អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ផ្លាស់ប្តូរ​ទីតាំង

នៅ​ក្នុង​ប្រទេស​ស៊ីរី ក្រុម​អ្នកតំណាង​រដ្ឋាភិបាល និង​ក្រុម​អ្នកតំណាង​ប្រជាជន​ក្នុង​ស្រុក​បាន​ព្រមព្រៀង​គ្នា​ជម្លៀស​មនុស្ស​ប្រមាណ​ជា ៤ ០០០នាក់​ចេញ​ពី​តំបន់​ចំនួន ៣ ស្ថិត​នៅ​ប៉ែក​ខាងត្បូង​ទីក្រុង​ដាម៉ាស់។ ក្នុង​ចំណោម​មនុស្ស​ទាំង ៤ ០០០នាក់​ដែល​ចាកចេញ​ក្នុង​ថ្ងៃ​សៅរ៍ ទី២៦ ធ្នូ​នេះ មាន​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម សកម្មជន​របស់​ចលនា​រណសិរ្យ​អាល់ណូស្រា និង​ជនស៊ីវិល។

ស៊ីរី៖កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ផ្លាស់ប្តូរ​ទីតាំង
ស៊ីរី៖កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ផ្លាស់ប្តូរ​ទីតាំង AFP PHOTO / YOUSSEF KARWASHAN
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​កិច្ចព្រមព្រៀង​លើក​ទី១ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គការ​រដ្ឋអ៊ីស្លាម និង​ដែល​បាន​អនុវត្តន៍​នៅ​ក្នុង​ស្រុក​ចំនួន ៣ស្ថិត​នៅ​ប៉ែកខាងត្បូង​ទីក្រុង​ដាម៉ាស់ គឺ​ជំរំ​ប៉ាឡេស្ទីន Yarmouk ស្រុក Qadam ស្រុក Hajar al-Aswad។ ប្រភព​រដ្ឋាភិបាល​ស៊ីរី​បាន​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ត្រូវ​ផ្តើម​អនុវត្តន៍​ពី​ថ្ងៃ​សៅរ៍ ទី២៦ ធ្នូ​នេះ ហើយ​មនុស្ស​ប្រមាណ ៤ ០០០នាក់​ដែល​ត្រូវ​ចាក​ចេញ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់ Raqqa ដែល​ជា​ដែន​អំណាច​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ស្ថិត​ប៉ែកខាង​ជើង​ស៊ីរី ឬ​មួយ​បញ្ជូន​ទៅ​កាន់​ខេត្ត Alep ស្ថិត​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​តួកគី​ដែល​ជា​ដែន​អំណាច​របស់​ពួក​អ៊ីស្លាម​និយមជ្រុល និង​សកម្មជន​របស់​ចលនា​រណសិរ្យ​អាល់ណូស្រា។

ផ្អែក​តាម​កិច្ចព្រមព្រៀង យុទ្ធជន​ម្នាក់ៗ ទោះ​បី​ជា​សមាជិក​របស់​អង្គការ​រដ្ឋអ៊ីស្លាម ជា​សមាជិក​របស់​ចលនា​រណសិរ្យ​អាល់ណូស្រា ឬ​មួយ​ជា​សកម្មជន​អ៊ីស្លាម​និយមជ្រុល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក់​ចេញ​ជាមួយ​ក្រុមគ្រួសារ​ដោយ​អាច​នំា​ទៅ​ជាមួយ​នូវ​វ៉ាលី​មួយ និង​អាវុធ​ផ្ទាល់​ខ្លួន​មួយ​ដើម តែ​មិន​អាច​យក​ទៅ​ជាមួយ​នូវ​អាវុធ​ធន់ធ្ងន់ ឬ​មួយ​សម្ភារៈ​យោធា​ផ្សេង​ទៀត​ទេ។ គួរ​ជម្រាប​ជូន​ថា រដ្ឋាភិបាល និង​ក្រុមតំណាង​អ្នកស្រុក​ទំាង ៣ បាន​ចរចា​គ្នា​យ៉ាង​តឹងសរសែ ក អស់​រយៈពេល ២ខែ​ទម្រាំ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ថ្ងៃ​នេះ។ កន្លង​មក ការ​ចរចា​ក៏​ធ្លាប់​បាន​ធ្វើ​ចំនួន ៤ដង​មក​ហើយ តែ​ទទួល​បរាជ័យ​ជា​និច្ច។

ក្រុម​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជីវភាព​របស់​ប្រជាជន​រស់​ក្នុង​ស្រុក​ទាំង ៣ គឺ​ជំរំ​ប៉ាឡេស្ទីន Yarmouk ស្រុក Qadam ស្រុក Hajar al-Aswad បាន​ធ្លាក់​កាន់​តែ​ដុនដាប​ទៅៗ ពិសេស​តាំង​ពី​ទាហាន​រដ្ឋាភិបាល​ស៊ីរី​បាន​ឡោមព័ទ្ទ​បិទខ្ទប់​តាំង​ពី​ឆ្នំាំ ២០១៣។ សព្វថ្ងៃ​នេះ ជំរំ Yarmouk មាន​ជនស៊ីវិល​ប៉ាឡេស្ទីន និង​ស៊ីរី​រស់នៅ​ជិត ៧ ០០០នាក់ ពោល​តិច​ជាង​កាល​ពី​ឆ្នាំ ២០០១ ដែល​មាន​ដល់​ទៅ ១៦០ ០០០នាក់។ នា​ខែ​មេសា​កន្លង​ទៅ អង្គការ​រដ្ឋអ៊ីស្លាម និង​ចលនា​រណសិរ្យ​អាល់ណូស្រា​បាន​វាយ​ចូល​កាន់​កាប់​ជំរំ​ប៉ាឡេស្ទីន Yarmouk ប្រមាណ​ជា ៦០%។ គឺ​ពី​ជំរំ​ប៉ាឡេស្ទីន Yarmouk នោះ​ឯង​ដែល​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​បើក​ការ​វាយប្រហារ​លើ​កម្លាំង​រដ្ឋាភិបាល​ស៊ីរី និង​លើ​ក្រុម​ឧទ្ទាម​ផ្សេង​ទៀត​ក្នុង​តំបន់​ក្បែរ​ទីក្រុង​ដាម៉ាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ