អានតួអត្ថបទ
យេម៉ែន

យេម៉ែន៖​ស្លាប់​ជាង ១៤០នាក់​ក្រោម​គ្រាប់បែក​សម្ព័ន្ធមិត្ត​អារ៉ាប់ តែអារ៉ាប៊ីសាអឌីត​បដិសេធ

នៅ​ក្នុង​ប្រទេស​យេម៉ែន មាន​មនុស្ស​ស្លាប់​ជាង ១៤០នាក់ និង​របួស​ជាង ៥២៥នាក់​ផ្សេង​ទៀត​នៅ​ក្រោម​​វាយប្រហារ​ផ្លូវអាកាស​ក្នុង​ទីក្រុង​សាណា​នា​ថ្ងៃ​សៅរ៍ ទី៨ តុលា។ ក្រុម​ឧទ្ទាម​ហ៊ូទីស្ស​បាន​ចាត់​ទុក​ការ​វាយប្រហារ​ផ្លូវអាកាស​នេះ​ថា ជា​ទង្វើ​របស់​កម្លាំង​សម្ព័ន្ធអារ៉ាប់​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ តែ​ទីក្រុង​រីយ៉ាដ​បាន​ច្រាន​ចោល​លើ​ការ​ចោទប្រកាន់​នេះ និង​ប្រកាស​ត្រៀម​ខ្លួន​ជាមួយ​អាមេរិក​ដើម្បី​បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់។

REUTERS/Khaled Abdullah TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

ការ​វាយប្រហារ​ផ្លូវអាកាស​លើ​ទីក្រុង​សាណា​បាន​សំដៅ​លើ​សាល​ដ៏​ធំ​មួយ​ដែល​កំពុង​មាន​វត្តមាន​មនុស្ស​ជា​ច្រើន​ពាន់នាក់​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យសព​មួយ។ សាក្សី​ពី​ពលរដ្ឋ​រស់​ក្បែរ​កន្លែង​កើត​ហេតុ​ឲ្យ​ដឹង​ថា ការ​វាយប្រហារ​នោះ​បាន​បង្ក​ឲ្យ​មាន​អគ្គីភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តាំង​ពី​ខាង​ក្រៅ​សាល​រហូត​ចូល​ដល់​ខាង​ក្នុង ព្រម​ទាំង​បាន​ធ្វើ​ឲ្យ​ឆ្អឹង​អាគារ​ទាំង​មូល​បាក់ស្រុត​ចុះ​តែ​ម្តង។ ពី​ដំបូង ក្រុម​ឧទ្ទាម​ហ៊ូទីស្ស​ដែល​កំពុង​កាន់​អំណាច​ក្នុង​ទីក្រុង​សាណា​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ចំនួន​មនុស្ស​ស្លាប់ ៨២នាក់ និង​របួស​ជាង ៥០០នាក់។

តែ​ចំនួន​ជនរងគ្រោះ​បន្ត​កើន​ឡើង​ជា​លំដាប់​ដែល​យោង​តាម​អង្គការ​មនុស្សធម៌​នៅ​យេម៉ែន​ឲ្យ​ដឹង​ថា មាន​ស្លាប់​ជាង ១៤០នាក់ និង​របួស​ជាង ៥២៥នាក់។ ក្រុម​ឧទ្ទាម​ហ៊ូទីស្ស​បាន​បរិហារ​លើ​ទង្វើ​សម្លាប់​រង្គាល និង​បាន​ចាត់​ទុក​ការ​វាយប្រហារ​នោះ​ថា​ជា​ស្នាដៃ​របស់​កម្លាំងសម្ព័ន្ធអារ៉ាប់​ដឹក​នាំ​ដោយ​អារ៉ាប៊ីសាអូឌីត។ តែ​អារ៉ាប៊ីសាអូឌីត​បាន​ចេញ​មុខ​បដិសេធ និង​បាន​ស្នើ​ឲ្យ​ស្វែង​រក​ហេតុផល​ផ្សេង​ដែល​អាច​ជា​ទង្វើ​សម្លាប់​រង្គាល​រៀបចំ​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូទីស្ស។ យ៉ាង​ណា​ក៏​ដោយ និង​ដោយ​មិន​បាន​ចង្អុល​ចំ​មុខ​អ្នក​ណា​ម្នាក់ អង្គការ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​យេម៉ែន​បាន​ថ្កោលទោស​លើ​ការ​វាយប្រហារ​នោះ និង​បាន​ស្នើ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​មួយ​ជា​បន្ទាន់។

ប្រតិកម្ម​ថ្កោលទោស និង​តក់ស្លុត​លើ​ការ​វាយប្រហារ​នោះ​ក៏​មាន​ពី​អាមេរិក​ដែរ។ ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ឲ្យ​ដឹង​ថា នឹង​ផ្តើម​សិក្សា​ឡើង​វិញ​ពី​​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​កម្លាំងសម្ព័ន្ធ​អារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​នៃ​សេតវិមាន​បាន​ថ្លែង​ដោយ​ព្រមាន​ថា អាមេរិក​អាច​នឹង​ពិនិត្យ​មើល​ឡើង​វិញ​ពី​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​ជាមួយ​អារ៉ាប៊ីសាអូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ