អានតួអត្ថបទ
ស៊ីរី/ONU

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថ្កោលទោស​ការ​វាយបង្រ្កាប​លើ​ជនស៊ីវិល​នៅ​ស៊ីរី

ទីបំផុត​ទៅ និង​ក្រោយ​ពី​ការ​ជាប់គំាង​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​មក ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​បាន​រក​ឃើញ​នូវ​កិច្ចព្រមព្រៀង​​មួយ​ស្តីពី​ប្រទេស​ស៊ីរី។ នៅ​ក្នុង​សេចក្តីថ្លែងការ​​រួម​មួយ ក្រុមប្រឹក្សា​សន្តិសុខ​បាន​ថ្កោលទោស​របប​ទីក្រុង​ដាម៉ាស់​របស់​លោក​ប្រធានាធិបតី Bachar al-Assad ដែល​បាន​ប្រើ​អំពើហិង្សា​សម្លាប់​រង្គាល​ជនស៊ីល​តំាង​ពី ៥ខែ​កន្លង​មក។ គឺ​ជា​សេចក្តី​ថ្លែងការ​ថ្កោលទោស​យ៉ាង​សាមញ្ញ​មួយ​ដែល​ពុំ​មាន​លក្ខណៈ​ចាប់​បង្ខំ​ទេ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ AFP/JOHN MCILWAINE
ផ្សាយពាណិជ្ជកម្ម

តាម​ពិត​ទៅ ប្រទេស​បស្ចិមលោក​ដែល​ដឹកមុខ​ដោយ​ប្រទេស​បារំាង និង​ប្រទេស​អង់គ្លេស ចង់​បាន​សេចក្តីសម្រេចចិត្ត​មួយ​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។ តែ​នៅ​ទីបំផុត ពួក​គេ​បែរ​ជា​ទទួល​បាន​ត្រឹម​តែ​សេចក្តីថ្លែងការណ៍​មួយ​យ៉ាង​សាមញ្ញ និង​គ្មាន​លក្ខណៈ​បង្ខិតបង្ខំ​ទៀត​ផង។ គឺ​ជា​សេចក្តីថ្លែងការណ៍​មួយ​ដែល​គ្រាន់​តែ​ថ្កោលទោស​រដ្ឋាភិបាល​ស៊ីរី ពី​បទ​បាន​រំលោភបំពាន​សិទ្ធិមនុស្ស​ទូទៅ និង​ការ​ដែល​រដ្ឋអំណាច​បាន​ប្រើ​អំពើហិង្សា​វាយបង្រ្កាប​លើ​ជនស៊ីវិល​យ៉ាង​ព្រៃផ្សែ។

អត្ថបទ​នៃ​សេចក្តីថ្លែងការណ៍​នោះ​ត្រូវ​បាន​លើក​យក​ទៅ​ជជែក​គ្នា​យ៉ាង​ផុសផុល​រវាង​ក្រុមប្រទេស BRICS ក្នុង​នោះ​មាន​ប្រទេស​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​ប្រទេស​អាហ្រ្វិកខាងត្បូង។ ប្រទេស​ទំាង​នេះ​បាន​ព្យាយាម​គ្រប់​បែប​យ៉ាង ដោយ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​មាន​អន្តរាគមន៍​យោធា​លើ​របប​ស៊ីរី ដូច​ករណី​នៅ​ក្នុង​ប្រទេស​លីប៊ី​នា​ពេល​បច្ចុប្បន្ន។ ម្យ៉ាងទៀត សំណើ​ឲ្យ​បង្កើត​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ស្តីពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​ស៊ីរី​ក៏​ត្រូវ​បាន​គេ​បោះបង់​ចោល​ដែរ។

ក្រៅ​ពី​ការ​ថ្កោលទោស​របប​ស៊ីរី ក្រុមប្រឹក្សាសន្តិសុខ​ក៏​បាន​បង្គាប់​រដ្ឋអំណាច​ស៊ីរី​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ ការ​ប្រើ​អំពើហិង្សា​វាយបង្រ្កាប​លើ​ជនស៊ីវិល។ ដូច្នេះ​ឃើញ​ថា ពិត​មែន​តែ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​នេះ​មិន​មាន​លក្ខណៈ​បង្ខិតបង្ខំ​ក៏​ដោយ ក៏​វា​ជា​សារ​ព្រមាន​មួយ​ពី​សំណាក់​ក្រុមប្រឹក្សាសន្តិសុខ​​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​ទេ តំាង​ពី​ថ្ងៃ​ផ្តើម​ផ្ទុះ​វិបត្តិ​នៅ​ស៊ីរី​មក។

មួយ​វិញ​ទៀត សារ​ព្រមាន​របប​ទីក្រុង​ដាម៉ាស់​លើក​ដំបូង​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ពេល​នេះ ក៏​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា សូម្បី​តែ​ប្រទេស​ចិន និង​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិនលិច​របស់​ស៊ីរី ក៏​មិន​អាច​ធ្វើ​ព្រងើយកន្តើយ​នៅ​ចំពោះ​មុខ​ស្ថានការណ៍​ដ៏​ធ្ងន់ធ្ងរ​នៅ​ស៊ីរី​នា​ពេល​នេះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ