដាច់សរសៃ​ខួរក្បាល​ជា​លើកទី១ ក្នុង​ខែ​ធ្នូ ឆ្នំា ២០០៥ និង​ជា​លើកទី២ ក្នុង​ថ្ងៃទី៤ មករា ឆ្នំា ២០០៦។ តំាង​ពី​ពេល​នោះ​មក លោក Sharon ក៏​បាន​សម្លប់​បាត់ស្មារតី​អស់រយៈពេល ៨ឆ្នំា និង​ដែល​ទើប​បាន​ដាច់​ដង្ហើម​ជា​ស្ថាពរ​កាល​ពី​ថ្ងៃទី១១ មករា ឆ្នំា ២០១៤។ សម្រាប់​ប្រទេស​អ៊ីស្រាអែល និង​ប្រជាជន​អ៊ីស្រាអែល​ភាគច្រើន ការ​បាត់បង់​លោក Sharon គឺ​ជា​ការ​បាត់បង់​អ្នកការពារទឹកដី​អ៊ីស្រាអែល​ដ៏​ឆ្នើម​ម្នាក់។ តែ​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន​ឯណោះ​វិញ លោក Sharon គឺ​ជា​ឧក្រិដ្ឋជន​សង្រ្គាម​​ម្នាក់​ដែល​ត្រូវ​តែ​ទទួល​ការ​កាត់ទោស​នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ