អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល​បដិសេធ​មិន​ថយ​ចេញ​ពី​ដែន​ដី​អាណានិគម

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ប្រកាស​ច្រាន​ដោយ​ដាច់​ខាត​នៅ​ថ្ងៃអាទិត្យ មិន​ទទួល​យក​គំនិត​ចង់​ឱ្យ​អ៊ីស្រាអែល​បង្ខិត​ព្រំដែន​ ដក​ខ្លួន​ចេញពី​ដែន​ដី​ស៊ីហ្ស័កដានី​និង​ហ្សេរុយសាឡិម​ខាង​កើត នៅ​រវាង​ពីរ​ឆ្នាំ​ខាង​មុខ​នេះ​ទេ។ ការ​បដិសេធ​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​មុន​​ជំនួប​រវាង​លោក​ នេតានយ៉ាហ៊ូ​ជាមួយ​នឹង​ប្រមុខ​ការទូត​អាមេរិក​ ចន​ ឃែរី (John Kerry) នៅទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី នាថ្ងៃ​ចន្ទ​ទី ១៥​ធ្នូ​នេះ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benyamin Netanyahu
នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benyamin Netanyahu REUTERS/Jim Hollander
ផ្សាយពាណិជ្ជកម្ម

“អ៊ីស្រាអែល​ទំនង​​ត្រូវ​ប្រឈម​នឹង​ការ​វាយប្រហារ​ការ​ទូត ! ឬ​និយាយបែប​ផ្សេង​ មាន​ការ​សាក​ល្បង​បង្ខំ​ឱ្យ​អ៊ីស្រាអែលធ្វើ​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ បង្ខិត​បន្ទាត់​ព្រំដែន​​ឆ្នាំ​១៩៦៧ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត” ! នេះ​ជា​អះអាង​របស់​លោក នេតាន់យ៉ាហ៊ូ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ទៅ​កាន់​អង្គ​ប្រជុំ​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី។

 
បើ​តាម​សេចក្តី​ថ្លែងការណ៍ ការ​បង្ខិត​ទៅ​រក​បន្ទាត់​ខណ្ឌ​ចែក​ដី​​ដូច​កាល​គូស​នៅ​ឆ្នាំ​១៩៦៧ ប្រៀប​ដូច​ជា​នាំ​ពួក​អ៊ីស្លាមជ្រុល​និយម​​ឱ្យ​កៀន​ឃ្លៀក ជាប់​ជាយ​ក្រុង​តែអាវីវ និង​កណ្តាល​បេះដូង​ក្រុង​ហ្សេរុយសាឡិម។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ៊ីស្រាអែល​ត្រូវ​តែ​ច្រាន​ចោល​ជា​ដាច់​ខាត និង​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះទង្វើ​ប​ដិសេធរបស់​ខ្លួន។

សូម​បញ្ជាក់​ថា ប៉ាឡេស្ទីន ដោយ​មានការ​គាំទ្រ​ពី​សម្ព័ន្ធ​អារ៉ាប ចង់​ស្នើ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ អត្ថបទ​ច្បាប់​មួយ​ទាមទារ ពី​ពេល​នេះ ដល់​ឆ្នាំ​២០១៦ ឱ្យ​អ៊ីស្រាអែល​ដក​​ថយ​ចេញ​ទាំង​ស្រុង​ពី​ដែន​ដី​អាណានិគម។ ដែន​ដី​​ដែល​អ៊ីស្រាអែល​បាន​​ចូល​ឈ្លានពានកាន់កាប់​​​ឆ្នាំ​តាំង​ពី​១៩៦៧មក។

គម្រោង​ច្បាប់​នេះ ​អាច​នឹង​ត្រូវ​អាមេរិក​ប្រើ​សិទ្ធិ​វេតូ​ប្រឆាំងផង​ នៅ​ពេល​ទៅ​ដល់​ដៃ​ក្រុម​ប្រឹក្សា​សន្តិសុខ។ ប៉ុន្តែ​បារាំង តាំង​ពី​ជា​ច្រើន​សប្តាហ៍​មក​នេះ បាន​ចាប់​ផ្តើម​ជួប​ពិគ្រោះ​ជាមួយ​អង់គ្លេស អាល្លឺម៉ង់​ បន្ទាប់​មក​ជា​មួយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ហ្ស័កដានី ដើម្បី​បង្ហើយ​សំរិត​សំរាំង​គម្រោងអត្ថបទ​ព្រមព្រៀង​ ដោយ​មាន​ការ​កំណត់​កាល​បរិច្ឆេទ​ចរចា​រ២​ឆ្នាំ​ផង។ សម្រាប់​ប៉ារីស គ្មាន​ការ​កំណត់​កាលបរិច្ឆេទ​ គឺ​មិន​អាចជំរុញ​ភាគី​បក្សដិបក្ស​ឱ្យ​មាន​ទស្សនៈ​វិស័យ​ច្បាស់​លាស់​បាន​ឡើយ។

បន្ទាប់​ពី​ផែនការ​អាមេរិក​ត្រូវ​ជាប់​គាំង​តាំង​ពី​ខែ​មេសា​២០១៤​មក គម្រោង​កិច្ចព្រមព្រៀង​លើក​នេះ ត្រូវ​ចាប់​ផ្តើម​ដោយ​ការ​អូស​ទាញ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ ឱ្យ​ចាប់​ផ្តើម​ចរចា​នឹង​គ្នា​ឡើង​វិញ ដោយ​ឈរ​លើ​គោលការណ៍​សន្តិនិយម អ៊ីស្រាអែល​រួម​រស់​ក្បែរ​រដ្ឋ​​ប៉ាឡេស្ទីន​។
ក្នុង​ដំណាក់កាល​ទីពីរ​ ប៉ារីស គ្រោង​នឹង​បើក​សន្និសីទ​អន្តរជាតិ​មួយ​ ដើម្បី​សម្រេច​សម្រួច និង​ទ្រទ្រង់​​ការ​ចរចាសន្តិភាព​ ដោយ​មាន​ក្រុម​ប្រទេស​អារ៉ាប​ចូលរួម​ដែរ។

កាលពី​ថ្ងៃសុក្រ​ទី ១២ ធ្នូ សភា​ព័រទុយហ្កាល់​ បាន​អនុម័ត​អនុសាសន៍​មួយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទទួល​​រដ្ឋ​ប៉ាឡេស្ទីន​។ សភា​បារាំង អេស្ប៉ាញ អង់គ្លេស អៀរឡង់ ក៏​បាន​ធ្វើ​ដូច​ព័រទុយហ្កាល់​ដែរ។ បើ​តាមអាជ្ញាធរ​ប៉ាឡេស្ទីន មាន​ប្រទេស​ប្រមាណ​១៥​ហើយ នៅ​លើ​ពិភពលោក​បាន​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន។ ស៊ុយអែត​ទើប​ប្រកាស​ទទួល​ប៉ាឡេស្ទីន កាលពី​ពេល​ថ្មីៗ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ