អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

យុទ្ធនាការ​លាងសម្អាត​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយពី​យុទ្ធនាការ​កណ្តាប់​ដៃ​ដែក​បំបែក​ក្រុម​មន្ត្រី​ខិលខូច​នៅ​ក្នុង​តុលាការ​ខេត្ត​ពោធិ៍សាត់​ និង​ក្នុង​ជួរ​ប៉ូលិស​គ្រឿងញៀន​រួច​មក​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាប់​ខ្លួន​​ចៅក្រម​ពីរ​នាក់​ទៀត​នៃ​តុលាការ​សាលា​ដំបូង​ខេត្ត​កណ្តាល​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ទទួល​លុយ​ពី​គ្រួសារ​ជនជាប់ចោទ​ជា​ថ្នូរ​នឹង​ការ​ដោះលែង។ ​យុទ្ធនាការ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​សារៈសំខាន់​ណាស់​សម្រាប់​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ប៉ុន្តែ ​តម្លាភាព​ និង​សមភាព​នៃ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅតែ​ជា​សញ្ញា​សួរ​មួយ​នៅ​ឡើយ​សម្រាប់​ក្រុម​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា។ 

អយុត្តិធម៌​​សង្គម​​ដែល​​បង្ក​ឡើង​​ដោយ​​មន្ត្រី​តុលាការ​​ខិលខូច​​បង្ក​​ផល​ប៉ះពាល់​​​​ដល់​​មុខ​មាត់​​ប្រទេស​​កម្ពុជា​
អយុត្តិធម៌​​សង្គម​​ដែល​​បង្ក​ឡើង​​ដោយ​​មន្ត្រី​តុលាការ​​ខិលខូច​​បង្ក​​ផល​ប៉ះពាល់​​​​ដល់​​មុខ​មាត់​​ប្រទេស​​កម្ពុជា​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

អំពើ​ពុករលួយ​នៅ​ក្នុង​តុលាការ​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ធ្លាក់​ទន់​ខ្សោយ ​និង​បាត់​បង់​ជំនឿ​ចិត្ត​ពី​មហាជន​ជាទូទៅ។​ អ្វី​ដែល​អាក្រក់​បំផុត​គឺ​ចៅក្រម​ដែល​ជា​អ្នក​ស្វែង​រក​យុត្តិធម៌​បែរ​ជា​បណ្តោយ​ខ្លួន​ឲ្យ​លង់​ក្រោម​ឥទ្ធិពល​ទឹកប្រាក់​យ៉ាង​ងប់ងល់​ទៅ​វិញ។ គឺជា​រឿង​គួរ​ឲ្យ​តក់ស្លុត​ណាស់​នៅ​ពេល​ដែល​មន្ត្រី​តុលាការ​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ធ្វើ​ឲ្យ​រឿង​ស​ក្លាយ​ជា​ខ្មៅ ​និង​រឿង​ខ្មៅ​ក្លាយ​ជា​ស។ ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ទទួល​រង​ភាព​អយុត្តិធម៌​ដោយសារ​តែ​មន្ត្រី​តុលាការ​ខិលខូច​មួយចំនួន​ទាំង​នោះ? ​តើ​អ្នក​ដែល​ទទួល​រង​អំពើ​អយុត្តិធម៌​ទាំង​នោះ​ឈឺ​ចាប់​ប៉ុណ្ណា? ​តើ​អយុត្តិធម៌​សង្គម​ដែល​បង្ក​ឡើង​ដោយ​មន្ត្រី​តុលាការ​ខិលខូច​ទាំង​នោះ​បង្ក​ផល​ប៉ះពាល់​ប៉ុណ្ណា​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា​? ​សំណួរ​ទាំង​នេះ​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​ប្រតិបត្តិការ​កណ្តាប់ដៃ​ដែក​ប្រឆាំង​នឹង​មន្ត្រី​ពុករលួយ​នៅ​ក្នុង​ប្រព័ន្ធតុ​លាការ​កម្ពុជា។

 
កាលពី​ឆ្នាំ​មុន​ ការ​ចាប់​ខ្លួន​ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​ពោធិ៍សាត់​ លោក​តុប ​ចន្ទសិរីវុឌ្ឍន៍​ បាន​ធ្វើ​ឲ្យ​កក្រើក​ប្រព័ន្ធ​តុលាការ​ម្តង​រួច​ហើយ។ ​បន្ទាប់​មក​ទៀត​ មន្ត្រី​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​មួយ​ខ្សែ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដែរ។ ​ឥឡូវ​នេះ​ឈាន​ដល់​ចៅក្រម​តុលាការ​ខេត្ត​កណ្តាល​វិញម្តង។ ​នេះ​ជា​ស្នាដៃ​ធំៗ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​កាលពី​មុន​នេះ​មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះ​ដែល​ជឿ​ថា​អាច​ធ្វើ​រឿង​នេះ​បាន។ ​ក្រៅពី​នេះ​ យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ចំណោម​មន្ត្រី​ពន្ធដារ​ដើម្បី​ទប់ស្កាត់​ការ​យក​កម្រៃ​លើស​ចំនួន​កំណត់​ក៏ជា​ស្នាដៃ​គួរ​ឲ្យ​កត់សម្គាល់​មួយ​ដែរ។

នៅ​កម្ពុជា ​អំពើ​ពុករលួយ​កើត​មាន​ស្ទើរ​តែ​គ្រប់​វិស័យ ​ប៉ុន្តែ ​វិស័យ​តុលាការ ​និង​ប៉ូលិស​ត្រូវ​បាន​របាយការណ៍​សិក្សា​របស់​សង្គម​ស៊ីវិល​មួយចំនួន​រក​ឃើញ​ថា ​មាន​អំពើ​ពុករលួយ​ខ្លាំង​ជាង​គេ។ ​អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​សំខាន់ៗ​ទាំងពីរ​នេះ​គឺជា​គ្រោះថ្នាក់​ធំធេង​ពីព្រោះ​វា​ជា​ប្រភព​នៃ​អយុត្តិធម៌​សង្គម​ដែល​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ក្នុង​ចំណោម​មហាជន​ ជាពិសេស​អ្នកក្រីក្រ​គ្មាន​ខ្នង​បង្អែក​តែម្តង។ ​ដោយ​មើល​ឃើញ​បញ្ហា​នេះ​ហើយ ​ទើប​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោល​នយោបាយ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ​និង​ច្បាប់​នៅ​កម្ពុជា។ ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កំណែ​ទម្រង់​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បាន​បង្កើត​ឡើង។ ​ថ្វី​ដ្បិត​តែ​ការស​ង្ស័យ​អំពី​ប្រសិទ្ធិភាព ​និង​តម្លាភាព​នៃ​ការ​អនុវត្ត​ច្បាប់​របស់​អង្គភាព​នេះ​នៅ​តែ​ជា​បញ្ហា​ធំធេង​មួយ​ប៉ុន្តែ ​ប្រតិបត្តិការ​ដែល​បាន​និង​កំពុង​កើត​ឡើង​នៅ​ពេល​ចុងក្រោយ​នេះ​គឺ​ជា​សញ្ញា​វិជ្ជមាន​ គួរ​ឲ្យ​លើក​ទឹកចិត្ត។

វិល​មក​និយាយ​អំពី​ការ​ចាប់​ខ្លួន​ចៅក្រម​តុលាការ​វិញ​ ព្រឹត្តិការណ៍​នេះ​ជា​សូរ​ជួង​ដាស់​ស្មារតី​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ឲ្យ​បញ្ឈប់​អំពើ​ពុករលួយ ​និង​ងាក​មក​គោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ។ បើ​ពុំ​ដូច្នោះ​ទេ​ ពួកគេ​នឹង​ទទួល​ទោស​ដូច​មាន​ជា​ឧទាហរណ៍​ស្រាប់។ ​នេះ​ជា​អត្ថន័យ​យ៉ាង​សំខាន់​ដែល​ស្តែង​ចេញ​ពី​យុទ្ធនាការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ​ប៉ុន្តែ​ ប្រតិបត្តិការ​នេះ​អាច​រក្សា​អត្ថន័យ​ដ៏​សំខាន់​នេះ​បាន​ទាល់តែ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​អនុវត្ត​ស្មើភាព​គ្នា​នៅ​ចំពោះ​មុខ​ជន​ពុករលួយ​ទាំងអស់​ដោយ​មិន​រើស​មុខ។ នេះ​ជា​អ្វី​ដែល​គេ​កំពុង​តាម​ដាន​មើល ​និង​ក៏​ជា​គន្លឹះ​សម្រាប់​កំណត់​ពី​ជោគជ័យ​និង​ភាព​ជឿ​ជាក់​ទៅ​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

សរុប​មក​វិញ​ សង្គ្រាម​ប្រឆាំង​មន្ត្រី​ពុករលួយ​ដើម្បី​ឈាន​ទៅ​រក​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​បាន​ចាប់ផ្តើម​ហើយ​ និង​កំពុង​បន្ត​វាយ​លុក​ទៅ​លើ​គោលដៅ​សំខាន់ៗ​ជាពិសេស​ក្នុង​ប្រព័ន្ធតុ​លាការ​ និង​មន្ត្រីប៉ូលិស។ ​សម្រាប់​ក្រុម​អ្នកសង្កេតការណ៍​ វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​បំបាត់​ចោល​អយុត្តិធម៌​សង្គម​ដ៏គ្រោះថ្នាក់​នេះ។ ប៉ុន្តែ តើ​ដាវ​អាជ្ញា​សឹក​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អាច​សម្រេច​គោលដៅ​នេះ​បាន​ដែរ​ឬ​ទេ? ​នេះ​ជា​សំណួរ​ដែល​ត្រូវ​រក​ចម្លើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ