អានតួអត្ថបទ
រុស្ស៊ី

ជាប់ទណ្ឌកម្ម​សហភាព​អឺរ៉ុប​ថ្នាក់ដឹកនាំ​ស៊ីរី​ឥឡូវ​សង្ឃឹមលើ​រុស្ស៊ី​

ការនេះ​បាន​ត្រូវ​រំលេចឲ្យ​ឃើញ​នាកិច្ច​សន្ទនា​តាម​ទូរសព្ទ​ល្ងាច​ម្សិលមិញ​ រវាង​លោក​ប្រធានាធិបតី​ស៊ីរី​ បាហ្សារ​ អាល-អាស្សាដ និង​លោក​ប្រធានាធិបតី​រុស្ស៊ី​ Dmitri Medvedev។​ ដំណឹង​ស្តីអំពី​កិច្ចសន្ទនា​នេះ​ បាន​ត្រូវ​ប្រកាស​ដោយ​វិមាន​ក្រេមឡាំង។ 

លោក​ប្រធានាធិបតី​រុស្ស៊ី ​Medvedev​
លោក​ប្រធានាធិបតី​រុស្ស៊ី ​Medvedev​ © Reuters
ផ្សាយពាណិជ្ជកម្ម

ការនិយាយ​តាម​ទូរសព្ទ​នោះ ​ធ្វើឡើង​ដ្បិត​ទីក្រុង​ម៉ូស្គូ​ជួយ​ឈឺឆ្អាល​ថ្នាក់ដឹកនាំ​ស៊ីរី​ដែល​ទើប​រង​ទណ្ឌកម្ម​ផ្ទួនៗ​២ដង​ពីខាង​សហភាព​អឺរ៉ុប។​ ស៊ីរី​ជា​ប្រទេស​នៅតំបន់​ដើមបូព៌ា​ដែល​ស្និទ្ធ​នឹង​រុស្ស៊ី​ជាងគេ​ តាំងពី​ជំនាន់​សហភាព​សូវៀតមក។

 
លោក​ប្រមុខរដ្ឋ​រុស្ស៊ី​ Medvedev​ បាន​លាត​ត្រដាង​គោល​ជំហរ​របស់​រុស្ស៊ី​ចំពោះ​ព្រឹត្តិការណ៍​នៅស៊ីរី​ទាំង​សង្ឃឹម​ថា សេចក្តី​ថ្លែងការណ៍​ធ្វើ​ដោយ​លោក​ប្រធានាធិបតី​ បាហ្សារ​ អាល-អាស្សា​​ដ​​អំពី​មាគ៌ា​កំណែ​ទម្រង់​ច្បាស់ជា​នឹង​ត្រូវ​ថ្នាក់ដឹក​នាំ​ស៊ីរី​អនុវត្ត​យ៉ាង​ស្វាហាប់​ជាអតិបរមា​ ដោយធ្វើ​សំវាទ​យ៉ាងទូលំ​ទូលាយ​ជាមួយ​សាធារណជន​ក្នុង​ប្រទេស។

លោក​ប្រធានាធិបតី​ បាហ្សារ​ អាល-អាស្សាដ ​ពីចំណែកខ្លួន​វិញ ថ្លែងថា​ “ ថ្នាក់​ដឹកនាំ​ស៊ីរី​កំពុង​និង​បន្តធ្វើ​សព្វបែប​យ៉ាង​ដើម្បី​ធានា​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បញ្ចេញ​មតិ​ដោយសេរី​តាម​ផ្លូវ​អហិង្សា។​ ព្រមជា​មួយនេះ​ ថ្នាក់ដឹកនាំ​ស៊ីរី​ប្តេជ្ញា​ប្រយុទ្ធ​ទល់នឹង​រាល់​កម្លាំង​ជ្រុលនិយម​ ហើយ​គ្មាន​បំណង​បណ្តោយឲ្យ​ក្រុម​ជ្រុល​និយម​ណាមួយ​ ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​ឡើយ។

កម្លាំង​ជ្រុលនិយម​នោះ​តាម​ការ​បកស្រាយ​របស់​អាជ្ញាធរ​ស៊ីរី​ គឺពួក​បាតុករ​ដែលបះបោរ​អស់​ប៉ុន្មាន​សប្តាហ៍​ជាប់​មកហើយ​ ទាមទារ​ឲ្យ លោក​ប្រធានាធិបតី​ បាហ្សារ​ អាល-អាស្សាដ​លាចេញ​ ពីមុខ​តំណែង​ទៅ​ហើយ​ដែល​តាម​តួលេខ​ អ.ស.ប.​និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​ត្រូវ​យោធា​និង​ប៉ូលិស​ស៊ីរី​បាញ់​សម្លាប់​យ៉ាងកាច​សាហាវ​អស់​៩០០នាក់​ឯណោះ។

មកពី​មូលហេតុ​នេះឯង​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​គ្រោង​អនុម័ត​សេចក្តី​សំរេច​ដើម្បី​អនុញ្ញាត​ឲ្យ​សហគមន៍​អន្តរជាតិ​ប្រើ​កម្លាំង​ទល់នឹង​ស៊ីរី​ដូចទល់​នឹង​លីប៊ី​អ៊ីចឹង។​ ប៉ុន្តែ​ ដោយដក​យកមេរៀន​យ៉ាងក្រពុល​មុខ​ពី​អន្តរាគមន៍​យោធា​នៃ​សម្ព័ន្ធ​បស្ចិម​ប្រទេស​ទល់នឹង​លីប៊ី​ លោក​Medvedev​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី១៨​ឧសភា​ថា​ គាត់ឈប់​ចូលដៃ​គាំទ្រ​​សេចក្តី​សម្រេច​បែបនេះ​ទៀតឡើយ។

គួរនិយាយ​ថា​ ទាក់ទង​នឹង​ទណ្ឌកម្ម​សហភាព​អឺរ៉ុប ​ទល់នឹង​ស៊ីរី​រដ្ឋ​មន្ត្រី​ការបរទេស​ប្រទេសនេះ​ លោក​Valid Muallem​បាន​ថ្លែង​ថា ​ស៊ីរី​នឹង​រឹតឲ្យ​កាន់តែ​មាំឡើង​ទំនាក់​ទំនង​ខ្លួន​ជាមួយ​ប្រទេស​រុស្ស៊ី​ ចិន​ ប្រទេស​អាមេរិក​ឡាទីន​បែបយ៉ាង​ Venezuela​ និង​បណ្តា​ប្រទេស​អាស៊ី​ពីព្រោះ​ពិភពលោក​មិនមែន​មានន័យ​ត្រឹម​បស្ចិម​លោក​គឺ​សហភាព​អឺរ៉ុប​និង​ស.រ.អា.ប៉ុណ្ណោះទេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ