អានតួអត្ថបទ
កម្ពុជា

ក្រ​សួង​ព័ត៌​មាន​ប្រ​កាស​មិន​បិទ​បណ្តាញ​ទំ​នាក់​ទំនង​សង្គម​​​ទេ

បើ​ទោះ​បី​ជា​ការ​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ជះ​ផល​អវិជ្ជមាន​​​ជា​ច្រើន​ក៏​ដោយ ក៏​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​បាន​ប្រកាស​ជំហរ​ថា នឹង​មិន​បិទ​បណ្តាញ​ទំ​នាក់​ទំនង​សង្គម​Facebook នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ ការ​ប្រកាស​ជំហរ​បែប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អង្គ​សន្និបាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ ២០១៣ និង​ទិស​ដៅ​ភារកិច្ច​បន្ត​ សម្រាប់​ឆ្នាំ ២០១៤ របស់​​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ។

Facebook បណ្តាញទំនាក់ទំនងសង្គម
Facebook បណ្តាញទំនាក់ទំនងសង្គម REUTERS/Dado Ruvic/Files
ផ្សាយពាណិជ្ជកម្ម

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន លោក ខៀវ កា​ញារីទ្ធ បាន​ប្រកាស​សា​ជា​ថ្មី​ថា ក្រសួង​មិន​មាន​បំណង​បិទ​បណ្តាញ ទំ​នាក់​ទំនង​សង្គម​នោះ​ទេ។ ថ្លែង​ក្នុង​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការងារ​ឆ្នាំ ២០១៣ និង​ទិសដៅ​ភារ​កិច្ច​បន្ត សម្រាប់​ឆ្នាំ ២០១៤ របស់​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី ២៦ ខែ​កុម្ភៈ នេះ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា បណ្តាញ​សង្គម​នេះ​ងាយ​នឹង​បង្កើត​ដោយ​មិន​បាច់​សុំច្បាប់​អនុញ្ញាតហើយ​ងាយ​នឹង​បញ្ជូន​ព័ត៌​មាន និង​រូប​ភាព​គ្រប់​ប្រភេទ​បាន​យ៉ាង​ឆាប់​រហ័ស​។

មនុស្ស​នៅ​ទូទាំង​ពិភព​លោក​សុទ្ធ​តែ​អាច​បញ្ជូន នឹង​មើល​ឃើញ​បាន​តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ទាំង​នោះ ដែល​រួម​មាន​ដូចជា Facebook, Twitter, Google និង What's App ជា​ដើម។ លោក​ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ថា ការ​លេច​ឡើង​នូវ​បណ្តាញ​ទំនាក់ទំនង​សង្គម​នេះ គឺ​ជា​វិញ្ញា​សា​មួយ​ដ៏​ស្មុគ​ស្មាញ​សម្រាប់​ក្រសួង​ព័ត៌​មាន ព្រោះ​ថា វា​ក៏មាន​ជ្រុង​វិជ្ជមាន និង​អវិជ្ជមាន​​ដើរ​ទន្ទឹមគ្នា ។

ជ្រុង​វិជ្ជ​មាន គឺ​ការផ្តល់​ព័ត៌​មាន​បាន​ឆាប់​រហ័ស​ងាយ​ស្រួល នៅ​ទី​ណា ពេល​ណា​ក៏បាន ហើយ ពិភព​លោក​ទាំង​មូល អាច​ទទួល បាន​គ្រប់​ទិន្ន​ន័យ ដែល​ផ្សាយ​ចេញពី​បណ្តាញ​ទាំងនេះ។ ប៉ុន្តែ ផល​​អវិជ្ជមាន​​​វិញ ​គឺ​អ្នកប្រើប្រាស់​មួយចំនួន គ្មាន​សីល​ធម៌ ដោយ​ពួកគេ​យក​បណ្តាញ​ទាំង​នេះ​ធ្វើ​ជា​វេទិកា​ជេរ​ប្រមាថ មួល​បង្កាច់ បំ​ភ្លៃ បំ​ផ្លើស ញុះ​ញង់ អុជអាល បញ្ឆេះ​កំហឹង ប្រើពាក្យ​សំដី​អសុរស ប្រើ​រូបភាព​កាត់ត រូបភាព​អាស​អាភាស​គ្មាន​សីល​ធម៌ ដែល​ផ្ទុយ​ទាំងស្រុង​ទៅនឹង​ក្រម​សីល​ធម៌ ផ្ទុយ​នឹង​ច្បាប់​ស្តីពី​របប​សារព័ត៌​មាន ផ្ទុយ​ពី​ប្រពៃ​ណី​ទំនៀម ទម្លាប់​របស់​ប្រជា​ជន​កម្ពុជា។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​មួយ​ចំនួន បាន​ឈានទៅ​ដល់ ប្រមាថ​មើល​ងាយ​ដល់​អង្គ​ព្រះ​មហា​ក្សត្រ​ថែម​ទៀត​ផង។ យ៉ាង​ណា​ក៏​ដោយ លោក​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន បាន​បញ្ជាក់​ថា លោក​នៅ​តែ​មាន​មោទ​នភាព​ក្នុង​វិជ្ជាជីវៈ​ជា​អ្នក​សារ​ព័ត៌​មាន ព្រោះ​វា​ជា​ភ្លើង​ពិល ឆ្លុះ​មើល​គ្រប់​ទិដ្ឋភាព​សង្គម ដើម្បី​បង្ហាញ​ដល់​ប្រជា​ពល​រដ្ឋ អ្នក​អាន អ្នក​ទស្សនា​​បាន​យល់ បានដឹង​ពី​ការពិត ព្រម​ទាំង​ជា​អ្នកផ្តល់​សំឡេង​ដល់​អ្នក​ដែល​គ្មាន​សំឡេង ។

បច្ចុប្បន្ន បើ​ទោះ​បី​ជា​កម្ពុជា​មាន​វិទ្យុ​ផ្សាយ​សំឡេង កាសែត ទូរទស្សន៍ និង​គេហទំព័រ​ជាច្រើន​ក៏ដោយ ក៏​បណ្តាញ​សង្គម​ជាពិសេស  Facebook  នៅតែ​ជា​មធ្យោបាយ​ទំនាក់ទំនង​និង​ផ្តល់​ព័ត៌មាន​​ដ៏​សំខាន់។ ការប្រកាស​ជំហរ​មិន​បិទ​បណ្តាញ​សង្គម​ទាំងនោះ ជា​ដំណឹង​ល្អ​មួយ​សម្រាប់​​អ្នកប្រើប្រាស់ និង​ក៏​ជាការ​បំបាត់​ភាព​ម​ន្ទិ​ល​សង្ស័យ​ដែលមាន​ជា​យូរ​មកហើយ​ថា រដ្ឋាភិបាល​គ្រោង​រឹតបន្តឹង​ការប្រើប្រាស់​បណ្តាញ​សង្គមដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ