អានតួអត្ថបទ
ស៊ីរី

ប្រជាជន​ស៊ីរី​នៅ​ក្រុង​ម៉ាដាយ៉ា​រងចាំ​ជំនួយ​ស្បៀង​ទាំងអស់​សង្ឃឹម

ស្ថានភាព​ប្រជាជន​ស៊ីរី ​ដែល​ត្រូវ​ហ៊ុំព័ទ្ធ​ដោយ​កងទ័ព​រដ្ឋាភិបាល ​និង​ក្រុម​ឧទ្ទាម​នៅ​ក្រុង​ម៉ាដាយ៉ា​ភាគ​ខាង​លិច​ប្រទេស ​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ​មាន​ការ​ព្រួយ​បារម្ភ​ ដោយសារ​តែ​ប្រជាជន​គ្មាន​ស្បៀង​អាហារ ​ជាច្រើន​ខែ​មក​ហើយ។ តាម​តួលេខ ​ពី​អ្នក​រាយការណ៍​ព័ត៌មាន​ និង​មន្ត្រី​អង្គការ​មនុស្សធម៌​ជាច្រើន​នាក់ ​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ខែ​ធ្នូ​មក​ មាន​មនុស្ស​២៨​នាក់​បាន​ស្លាប់​ដោយសារ​តែគ្មាន​ចំណី​អាហារ។ បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ​បាន​ដាក់​កំហិត​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​បើក​ផ្លូវ​ ដើម្បី​ឲ្យ​អង្គការ​មនុស្សធម៌​នាៗ ​ដឹក​ជំនួយ​ស្បៀង​ទៅ​ជួយ​ប្រជាជន ​នៅ​ថ្ងៃ​អង្គារ​នេះ​ក្បួន​រថយន្ត​ ដឹក​ស្បៀង​បាន​ចូល​ទៅ​ដល់​ទីក្រុង​អាដាយ៉ា​ហើយ។

ក្បួនរថយន្តដឹកជំនួយ ទៅកាន់ក្រុង​អាដាយ៉ា ភាគខាងលិច​ស៊ីរី
ក្បួនរថយន្តដឹកជំនួយ ទៅកាន់ក្រុង​អាដាយ៉ា ភាគខាងលិច​ស៊ីរី AFP/AFP
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​ស៊ីរី​នៅ​ក្នុង​ទីក្រុង​ម៉ាដាយ៉ា ​កំពុង​តែ​ប្រឈម​មុខ​នឹង​ភាព​អាសន្ន ​ខ្លាំង​បំផុត។ ព័ត៌មាន​នេះ ​ ត្រូវបាន​ផ្សព្វផ្សាយ​ជា​ទូទៅ ​២ - ៣​ថ្ងៃ​មក​ហើយ ​នៅ​តាម​បណ្តាញ​ព័ត៌មាន​នានា ​ទូទាំង​ពិភពលោក។ អង្គការ​សហប្រជាជាតិ​បាន​ បើក​ការ​ប្រជុំ​បន្ទាន់​មួយ​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី១១ ​មករា​ដើម្បី​បង្ខំ​រដ្ឋាភិបាល​ស៊ីរី​ ឲ្យ​បើកផ្លូវ​ ដើម្បី​ឲ្យ​គេ​ដឹក​ជំនួយ​ទៅ​ជួយ​ប្រជាជន​នៅ​ក្រុង​ ម៉ាដាយ៉ា។ នៅ​ថ្ងៃ​អង្គារ​ទី​ ១២​ មករា​ ក្បូន​រថយន្ត​ដឹក​ជំនួយ ​របស់​អង្គការ​សហប្រជាជាតិ ​ អង្គការ​កាកបាទ​ក្រហម​ ជាដើម​ ទើប​បាន​ចូល​ទៅ​ដល់។ អ្វី​ដែលបុគ្គលិក ​អង្គការ​មនុស្សធម៌​ ព្រម​ទាំង​អ្នក​យក​ព័ត៌មាន​បរទេស ​បាន​សង្កេត​ឃើញ​គឺ​ថា​ ប្រជាជន​ដែល​ជាប់​នៅ​ក្នុង​ទីក្រុង​អាដាយ៉ា​នេះ ​មាន​រូបរាង្គ​ស្គមស្គាំង ​ទឹកមុខ​ស្លក់​គ្មាន​កម្លាំង​កំហែង ​ ដោយសារ​តែ​ពួក​គេគ្មាន​ស្បៀង​អាហារ​ ជាច្រើន​ថ្ងៃ​មក​ហើយ។

 
ស្លាប់​ដោយ​ដាច់បាយ​២៨​នាក់ ​និង​៤០០​នាក់​ត្រូវការ​សង្រ្គោះ​បន្ទាន់៖
អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ​បាន​រាយការណ៍​ថា ​គិត​ពី​ថ្ងៃ​ទី១​ធ្នូ ​មក ​ គឺ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ​២៨​នាក់​ដោយសារ​ដាច់​បាយ។ ប្រជាជន​នាំគ្នា ​បោច​ស្លឹក​ឈើ ​យក​មក​ស្ងោរ​ដើម្បី​បរិភោគ។ ស្បៀង​អាហារ ​ដូច​ជា​អង្គរ​ ​រឺ​ស្រូវ​សាឡី ​ដែល​មាន​បន្តិចបន្តួច​ មាន​តម្លៃ​ថ្លៃ​ដូច​មាស ​ ដែល​ប្រជាជន​ក្រីក្រ ​គ្មាន​ប្រាក់​ទៅ​ទិញ​ទេ។ ក្រៅពី​ខ្វះ​ស្បៀង ​បញ្ហា​បន្ទាប់​មួយ​ទៀត​ គឺ​ថ្នាំ​ពេទ្យ​ ព្រម​ទាំង​ក្រណាត់​ភួយ ​ដើម្បី​ការពារ​ត្រជាក់ ​ព្រោះខែ​នេះ​ នៅ​តំបន់​ភាគ​ខាងលិច​ស៊ីរី​នេះ ​មាន​សីតុណ្ហភាព​ត្រជាក់​ណាស់។ ប្រជាជន​ដែល​ហូប​មិន​គ្រប់​ ហើយ​ត្រូវ​ទ្រាំ​ទ្រ​នឹង​អាកាសធាតុ​ត្រជាក់​ទៀត ​ ដោយសារ​គ្មាន​ទឹក​ គ្មាន​ភ្លើង​អគ្គិសនី​ ដើម្បី​ប្រើ​ម៉ាស៊ីន​កំដៅ ​គឺថា​ពួក​គេ​វេទនា​ខ្លាំង​ណាស់។
 

ក្រុមឧទ្ទាមកំពុង​ត្រូួតពិនិត្យ​រថយន្ដដឹកស្បៀង​យ៉ាងម៉ដ្ឋចត់ មុននឹងអនុញ្ញាត​ឲ្យឆ្លងកាត់​តំបន់​របស់​ខ្លួន
ក្រុមឧទ្ទាមកំពុង​ត្រូួតពិនិត្យ​រថយន្ដដឹកស្បៀង​យ៉ាងម៉ដ្ឋចត់ មុននឹងអនុញ្ញាត​ឲ្យឆ្លងកាត់​តំបន់​របស់​ខ្លួន REUTERS/Ammar Abdullah

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​រដ្ឋាភិបាល​ស៊ីរី ​បាន​សម្រេច​ព្រម​បើក​ផ្លូវ​ឲ្យ​ក្បួន​រថយន្ត​មនុស្សធម៌​ ចូល​ទៅ​ក្នុង​ទីក្រុង​នេះ។ បើតាម​ការ​ឲ្យ​ដំណឹង​ពី​ Stephen O’Brien ​ប្រធាន​បេសកកម្ម​មនុស្សធម៍​របស់​អង្គការ​សហ​ប្រជាជាតិ ​បាន​បញ្ជាក់​ថា ​មាន​រថយន្ត​ដឹក​ជំនួយ​ស្បៀង​អាហារ ​ថ្នាំពេទ្យ ​និង​ភួយ​ចំនួន​៤៤​រថយន្ត។ ក្នុង​ចំណោម​ប្រជាជន​ប្រមាណ​ជា ​៤ម៉ឺន​នាក់​នៅ​ក្នុង​ទីក្រុង​នេះ គឺ​មាន​ប្រហែល​ជា ​៤០០​នាក់​ ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​ទីនេះ​ជា​បន្ទាន់​ ព្រោះ​ស្ថានភាព​សុខភាព​មាន​លក្ខណៈ​ដុនដាប​ ហើយ​ដែល​ត្រូវ​ការ​ដឹក​យក​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ​ដើម្បី​ទទួល​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ។

 
ជុំវិញ​ទីក្រុង​ព័ទ្ធ​ទៅ​ដោយ​គ្រាប់មីន៖
ស្ថានភាព​ដល់​ថ្នាក់​នេះ ​ គឺ​ដោយសារ​ទីក្រុង​ម៉ាដាយ៉ា​នេះ ​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ទាំង​ស្រុង​ ដោយ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​អស់​រយៈពេល​៦ខែ​មក​ហើយ។ ហើយ​នៅ​ជុំវិញ​នេះ ​ គឺ​មាន​ក្រុម​ឧទ្ទាម​ហេសបូឡា ​និង​ក្រុម​កងទ័ព​តស៊ូ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី ​ដែល​នៅ​ព័ទ្ធ​ជុំវិញ​មួយ​ជាន់​ទៀត។ ប្រជាជន​មិន​អាច​ចេញ​ទៅណា​រួច​ទេ ​ ហើយ​ការ​នាំចូល​ស្បៀង​អាហារ ​នឹង​តម្រូវការ​គ្រប់​យ៉ាង ​ត្រូវ​បាន​ធ្វើ​ដោយ​លំបាក។ មាន​ទាហាន​ខ្លះលួច​នាំ​ម្អូប​ចំណី​ ថ្នាំពេទ្យ​និង​សម្ភារៈ​យក​ទៅ​លក់ ​ក្នុង​តម្លៃ​ថ្លៃ​កប់​ពពក។

ចំណុច​មួយ​ទៀត ​ដែល​ប្រជាជន​ទីក្រុង​នេះ​មាន​ការ​លំបាក ​គឺ​នៅ​ជុំវិញ​ក្បែរក្រុង​ ដីស្រែ​ចំការ​ គឺ​សំបូរ​សុទ្ធតែ​គ្រាប់​មីន​ដែល​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​បាន​បង្កប់​ ដើម្បី​រារាំង​ក្រុម​ឧទ្ទាម។ ដូច្នេះ ​ប្រជាជន​មិន​អាច​ដាំដុះ​អ្វី​បាន​ ទុក​គ្រាន់​បរិភោគ​ទេ។ តាម​ពិត​មិនមែន​មាន​តែ​ក្រុង​ម៉ាដាយ៉ា​នេះ​មួយ​ទេ ​ដែល​ប្រជាជន​វេទនា​គ្មាន​ស្បៀង  ​នៅ​មាន​ភូមិ​ពីរ​ទៀត ​ឈ្មោះ ​Foua​ និង​ Kefraya ​ ក៏មាន​ស្ថានភាព​ប្រហាក់​ប្រហែល​គ្នា​ដែរ​ គ្រាន់តែ​ថា ​ជំនួយ​បាន​ទៅ​ដល់​ទីនោះ​មុន​បន្តិច​តាម​រយៈ​ការ​បញ្ជូន​តាម​ឧត្ថម្ភាគចក្រ។

រុបភាព​បុរស​ស៊ីរី នៅក្រុង​​ម៉ាដាយ៉ា ស្គម​ដល់តែស្បែក​ដណ្តប់​ឆ្អឹង​​ ដោយសារអត់អាហារ ​ត្រូវគេ​ផ្សព្វផ្សាយ​តាម​បណ្តាញសង្គម
រុបភាព​បុរស​ស៊ីរី នៅក្រុង​​ម៉ាដាយ៉ា ស្គម​ដល់តែស្បែក​ដណ្តប់​ឆ្អឹង​​ ដោយសារអត់អាហារ ​ត្រូវគេ​ផ្សព្វផ្សាយ​តាម​បណ្តាញសង្គម REUTERS

ចេតនា​របស់​រដ្ឋាភិបាល​ស៊ីរី ​ដែល​ទុក​ប្រជាជន​ឲ្យ​ដាច់​ពោះ៖
យើង​ដឹង​ស្រាប់​ហើយ ​ថា​ក្នុង​ស្ថានភាព​ចលាចល​បែប​នេះ ​គឺ​ម្នាក់ៗ​យក​តែ​រួច​ខ្លួន​ទេ ​ហើយ​ម្នាក់ៗ​ខិតខំ​កេង​ចំណេញ​ ដូច​ជា​​ក្រុម​ទាហាន​ដែល​លួច​លាក់​ស្បៀង ​ដើម្បី​ទុក​លក់​ មិន​ព្រម​ចែក​ឲ្យ​ប្រជាជន​ជា​ដើម។ ប៉ុន្តែ​នៅ​មាន​ចំណុច​មួយ​ទៀត​ដែល​សំខាន់ ​ហើយ​ដែល​គេ​យល់​ថា ​រដ្ឋាភិបាល​ស៊ីរី ​របស់​លោក​បាស្ហាអាល់ អាសាដ ​ធ្វើ​រឿង​អមនុស្សធម៌​បំផុត​នោះ ​គឺ​វា​ជា​ចេតនា​របស់​រដ្ឋាភិបាល​ស៊ីរី​តែម្តង​ ដែល​ទុក​ឲ្យ​ប្រជាជន​ដាច់ពោះ ​ ដើម្បី​ងាយ​ស្រួល​ដាក់​គំនៀប​ទៅ​លើ​ក្រុម​ឧទ្ទាម​តស៊ូ ​ឲ្យ​ដាក់​អាវុធ។ លោក​អគ្គរដ្ឋទូត​បារាំង ​ប្រចាំ​នៅ​ស៊ីរី​ បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​បាស្ហា​ អាល់​អាសាដ ​បង្អត់​បាយ​ប្រជាជន​ ដើម្បី​ធ្វើ​ជា​យុទ្ធសាស្ត្រ ​យក​អាយុ​ជីវិត​ប្រជាជន​មក​ធ្វើ​លេស ​ដើម្បី​សម្លុត​ក្រុម​ឧទ្ទាម​តស៊ូ ​ក្នុង​ពេល​ចរចា​ខាងមុខ​នេះ។
 

 
ការ​ចរចា​នយោបាយ ​ដែល​នៅ​មិន​ប្រាកដ​ប្រជា៖
យើង​គ្រប់គ្នា ​ ចង់​ឃើញ​សន្តិភាព​ ចង់​ឲ្យ​ភ្លើង​សង្រ្គាម​នេះ​រលត់​ ក៏​ប៉ុន្តែ​បញ្ហា​វា​ស្មុគស្មាញ​ណាស់ ​ដែល​មិន​អាច​ដោះស្រាយ​មួយ​ថ្ងៃ​ចប់​ទេ។​ ការ​ប្រជុំ​ចរចា​គ្នា ​នៅ​ហ្សឺណែវ​ ថ្ងៃ​២៥​ មករា​ ខាង​មុខ​នេះ ​ក៏​មិន​មែន​ប្រជុំ​ម្តង​ហើយ ​ដោះស្រាយ​បញ្ហា​បាន​ទេ។ ការ​ប្រជុំ​នេះ ​ ​វា​ជា​ជំហាន​ដំបូង​ នៅ​ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព ​ដែល​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ចុះ ​ពោល​គឺ​ រៀបចំ​ប្រជុំ​ចរចា​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ខែ​នេះ ​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​រៀបចំ​បោះឆ្នោត​ថ្មី​ ក្នុង​រយៈ​ពេល​៦ខែ​ទៀត។

រហូត​មក​ត្រឹម​ពេល​នេះ ​យើង​នៅ​មិន​ទាន់​ដឹង​ថា​ភាគី​ទាំង​អស់​មាន​អ្នកណា​ខ្លះ​ទេ ​ដែល​ត្រូវ​ចូលរួម។ ជាពិសេស​ខាង​ក្រុម​ឧទ្ទាម ​ព្រោះថា​វា​មាន​ច្រើន​ក្រុម​ពេក។ ហើយ​ចំណុច​មួយ​ទៀត ​ដែល​សំខាន់​ ហើយ​ជា​ស្នូល​នៃ​បញ្ហា​គឺ​ថា​ គេ​មិន​ដឹង​ថា ​ប្រធានាធិបតី​បាស្ហា ​អាល់ អាសាដ ​សុខចិត្ត​ធ្វើ​សម្បទាន​អ្វី​ខ្លះ​ទេ។ តើ​គាត់​ ព្រម​ចុះ​ចេញ​ពី​ដំណែង ​ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​រឺ​ទេ? ចុះ​បើ​គាត់​ចង់​ចូលរួម​បោះឆ្នោត​ដែរ​ តើ​ក្រុម​ប្រឆាំង​សុខចិត្ត​ដែរ​ទេ?

ពូទីន​ថា​វា​នៅ​មិន​ទាន់​ដល់​ពេល​ដែល​ត្រូវ​និយាយ​ពី​ការ​និរទេស​ខ្លួន​ របស់​បាស្ហា អាល់​អាសាដ​ទេ៖
បង្អែកធំ​របស់​លោក ​អាសាដ​បច្ចុប្បន្ន​នេះ ​ គឺ​រុស្ស៊ី​តែ​ម្តង ​ដែល​ចេញ​មុខ​ការពារ។ គេ​ធ្លាប់​សង្ស័យ​ថា ​លោក​អាសាដ​ អាច​នឹង​ត្រូវ​គេ​និរទេស ​ឲ្យ​ទៅ​សោយសុខ​នៅ​រុស្ស៊ី ​ដើម្បី​បញ្ចប់​បញ្ហា។ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ​ លោក​ពូទីន​ ប្រធានាធិបតី​រុស្ស៊ី ​បាន​អះអាង​ជា​ថ្មី​ថា ​អ្វីៗ​ត្រូវ​ទុក​ឲ្យ​ប្រជាជន​ស៊ីរី​ជា​អ្នក​សម្រេច។ សម្រាប់​ពេល​នេះ ​វា​ឆាប់​ពេក​ហើយ​ ដែល​ចង់​និយាយ​ពី​រឿង​និរទេស​អាស្ហាដ​ទៅ​រុស្ស៊ី។ អញ្ចឹង​មាន​ន័យ​ថា ​រុស្ស៊ី​ចង់ឲ្យ​លោក​អាសាដ​ចូលរួម​បោះឆ្នោត​ដែរ។

អ៊ីរ៉ង់​ និង​អារ៉ាប៊ីសាអូឌីត​ឈ្លោះ​គ្នា ​នឹង​បង្អង់​ដំណើរ​ចរចា៖
នៅ​ថ្ងៃអង្គារ​ទី​១២​ មករា ​នេះ​ដែរ ​លោក​ពូទីន​ បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត​អាល្លឺម៉ង់​ថា ​លោក​ចង់​ឲ្យ​ក្រុម​ភាគី​ស៊ីរី​ នាំគ្នា​តាក់​តែង​រដ្ឋធម្មនុញ្ញ​ថ្មី ​ដើម្បី​សម្រួល​ដល់​ការ​រៀបចំ​អនាគត​របស់​ស៊ីរី។ យ៉ាងណាក៏​ដោយ ​លោក​ឆ្លៀត​បញ្ជាក់​ថា ​វា​ជា​ការងារ​លំបាក​ខ្លាំងណាស់។ ជាង​នេះ​ទៅ​ទៀត​ ថ្មីៗ​នេះ​កាលៈទេសៈ​កាន់តែ​យាប់យឺន​ ដោយសារ​ជម្លោះ​ប្រឈមមុខ​ដាក់គ្នា​រវាង​ អ៊ីរ៉ង់ ​និង​អារ៉ាប៊ីសាអ៊ូឌីត។ គូរ​បដិបក្ស​ទាំងពីរ​នេះ ​មាន​តួនាទី​សំខាន់​ណាស់ ​ក្នុង​វិបត្តិ​ស៊ីរី។ ព្រោះ​ថា​ម្នាក់ៗ​ សុទ្ធតែ​មាន​ឥទ្ធិពល​ទៅ​លើ​គ្រប់​ភាគី​ស៊ីរី។ ដូច្នេះ​បើ​ពីរនាក់​នេះ​ឈ្លោះ​គ្នា​ មាន​ន័យ​ថា ​ការ​ចរចា​សន្តិភាព​នៅ​ស៊ីរី ​នឹង​កាន់តែ​លំបាក​មួយ​កម្រឹត​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ