អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន៖ ​ចំណង​ដែល​គ្មាន​អ្នក​ស្រាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជម្លោះ​រវាង ​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន ​នៅ​តែ​ឆេះ​ងំ ​គ្មាន​ថ្ងៃ​រលត់ ​ហើយ​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ ​ វា​បាន​បញ្ចេញ​អណ្តាត​ភ្លើង ​គួរ​ឲ្យ​ព្រួយ​បារម្ភ។ នោះ​គឺ​អណ្តាត​ភ្លើង​កំហឹង​របស់​យុវជន​ប៉ាឡេស្ទីន ​វ័យ​ក្មេងៗ ​ដែល​នាំគ្នា​ចេញ​ធ្វើ​សកម្មភាព​ហឹង្សា ​ប្រឆាំង​នឹង​អ៊ីស្រាអែល។ សកម្មភាព ​យក​កាំបិត​រឺ​អាវុធ​មុខ​ស្រួច ​ដើរ​ចាក់​មនុស្ស ​បាន​កើត​ឡើង​ជា​ច្រើន​ករណី ​កាល​ពី​សប្តាហ៍​កន្លង​ទៅ។ ជនជាតិ​អ៊ីស្រាអែល ​២​នាក់​បាន​ស្លាប់ ​ឯ​ចំណែក​ជន​ដៃដល់​ប៉ាឡេស្ទីន ​៤​នាក់ ​ត្រូវ​បាន​ប៉ូលីស​អ៊ីស្រាអែល​បាញ់​សម្លាប់។ បរិយាកាស​ចលាចល ​អំពើ​ហឹង្សា ​ក្រោម​ការ​យាម​កាម​យ៉ាង​តឹងតែង​ របស់​អាជ្ញាធរ​អ៊ីស្រាអែល ​កំពុង​តែ​ធ្វើ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន ​ថប់​ដង្ហើយ ​ហើយ​កើន​កំហឹង​ កាន់​តែ​ខ្លាំង។

ជិតមួយសប្តាហ៍មកហើយ បាតុកម្ម ហឹង្សា គុបដុំថ្ម របស់​យុវជន​ប៉ាឡេស្ទីន មានស្ទើរ​តែជារៀង​រាល់ថ្ងៃ​ នៅតំបន់​ស៊ីសហ្សកដានី ជាពិសេស​ក្បែរ​ក្រុង​រ៉ាម៉ាឡា
ជិតមួយសប្តាហ៍មកហើយ បាតុកម្ម ហឹង្សា គុបដុំថ្ម របស់​យុវជន​ប៉ាឡេស្ទីន មានស្ទើរ​តែជារៀង​រាល់ថ្ងៃ​ នៅតំបន់​ស៊ីសហ្សកដានី ជាពិសេស​ក្បែរ​ក្រុង​រ៉ាម៉ាឡា REUTERS/Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

មិន​ចាំបាច់​ ទាល់តែ​ទៅ​រស់​នៅ​លើ​ទឹក​ដី​ប៉ាឡេស្ទីន​ផ្ទាល់​ ទើប​យើង​អាច​យល់​ ពី​ការ​លំបាក​របស់​​ប្រជាជន​ប៉ាឡេស្ទីន​ទេ។ ដែនដី​ប៉ាឡេស្ទីន ​ត្រូវ​ពុះ​ចែក​ជា​ជម្រៀក​ តំបន់​ហ្គាហ្សា​មួយ​ផ្នែក ​តំបន់​ស៊ីហ្សកដានី​មួយ​ចំណែក។ ជញ្ជាំង​ថ្ម ​ហ៊ំព័ទ្ធ ​ទាហាន​អ៊ីស្រាអែល ​យាម​ស្អេកស្កះ ​ត្រួត​ពិនិត្យ ​ឆែកឆរ​ រាល់​ការ​ធ្វើ​ដំណើរ​ របស់​ប្រជាជន​ប៉ាឡេស្ទីន។ ទីក្រុង​ហ្ស៊េរូសាឡឹម ​ជា​ទី​ដែល​មាន​វិហារ​អ៊ីស្លាម ​ទី​សក្ការៈបូជា​របស់​ប្រជាជន​អ៊ីស្លាម ​ ត្រូវ​បាន​បិទ​ជា​ញឹកញយ ​ដោយ​អាជ្ញា​ធរ​ អ៊ីស្រាអែល​នៅ​ពេល​ដែល​មាន​ហេតុការណ៍​ហឹង្សា​ម្តងៗ។

 
វា​មិន​គួរ​ឲ្យ​ជឿ​សោះ​ ថា​ប្រជាជន​ទាំង​ពីរ​នេះ ​ ធ្លាប់​ជា​ប្រជាជន​ ដែល​បាន​រួម​រស់​ជាមួយ​គ្នា ​ដោយ​សុខ​សន្តិភាព ​កាល​ពី​ពីរ​ពាន់​ឆ្នាំ​មុន ​នៅ​លើ​ដែនដី​នៃ​ការ​កកើត ​សាសនា​ធំៗ​ទាំង​បី ​សាសនា​ជ្វីហ្វ ​សាសនា​អ៊ីស្លាម ​និង​សាសនា​គ្រឹស្ត។ ទាំង​អស់​នេះ​ គឺ​មក​ពី​ចរិត​សួនតួ​និយម​ របស់​អ្នក​នយោបាយ​ទាំង​សងខាង ​ ពី​មួយ​ជំនាន់​ ទៅ​មួយ​ជំនាន់​ ដែល​បាន​ចិញ្ចឹម ​គំនំ ​ស្អប់​ខ្ពើម​គ្នា ​ច្រណែន​គ្នា ​ដណ្តើម​គ្នា ​ចង់​ត្រួតត្រា​គ្នា​ទៅ​វិញ​ទៅ​មក។ ដែនដី តំបន់​ស៊ីហ្សកដានី​របស់​ប៉ាឡេស្ទីន ​ត្រូវ​បាន​អ៊ីស្រាអែល ​ច្រឹប​យក​ម្តង​បន្តិចៗ ​តាម​រយៈ​ការ​សាងសង់​អាគារ​ ផ្ទះ​ធំៗ ​បញ្ជូន​ប្រជាជន​អ៊ីស្រាអែល ​ទៅ​រស់​នៅ ​ឥត​ឈប់ឈរ។

ចលនា​ហឹង្សា​ប្រឆាំង​អ៊ីស្រាអែល​​ របស់​យុវជន​ប៉ាឡេស្ទីន​ជំនាន់ថ្មី៖
ក្នុង​ពេល​ដែល​យើង​ទាំង​អស់​គ្នា ​កំពុង​តែ​អាន​ព័ត៌មាន​នេះ ​យុវជន​ប៉ាឡេស្ទីន​ឯណោះ ​កំពុង​តែ​នាំគ្នា​រៀបចំ​សកម្មភាព​ហឹង្សា​ផ្សេងៗ ​ដូច​ជា​ការ​ចោល​ដំថ្ម ​ទៅ​លើ​កង​កម្លាំង​អ៊ីស្រាអែល​ជាដើម​ ដើម្បី​បង្ហាញ​ពី​សេចក្តី​ក្រេវ​ក្រោធ​របស់​ពួក​គេ។ ចលនា​ផុសផុល ​របស់​ប្រជាជន​ប៉ាឡេស្ទីន ​​របៀប​នេះ ​ធ្លាប់​មាន​ពីរ​ដង​រួច​មក​ហើយ ​ដែល​គេ​ហៅ​ថា​ ជា​ចលនា ​អ៊ីនទីហ្វាដា Intifada។

អ្នក​ខ្លះ​កំពុងតែ​សង្ស័យ​ថា ​ នេះ​គឺ​ជា​ចលនា​អ៊ីនទីហ្វាដា​ទីបី។ ក៏​ប៉ុន្តែ​បើ​យើង​វិភាគ ​ឲ្យ​បាន​ស៊ី​ជម្រៅ ​ ចលានា​ហឹង្សា​ផុសផុល​ របស់​យុវជន​ប៉ាឡេស្ទីន​នា​ពេល​នេះ ​វា​ជា​ចលនា​កើត​ចេញ​ពី​ទឹកចិត្ត​ស្នេហាជាតិ​ របស់​ពួក​គេ​ម្នាក់ៗ​សុទ្ធសាធ ​ដែល​ខុស​ពី​ចលានា​ កាល​ពី​លើក​មុនៗ ​ដែល​មាន​ការ​ជម្រុញ​ញុះញង់​ ពី​ក្រុម​អ្នក​នយោបាយ ក្រុម​តស៊ូ​របស់​ប៉ាឡេស្ទីន​ ​ពោល​គឺ​ក្រុម​ហ្វាតា ​និង​ក្រុម​ហាម៉ាស​ នេះ​តែម្តង។

កាល​ពី​សម័យ​មុន ​ប្រជាជន​ប៉ាឡេស្ទីន ​មាន​តែ​ក្រុម​ហ្វាតា ​រឺ​ក្រុម​ហាម៉ាស​ទេ ​ ដែល​ជា​បង្អែក។ ​ប៉ុន្តែ​សម័យ​នេះ ​ក្រុម​ទាំង​ពីរ​នេះ ​បាន​ចុះ​ថយ​កម្លាំង ​ដោយសារ​យុវជន​ក្មេងៗ ​ មាន​ជំហរ​រឹងមាំ​ដោយ​ខ្លួន​ឯង​ នោះ​ក៏​ដោយសារ​ពួក​គេ​មាន​ប្រភព​ព័ត៌មាន​ច្រើន ​មាន​បណ្តាញ​ទំនាក់ទំនង​គ្នា​ច្រើន ​ដោយ​មិន​ចាំបាច់​ រំពឹង​បណ្តាញ​របស់​ក្រុម​ហា្វតា ​រឺ​ក្រុម​ហាម៉ាស។ Facebook Twetter Youtube ​ទាំង​អស់​នេះ​ហើយ​ ជា​មធ្យោបាយ​ ដែល​យុវជន​ប៉ាឡេស្ទីន​ក្មេងៗ ​ប្រើប្រាស់ ​ដើម្បី​ទំនាក់​ទំនង​គ្នា ​ចែក​រំលែក​ព័ត៌មាន​គ្នា ​ព្រមទាំង​យក​ជា​វេទិកា​ សម្តែង​កំហឹង​របស់​ខ្លួន ​ទល់​នឹង​ការ​ឈ្លានពាន​របស់​អ៊ីស្រាអែល។

បន្ថែម​ពី​នេះ ​ប្រព័ន្ធ​អ៊ីនធើណិត ​ បណ្តាញ​សង្គម​ទាំង​នេះ​ អាច​អនុញ្ញាត ​ឲ្យ​យុវជន​ប៉ាឡេស្ទីន​ មាន​ការ​យល់​ដឹង​ទូលំ​ទូលាយ  ​ពី​បណ្តាញ​ព័ត៌មាន​របស់​អ៊ីស្រាអែល​ ដឹង​ពី​ការ​យល់​ឃើញ​ទូទៅ​ របស់​មតិ​សាធារណៈ​អ៊ីស្រាអែល ​ជុំវិញ​ការ​ទន្រាន​ដែនដី​ប៉ាឡេស្ទីន។ និយាយ​ឲ្យ​ស្មោះ​ត្រង់​ មិនមែន​ប្រជាជន​អ៊ីស្រាអ៊ែល ​គ្រប់​រូប ​សុទ្ធតែ​ពេញ​ចិត្ត ​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​ខ្លួន​ ដែល​ទៅ​ឈ្លានពាន​ ​ធ្វើ​បាប​ប្រជាជន​ប៉ាឡេស្ទីន​ទេ។ មាន​តែ​ពួក​អ៊ីស្រាអែល ​ជាតិ​និយម​ជ្រុល​តែ​ប៉ុណ្ណោះ​ ​ដែល​គាំទ្រ​ទង្វើ​បែប​នេះ។
 

ក្រុុង​រ៉ាម៉ាឡា ថ្ងៃទី ៥ តុលា ២០១៥ យុវជនប៉ាឡេស្ទីន កំពុង​តែចោល​ដុំថ្ម​
ក្រុុង​រ៉ាម៉ាឡា ថ្ងៃទី ៥ តុលា ២០១៥ យុវជនប៉ាឡេស្ទីន កំពុង​តែចោល​ដុំថ្ម​ REUTERS/Mohamad Torokman

អ្វី​ដែល​យើង​គ្រប់​គ្នា​ព្រួយ​បារម្ភ​ គឺ​ថា ​តើ​ចលនា​ហឹង្សា​ទាំង​អស់​នេះ ​នឹង​ជម្រុញ​ឲ្យ​អ៊ីស្រាអែល ​ប្រើ​ធម៌​ក្តៅ ​ដូច​កាល​ពី​លើក​មុនៗ​ដែរ​រឺ​ទេ? ​កាល​ពី​ចលនា ​អ៊ីនទីហ្វាដា ​លើក​ទី​ពីរ​ ក្នុង​ឆ្នាំ​២០០០ ​អ៊ីស្រាអែល ​បាន​បញ្ចេញ​កម្លាំង​ទាហាន ​បំពាក់​ដោយ​រថក្រោះ ​កាំភ្លើង​គ្រប់​ធន់  ​ដើម្បី​បង្រ្កាប​ពួក​អ្នក​តស៊ូ​ប៉ាឡេស្ទីន។ តំបន់​ស៊ីហ្សកដានី ​ខ្ទេច​រាប​ស្ទើរ​តែ​ទាំង​ស្រុង។ យើង​នៅ​មិន​ទាន់​ភ្លេច​ទេ ​កាល​ពី​ឆ្នាំ​២០១៤​កន្លង​មក​នេះ ​ អ៊ីស្រាអែល ​បាន​ឆ្លើយ​តប​ ទៅនឹង​គ្រាប់​រ៉ូកែត​របស់​ក្រុម​ហាម៉ាស ​ប៉ាឡេស្ទីន ​តាម​រយៈ​គ្រាប់បែក​តូច​ធំ ​បាញ់​ផ្លោង ​កម្ទេច​តំបន់​ហ្គាហ្សា ​បាក់​ទ្រុឌទ្រោម។ កាល​ពី​ថ្ងៃ​សៅរ៍ ​ គ្រាប់​រូកែត​ពីរ​គ្រាប់ ​ បាន​បាញ់​ចេញ​ពី​តំបន់​ហ្គាហ្សា​ដែរ ​ហើយ​អ៊ីស្រាអែល​ បាន​ឆ្លើយ​តប​ទៅ​វិញ ​ដោយ​បាន​បាញ់​គ្រាប់​ ធ្វើ​ឲ្យ​ស្លាប់​ស្រី្ត​ពរពោះ ​និង​កុមារ​ម្នាក់។

ពងមាន់​ជល់​នឹង​ថ្ម៖
ប៉ុន្តែ​យើង​ត្រូវ​បែង​ចែក​ឲ្យ​ដាច់ ​ រវាង​ចលនា​ហឹង្សា​របស់​ក្រុម​យុវជន​ប៉ាឡេស្ទីន ​ដែល​មាន​តែ​ដំថ្ម​នៅ​នឹង​ដៃ ​ និង​ក្រុម​ហាម៉ាស​ ប៉ាឡេស្ទីន​នៅ​តំបន់​ហ្គាហ្សា  ​ដែល​ជា​ទាហាន​តស៊ូ ​មាន​អាវុធ។ វាក៏​ជា​ការ​លំបាក​មួយ​ដែរ ​ ដោយសារ​តែ ​ពួក​យុវជន​ប៉ាឡេស្ទីន​ក្មេងៗ​ទាំង​នេះ ​មិនមែន​ជា​កូនចៅ​ របស់​អ្នក​ណា​ទាំង​អស់ ​ពួក​ហាម៉ាស​ក៏​មិនមែន​ ពួក​ហ្វាតា​ក៏​មិន​មែន។ ដូច្នេះ​ចង់​បញ្ឈប់​ពួក​គេ ​វា​ជា​ការ​លំបាក​បន្តិច។

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ​យើង​សង្កេត​ឃើញ​ថា ​អាជ្ញាធរ​កណ្តាល​របស់​ប៉ាឡេស្ទីន​ ដែល​ដឹកនាំ​ដោយ​លោក​ម៉ាមូដ អាបាស ​នៅ​តំបន់​រ៉ាម៉ាឡា ​កំពុង​តែ​ព្យាយាម​ធ្វើ​យ៉ាង​ណា ​កុំ​ឲ្យ​ចលនា​តស៊ូ​នា​ពេល​នេះ​ ឈាន​ទៅ​ដល់​ការ​ប្រើ​ប្រាស់​អាវុធ។ ព្រោះ​លោក​ដឹង​យ៉ាង​ច្បាស់​ថា ​ ការ​ប្រើ​អាវុធ ​គឺ​វា​មិន​ខុស​ពី ​យក​ពង​មាន់​ ទៅ​ជល់​នឹង​ថ្ម​ទេ។ មក​ត្រឹម​ពេល​នេះ ​អ៊ីស្រាអែល ​ប្រើ​កម្លាំង​សមាមាត្រ​ឆ្លើយតប​ទៅ​វិញ​ ដោយសារ​តែ​ពួក​យុវជន​ប៉ាឡេស្ទីន​ ប្រើ​ត្រឹម​តែ​ដុំ​ថ្ម។ បើ​ហ៊ាន​តែ​មាន​អាវុធ​ មាន​គ្រាប់បែក​ នោះ​អ៊ីស្រាអែល ​នឹង​ឆ្លើយ​ទៅ​វិញ ​ភ្លាមៗ​​ដែរ។ មួយ​វិញ​ទៀត ​ដំណើរ​ទទួល​បាន​ការ​គាំទ្រ ​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ ​ក៏​កំពុងតែ​ទៅ​មុខ​ដែរ ​ ដូច្នេះ ​ អាជ្ញាធរ​ប៉ាឡេស្ទីន ​មិន​អាច​អនុញ្ញាត ​ឲ្យ​សង្រ្គាម​ថ្មី​មួយ​ទៀត ​មក​បង្អាក់​ដំណើរ​នេះ​បាន​ទេ។

ឯ​ចំណែក​​ខាង​អ៊ីស្រាអែល​វិញ ​លោក​នេតាន់យ៉ាហ៊ូ ​នាយក​រដ្ឋមន្ត្រី​ហាក់​បាត់​មាត់​បាត់​ក ​ដោយសារ​តែ​គណបក្ស​លោក​ នៅ​ក្នុង​សភា ​ត្រូវការ​សម្លេង​ពី​ពួក​តំណាងរាស្ត្រ ​ដែល​មក​ពី​តំបន់​អាណានិគមន៍​ លើ​ដែនដី​ប៉ាឡេស្ទីន។ តំណាង​រាស្ត្រ​គណបក្ស​លីគូត​ខ្លះ​របស់​លោក ​នេតាន់យ៉ាហ៊ូ ​គឺ​ជា​ពួក​ជាតិ​និយម​ជ្រុល ​ដែល​ចង់​ឲ្យ​អ៊ីស្រាអែល ​បន្ត​សាងសង់​អាគារ​ ច្រឹប​យក​ដី​ប៉ាឡេស្ទីន ​ឲ្យ​បាន​ច្រើន​ជាង​នេះ​បន្ថែម​ទៀត។ ​លោក​នេតាន់យ៉ាហ៊ូ​ខ្លួន​ឯង​នេះ ​បើ​ទោះ​ជា​ខំ​ដោះសារ​យ៉ាង​ណា ​ក៏​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ​ជា​មនុស្ស​ស្តាំ​និយម​ជ្រុល​ដែរ។

ពួក​ជ្រុល​និយម​អ៊ីស្រាអែល​នេះ​ មិន​ត្រូវ​ភ្លេច​ទេ​ថា ​ ការ​បន្ត​ទន្ទ្រាន​ទឹកដី​ប៉ាឡេស្ទីន​ គឺ​វា​មិន​ខុស​ពី​បង្កាត់​ភ្លើង​ ដុត​ផ្ទះ​ខ្លួន​ឯង​ដូច្នោះ​ដែរ ​ ព្រោះថា​ចលនា​តស៊ូ​ប៉ាឡេស្ទីន ​មិន​ទាន់​ចប់​ត្រឹម​នេះ​ទេ។ ទំពក់​វា​ទៅ​ទើប​ព្នៅវា​មក។ ប្រជាជន​អ៊ីស្រាអ៊ែល ​ស្លូតត្រង់​ទៅ​វិញ​ទេ ​ដែល​នឹង​រង​គ្រោះ ​ដោយការ​ប្រើ​ហឹង្សា​របស់​ក្រុម​អ្នក​សេ្នហាជាតិ​ប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ