អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអង្គការ​ OPEC​ នឹង​ចាត់​វិធានការ​យ៉ាងណា​ចំពោះ​ការ​ធ្លាក់ថ្លៃ​ប្រេង​ឆៅ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្រ្តី​ប្រទេស​សមាជិក​អង្គការ​នៃ​បណ្តា​ប្រទេស​នាំប្រេងចេញ ដែលហៅកាត់​ថា OPEC នឹង​ជួប​ប្រជុំគ្នា នៅ​ក្នុង​ទីក្រុង​វីយ៉ែន​ប្រទេស​អូទ្រីស នៅថ្ងៃ​សុក្រ​ខាងមុខនេះ ដើម្បី​ជជែកគ្នា អំពី​ការផ្គត់ផ្គង់​ប្រេង​នៅលើ​ទីផ្សារ។ ​នៅ​ក្នុង​អំឡុង​ពេល​ដែល​តម្លៃ​ប្រេងឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ​រហូតដល់​ទៅ​ជិត​ពាក់កណ្តាល នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ សំណួរ​​ធំបំផុត​ដែល​នឹង​ចោទឡើង​ចំពោះ​ប្រទេស​សមាជិក​អង្គការ OPEC គឺ​ថាតើ​គេ​គួរ​បន្ត​រក្សា​បរិមាណ​ផ្គត់ផ្គង់ប្រេង​ដូចពេល​បច្ចុប្បន្ន ឬ​ក៏​ត្រូវ​កាត់បន្ថយ​ការបូមប្រេង ដើម្បី​ឲ្យ​តម្លៃ​ប្រេងឆៅ​កើនឡើង​មកវិញ?

វេទិកាកំពូល OPEP នៅទីក្រុង Vienne ប្រទេស​អូទ្រីស​
វេទិកាកំពូល OPEP នៅទីក្រុង Vienne ប្រទេស​អូទ្រីស​ (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

តាំងពីដើមរៀងមក គេសង្កេតឃើញ​ថា កិច្ចប្រជុំ​របស់​អង្គការ OPEC តែងតែ​ទាក់ទាញ​នូវ​ចំណាប់​អារម្មណ៍​​របស់​មជ្ឈដ្ឋាន​ទីផ្សារ​ ក៏ដូចជា មជ្ឈដ្ឋាន​ឧស្សាហកម្ម និង​បណ្តាញ​សារព័ត៌មាន ពីព្រោះ​ថា សេចក្តីសម្រេច​របស់​ OPEC អាច​នឹង​មាន​ឥទ្ធិពលទោះតិចឬច្រើន ទៅលើ​តម្លៃ​ប្រេងឆៅ នៅលើ​ទីផ្សារ​អន្តរជាតិ។ កិច្ចប្រជុំ​នៅថ្ងៃ​សុក្រ​ខាងមុខនេះ ក៏​ជា​ចំណុច​ទាក់ទាញ​អារម្មណ៍​ដ៏​ខ្លាំងមួយដែរ ជាពិសេស នៅ​ក្នុងពេល​ដែល​តម្លៃប្រេងឆៅ​កំពុងតែ​ធ្លាក់ចុះទាប​ដូចជា​ពេល​បច្ចុប្បន្ននេះ។

 
នៅ​ក្នុងរយៈពេល​ប្រមាណ​ជា ១ឆ្នាំ​មកនេះ គេសង្កេតឃើញ​ថា តម្លៃ​ប្រេងឆៅ​​បាន​ធ្លាក់ចុះ​រហូតដល់​ទៅ ៤០% ហើយ​ការធ្លាក់ចុះនេះ​បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​សមាជិក​អង្គការ OPEC ត្រូវ​បាត់បង់​ប្រាក់ចំណូល​មិនតិចនោះទេ។ បើពិចារណា​ទៅលើ​ចំណុច​នេះ អង្គការ OPEC ប្រាកដ​ជា​នឹង​សម្រេច​កាត់បន្ថយ​ការ​បូមប្រេង ដើម្បី​រុញ​តម្លៃ​ប្រេង​ឲ្យ​កើនឡើងមកវិញ ដូចដែល​គេ​ធ្លាប់ធ្វើ​កាលពីពេលមុនៗ។ ក៏ប៉ុន្តែ សម្រាប់​កិច្ចប្រជុំ​នៅថ្ងៃ​សុក្រ​ខាងមុខនេះ គេមិនអាច​​ដឹង​ឲ្យប្រាកដ​បានទេ​ថា តើ​ OPEC នឹង​ចាត់វិធានការ​បែបណា ពីព្រោះ​ថា ប្រទេស​សមាជិក OPEC បាន​បង្ហាញ​នូវ​ជំហរ​ផ្ទុយ​ស្រឡះពីគ្នា។

តាមការ​សង្កេតមើល​ជារួម នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង ១២ ដែល​ជា​សមាជិក​អង្គការ OPEC មានការបែងចែក​ជាពីរក្រុម។

មួយក្រុម ដែលរួមមាន វ៉េណេស៊ុយអេឡា អ៊ីរ៉ាក់ អ៊ីរ៉ង់ អាល់ហ្សេរី លីប៊ី នីហ្សេរីយ៉ា អង់ហ្គោឡា និង​អេក្វាទ័រ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ទន់ខ្សោយ​ ហើយ​ពឹងផ្អែកខ្លាំង​លើ​ប្រាក់ចំណូល​បាន​មក​ពី​ការ​លក់ប្រេង ចង់​ឲ្យ​ OPEC កាត់បន្ថយ​ការ​បូមប្រេង ដើម្បី​ដំឡើង​ថ្លៃ​ប្រេង​ឡើងវិញ ពីព្រោះ​ថា នៅ​ក្នុងរយៈពេល​ជិត​មួយឆ្នាំ​កន្លងទៅនេះ ចាប់តាំង​ពី​ពេលដែល​ប្រេងឆៅ​ធ្លាក់ថ្លៃ​ក្រោម ១០០ដុល្លារ​ក្នុងមួយធុង ពួកគេ​បាន​បាត់បង់​ប្រាក់ចំណូល​យ៉ាងច្រើន ដែល​ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ហិរញ្ញវត្ថុ។

មួយក្រុម​ទៀត ដែលរួមមាន អារ៉ាប៊ីសាអ៊ូឌីត កូវ៉ែត កាតារ និង​អារ៉ាប់រួម ទាមទារ​ឲ្យ​រក្សា​ការបូមប្រេង​ឲ្យ​នៅ​ដដែល។ ប្រទេស​អស់ទាំងនេះ​សុទ្ធសឹង​ជា​ប្រទេស​សម្បូរលុយ គឺ​មាន​លុយបម្រុងទុកច្រើន​ជាង​ប្រទេស​ក្នុងក្រុម​ទីមួយ ដូច្នេះ​ ពួកគេ​សុខចិត្ត​បាត់បង់​ប្រាក់ចំណូល​ខ្លះ​​ ធ្វើយ៉ាងណា​ឲ្យ​តែ​អាច​រក្សា​​បាន​នូវ​ចំណែក​ទីផ្សារ​របស់​ពួកគេ ​ នៅ​ក្នុងពេល​ដែល​ទីផ្សារ​ប្រេង​កំពុងតែ​មាន​ភាពប្រកួតប្រជែង​យ៉ាងខ្លាំងបំផុត​កម្រ​នឹង​ឃើញ​មាន​ពីមុន។

តាមការពិត គឺ​ដោយសារ​តែ​មាន​ភាពប្រកួតប្រជែងខ្លាំង​បែបនេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រេងឆៅ​ត្រូវ​ធ្លាក់ថ្លៃ​ខ្លាំង នៅ​ក្នុងរយៈពេល​ប្រមាណ​ជាមួយឆ្នាំ​កន្លងទៅនេះ ហើយ​ការប្រកួតប្រជែង​ដ៏ធំបំផុត គឺ​​​​មកពី​សហរដ្ឋអាមេរិក ដែល​បាន​បង្កើន​ការបូមប្រេង​រហូតដល់​ទៅជាង ១២លាន​បារីល​ក្នុងមួយថ្ងៃ ជាពិសេស តាមរយៈ​ការធ្វើ​អាជីវកម្ម​ទៅលើ​ប្រេងប្រភេទ​ថ្មី (Shale oil) ដែល​គេ​មិន​ធ្លាប់​​ធ្វើ​ពីមុន។

ក៏ប៉ុន្តែ ការធ្វើ​អាជីវកម្ម​លើ​ប្រេង​ប្រភេទ​ថ្មីនេះ មាន​តម្លៃ​ថ្លៃ​ជាង​ការធ្វើ​អាជីវកម្ម​លើ​ប្រេង​ធម្មតារហូតដល់​ទៅ​ពីរដងឯណោះ។ ប្រហែល​ជា​នៅ​ក្នុង​ហេតុផល​នេះ​ហើយ​បាន​ជា​​អារ៉ាប៊ីសាអ៊ូឌីត​មិនចង់​កាត់បន្ថយ​ការ​បូមប្រេង ដោយ​ចង់​​ទុក​បណ្តោយ​ឲ្យ​តម្លៃ​ប្រេងឆៅ​ធ្លាក់ចុះ​ទាប​មួយរយៈ ដើម្បី​សម្លាប់​គូប្រជែង​មក​ពី​អាមេរិក។ អារ៉ាប៊ីសាអ៊ូឌីត​​​រំពឹង​ថា ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេងឆៅ​អាច​នឹង​ធ្វើ​ឲ្យ​ការ​ធ្វើ​អាជីវកម្ម​បូមប្រេង​ប្រភេទ​ថ្មី​នៅ​អាមេរិក​លែង​បាន​ផលចំណេញ​ក៏​​ត្រូវ​ថយចុះ​ទៅវិញ ហើយ​នៅ​ពេល​ដែល​ការផលិតប្រេង​នៅ​អាមេរិក​មាន​ការ​ថយចុះ​ តម្លៃប្រេង​អាច​នឹង​មាន​ស្ថិរភាព​ឡើងវិញ។

ប្រសិនបើ​អារ៉ាប៊ីសាអ៊ូឌីត​នៅតែ​ប្រកាន់​ជំហរ​បែបនេះ នៅ​ក្នុង​កិច្ចប្រជុំ​នៅថ្ងៃ​សុក្រ​ខាងមុខនេះ អង្គការ OPEC ទំនង​ជា​នឹង​មិន​អាច​សម្រេច​កាត់បន្ថយ​ការ​បូមប្រេង​បាននោះទេ ពីព្រោះ​ថា អារ៉ាប៊ីសាអ៊ូឌីត គឺ​ជា​ប្រទេស​ដែល​សម្បូរប្រេង​ជាងគេ ហើយ​តាំង​ពីដើម​រៀងមក​គឺ​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាងគេ នៅ​ក្នុង​អង្គការ OPEC។

គួរបញ្ជាក់ថា ដោយសារ​តែ​មាន​ការជំទាស់​ពី​សំណាក់​អារ៉ាប៊ីសាអ៊ូឌីត​នេះ​ហើយ ដែល​អង្គការ OPEC បាន​សម្រេច​រក្សា​ការបូមប្រេង​ឲ្យ​នៅ​ដដែល កាលពី​ក្នុង​អំឡុង​​កិច្ចប្រជុំ​កាល​ពី​៦ខែមុន នៅ​ក្នុងពេល​ដែល​តម្លៃ​ប្រេងឆៅកំពុងតែ​ធ្លាក់​ចុះ​យ៉ាងគំហុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ