អានតួអត្ថបទ
យេម៉ែន

យេម៉ែន៖​ក្រុម​សកម្មជន​គាំទ្រ​ពួកឧទ្ទាម​ហ៊ូទីស្ស​ធ្វើ​បាតុកម្ម​ប្រឆាំង​អន្តរការី​សហប្រជាជាតិ

នៅ​ក្នុង​ប្រទេស​យេម៉ែន មាន​សកម្មជន​គាំទ្រ​ពួកឧទ្ទាម​ហ៊ូទីស្ស​ជា​ច្រើន​រយនាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក​ឆេក អាម៉េត អន្តរការី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​យេម៉ែន ពិសេស​ប្រឆាំង​នឹង​ផែនការ​សន្តិភាព​ស្នើ​ឡើង​ដោយ​លោក​អាម៉េត។ លោក​អាម៉េត​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​យេម៉ែន​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣ វិច្ឆិកា។

ក្រុម​ឧទ្ទាម​ហ៊ូទីស្ស​ក្នុង​ប្រទេស​យេម៉ែន
ក្រុម​ឧទ្ទាម​ហ៊ូទីស្ស​ក្នុង​ប្រទេស​យេម៉ែន REUTERS/Naif Rahma
ផ្សាយពាណិជ្ជកម្ម

« សូម​អញ្ជើញ​ចេញ​វិញ​ទៅ ព្រោះ​យើង​មិន​ចុះ​ញ៉ម ហើយ​ក៏​មិន​លត់ជង្គង់​អង្វរ ក ដែរ » នេះ​ជា​សម្រែក​របស់​បាតុករ​ប្រឆាំង​នឹង​វត្តមាន​លោក​ឆេក អាម៉េត​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​យេម៉ែន​ជា​លើកទី ២ ក្នុង​សប្តាហ៍​នេះ។ គឺ​ជា​ទស្សនកិច្ច​ក្នុង​គោលដៅ​ស្វែង​រក​ដំណោះស្រាយ​បិទបញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​យេម៉ែន​តាំង​ពី ១៩ខែ និង​ដែល​កំពុង​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​មនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរ។

តាម​គម្រោង លោក​អាម៉េត​ត្រូវ​លើក​ទៅ​បង្ហាញ​ពួកឧទ្ទាម​ហ៊ូទីស្ស​នូវ​ផែនការ​សន្តិភាព​មួយ។ នៅ​ក្នុង​ផែនការ​សន្តិភាព​នោះ លោក​អាម៉េត​បាន​ស្នើ​ឡើង​ចំនួន​ពីរ​ចំណុច ទី១ សម្រុះសម្រួល​ផ្លូវកងទ័ព​ដោយ​ស្នើ​ឲ្យ​ពួក​ឧទ្ទាម​ទម្លាក់​អាវុធ និង​ដក​ខ្លួន​ចេញ​ពី​ទីក្រុងសាណា​ដែល​ពួក​នេះ​បាន​កាន់កាប់​តាំង​ពីឆ្នាំ ២០១៤ និង​ចំណុច​ទី២ លោក​អាម៉េត​បាន​ស្នើ​ឲ្យ​ជ្រើសតាំង​អនុប្រធានាធិបតី​ម្នាក់ និង​បង្កើត​រដ្ឋាភិបាល​ឯកភាពជាតិ​មួយ។

សំណើ​របស់​លោក​អាម៉េត​ត្រូវ​បាន​លោក​អតីត​ប្រធានាធិបតី​យេម៉ែន​សាឡេ​ដែល​គាំទ្រ​ដោយ​ចលនា​ឧទ្ទាម​ហ៊ូទីស្ស​​យល់​ឃើញ​កាល​ពី​ថ្ងៃ​សុក្រ ទី៥ វិច្ឆិកា​ថា ជា​មូលដ្ឋាន​​គ្រឹះ​សម្រាប់​ប្រើ​នៅ​ក្នុង​កិច្ចចរចា។ តែ​នៅ​ខាង​លោក​ប្រធានាធិបតី​ហាឌី​ដែល​មាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​បាន​បន្ត​ជំទាស់​នឹង​ផែនការ​សន្តិភាព​របស់​លោក​អាម៉េត និង​ព្យាយាម​ឲ្យ​តម្លៃ​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​លេខ ២២១៦ ដែល​បង្គាប់​ឲ្យ​ពួក​ឧទ្ទាម​ហ៊ូទីស្ស​ទម្លាក់​អាវុធ និង​ដក​ខ្លួន​ថយ​ពី​ទីក្រុង​សាណា​ដោយ​គ្មាន​លក្ខខណ្ឌ។

តែ​លោក​អាម៉េត​បាន​លើក​ឡើង​ថា ផែនការ​សន្តិភាព​របស់​លោក​ទទួល​បាន​ការ​គាំទ្រ​សម្លេង​ភាគច្រើន​ពី​ក្រុមប្រឹក្សាសន្តិសុខ និង​ព្រមាន​លើ​ភាគីជម្លោះ​ថា គេ​មិន​អាច​ទទួល​បាន​សន្តិភាព​ដោយ​គ្មាន​ការ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក ហើយ​ក៏​មិន​អាច​ទទួល​បាន​សន្តិសុខ​ដោយ​គ្មាន​ការ​ព្រមព្រៀង​គ្នា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ