អានតួអត្ថបទ
ដើមបូព៌ា

ទស្សនកិច្ច​​របស់ប្រធានាធិបតី​​អៀរ៉ង់​​Ahmadinejad​នៅ​លីបង់​ ​

លោក​ប្រធានាធិបតី​អៀរ៉ង់​Mahmoud Ahmadinejad​បាន​ចាប់​ធ្វើ​ទស្សនកិច្ច​នៅ​ថ្ងៃពុធ​ទី១៣​តុលា​និង​ថ្ងៃ​ព្រហស្បតិ៍​ទី១៤តុលា​នៅ​ប្រទេស​លីបង់។​ នេះ​ជា​ទស្សនកិច្ច​ផ្លូវការ​ជាលើក​ទីមួយ​ហើយ​នៅ​ប្រទេស​លីបង់​ ដោយ​មាន​ប្រជាជន​រាប់​ម៉ឺននាក់​មក​ឈរ​ចាំ​ទទួល​ស្វាគមន៍​ពី​ព្រលាន​យន្តហោះ​រហូត​ដល់​កណ្តាលទីក្រុង​Beyrouth ដែល​ភាគច្រើន​ជា​អ្នកគាំទ្រ​ពួក​Hezbollah (​អ៊ីស្លាមនិយម​និន្នាការ​Chiite លំអៀង​ទៅរក​អៀរ៉ង់​)។ 

ប្រជាជន​​រាប់​ម៉ឺននាក់​​ឈរ​ចាំ​​ទទួល​​ស្វាគមន៍​​ពី​ព្រលាន​​យន្តហោះ​​រហូត​ដល់​​កណ្តាល​ទីក្រុង​​Beyrouth​ដែល​ភាគច្រើន​​ជា​អ្នកគាំទ្រ​​ពួក​Hezbollah​​
ប្រជាជន​​រាប់​ម៉ឺននាក់​​ឈរ​ចាំ​​ទទួល​​ស្វាគមន៍​​ពី​ព្រលាន​​យន្តហោះ​​រហូត​ដល់​​កណ្តាល​ទីក្រុង​​Beyrouth​ដែល​ភាគច្រើន​​ជា​អ្នកគាំទ្រ​​ពួក​Hezbollah​​ ©​ Reuters
ផ្សាយពាណិជ្ជកម្ម

05:17

បទវិភាគរបស់​ សៀក សារិន

ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អៀរ៉ង់​Mahmoud Ahmadinejad​នៅ​ថ្ងៃពុធ​ទី១៣​តុលា​និង​ថ្ងៃ​ព្រហស្បតិ៍​ទី១៤តុលា​ឆ្នាំ២០១០​នៅ​ប្រទេស​លីបង់​នេះ​ គឺ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​អញ្ជើញ​របស់​លោក​ប្រធានាធិបតី​លីបង់​Michel Sleimane។​ ប៉ុន្តែ​ស្នូល​​សារៈសំខាន់​នៃ​ទស្សនកិច្ច​គឺ​ឋិត​នៅ​ក្នុង​ទំនាក់ទំនង​រវាង​សាធារណរដ្ឋ​អ៊ីស្លាម​អៀរ៉ង់​ហើយនិង​ចលនា​អ៊ីស្លាម​និយម​Chiite លីបង់។

 
ទស្សនកិច្ច​របស់​លោក​Mahmoud Ahmadinejad​នេះ​ ​ ធ្លាក់​ចំពេល​ដែល​ ស្ថានភាព​នយោបាយ​នៅ​ប្រទេស​លីបង់​កំពុង​តែ​ជួប​នឹង​ភាព​តានតឹង។​ ដោយហេតុថា​ តុលាការ​ពិសេស​សម្រាប់​លីបង់​ដែល​បាន​ចាត់តាំង​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ ​ ដើម្បី​ធ្វើការ​ឆ្លើយ​បំភ្លឺ​ទៅលើ​បញ្ហា​ឃាតកម្ម​ដែល​បាន​ប្រព្រឹត្ត​ទៅលើ​រូបលោក​អតីត​នាយក​រដ្ឋមន្ត្រី​លីបង់​Rafic Hariri ខែកុម្ភៈ​ឆ្នាំ២០០៥​ ​ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចោទប្រកាន់​នៅ​ពេល​ខាងមុខនេះ។​ ពួក​Hezbollah​បារម្ភ​ខ្លាចក្រែង​សមាជិក​របស់​ខ្លួន​អាច​ជាប់​ពាកព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់នេះ។​ អ្នកខ្លះ​ទៀត​បារម្ភ​ខ្លាចក្រែង​មាន​ភ្លើង​សង្គ្រាម​អាច​ផ្ទុះ​ឆាបឆេះ​សន្ធោ​សន្ធៅ​ដូច​កាលនៅ​ឆ្នាំ២០០៨។​ ភ្លើង​សង្គ្រាម​រវាង​ពួក​Hezbollah​និង​បច្ចាមិត្ត​របស់​ខ្លួន​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​១០០​ប្លាយនាក់​ក្នុងរយៈពេល​តែ​១សប្តាហ៍។

នាឱកាស​ទស្សនកិច្ច​នេះ​ លោក​ប្រធានាធិបតី​អៀរ៉ង់​Mahmoud Ahmadinejad​មាន​ជំនួប​ជាមួយ​ឥស្សរជន​លីបង់​សំខាន់ៗ​មាន​ដូចជា​ ​លោក​ប្រធានាធិបតី​លីបង់​Michel Sleimane​ និង​លោក​នាយក​រដ្ឋមន្ត្រី​លីបង់​Saad Hariri​ជាដើម។​ សូម​បញ្ជាក់ថា​ ឥស្សរជន​លីបង់​ទាំង​ពីរនាក់​នេះ​ ពុំ​សូវ​មាន​ទំនោរ​ទៅរក​ពួក​Hezbollah​ដែល​មាន​ការ​គាំទ្រ​ពី​សំណាក់​អៀរ៉ង់​ឡើយ។​ នេះសឲ្យ​ឃើញថា​ ​ ជាផ្លូវការ​ ភាគី​លីបង់​និង​អៀរ៉ង់​បាន​ខិតខំ​រិះរក​រំងាប់​ភាព​តានតឹង។

គួរកត់​សម្គាល់ថា​ ​ ភាគី​លីបង់​ដែល​ពុំ​មាន​ទំនោរ​​ទៅរក​ពួក​Hezbollah​ហាក់​ដូច​ជា​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​ទំនាក់ទំនង​នយោបាយ​ជាមួយ​អៀរ៉ង់។​ ដោយ​ពួកគេ​ពុំ​ចង់​ឃើញ​កើតមាន​បញ្ហា​ជាមួយ​ទីក្រុង​តេហេរ៉ង់​ហើយ​និង​ជាមួយ​ប្រទេស​ស៊ីរី​ដែល​មាន​ការ​គាំទ្រ​ពី​ប្រទេស​អៀរ៉ង់។

ប្រទេស​អៀរ៉ង់​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ប្រទេស​លីបង់។​ ទីក្រុង​បីរូត​លក់​ចេញ​ទៅ​ឲ្យ​អៀរ៉ង់​នូវ​កម្រាល​ព្រំ​ ផ្លែឈើ​ស្រស់​និង​ផ្លែឈើ​ក្រៀម​ហើយនិង​ជី។​ ថ្វីដ្បិតតែ​ការដោះដូរ​ពាណិជ្ជកម្ម​នេះ​ មាន​តួលេខ​ត្រឹមតែ​រាប់​សិបលាន​ដុល្លារ​ក៏​ដោយ​ ​ ក៏​ប៉ុន្តែ​នៅ​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​វិញ​ ​ មាន​កិច្ច​ព្រមព្រៀង​ជាច្រើន​ដែល​មាន​ទឹកប្រាក់​ជិត​៥០០លាន​ដុល្លារ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅក្នុង​វិស័យទឹក​ និង​វិស័យ​អគ្គិសនី។

សូមបញ្ជាក់​ថា​ ទីក្រុង​តេហេរ៉ង់​ជួយ​ផ្តល់​ឲ្យ​រដ្ឋាភិបាល​លីបង់​នូវ​សព្វាវុធ​សម្រាប់​ពង្រឹង​សន្តិសុខ​របស់​ខ្លួន។​ ហើយ​ប្រទេស​អៀរ៉ង់​ក៏​បាន​ខិតខំ​ផ្គត់ផ្គង់​ ពួក​Hezbollah (​អ៊ីស្លាមនិយម​និន្នាការ​Chiite លំអៀង​ទៅរក​អៀរ៉ង់​)​ដែល​ជា​សមិទ្ធផល​នាំចេញ​ដ៏​ជោគជ័យ​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អៀរ៉ង់។

នៅ​ថ្ងៃប្រហស្បតិ៍​ទី១៤​តុលា​នេះ​ ​ លោក​ប្រធានាធិបតី​អៀរ៉ង់​Mahmoud Ahmadinejad​ត្រូវ​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប៉ែកខាង​ត្បូង​នៃ​ប្រទេស​លីបង់​ដែល​ឋិត​នៅក្បែរ​ព្រំដែន​អ៊ីស្រាអែល។​ សម្រាប់​ប្រទេស​អ៊ីស្រាអែល​ ​ ព្រំដែន​ប៉ែកខាង​ត្បូង​នៃ​ប្រទេស​លីបង់​គឺ​ជា​ព្រំដែន​ដែល​ពោរពេញ​ទៅដោយ​គ្រោះថ្នាក់។​ គឺ​នៅ​ទីនេះ​ហើយ​ដែល​ជា​ទីជម្រក​និង​ជា​សម្បុក​ដ៏​សំខាន់​សម្រាប់​ពួក​Hezbollah (​អ៊ីស្លាមនិយម​និន្នាការ​Chiite លំអៀង​ទៅរក​អៀរ៉ង់​)​ដែល​កាលពី​ខែក្តៅ​ឆ្នាំ២០០៦​បាន​ប្រយុទ្ធ​តទល់​ជាមួយ​កងកម្លាំង​យោធា​អ៊ីស្រាអែល​អស់​រយៈពេល​៣៣ថ្ងៃ​ ​ ហើយ​ដែល​បាន​ធ្វើឲ្យ​កងកម្លាំង​យោធា​អ៊ីស្រាអែល​បាត់បង់​ជំនឿ​ទៅលើ​អានុភាព​របស់​ខ្លួន។

ពួក​Hezbollah​មាន​រ៉ូកែតរាប់​ម៉ឺន​គ្រាប់​ដាក់​បាញ់​សំដៅ​ទៅលើ​ប្រទេស​អ៊ីស្រាអែល។​ នេះ​បើយោងតាម​អ្នក​ទទួល​ខុសត្រូវ​នៃ​ទីក្រុង​តែលអាវីវ។​ ដូច្នេះ​ តំបន់​ព្រំដែន​ប៉ែកខាងត្បូង​លីបង់​ពិតជា​តំបន់​មួយ​ពោរពេញ​ដោយ​គ្រោះថ្នាក់​ដែល​ភ្លើង​សង្គ្រាម​អាច​ផ្ទុះ​ឆាបឆេះ​បាន​យ៉ាង​ងាយស្រួល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ