អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖តើ​ជន​ហ្សារ៉ាន អាល់លូស (Zahrane Allouche) ជា​នរណា?

នៅ​ក្នុង​ប្រទេស​ស៊ីរី កងទ័ព​រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​សម្លាប់​ជន​ហ្សារ៉ាន អាល់លូស (Zahrane Allouche) មេកើយ​របស់​ចលនា​ឧទ្ទាម Jaïch al-Islam ដែល​កំពុង​ធ្វើ​ការ​តស៊ូ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​ដាម៉ាស់​សព្វថ្ងៃ។ មរណៈភាព​ហ្សារ៉ាន អាល់លូស (Zahrane Allouche) ក៏​ត្រូវ​បាន​ចលនា​ឧទ្ទាម​ឧទ្ទាម Jaïch al-Islam បញ្ជាក់​ជា​ផ្លូវការ​នា​ថ្ងៃ​សុក្រ ទី២៥ ធ្នូ​ដែរ។ គួរ​ជម្រាប​ជូន​ថា ជន​ហ្សារ៉ាន អាល់លូស​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ពេល​ដែល​រូប​គេ​កំពុង​ជួប​ប្រជុំ​ជាមួយ​នឹង​មន្រ្តី​ជាន់ខ្ពស់​ជា​ច្រើន​នាក់​របស់​ចលនា Jaïch al-Islam។

Zahran Allush ជា​មេកើយ​របស់​ចលនា​ឧទ្ទាម Jaïch al-Islam នៅ​ស៊ីរី
Zahran Allush ជា​មេកើយ​របស់​ចលនា​ឧទ្ទាម Jaïch al-Islam នៅ​ស៊ីរី REUTERS/Bassam Khabieh
ផ្សាយពាណិជ្ជកម្ម

ចលនា​ឧទ្ទាម Jaïch al-Islam គឺ​ជា​ចលនា​ស្និទ្ធ​នឹង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​ដឹក​នាំ​ដោយ​កណ្តាប់ដៃ​ដែក​របស់​ហ្សារ៉ាន អាល់លូស និង​ដែល​មាន​កម្លាំង​យុទ្ធជន​សរុប ១៥ ០០០នាក់។ គឺ​ចលនា Jaïch al-Islam នេះ​ឯង​ដែល​បាន​បើក​ការ​ប្រយុទ្ធ​នៅ​សមរភូមិ​ជួរ​មុខ​ប៉ែក​ខាងកើត​ទីក្រុង Ghouta ដែល​ជា​ដែនអំណាច​មួយ​របស់​ពួក​ឧទ្ទាម​ស្ថិត​ប៉ែក​ខាង​កើត​ទីក្រុង​ដាម៉ាស់។ ក្នុង​រយៈពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ កម្លាំង​របស់​ចលនា​ឧទ្ទាម Jaïch al-Islam បាន​បើក​ការ​វាយប្រហារ​យ៉ាង​ចាស់​ដៃ​ក្នុង​បំណង​កាច់បំបាក់​កម្លាំង​ទ័ព​រដ្ឋាភិបាល​នៅ​ទីក្រុង​ដាម៉ាស់។

តែ​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ កម្លំាង​ឧទ្ទាម​បាន​ប្រឈម​នឹង​ឥទ្ធិពល​កាន់​តែ​ខ្លាំង​របស់​ទ័ព​រដ្ឋាភិបាល​ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ការ​វាយប្រហារ​ផ្លូវអាកាស​របស់​ទ័ព​រុស្ស៊ី។ គឺ​ដោយ​ប្រឈម​នឹង​សក្តានុពល​របស់​ទព័​រដ្ឋាភិបាល​រួម​សហការណ៍​ជាមួយ​ទ័ព​អាកាស​រុស្ស៊ី​នោះ​ហើយ​ដែល​រូប​ហ្សារ៉ាន អាល់លូស​បាន​រួម​ប្រជុំ​មេបញ្ជាការ​សំខាន់ៗ​របស់​ចលនា Jaïch al-Islam ព្រម​ទាំង​ចលនា​ឧទ្ទាម​ចំនួន​ពីរ​ទៀត គឺ Faylaq al-Rahmane និង Ahrar al-Cham។

តែ​ព័ត៌មាន​ស្តីពី​ទីកន្លែង និង​ពេល​វេលា​ប្រជុំ​របស់​ហ្សារ៉ាន អាល់លូស​ត្រូវ​បាន​ក្រុម​គិញសម្ងាត់​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ដឹង​មុន រួច​ក៏​បញ្ជូន​ទៅ​ឲ្យ​កងទ័ព។ កងទ័ព​បាន​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​ដោយ​បាញ់​គ្រាប់មីស៊ីល​ជំនាន់​ថ្មី​ផ្តល់​ដោយ​រុស្ស៊ី​ចំនួន ៣ដើម​ទៅ​លើ​ទីកន្លែង​ប្រជុំ​របស់​ហ្សារ៉ាន អាល់លូស​ស្ថិត​ក្នុង​ស្រុក Otaya ប៉ែក​ខាង​កើត​ទីក្រុង​ដាម៉ាស់។ ក្រៅ​ពី​សម្លាប់​បាន​ជន​ហ្សារ៉ាន អាល់លូស​អាយុ ៤៤ឆ្នាំ អន្តរាគមន៍​របស់​ទ័ព​រដ្ឋាភិបាល​ក៏​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា ១៥នាក់​ផ្សេង​ទៀត ភាគ​ច្រើន​ជា​មេបញ្ជាការ​គ្រាក់ៗ​របស់​ចលនា​ឧទ្ទាម Jaïch al-Islam និង​ចលនា​ឧទ្ទាម​មួយ​ចំនួន​ទៀត។

តាំង​ពី​យប់​ថ្ងៃ​សុក្រ ទី២៥ ធ្នូ ពោល​ក្រោយ​ការ​ស្លាប់​មេកើយ​ហ្សារ៉ាន អាល់លូស ចលនា Jaïch al-Islam បាន​ជ្រើស​តាំង​មេកើយ​ថ្មី​មាន​ឈ្មោះ Abou Hammam Bouyadani៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ