អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ធ្លាក់យន្តហោះ​រុស្ស៊ី៖ ហេតុអ្វី​បាន​ជា​អេហ្ស៊ីប​មិន​ហ៊ាន​សន្និដ្ឋាន​ថា ជា​ភេរវកម្ម​បំផ្ទុះគ្រាប់បែក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

១០​ថ្ងៃ​គ្រោះថ្នាក់​ផ្ទុះ​ធ្លាក់​យន្តហោះ​រុស្ស៊ី នៅ​តំបន់​ស៊ីណៃ ដែល​បាន​សម្លាប់​មនុស្ស ២២៤ សន្តិសុខ ត្រូវ​បាន​រឹតបន្តឹង នៅ​តាម​ឆ្នេរ និង​ព្រលាន​យន្តហោះ នៅ​ស្ហាម អែលស្ហែក ជាទី​ដែល អ្នកទេសចរ​ទាំង អង់គ្លេស និង​រុស្ស៊ី កំពុង​កកកុញ រង់ចាំ​ជើងយន្តហោះ ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ។ សហរដ្ឋ​អាមេរិក និង​អង់គ្លេស​បាន​និយាយ​មុនគេ​ថា យន្តហោះ​រុស្ស៊ី ធ្លាក់ ដោយសារ​គ្រាប់ផ្ទុះ​ពីក្នុង​យន្តហោះ។ ភាគី​អេហ្ស៊ីប​វិញ ដែល​ជា​អ្នកដឹកនាំ​ការស៊ើបអង្កេត​អន្តរជាតិ នៅ​តែ មិនទាន់​អះអាងថា ជា​ករណី ភេរវកម្ម បំផ្ទុះគ្រាប់បែក និង​ទាមទារ​ឲ្យ​មាន​ការស៊ើបអង្កេត​ស៊ីជម្រៅ។ រុស្ស៊ី ថ្វីត្បិត​ថា មាន​ប្រជាជន​របស់ខ្លួន​រងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​ច្រើន​ជាងគេ នៅត្រឹម​និយាយថា ជា​ករណី​គ្រោះថ្នាក់។ 

យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី ដែល​ផ្ទុះ​ធ្លាក់​នៅ​ជ្រោយ​ស៊ីណៃ កាលពីថ្ងៃទី ៣១​តុលា ២០១៥
យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី ដែល​ផ្ទុះ​ធ្លាក់​នៅ​ជ្រោយ​ស៊ីណៃ កាលពីថ្ងៃទី ៣១​តុលា ២០១៥ REUTERS/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​យន្តហោះ​រុស្ស៊ី​ផ្ទុះ​ធ្លាក់​នៅ​លើ​ជ្រោយស៊ីណៃ ភាគខាងត្បូង​ប្រទេស​អេហ្ស៊ីប អ្នកស៊ើប​អង្កេត​​មក​ពី​៤ ប្រទេស អេហ្ស៊ីប អង់គ្លេស បារាំង ហើយ​និង​អាល្លឺម៉ង់ ​ផ្តោត​សំខាន់​ទៅលើ​សំឡេង​ដែល​គេ​លឺ​នៅ​វិនាទី​ចុងក្រោយ របស់​ប្រអប់ខ្មៅ។ អ្នកជំនាញ​អន្តរជាតិ​ដែល​ចូលរួម​ក្នុង​ការស៊ើប​អង្កេត​បាន​និយាយ​ថា គេច្បាស់​ដល់​ទៅ ៩០ភាគរយ ទៅហើយ ដែល​ថា សំឡេង​ដែល​គេស្តាប់​លឺ​ចេញ​ពី​ប្រអប់​ខ្មៅ​របស់​យន្តហោះ​រុស្ស៊ី​ដែល​ធ្លាក់​កាលពី ១០​ថ្ងៃមុន គឺជា​សំឡេង​គ្រាប់ផ្ទុះ។ ប៉ុន្តែ នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃសៅរ៍ អាជ្ញាធរ​អេហ្ស៊ីប​នៅ​តែ មិនទាន់​បញ្ជាក់​ថា យន្តហោះ​របស់​រុស្ស៊ី​ធ្លាក់​ដោយសារ​ភេរវកម្ម​បំផ្ទុះគ្រាប់បែក នោះបើ​ទោះបី​ជា​ក្រុមជីហាត​នៅ​តំបន់​ស៊ីណៃ ដែល​ភ្ជាប់​ខ្លួន​ទៅ​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​ជាថ្មី​ថា យន្តហោះ​រុស្ស៊ី ផ្ទុះ​ធ្លាក់​នៅ​ស៊ីណៃ គឺ​ជា​ស្នាដៃ​របស់ខ្លួន​ក៏ដោយ។

 
អាមេរិក​ដែល​ហ៊ាន​អះអាង​មុនគេ​ថា យន្តហោះ រុស្ស៊ី​រង​ដោយ​គ្រាប់បែក ក៏​ដោយសារ​តែ​ផ្អែក​ទៅលើ​រូបភាព​របស់​ផ្កាយ​រណប ដែល​ចាប់​បាន​ពន្លឺ ​ខ្លាំង​ចាំង ពី​កន្លែង ដែល​យន្តហោះ រុស្ស៊ី កំពុង​ហោះ​ពីលើ​តំបន់​ស៊ីណៃ។ ភាគី​អង់គ្លេស​វិញ ដែល​បាន​ប្រញិបប្រញាប់​បញ្ជូន​យន្តហោះ​ទៅ​ដឹក​ជនជាតិ​របស់​ខ្លួន​ចេញ ពី​ស្ហាម អ៊ែលស្ហែក ក៏​ដោយសារ​តែ​ពឹងផ្អែក​លើ​ព័ត៌មាន​របស់​ចារកិច្ច​របស់ខ្លួន ដែល​ថា លទ្ធភាព​ធ្វើ​ភេរវកម្ម​នៅ​តំបន់​ស៊ីណៃ មាន​កម្រិត​ខ្ពស់។ មាន​ហេតុផល​ច្រើន​ដែល​ធ្វើ​ឲ្យ​គេ​ជឿថា ការសន្និដ្ឋាន​ដែល​ថា យន្តហោះ​រុស្ស៊ី​មាន​រងភេរវកម្ម មាន​លក្ខណៈ​សមហេតុផល​ច្រើន។ ព្រោះថា ទីមួយ យន្តហោះ​រុស្ស៊ី ហោះ នៅ​តំបន់​ស៊ីណៃ ដែល​ជា​សំបុក​របស់​ក្រុមជីហាត បណ្តាញ​របស់​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ ទីពីរ​ទៀត សម្មតិកម្ម​ដែល​ថា យន្តហោះ​រុស្ស៊ី​អាច​រង​គ្រាប់​មីស៊ីល​ក៏​ត្រូវ​បាន​គេ​ទាត់ចោល​តាំង ពី​ដំបូងទី ហើយ​ដែរ។

រុស្ស៊ី​ដែល​បើទោះបី ជា​ភាគី​រងគ្រោះ​ផ្ទាល់ មាន​ប្រជាជន​ស្លាប់​ច្រើន​ជាងគេ បាន​ឈរ​នៅ​ខាងភាគី​អេហ្ស៊ីប​ដែល​បាន​វាយតម្លៃថា ការធ្លាក់​យន្តហោះ​រុស្ស៊ី គ្រាន់តែ​ជា​គ្រោះថ្នាក់ ប៉ុន្តែ មិនមែន​រង​ភេរវកម្ម​នោះទេ។ រុស្ស៊ី​មិន​ហ៊ាន​ហារមាត់​និយាយ​ថា យន្តហោះ​របស់ខ្លួន​រងភេរវកម្ម ក៏ដោយសារ​តែ​រុស្ស៊ី​មិន​ចង់​ឲ្យ​មតិ​មហាជន​រុស្ស៊ី​បន្ទោស ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល។ ក្រុមជីហាត​នៅ​ស៊ីណៃ ធ្លាប់​បាន​ប្រកាស​ថា ខ្លួន​ជា​អ្នករៀបចំ​ឲ្យ​ភេរវកម្ម​ប្រឆាំង​នឹង​យន្តហោះ​រុស្ស៊ី ដើម្បី​សងសឹក​នឹង​រុស្ស៊ី ដែល​បាន​បញ្ជូន​យន្តហោះ ទៅទម្លាក់​គ្រាប់បែក​លើ​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី។ ដូច្នេះ បើកាលណា​រុស្ស៊ី​និយាយថា យន្តហោះ​របស់ខ្លួន​រង​អំពើ​ភេរវកម្ម គឺ​ប្រៀបបាន​នឹង​ការសំពង​នយោបាយ​ការបរទេស​របស់ខ្លួន​ដែរ។ ច្បាស់​ណាស់ថា មតិ​មហាជន​រុស្ស៊ី ​នឹង​អាច​បន្ទោស រដ្ឋាភិបាល​​ថា បើសិន​រដ្ឋាភិបាល​រុស្ស៊ី មិន​លូកដៃ​ទៅ​ធ្វើ​សង្រ្គាម​នៅ​ស៊ីរី ដើម្បី​ជួយ​ប្រធានាធិបតី បាស្ហា អាល់ អាសាដ​ទេ នោះ អ្នកទេសចរ​រុស្ស៊ី មិន​ជួបគ្រោះថ្នាក់ ស្លាប់​បាត់បង់​ជីវិត ដោយសារ​ស្នាដៃ ធ្វើ​ភេរវកម្ម​របស់​ក្រុមជីហាត​ដែរ។

ងាក​មក​មើល​ជំហរ​របស់​អេហ្ស៊ីប​វិញ។ ទោះជា​អ្នកស៊ើបអង្កេត​ភាគច្រើន​បាន​លើក​ឡើង​ស្រុះគ្នា ពី​សម្មតិកម្ម​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក ទៅលើ​យន្តហោះ​រុស្ស៊ី ប៉ុន្តែ អេហ្ស៊ីប​នៅ​តែប្រកាន់​ជំហរ ដដែល គឺ​ចង់​សិក្សា បន្ថែម​ទៀត​ទៅលើ​សំឡេង​ដែល​គេ​លឺ​នៅ​វិនាទី​ចុងក្រោយ​របស់​ប្រអប់ខ្មៅ។ ហេតុអ្វី ជា​អេហ្ស៊ីប​នៅ​តែ​ប្រកែក មិន​ព្រម​ទទួល​ស្គាល់ ដូច​គេឯង​យ៉ាងដូច្នេះ?

ការទទួល​ស្គាល់​ថា មាន​ភេរវកម្ម​ទៅលើ​យន្តហោះ​ដឹក​អ្នកទេសចរ​រុស្ស៊ី គឺ​ជា​ព្រនង់ ដែល​សំពង​លើ​វិស័យ​សន្តិសុខ និង​ទេសចរណ៍ អេហ្ស៊ីប។ នៅអេហ្ស៊ីប នៅ​ក្រោម​ការដឹកនាំ​របស់​អតីត​មេទ័ព និង​បុរស​ខ្លាំង ស៊ីស៊ី គេ​មិនអាច​ហ៊ាន​និយាយ​រិះគន់​ថា​ប្រព័ន្ធ ការពារ​សន្តិសុខ​របស់​អាជ្ញាធរ​អេហ្ស៊ីប​អន់​ខ្សោយ នោះ​ទេ។ ទាំង​មន្រ្តី​ការបរទេស និង​គមនាគមន៍​អេហ្ស៊ីប បើទោះ​ជា​បាន​ធ្វើការ​ជាមួយ​អ្នកជំនាញ​មក​ពី​ប្រទេស​លោកខាងលិច នៅ​តែ​ប្រយ័ត្ន​ពាក្យ​សំដី ព្រោះថា ការសន្និដ្ឋាន ថា យន្តហោះ​រុស្ស៊ី រង​ភេរវកម្ម នឹងអាច​នាំពួកគេ​ឲ្យ​ទៅ​បាត់បង់​តំណែង​បាន ដោយ​ងាយបំផុត។

គោបាត់ ទើប​ធ្វើ​របង។ នៅ​ព្រលាន​យន្តហោះ​ស្ហាម អ៊ែលស្ហែក នៅ​ថ្ងៃ​ចន្ទ អាជ្ញាធរ​អេហ្ស៊ីប​ទើប​ចាប់​ពង្រឹង​ការយាម​សន្តិសុខ ខ្លាំង គឺ​បន្ទាប់ពី​មាន​ការអំពាវនាវ​ពី​រដ្ឋាភិបាល​អង់គ្លេស។ ទាហាន ប៉ូលិស​ត្រូវ​បាន​ពង្រាយ​នៅ​តាម​ឆ្នេរសមុទ្រ រហូត​ធ្វើ​ចំនួន​ទាហាន​អេហ្ស៊ីប​មាន​ច្រើន​ជាង​អ្នកទេសចរ​បរទេស​ទៅទៀត។ សម្រាប់​អ្នកទេសចរ​បរទេស ការពង្រឹង​សន្តិសុខ​នៅព្រលាន​យន្តហោះ គឺ​គ្មានទេ នៅមុន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ រុស្ស៊ី។ តាម​អ្នកទេសចរ​ មន្រ្តី​ត្រួតពិនិត្យ​សន្តិសុខ នៅ​ព្រលាន​យន្តហោះ ស្ហាម អ៊ែលស្ហែក ប្រព្រឹត្ត​អំពើពុករលួយ ធូររលុង មិន​ឆែកឆេរ​ពិតប្រាកដ និង​បណ្តោយ​ឲ្យ​គេ​អាច​យក​ដែកកេះ​ជាដើម ចូល​ក្នុង​យន្តហោះ។

ការទទួលស្គាល់​ថា មាន​អំពើភេរវកម្ម​ទៅលើ​យន្តហោះ​រុស្ស៊ី មិន​ត្រឹម​ទម្លាក់​កំហុស​លើ​ប្រព័ន្ធ​ការពារ​សន្តិសុខ​របស់​អេហ្ស៊ីប​ផង ដែល​កំពុង​ប្រយុទ្ធប្រឆាំង នឹង​ក្រុមជីហាត​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​សម្លាប់​ផងដែរ ទេសចរណ៍​អេហ្ស៊ីប ដែល​តំណាង​ឲ្យ​​១៧ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ ទេសចរណ៍​អេហ្ស៊ីប​ទើប​ងើប​កម្រើក​ឡើងវិញ​បន្តិច នៅក្រោយ​បដិវត្តន៍ ឆ្នាំ​២០១១ ដែល​បាន​ផ្តួលរំលំ​មេដឹកនាំ​ផ្តាច់ការ​ម៉ូបារ៉ាក់។ ដោយសារ​អស្ថិរភាព​នយោបាយ និង​អសន្តិសុខ ប្រជាជន​មក​ពី​សហភាព​អឺរ៉ុប​ជាច្រើន បាន​បែរខ្នង​ដាក់​តំបន់​ទេសចរណ៍​អេហ្ស៊ីប ដែល​ក្នុង​នោះ​មាន​ផងដែរ ឆ្នេរកំសាន្ត​នៅ​ស្ហាម អ៊ែលស្ហែក។ គឺ​មាន​តែ​ប្រជាជន​រុស្ស៊ី​ប៉ុណ្ណោះ ដែល​នៅ​បន្ត​ទៅធ្វើ​ដំណើរ​កំសាន្ត​នៅ​ស្ហាម អ៊ែលស្ហែក។ បើសិន​អាជ្ញាធរ​អេហ្ស៊ីប​ប្រកាស​ថា យន្តហោះ​ដឹកអ្នកទេសចរ​រុស្ស៊ី​រង​ការវាយ​ប្រហារ​ដោយ​ក្រុមភេរវកម្ម តើ​ជនជាតិ​រុស្ស៊ី​ណា​នឹង​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​នោះ។ នេះ​ជា​ចំណុចសំខាន់​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​អេហ្ស៊ីប​នៅ​តែ​មិនទាន់​ហ៊ាន​អារកាត់ លើ​ការសន្និដ្ឋាន​ចុងក្រោយ​ស្តីពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​រុស្ស៊ី។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ