អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុមជីហាត​រដ្ឋអ៊ីស្លាម​កំពុង​ដើរតាម​គន្លង​ក្រុម​អាល់កៃដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស កាល​ពីថ្ងៃ​សុក្រ បូករួម​ជាមួយ​នឹង​ការវាយប្រហារ​នៅ​លីបង់ និង​ការ​បំផ្ទុះគ្រាប់បែក​ទម្លាក់​យន្តហោះ​ដឹកអ្នក​ដំណើរ​រុស្ស៊ី​នៅ​អេហ្ស៊ីប ដែល​សុទ្ធសឹងតែ​ត្រូវ​បាន​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​ប្រកាស​ទទួលខុសត្រូវ គឺ​ជា​ការ​បង្ហាញ​ឲ្យឃើញ​កាន់តែ​ច្បាស់​ថា ក្រុម​ជីហាត​កំពុងតែ​ប្រែក្លាយ​ខ្លួន​​ទៅជា​ក្រុមភេរវជន​អន្តរជាតិ ដោយ​យក​គំរូ​តាម​ក្រុម​អាល់កៃដា ដែល​ជា​គូសត្រូវ។ ការផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​នេះ​​គឺ​ជា​សម្ពាធ​ដ៏ធំមួយ​លើ​​បណ្តា​ប្រទេស​លោកខាងលិច ដែល​បច្ចុប្បន្ន​ហាក់ដូចជា​នៅ​ធ្វើការ​ដោយ​ចុងដៃចុងជើង​នៅឡើយ ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត។

Abou Bakr al-Baghdadi មេដឹកនាំ​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម
Abou Bakr al-Baghdadi មេដឹកនាំ​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម REUTERS/Social Media Website via Reuters TV
ផ្សាយពាណិជ្ជកម្ម

តាំងពីដើម​រៀងមក បណ្តា​ប្រទេស​លោកខាងលិច​តែងតែ​នាំគ្នា​គិត​ថា ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ គឺ​ជា​ក្រុម​ភេរវជន ដែល​មាន​គោលដៅ​​​ធំ​ផ្តោត​តែ​ទៅលើ​ការ​ពង្រីក និង​កាន់កាប់​ទឹកដី នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ដើម្បី​បង្កើត​ជា​រដ្ឋអ៊ីស្លាម (កាលីហ្វា) ដោយ​មិនផ្តោត​លើ​ការ​វាយប្រហារ​លើ​ប្រទេស​លោកខាងលិច ដូច​ជា​ក្រុម​ភេរវជន​អាល់កៃដា​របស់​អូសាម៉ា ប៊ិនឡាដិន​នោះទេ។

តាមការ​ពិត ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​បាន​ប្រកាស​តាំងខ្លួន​ជា​គូប្រជែង​របស់​ក្រុម​អាល់កៃដា ដោយ​រិះគន់​ក្រុមនេះ​ថា ផ្តោត​តែ​ទៅលើ​​ការ​វាយប្រហារ​លើ​អាមេរិក និង​លោក​ខាងលិច ដែល​នៅ​ឆ្ងាយៗ ហើយ​ដែល​មិនសូវ​មាន​ប្រយោជន៍។ ចំណែក​ឯ​ពួកគេ​វិញ គឺ​ផ្តោត​ទៅលើ​ការ​កម្ចាត់​ក្រុម​និកាយ​ស្ហ៊ីអ៊ីត​ដែល​នៅក្បែរៗ ដើម្បី​បង្កើត​រដ្ឋ​អ៊ីស្លាម​មួយឡើង ហើយឈានទៅ​​ពង្រឹង​ខ្លួន​ជា​មហាអំណាច​អ៊ីស្លាម​លំដាប់​ពិភពលោក។

ដោយ​មើលទៅលើ​យុទ្ធសាស្រ្ត​ផ្តោត​អាទិភាព​លើ​ការ​បង្កើត​រដ្ឋ​នៅ​មជ្ឈិមបូព៌ា​ដូចនេះ​ហើយ​ ​បាន​ជា​គេ​សង្កេតឃើញ​ថា នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​លោកខាងលិច នាំគ្នា​ដាក់ចេញ​យុទ្ធសាស្រ្ត​ត្រឹមតែ​រារាំង​មិន​ឲ្យ​ក្រុម​ជីហាត​រីករាល​ដាល​ចេញ​ពី​ទីតាំង​បច្ចុប្បន្ន​តែ​ប៉ុណ្ណោះ ដោយ​​មិនសូវ​ជា​នាំគ្នា​ខិតខំ​ខ្នះខ្នែង​ស្វែងរក​វិធី​កម្ចាត់​ក្រុម​ជីហាត ដូចដែល​គេ​ធ្លាប់​ធ្វើ​ចំពោះ​ក្រុម​អាល់កៃដានោះទេ។ នេះ​ដោយសារ​តែប្រទេស​លោកខាងលិច​សម្លឹងឃើញថា​​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​បច្ចុប្បន្ន​មិន​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិសុខផ្ទៃក្នុង​ប្រទេស​របស់​ពួកគេ​ខ្លាំង ដូចជា​ក្រុម​អាល់កៃដា។

នៅពេល​ដែល​សាខា​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាមប្រចាំ​តំបន់​ស៊ីណៃ ប្រទេស​អេហ្ស៊ីប ប្រកាស​អះអាង​ថា ខ្លួន​ជា​អ្នក​ទទួលខុសត្រូវ​ក្នុងការ​ធ្លាក់​យន្តហោះ​ដឹកអ្នក​ដំណើររុស្ស៊ី កាល​ពីថ្ងៃ​ទី៣១​តុលា បណ្តា​អ្នក​ជំនាញ​លោកខាងលិច​ជាច្រើន​បាននាំគ្នា​សង្ស័យ​​ថា ក្រុមជីហាត​នៅ​ស៊ីណៃ​ទំនង​ជា​ធ្វើ​សកម្មភាព​នេះ​ដោយ​ចិត្ត​ឯង ហើយ​ធ្វើខុស​ពី​គោលការណ៍​របស់​មេដឹកនាំ​របស់​ខ្លួន។

ក៏ប៉ុន្តែ មន្ទិល​សង្ស័យ​អស់​ទាំងនេះ​ត្រូវ​បាន​ជម្រះ នៅ​ក្រោយ​ពី​មាន​​ការវាយប្រហារ​នៅ​លីបង់ និង​នៅ​ប៉ារីស ដោយ​គេ​ចាប់ផ្តើម​យល់​ថា សកម្មភាព​វាយប្រហារ​ភេរវកម្ម​​អស់ទាំងនេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​របស់​មេដឹកនាំ​​កំពូល​របស់​ក្រុមជីហាត​ ហើយ​នេះ វា​គឺ​ជា​ការ​ដាស់ស្មារតី​របស់​បណ្តា​ប្រទេស​លោកខាងលិច​ឲ្យ​ភ្ញាក់​ដឹងខ្លួន​ថា ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​ ក៏​មិនខុស​ពី​ក្រុម​អាល់កៃដា​ដែរ គឺ​មាន​គោលដៅ​ និង​មាន​សមត្ថភាព ក្នុងការ​បើក​ការ​វាយប្រហារ​ភេរវកម្ម​នៅ​តាម​ប្រទេស​ឆ្ងាយៗ នៅ​ទូទាំង​ពិភពលោក ហើយ​ស៊ីរី និង​អ៊ីរ៉ាក់​បច្ចុប្បន្ន​នេះ ក៏​មិនខុសគ្នា​ប៉ុន្មាន​ពី​អាហ្វហ្កានីស្ថាន កាល​ពី​មុន​ព្រឹត្តិការណ៍ ១១កញ្ញា​២០០១​នោះដែរ។

ទោះជាយ៉ាងណា មាន​អ្នក​ជំនាញ​ជាច្រើន​យល់ថា សកម្មភាព​ភេរវកម្ម​របស់​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​នៅ​ពេលបច្ចុប្បន្ន​នេះ មិនមែន​ជា​ការ​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​នោះទេ តែ​ជា​ការ​ផ្លាស់ប្តូរ​តាក់ទិក។ យុទ្ធសាស្រ្ត​របស់​ពួកគេ​នៅតែ​ដូចពីមុន គឺ​ផ្តោត​លើ​ការ​កាន់កាប់ ពង្រីក​ទឹកដី ដើម្បី​បង្កើត​រដ្ឋ​អ៊ីស្លាម។ ចំណែក​ឯ​ការ​វាយប្រហារ​ភេរវកម្ម​ទៅលើ​ប្រទេស​ឆ្ងាយៗ ក្រៅ​ពី​ស៊ីរី និង​អ៊ីរ៉ាក់ ជាពិសេស វាយប្រហារ​ទៅលើ​ប្រទេស​ដែល​ជា​មហាអំណាច​យោធា ឬ​ជា​ប្រទេស​ដែល​​ចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម វាគឺ​ជា​តាក់ទិកមួយ ដើម្បី​បង្ហាញ​ពី​ឫទ្ធានុភាព​របស់​ខ្លួន ក្នុងគោលដៅ​ទាក់ទាញ​ការ​គាំទ្រ​ពី​បណ្តា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ផង និង​ដើម្បី​ធ្វើការ​សងសឹក ឬ​កំញើញ​ប្រទេស​ដទៃ​​​កុំ​ឲ្យ​លូកដៃ​ចូល​ធ្វើ​អន្តរាគមន៍​​រារាំង​ការ​បង្កើត​រដ្ឋអ៊ីស្លាម​។

ក៏ប៉ុន្តែ បើទោះបីជាការ​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត ឬ​ជា​ការ​ផ្លាស់ប្តូរ​តាក់ទិក អ្វី​ដែល​ផ្លាស់ប្តូរ​សម្រាប់​បណ្តា​ប្រទេស​លោកខាងលិច គឺ​ចាប់ពីពេលនេះ​ទៅ គេ​ត្រូវ​តែ​ដឹង​ថា ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម គឺ​ជា​ក្រុម​ភេរវជន​អន្តរជាតិ ដែល​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់ និង​ជា​បន្ទាន់​ដល់​សន្តិសុខ​ជាតិ​របស់​ពួកគេ។ ដរាបណា​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​នៅតែ​អាច​បន្ត​ធ្វើ​ភ្លៀងធ្វើ​ផ្គរ​ស្រេចតែនឹងចិត្ត​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី ប្រទេស​លោកខាងលិច​ក៏​មិន​អាច​រំពឹង​ថា​នឹង​អាច​នៅ​បាន​សុខនោះដែរ។

លោក​ប្រធានាធិបតី​បារាំង ​ហ្វ្រង់ស័រ ហូឡង់ បាន​ថ្លែង​នៅ​ចំពោះ​មុខ​សភាពេញអង្គ​បារាំង កាលពីល្ងាចថ្ងៃ​ចន្ទ​ថា សហគមន៍​អន្តរជាតិ​ត្រូវតែ​រួមដៃគ្នា​កម្ចាត់​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​ឲ្យ​អស់​ទាំងស្រុង គឺ​​មិនមែន​ត្រឹមតែ​បង្ខាំង​ទុក​ឲ្យ​ពួកគេ​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី​នោះទេ។ ក៏ប៉ុន្តែ សំណួរ​ចោទឡើង​ថា តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​កម្ចាត់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នេះ​បាន បើ​​សហគមន៍​អន្តរជាតិ​នៅតែ​បន្ត​​​ខ្វែងគំនិតគ្នា​មិនចេះចប់​ដូចជា​សព្វថ្ងៃនេះ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ