អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

យោធាពហុជាតិ​​អារ៉ាប​នឹង​មាន​ទម្រង់​និង​ឧបសគ្គ​យ៉ាង​ណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គម្រោង​បង្កើត​កម្លាំង​ទ័ព​រួម​ ដែល​ធ្លាប់​ជួប​បរាជ័យ​ ជា​ច្រើន​លើក​ច្រើន​សា ទំនង​ជា​នឹង​អាច​កើត​មាន​រូប​រាង​ នៅ​រវាង​បួន​ខែ​ទៀត​ខាង​មុខ​នេះ​។ លើក​លែង​តែ​ស៊ីរីមួយ ប្រមុខ​ដឹកនាំ​ប្រទេស​នៃ​អង្គការ​សម្ព័ន្ធ​អារ៉ាប​បាន​ព្រម​​ព្រៀង​គ្នា​ជា​គោលការណ៍​ នៅ​ថ្ងៃ​អាទិត្យ​ទី ២៩ មីនា បង្កើត​កម្លាំង​ទ័ព​រួម។ អគ្គលេខា​អង្គការ​សម្ព័ន្ធ​អារ៉ាប លោក ណាប៊ីល អាល់អារ៉ាប៊ី Nabil Al-Arabi បាន​សម្តែង​ការ​អបអរ និង​ចាត់​ទុកកិច្ច​​​ព្រមព្រៀងនេះ​​ជា​ប្រវត្តិសាស្ត្រ។ លោក​ក៏​សង្ឃឹម​ផង​ដែរ ថា​គម្រោង​នេះ​នឹង​ក្លាយ​ជា​ការពិត​ក្នុង​ពេល​ឆាប់ៗ ប៉ុន្តែ​ភាព​សង្ស័យ​និង​ឧបសគ្គ​មាន​ច្រើន​នៅ​បាំង​ផ្លូវ។

ប្រធានាធិបតី​អេហ្ស៊ីប លោក Abdel Fattah al-Sissi ប្រកាស​បង្កើត​កម្លាំង​កង​ទ័ព​ពហុជាតិ​អារ៉ាប
ប្រធានាធិបតី​អេហ្ស៊ីប លោក Abdel Fattah al-Sissi ប្រកាស​បង្កើត​កម្លាំង​កង​ទ័ព​ពហុជាតិ​អារ៉ាប REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

 

ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃក្រុម​ប្រទេស​ជា​អង្គការ​​សម្ព័ន្ធ​អារ៉ាប បានសន្យា​ចំណាយ​ពេល​​មួយ​ខែ សម្រាប់​ កំណត់​សមាសភាគ​ បែបបទ​ និង​កម្មវត្ថុ​នៃ​កម្លាំង​ពហុជាតិ​អារ៉ាប​ប្រចាំ​តំបន់ ដែល​មាន​ភារៈ​ដឹកនាំ​ប្រតិបត្តិការ​យោធា​រហ័ស។ កិច្ចព្រមព្រៀង​លើ​សមាសភាគ និង​វិធាន​ នឹង​ត្រូវ​ប្រសូត​​ចេញ​បាន​នៅ​រវាង​បួន​ខែ​។

អង្គការ​សម្ព័ន្ធ​អារ៉ាប ធ្លាប់​បាន​លើក​គម្រោង​ចង់​បង្កើត​ឱ្យ​កម្លាំង​ទ័ព​រួម​ តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ​ ដើម្បី​ប្រឈម​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់ ស៊ីរី ឬ​ពួក​ជីហាត​​នៅ​លីប៊ី ឬ​នៅ​តំបន់​ខ្ពង់រាប​របស់​អេហ្ស៊ីប។ ប៉ុន្តែ​ គឺ​ប្រធានាធិបតី​អេហ្ស៊ីប​ ជា​អ្នកចូក​ចែវ​ឱ្យ​សម្រេច​ជា​គោល​ការណ៍​ គម្រោង​​​បង្កើត​កម្លាំង​ទ័ព​អារ៉ាប​បាន​។ អ្នក​ឯកទេស ពុំ​ដែល​ធ្លាប់​គិត​ពី​មុន​មក​សោះ​ថា​កិច្ចព្រមព្រៀង​បែប​នេះ អាច​លេច​ជា​រូប​រាង​បាន​នៅ​ថ្ងៃ​នេះ​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អគ្គលេខា​​អង្គការ​សម្ព័ន្ធ​អារ៉ាប បាន​សម្តែង​មោទនភាព​ ថា​ជា​សេចក្តី​សម្រេច​ចិត្ត​ដ៏​សំខាន់ និង​ជា​ប្រវត្តិសាស្ត្រ ព្រោះ​សមាជិក​សម្ព័ន្ធ​អារ៉ាប បាន​ជម្នះរាល់​គំនិត​ខ្វែង​គ្នា​ រហូត​ចេញ​​ ជា​លទ្ធផល​ដែល​ពុំ​ធ្លាប់​កើត​មាន ឡើង​បើ​ផ្អែក​ទៅ​ស្ថានភាព​របស់​សម្ព័ន្ធបច្ចុប្បន្ន។

បើ​តាម​សេចក្តី​សម្រេច​ចិត្ត​ដែល​អនុម័ត នៅ​ថ្ងៃ​អាទិត្យ​កន្លង​ទៅនេះ គណៈកម្មការ​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់ របស់​រដ្ឋ​ជា​សមាជិក​នីមួយៗ ក្រោម​អធិការកិច្ច​របស់​អគ្គសេនាធិការ​ មាន​ពេល​មួយ​ខែ​សម្រាប់​បង្ហាញ​គម្រោង​លម្អិត បន្ទាប់​មក​ទើបរដ្ឋមន្ត្រី​ការពារ​ជាតិ​ត្រូវដឹកនាំ​ការ​ព្រមព្រៀង​ផ្តាច់​ព្រ័ត្រ​ឱ្យ​បាន​នៅ​បួន​​ខែ​ខាង​មុខ។

អេហ្ស៊ីប ដែល​បានត្រៀម​ជា​ស្រេច​នឹង​បញ្ជូន​ទ័ព​ជើង​គោក​ទៅ​យេម៉ែន​ប្រសិន​បើ​ចាំ​បាច់​នោះ ត្រូវ​ ដោយចៀស​​មិន​បាន​ បញ្ជូន​​​​ទ័ព​ទៅ​ធ្វើ​ជា​បន្សំ​ក្នុង​កម្លាំង​ពហុជាតិ​នេះ​ ព្រោះ​អេហ្ស៊ីប ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ ក្នុង​សម្ព័ន្ធ​អារ៉ាប មាន​កម្លាំង​ទ័ព​ និងអាវុធ​ច្រើន​ជាងគេ​។ អាប៊ីសាអ៊ូឌីតក៏​ដូច​​ជា​ប្រទេស​អេមៀរ៉ា​អារ៉ា់បរួម​ ​ត្រូវ​តែ​រំលែក​អាវុធ​យុទ្ធភណ្ឌ​ មាន​ជាអាទិ៍​យន្តហោះ​ រថក្រោះ ដ៏​ទំនើប​ជាង​គេ​បំផុត​មួយ​នៅ​លើ​លោក​។​ ពី​ខាង​ហ្ស័កដានីវិញ ​ ​កង​កុម្មង់ដូ​ឆ្នើម​បំផុត​ ទំនង​ជា​នឹង​អាច​ត្រូវ​ស្នើ​ឱ្យ​ជួយ​បម្រើ​កម្លាំង​រួម។ នេះ​បើ​តាម​អ្នក​ឯកទេស។

ប៉ុន្តែ​ដំណើរ​ផ្លូវ​នៅ​វែង​ឆ្ងាយ​ទៀត​ណាស់ ! អ្វី​ដែល​រៀប​រាប់​មក​ខាង​លើ គឺ​សុទ្ធ​សឹង​ជា​ទស្សនៈ​ដែល​ស្ថិត​នៅ​លើ​លំហ​ខ្យល់​ទេ រូប​ភាព​ពិត​ជាក់​ស្តែង​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ​។ ​មុន​នឹងអាច​កើត​ចេញ​ជា​រូប​រាង​បាន កងកម្លាំង​ពហុជាតិ​អារ៉ាប​ ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ច្រើន​ទៀត​ណាស់។ ទស្សនៈ​នយោបាយ​ផ្ទុយ​គ្នា​រវាង​សមាជិក​អង្គការ​សម្ព័ន្ធ​អារ៉ាប ទាំង ២២​ប្រទេសអាច​នឹង​ធ្វើ​ឱ្យ​ដំណើរ​ការ​កសាង​កម្លាំង​រួមដើរ​យឺត​ ជាង​ការ​គិត​ទុក។

ម្យ៉ាង​វិញ​ទៀត គេ​នៅ​មិន​ទាន់​ដឹង​ទេថា តើ​ក្នុង​ចំណោម​ ២២​ប្រទេស មាន​ ប៉ុន្មាន​ប្រទេស​នឹង​ស្មោះ​ស្ម័គ​ចូល​រួម​បង្កើត​ទ័ព ? ចំនួន​ទ័ព​នឹង​មាន​ប៉ុន្មាន​នាក់ ? មាន​អាវុធ​យុទ្ធភណ្ឌ​អ្វី​ខ្លះ ? វិធាន​ផ្ទៃ​ក្នុង​មាន​ខ្លឹម​សារ​យ៉ាងណា ? កង​កម្លាំង​ពហុជាតិ​អារ៉ាប​នេះ ជា​កម្លាំង​អចិន្ត្រៃយ៍​ មាន​មេបញ្ជាការ​រួម​ ដូច​ករណី​អូតង់​ ឬ​យ៉ាងណា ?

គ្មាន​ទេ​ចម្លើយ​​ជាក់ស្តែង​ នៅ​ក្នុង​សេចក្តី​ប្រកាស​កិច្ចព្រមព្រៀង កាល​ពី​ថ្ងៃ​អាទិត្យ។ សម្ព័ន្ធ​អារ៉ាប​បាន​បង្ហាញ​ពី​ឆន្ទៈ​រួប​រួម​គ្នា ប៉ុន្តែ​នៅ​ពី​ក្រោយ​ឆន្ទៈ​នេះ​ មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​ខាង​ទាញផល​ប្រយោជន៍។ អ៊ីរ៉ាក់ តាម​រយៈ​រដ្ឋ​មន្ត្រីក្រសួង​ការបរទេស​បាន​រក្សា​សិទ្ធិ​​សម្រេច​ថា​ចូល​ឬ​មិន​ចូល​រួម​បង្កើត​កម្លាំង​ពហុជាតិ​អារ៉ាប​ ព្រោះ​សម្រាប់​អ៊ីរ៉ាក់ គម្រោង​ដែល​លើក​ឡើង​មក​នេះ គ្មាន​បាន​ធ្វើ​ការសិក្សា​អ្វី​ជាមុន​សោះ។

ម្យ៉ាង​ទៀត​ ​កិច្ចព្រមព្រៀង​ បាន​សម្រេច​ឡើង ក្នុង​បរិបទ​ដែល​អារ៉ាប៊ីសាអ៊ូឌីត បើក​ប្រតិបត្តិការ​វាយប្រហារ​នៅ​យេម៉ែន។ តើ​គេ​អាចគិត​បាន​ទេ​ថា​ ​មិន​មែន​ដោយ​ឈរ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្កការ​រដ្ឋ​អ៊ីស្លាម​​តែ​ម្យ៉ាង​ឡើយ តែ​ដើម្បី​ប្រឆាំង​នឹង​ពួក​ហ៊ូទ្សី (និកាយ​ឈីអ៊ីត​ គាំទ្រ​ដោយ​អ៊ីរ៉ង់) ដែល​អាច​នឹង​ឆ្លង​រាល ​ បន្សាយ​ឥទ្ធិពល​រំលង​ព្រំដែន​យេម៉ែន ទេ​ដែល​កិច្ចព្រមព្រៀង​បង្កើត​កម្លាំង​រួម​បាន​ទទួល​ជោគជ័យ ?!

ប្រទេស​ធំពីរ ដែល​នាំ​មុខ​ខ្លាំង​ក្នុង​ការ​បង្កើត​កម្លាំង​យោធា​ពហុជាតិ​អារ៉ាប គឺ​អេហ្ស៊ីប អ្នក​មាន​កម្លាំង​ទ័ព​ខ្លាំង និង​អារ៉ាប៊ីសាអ៊ូឌីត អ្នក​មាន​សម្ភារៈ​បរិក្ខា​ទំនើប​ ប៉ុន្តែ ប្រទេស​ពីរ​នេះ​មាន​ទស្សនៈ​ខុស​គ្នា ម្ខាង​ដើម្បី​ប្រយុទ្ធ​ប្រឆាំ​ង​ពួក​ភេរវនិយម​អង្គការ​រដ្ឋ​អ៊ីស្លាម ម្ខាង​ទៀត​ហាក់​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​អ៊ីរ៉ង់​ក្នុង​តំបន់។

ក្រោមការ​នាំ​មុខ​របស់​អេហ្ស៊ីប និង​ពិសេស​អាប៊ីសាអ៊ូឌីត កម្លាំង​អារ៉ាប​រួម​ អាច​នឹង​ត្រូវ​​មើល​ឃើញ​ថា​កម្លាំង​ស៊ុននីត។ ដូច្នេះ​សម្ព័ន្ធ​អារ៉ាបត្រូវ​រក​វិធី​យ៉ាង​ណា ​កំណត់​ឱ្យ​ច្បាស់​ថា​កម្លាំង​រួម​នេះ ជា​កម្លាំង​យុទ្ធសាស្ត្រ​ និងមនុស្សធម៌ គ្មាន​សកម្មភាព​ដឹកនាំ​និកាយ​សាសនា​ចូល​ទេ ទើប​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ