អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល​​ធ្វើ​​គម្រោង​​ច្បាប់​​ថ្មី​​ទប់​​ស្កាត់​​ជន​​ភៀស​​ខ្លួន​​ខុស​​ច្បាប់

នៅ​ថ្ងៃ​អាទិត្យរដ្ឋាភិបាល​អ៊ីស្រាអែល​ ទើប​បាន​សម្រេច​គម្រោង​ច្បាប់​ថ្មីដើម្បី​ទប់ស្កាត់​ជន​ភៀស​ខ្លួន ​ដែល​ចូល​មក​នៅ​ក្នុង​ទឹកដី​ខ្លួន​ ដោយ​ខុស​ច្បាប់។គម្រោង​ច្បាប់​ប្រហាក់​ប្រហែល​គ្នា​នេះ ​អ៊ីស្រាអែល​ធ្លាប់​បាន​ធ្វើ​រួច​​ម្តង​មក​ហើយ​ តែ​ត្រូវ​តុលាការ​កំពូល​លប់​ចោល ព្រោះ​វា​មាន​លក្ខណៈ​តឹងរឹង​ហួស​ហេតុ មិន​គោរព​សិទ្ធិ​របស់​ជន​ភៀស​ខ្លួន ដែល​អ្នកខ្លះ​ រត់​គេច​មក​អ៊ីស្រាអែល​ ព្រោះ​គ្នា​គ្មាន​ជម្រើស។

ជនភៀសខ្លួនមក​ពី​ទ្វីប​អាហ្វ្រិក ជាប់ឃុំនៅ​មន្ទីរ​អូឡូ HOLOT ប្រទេសអ៊ីស្រាអែល
ជនភៀសខ្លួនមក​ពី​ទ្វីប​អាហ្វ្រិក ជាប់ឃុំនៅ​មន្ទីរ​អូឡូ HOLOT ប្រទេសអ៊ីស្រាអែល REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

យោង​តាម​តួលេខ​ផ្លូវការ​របស់​អ៊ីស្រាអែល មាន​ជន​ភៀសខ្លួន​ មិន​តិច​ជាង ៤៨០០០នាក់​ទេ ដែល​រស់​នៅ​ក្បែរ​ក្រុង ទែល អាវីវ ប្រទេស​អ៊ីស្រាអែល​ ដោយ​ខុស​ច្បាប់។ ប្រជាជន​ទាំង​នោះ​ ភាគ​ច្រើន​ជា​ជន​ជាតិ អេរីត្រេ ​ដែល​មក​ពី​ប្រទេស​ទ្វីប​អាហ្រ្វិក​មួយ​ចំនួន​ដូចជា ស៊ូដង់​ខាងត្បូង​ ប្រទេស​សូមាលី​ជា​ដើម។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ដាក់​វិធានការ​ជា​ច្រើន​ដើម្បី ​ទប់​ស្កាត់​ជន​ភៀស​ខ្លួន​ខុស​ច្បាប់។ អ៊ីស្រាអែល​បាន​បង្កើត​មន្ទីរ​ឃុំឃាំង​មួយ​ឈ្មោះ អូឡូ​ ដែល​មាន​ដាក់​ឃុំ​ជន​ភៀស​ខ្លួន​ចំនួន ​២៤០០​នាក់។

រដ្ឋាភិបាល​អ៊ីស្រាអែល ​បាន​អនុម័ត​ច្បាប់​មួយ​រួច​មក​ហើយ ​ដោយ​អនុញ្ញាត​ឲ្យ អាជ្ញាធរ​អ៊ីស្រាអែល​ ចាប់​ជន​ភៀស​ខ្លួន​ខុស​ច្បាប់ ​ដាក់​គុក​រហូត​ដល់​មួយ​ឆ្នាំ។ ប៉ុន្តែ​ច្បាប់​នេះ ត្រូវ​បាន​តុលាការ​កំពូល​អ៊ីស្រាអែល ​លុប​ចោល​វិញ​ ​នៅ​ថ្ងៃ​ទី ​២២ ​កញ្ញា ព្រោះ​វា​បាន​រំលោភ​សិទ្ធិ​ជន​ភៀស​ខ្លួន​ធ្ងន់​ធ្ងរ​ពេក ​ព្រោះ​ជន​ភៀស​ខ្លួន​ ត្រូវ​គេ​ចាប់​ដាក់​គុក​ ដោយ​គ្មាន​បាន​ឆ្លង​កាត់​ ការ​ជំនុំ​ជំរះ​អ្វី​ទាំង​អស់។ តុលាការ​កំពូល​បាន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល ធ្វើ​ច្បាប់​ថ្មី ​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ ​ពុំ​នោះ​ទេ ​មន្ទីរ​ឃុំឃាំង​ អូឡូ ​ត្រូវ​តែ​បិទ​ទ្វារ។

តាម​រយៈ​ច្បាប់​ចាស់ ​ពួក​អ្នក​ដែល​ជាប់​ឃុំ​នៅ​មន្ទីរ​អូឡូ ​គឺ​ត្រូវ​ចូល​មក​ដេក​តែ​ពេល​យប់​ទេ ហើយ​ពេល​ថ្ងៃ ត្រូវ​មក​បង្ហាញ​ខ្លួន ១ថ្ងៃ​៣ដង។ ធ្វើ​បែប​នេះ គឺ​ដើម្បី​បង្អា្កក់​មិន​ឲ្យ​ជន​ភៀស​ខ្លួន​ ដើរ​ហើរ​ទៅ​ណា​ឆ្ងាយ ​និង​ជា​ពិសេស​មិន​ឲ្យ​ធ្វើ​ការងារ​អ្វី​បាន។ តាមសម្តីលោក រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​អ៊ីស្រាអែល​ ច្បាប់​ថ្មី​នេះ មាន​លក្ខណៈ​ធូរ​ស្រាល​ជាង​មុន ដោយ​តម្រូវ​ឲ្យ​ជន​ភៀស​ខ្លួន​ មក​បង្ហាញ​ខ្លួន​មួយ​ថ្ងៃ​តែ​១ដង​ប៉ុណ្ណោះ។ មួយ​វិញទៀត មុន​នឹង​បញ្ជូន​ទៅ​ដល់​មន្ទីរ​អូឡូ ​ជន​ភៀស​ខ្លួន​ត្រូវ​ជាប់​ឃុំ​ តែ​រយៈ​ពេល​បី​ខែ​ទេ។ រយៈ​ពេល ​ដែល​ស្នាក់​នៅ​មន្ទីរ​អូឡូ ​ក៏​មិន​លើស​ពី​២០​ខែ​ដែរ។ លោក​បន្ថែម​ថា ​អាជ្ញាធរ​ត្រូវ​តែ​ចាត់​វិធាន​ការ ព្រោះ​ប្រជាជន​អ៊ីស្រាអែល ​នៅ​ក្រុង​ ទែលអាវីវ បាន​រអ៊ូរ​​ទាំ និង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ពី​សុវត្ថិភាព​របស់​ពួក​គេ ​ដោយសារ​តែ​មាន​ជន​ភៀស​ខ្លួន​ខុស​ច្បាប់​ច្រើន​ពេក។

គួរ​រំលឹក​ផង​ដែរ ​មិន​ត្រឹម​តែ​ចាត់​វិធានការ​ច្បាប់​ យ៉ាង​តឹង​រឹង​ទៅ​លើ​ជន​ភៀស​ខ្លួន អ៊ីស្រាអែល​បាន​ធ្វើ​របង​ថ្ម​ ព័ទ្ធ​ជុំវិញ ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​អេហ្ស៊ីប ជា​ច្រើន​រយ​គីឡូ ម៉ែត្រ។  អង្គការ​ Human Rights Watch ​ធ្លាប់​បាន​បរិហារ​ជា​ញឹក​ញាប់ ពី​នយោបាយ​ដាច់​អហង្ការ​ របស់​អ៊ីស្រាអែល​ ដែល​បាន​ធ្វើ​បាប​ជន​ភៀស​ខ្លួន។ ជន​ភៀស​ខ្លួន ភាគ​ច្រើន​ សុទ្ធ សឹង​តែ​ជា​ប្រជាជន​ក្រីក្រ ​ដែល​រត់​គេច​ចេញ​ពី​ការ​កាប់​សម្លាប់ ដោយសារ​សង្គ្រាម​នៅ​តាម​បណ្តា ​ប្រទេស​របស់ពួក​គេ។ ពោល​គឺ​ពួក​ជន​ភៀស​ខ្លួន​ទាំង​នោះ គ្មាន​ជំរើស​ឯណា​ផ្សេង​ទេ ​គឺ​ពួក​គេ​ ​សូម​តែ​ឲ្យ​រស់​រាន​មាន​ជីវិត​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ